កម្ពុជា​ត្រូវ​ពន្យារ​ពេល​​បូម​ប្រេងកាត​រហូត​ដល់​ឆ្នាំ​២០១៦

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រកាស​ជា​ញឹកញាប់​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​កាត​ជា​លើក​ដំបូង តាម​ការ​រុករក​របស់​ក្រុមហ៊ុន​អាមេរិក ឈ្មោះ ឆេវរ៉ុន (Chevron) នៅ​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ ប៉ុន្តែ​ការ​កំណត់​ទិសដៅ​នេះ ត្រូវ​បាន​លើក​ពេល​ទៅ​វិញ។

0:00 / 0:00

នៅ​ថ្ងៃ​ទី​៤ ឧសភា ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បញ្ជាក់​ថា កម្ពុជា​ត្រូវ​ប្រើ​ពេល​រង់ចាំ​បូម​ប្រេង​បន្ត​ទៀត បើ​ពុំ​មាន​ការ​ពុំ​​កែប្រែ យ៉ាង​ហោច​ណាស់ រហូត​ដល់​ឆ្នាំ​២០១៦។

ថ្លែង​នៅ​ក្នុង​វេទិកា​យុវជន​ស្ដីពី​អភិបាលកិច្ច​ក្នុង​វិស័យ​ឧស្សាហកម្ម និស្សារណកម្ម នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ លោក ជាម យៀប និយាយ​ថា ប្រទេស​កម្ពុជា ពុំ​ទាន់​មាន​លទ្ធភាព​ក្នុង​ការ​ជំរុញ​ការ​បូម​ប្រេងកាត​ទៅ​តាម​ការ​កំណត់​របស់​ខ្លួន​បាន​នៅឡើយ​ទេ។

លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ឧសភា ថា អ្វី​ដែល​កម្ពុជា ត្រូវ​ខកខាន​គោលនយោបាយ​របស់​ខ្លួន​ទៅ​តាម​ការ​សន្យា​ដើម្បី​ជំរុញ​ឲ្យ​មាន​តំណក់​ប្រេង​កាត​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ នោះ ព្រោះ​ថា កម្ពុជា​នៅ​បន្ត​រង់ចាំ​ការ​តាក់តែង​ច្បាប់​ក្នុង​ន័យ​ថា ដើម្បី​ឲ្យ​ការ​គ្រប់គ្រង​មួយ​ប្រកប​ដោយ​សុក្រិត្យ និង​តម្លាភាព។

លោក​អះអាង​ថា ពុំ​មាន​ប្រទេស​ច្រើន​ទេ​នៅ​ក្នុង​ពិភពលោក​ដែល​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ទាំង​នេះ​ត្រឹមត្រូវ និង​ចំ​ទិសដៅ។ តែ​ផ្ទុយ​មក​វិញ ការ​ទាញ​យក​ផលប្រយោជន៍​ដែល​មាន​ស្រាប់​ត្រូវ​ប្រឈម​មុខ​នឹង​បណ្ដាសា​ទៅ​វិញ។ លោក​គិត​ថា ហេតុ​នេះ​ដើម្បី​ទទួល​ពរ​ពី​ការ​ធ្វើ​អាជីវកម្ម​ប្រេង​នេះ ​ដោយ​ប្រសិទ្ធភាព ពោល​ត្រូវ​ទាមទារ​ការ​សិក្សា បទដ្ឋាន​គតិយុត្តិ​ជា​ស្តង់ដារ​ឲ្យ​បាន​ស៊ី​ជម្រៅ​ពី​ប្រទេស​ដែល​ទទួល​បាន​ជោគជ័យ​លើ​ការ​វិនិយោគ​នេះ។

លោក ជាម យៀប៖ «ពិសេស​ប្រេង និង​ហ្គាស៍​ហ្នឹង គឺ​ចាំបាច់​ត្រូវ​មាន​ច្បាប់​បី​ហ្នឹង។ ទី​មួយ គឺ​ច្បាប់​គ្រប់គ្រង​ប្រេង និង​ហ្គាស៍ ទីពីរ​ថា ស្ដីពី​ការ​យក​ពន្ធដារ​លើ​អាជីវកម្ម​ប្រេង និង​ហ្គាស៍ ទីបី គឺ​ច្បាប់​យក​លើ​ប្រាក់​ចំណេញ ពន្ធដារ​លើ​ប្រាក់​ចំណេញ​នៃ​ការ​ធ្វើ​អាជីវកម្ម​ប្រេង​ឥន្ធនៈ​ហ្នឹង»

ក្រុម​ហ៊ុន ឆេវរ៉ុន ដែល​ទទួល​បាន​សិទ្ធិ​រុករក​អណ្ដូង​ប្រេងកាត​នៅ​ក្នុង​សមុទ្រ​ខ្មែរ នឹង​មាន​ទុន​វិនិយោគ​របស់​ខ្លួន​ក្នុង​ប្លុក​អេ (Block A) ចំនួន ៣០​ភាគរយ​ផង​នោះ កំពុង​ប្រតិបត្តិការ​លើ​ផ្នែក​នេះ។

ក្រុមហ៊ុន​មួយ​នេះ​ដែល​ជា​ប្រតិបត្តិការ​បាន​រក​ឃើញ​រណ្ដៅ​ប្រទេស​កាត​ចំនួន ៤​ទីតាំង ក្នុង​ប្លុក​អេ ដោយ​មិន​គិត​ដល់ ៥​ប្លុក​ផ្សេង​ទៀត នៅ​ក្នុង​បាតសមុទ្រ​ខ្មែរ​នោះ​ទេ។ រណ្ដៅ​ទី​មួយ​ឈ្មោះ​ថា ពិស្ណុការ​រក​ឃើញ​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០០៤ មាន​ជម្រៅ​ជាង ១​ម៉ឺន​១​ពាន់​ហ្វ៊ីតថ៍​រណ្ដៅ ទីពីរ​ឈ្មោះ សុវណ្ណភូមិ រក​ឃើញ​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០០៤ មាន​ជម្រៅ​ជាង ១​ម៉ឺន​២​ពាន់​ហ្វ៊ីតថ៍ រណ្ដៅ​ទី​បី ឈ្មោះ សេរីសម្បត្តិ រក​ឃើញ​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០០៤ មាន​ជម្រៅ​ជាង ១​ម៉ឺន​១​ពាន់​ហ្វ៊ីតថ៍ និង​រណ្ដៅ​ទី​៤ ឈ្មោះ វិមាន​អាកាស រក​ឃើញ​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០០៤ ដែល​មាន​ជម្រៅ​ជាង ១​ម៉ឺន​១​ពាន់​ហ្វ៊ីតថ៍។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​ពី​​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ស្ដីពី​ដំណើរ​ការ​តាក់តែង​ច្បាប់​គ្រប់គ្រង​ប្រេងកាត​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ឧសភា។ ប៉ុន្តែ​អគ្គ​នាយករង​នៃ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា លោក ម៉ែន ដែន បញ្ជាក់​ថា កម្ពុជា​គឺ​ជា​អាជ្ញាធរ​ក្នុង​ការ​ត្រួតពិនិត្យ​បន្ថែម​ទាំង​លើ​ផ្នែក​បច្ចេកទេស និង​ដំណើរ​ការ​រុករក​អណ្ដូង​ប្រេងកាត។

លោក​បន្ត​ថា៖ «ជួន​កាល​ក្រុមហ៊ុន​មាន​តែ​លុយ​ទេ ហើយ​ជំនាញ​ទេ ប៉ុន្តែ​សម្ភារៈ​អត់​មាន​ទេ។ ក្រុមហ៊ុន​ត្រូវ​រក Sub-Constructor (អ្នក​ម៉ៅការ​បន្ត) ទៀត ដែល​ស្តង់ដារ (Standard)។ ឧបមាន សាប់ ខនត្រាក់ទ័រ ឧទាហរណ៍​ដូច​ថា ឥឡូវ ឆេវរ៉ុន គឺ​ជា ខនត្រាក់ទ័រ សាប់ ខនត្រាក់ទ័រ​ណា​ខាង​ខួង។ អ៊ីចឹង​គេ​មាន​ជំនាញ​គេ​ខាង​ខួង​ផ្សេង​ទៀត។ ប៉ុន្តែ ឆេវរ៉ុន មាន​អ្នក​ត្រួតពិនិត្យ​លើ​អា​ហ្នឹង ហើយ​យើង​ត្រួតពិនិត្យ ឆេវរ៉ុន ហើយ​ត្រួត​ពិនិត្យ​លើ សាប់ ខនត្រាក់ទ័រ ទៀត។ អ៊ីចឹង​ទាល់​តែ​ស្តង់ដារ​បាន​យើង​ឲ្យ»

និស្សិត​ឆ្នាំ​ទី​៣ នៃ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក ខាន់ វត្ថាណា គិត​ថា ប្រសិន​រដ្ឋាភិបាល​​យក​ពន្ធ​​លើ​ការ​វិនិយោគ នោះ​តម្លៃ​ប្រេង​ទំនង​ជា​ពុំ​មាន​ការ​ធ្លាក់​ចុះ​ដូច​ការ​នាំ​ចូល​ឡើយ៖ «បើ​តាម​គំនិត​ខ្ញុំ​ផ្ទាល់ បើ​សិន​យើង​នៅ​តែ​យក​ពន្ធដារ​លើ​ប្រេង​ហ្នឹង វា​អាច​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​នៅ​តែ​មាន​ការ​តម្លៃ​ខ្ពស់​ដដែល»

របាយការណ៍​របស់​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា មាន​តំបន់​ប្រេងកាត ៦​កន្លែង​នៅ​បាត​សមុទ្រ រួម​មាន​តំបន់ A B C D E និង F រួម​និង​តំបន់​ត្រួត​ស៊ី​គ្នា​ជាមួយ​ប្រទេស​ថៃ ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។