តុលាការក្រុងភ្នំពេញនៅថ្ងៃទី១០ ខែមីនា បន្តសវនាការលើកទី១២ លើសំណុំរឿងរបស់អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិកញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំង៣នាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់។ ជនជាប់ចោទនៅតែយល់ថា សវនាការលើសំណុំរឿងនេះ មានចរិតនយោបាយ ដូច្នេះគ្មានសង្ឃឹមក្នុងការទទួលបានយុត្តិធម៌នោះទេ។
អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិកញ្ញា សេង ធារី បានតុបតែងខ្លួនខុសប្លែកពីលើកមុនៗ ទៀត ក្នុងពេលចូលសវនាការ។ កញ្ញា សេង ធារី រួមជាមួយសកម្មជនសង្គមនិងជាអតីតអ្នកទោសមនសិការលោកស្រី សាត ផា បានស្លៀកសំលៀកបំពាក់ឈុតបុរាណពណ៌សចងក្បិនដែលតំណាងឲ្យយុត្តិធម៌ ឬភាពល្អបរិសុទ្ធដែលពលរដ្ឋចង់បាន។ ក្រៅពីនេះពួកគាត់ លាបមុខនិងសក់ពណ៌ខ្មៅ ដូចបាល់ ហើយពាក់វ៉ែនតាខ្មៅ ពាក់ម៉ាស់ពណ៌ខ្មៅ ដែលតំណាងឲ្យភាពខ្មៅងងឹតរបស់ថ្នាក់ដឹកនាំដែលបឺតជញ្ជក់ឈាមប្រជាពលរដ្ឋ។ នៅលើខ្លួនពួកគាត់ ក៏មានពាក់លេខ ២៥២ គឺជាមាត្រាមួយនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលស្នើសុំឲ្យតុលាការមោឃៈភាព ឬបញ្ឈប់សវនាការដ៏ចម្រូងចម្រាស់នេះ។
រីឯដៃរបស់ពួកគាត់ មានកាន់ផ្កាឈូករ័ត្ន ដែលជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងអំពើអយុត្តិធម៌ និងឈ្លានពានដូចនៅប្រទេសអ៊ុយក្រែន (Ukraine)។ ពួកគាត់ នាំគ្នាដើរថ្មើជើងនិងស្រែករកយុត្តិធម៌ចេញពីមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍ (Nagaworld) នៅម៉ោង ៧ព្រឹក ឆ្ពោះមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ ក្រោមការឃ្លាំមើលពីកម្លាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិលជាច្រើននាក់៖ « សេរីភាព! ដោះលែងកូដករណាហ្គាវើល៍ ដោះលែងអ្នកទោសនយោបាយ ដោះលែងអ្នកទោសមនសិការ។ ដោះលែងៗ»។
នៅពេលកញ្ញាដើរដល់មុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ត្រូវបានក្រុមសមត្ថកិច្ច រារាំងនិងបង្ខំចិត្តជិះម៉ូតូកងបីទៅតុលាការវិញ។ ពេលចូលក្នុងបន្ទប់សវនាការ ចៅក្រម និងតំណាងអយ្យការលោក សេង ហៀង បានទាមទារឲ្យកញ្ញា សេង ធារី ជូតមុខឲ្យស្អាត ដោះវ៉ែនតា និងដូរម៉ាស់ពណ៌ខ្មៅចេញវិញ ដោយគ្មានមូលហេតុ។ ប៉ុន្តែកញ្ញា សេង ធារី យល់ព្រមធ្វើតាម ដើម្បីកុំឲ្យពន្យារពេលសវនាការ។ សវនាការនេះ ក៏មានវត្តមានសកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំ៣នាក់ គឺលោក ហេង ច័ន្ទសុទ្ធី លោក កាក់ កុម្ភារ និងលោក ទុំ ប៊ុនថន ផងដែរ។ តុលាការបានសួរបញ្ជាក់លើកញ្ញា សេង ធារី ថាតើជាប់ពាក់ព័ន្ធនិងដឹងលឺបែបណាជុំវិញដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី? កញ្ញា សេង ធារី ឆ្លើយថា កញ្ញា គាំទ្រពេញទំហឹងនូវផែនការវិលត្រឡប់របស់លោក សម រង្ស៊ី ដោយសន្តិវិធី ប៉ុន្តែកញ្ញាមិនបានដឹង និងមិនបានគាំទ្ររឿងផ្តួលរំលំរដ្ឋាភិបាលនោះទេ។ បន្ទាប់មក ប្រធានក្រុមប្រឹក្សាជំនុំជម្រះចៅក្រមលោក រស់ ពិសិដ្ឋ បានផ្តល់ឱកាសឲ្យនគរបាលយុត្តិធម៌ជិត១០នាក់ដែលជាអ្នកកសាងសំណុំរឿង ដើម្បីឆ្លើយបំភ្លឺ និងបង្ហាញភ័ស្តុតាង។
មន្ត្រីនាយកដ្ឋានសន្តិសុខផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ បានអានរបាយការណ៍ជាអក្សរដែលបានដកស្រង់ពីវីដេអូខ្លីបចំនួន៣របស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងការអំពាវនាវតាមហ្វេសប៊ុក (Facebook) ឲ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រួមគ្នាផ្លាស់ប្តូរមេដឹកនាំនៅស្រុកខ្មែរ។ មន្ត្រីនគរបាលយុត្តិធម៌អះអាងថា សាររបស់លោក សម រង្ស៊ី នេះ ខុសច្បាប់ដែលនាំឲ្យមានការចោទប្រកាន់។ ទោះជាយ៉ាងណា មេធាវីពីររូបដែលការពារក្តីឲ្យជនជាប់ចោទ គឺលោក សំ សុខគង់ និងលោក ជូង ជូងី បានចោទសួរទៅវិញថា ប្រសិនបើលោក សម រង្ស៊ី ខុសច្បាប់ ហេតុអ្វីមិនឲ្យលោកចូលស្រុកដើម្បីចាប់ខ្លួន។ មន្ត្រីទាំងនោះ ឆ្លើយថា អាជ្ញាធរ រារាំងមិនឲ្យលោក សម រង្ស៊ី ចូលស្រុក ព្រោះខ្លាចមានពលរដ្ឋ និងកងទ័ពចូលរួមជាមួយមេបក្សប្រឆាំងរូបនេះផ្តួលរំលំរដ្ឋាភិបាល។ សំណួរមួយចំនួនរបស់មេធាវីការពារក្តី គឺក្រុមមន្ត្រីនគរបាលយុត្តិធម៌ទាំងនោះ ហាក់ឆ្លើយរដាក់រដុបនិងមិនសូវចំចំណុច បណ្តាលឲ្យអ្នកចូលស្តាប់អស់សំណើចផងដែរ។
មេធាវីការពារក្តីឲ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី ថ្លែងថា ទោះបីជាពេញចិត្ត ឬមិនពេញចិត្តចំពោះសវនាការនេះក្តី ក៏លោកកំពុងខិតខំតតាំងគ្រប់នីតិវិធីរបស់តុលាការ ដើម្បីការពារផលប្រយោជន៍ជូនកូនក្តី៖ «សម្រាប់កូនក្តីខ្ញុំ គឺគាត់អត់សប្បាយចិត្តទេ។ កញ្ញា សេង ធារី អះអាងថា ជាសវនាការឆាកល្ខោន ជាតុលាការធ្វើតាមបញ្ជារបស់អ្នកមានអំណាច។ ប៉ុន្តែយើងជាមេធាវី គឺយើងអត់មានជម្រើសទេ យើងត្រូវតែចូលរួមដើម្បីការពារសិទ្ធិកូនក្តីរបស់យើងទៅតាមនីតិវិធីរបស់យើង តែប៉ុណ្ណឹងឯង»។
ជាមួយគ្នានេះ ក្រោយចប់សវនាការកញ្ញា សេង ធារី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខតុលាការថា ភ័ស្តុតាងមួយចំនួននៅក្នុងរបាយការណ៍របស់នគរបាលយុតិ្តធម៌ គឺមិនស្របគ្នាជាមួយនឹងវីដេអូជាក់ស្តែងរបស់លោក សម រង្ស៊ី នោះទេ។ អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិរូបនេះ នៅតែអះអាងថា ការគាំទ្រផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី គឺជាសិទ្ធិស្របច្បាប់ ដូច្នេះតុលាការ ត្រូវតែបញ្ចប់សវនាការបែបឆាកល្ខោននេះ៖ «គាត់ សួរថា តើខ្ញុំបានបំផុស ឬដឹងលឺថា លោក សម រង្ស៊ី បានបំផុសបានផ្តួលរំលំរដ្ឋាភិបាលនេះទេ? ខ្ញុំថា អត់ទេ ព្រោះអ្វីដែលខ្ញុំបានទៅចូលរួម គឺខ្ញុំបានចូលរួមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ស្វាគមន៍លោក សម រង្ស៊ី ហើយមិនមែនជារដ្ឋាភិបាល គឺជារបបផ្តាច់ការ»។
សវនាការនេះ មានការចូលរួមឃ្លាំមើលពីតំណាងស្ថានទូតលោកសេរីមួយចំនួន អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងសាច់ញាតិរបស់ជនជាប់ឃុំ។ តុលាការនឹងបន្តសវនាការលើសំណុំរឿងដដែលនេះនៅថ្ងៃទី១៥ ខែមីនាខាងមុខ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា ការចោទប្រកាន់ និងការកាត់ទោសលើសកម្មជននយោបាយ និងកញ្ញា សេង ធារី នេះ ភ័ស្តុតាងដាក់បន្ទុកភាគច្រើន គឺខាងនគរបាលយុត្តិធម៌ និងតុលាការ ផ្តោតលើការបញ្ចេញមតិដោយសន្តិវិធីនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook)។ លោកយល់ថា ក្តីក្តាំដែលសាធារណជន ចាត់ទុកថា កើតចេញពីវិវាទនយោបាយ និងកាត់ក្តីដោយតុលាការលម្អៀងបែបនេះ ពុំអាចផ្តល់យុត្តិធម៌ពិតប្រាកដជូនសកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្សបានឡើយ៖ «ពាក់ព័ន្ធនឹងវិវាទនយោបាយ យើងកត់សម្គាល់ថា ការដោះស្រាយតាមផ្លូវតុលាការ វាមិនមែនជាជម្រើសមួយបញ្ចប់សំណុំរឿងទៅបានទេ ហើយក៏មិនអាចផ្តល់លទ្ធផលទទួលបានយុត្តិធម៌ទៅដល់ភាគីដែរ ជាពិសេសភាគី ជាសកម្មជនអតីតបក្សជំទាស់ហ្នឹងឯង អាចនឹងរងភាពអយុត្តិធម៌នៅពេលដែលសម្រេចសេចក្តី។ ដូច្នេះការបញ្ចប់វិវាទនយោបាយនេះបានទៅល្អប្រសើរ គឺមានតែដំណោះ ស្រាយរវាងអ្នកនយោបាយ និងអ្នកនយោបាយ»។
តុលាការក្រុងភ្នំពេញ បានចោទកញ្ញា សេង ធារី រួមជាមួយថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រឆាំងជាង ១រយនាក់ ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ពាក់ព័ន្ធការបង្ហោះសារគាំទ្រផែនការមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នៅឆ្នាំ២០១៩។ ក្នុងសំណុំរឿងនេះ មានសកម្មជនមួយចំនួនកំពុងជាប់ឃុំក្នុងពន្ធនាគារជិត ២ឆ្នាំហើយ ប៉ុន្តែតុលាការមិនទាន់ចេញសាលក្រមផ្តន្ទាទោសនៅឡើយ។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន រួមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗ បានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
