ស្នងការ​រាជធានី​ភ្នំពេញ​ច្រាន​ចោល​ការ​លើកឡើង​របស់​ស្ថានទូត​រុស្ស៊ី​ពី​អសន្តិសុខ​នៅ​ក្រុង​ភ្នំពេញ

0:00 / 0:00

ស្នងការ​រាជធានី​ភ្នំពេញ​បន្ត​ច្រានចោល​ចំពោះ​ការ​លើកឡើង​របស់​ស្ថានទូត​រុស្ស៊ី​ពី​អសន្តិសុខ​នៅ​ក្រុង​ភ្នំពេញ និង​បាន​អះអាង​ថា បទល្មើស​ចោរកម្ម​បាន​បន្ត​ធ្លាក់ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ ទោះជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត ដើម្បី​កសាង​ទំនុកចិត្ត​ពី​ពលរដ្ឋ និង​ជនបរទេស។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ កាល​ពី​ថ្ងៃទី១៧ ខែ​កុម្ភៈ ដោយ​បាន​ច្រានចោល​ចំពោះ​ការ​លើកឡើង​របស់​ស្ថានទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​កម្ពុជា​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ នៅក្នុង​រាជធានី​ភ្នំពេញ​ពិសេស​នៅ​តាម​ដង​មហាវិថី​ព្រះស៊ីសុវត្ថិ។

សេចក្ដី​ថ្លែងការណ៍​អះអាង​ថា ស្ថានភាព​សន្តិសុខ និង​របៀបរៀបរយ​ក្នុង​រាជធានី​ភ្នំពេញ គឺ​មាន​ភាព​ល្អ​ប្រសើរ មិន​ដូច​អ្វី​ដែល​ស្ថានទូត​សហព័ន្ធ​រុស្ស៊ី​បាន​លើក​ឡើង​នោះ​ទេ។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា មន្ត្រី​នគរបាល​តែងតែ​យកចិត្តទុកដាក់​ធានា​សន្តិសុខ ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ដែល​កំពុង​រស់នៅ និង​មកលេង​កម្សាន្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​គ្រប់​ពេល​វេលា។ ប្រភព​ដដែល​បន្ថែម​ថា គ្រប់​បទល្មើស​ដែល​បាន​កើត​ឡើង ត្រូវ​បាន​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​ដោះស្រាយ និង​បង្ក្រាប​មុខសញ្ញា​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់។

ការ​លើកឡើង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​ពី​ស្ថានទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​កម្ពុជា​បាន​លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មានការ​កើនឡើង​អំពើ​ចោរកម្ម​ជាច្រើន​ករណី នៅ​រាជធានី​ភ្នំពេញ​ជាពិសេស​នៅ​តាម​ដងផ្លូវ​ព្រះស៊ីសុវត្ថិ និង​តំបន់​ក្បែរៗ​នោះ។ ចំពោះ​បញ្ហា​នេះ​ស្ថានទូត​សហព័ន្ធ​រុស្ស៊ី​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្លួន​ឱ្យ​មាន​ការប្រុងប្រយ័ត្ន និង​មិន​គួរ​យក​ឯកសារ​សំខាន់ៗ ឬ​របស់​មាន​តម្លៃ​ដាក់​តាម​ខ្លួន​នៅពេល​ធ្វើដំណើរ​នោះ​ទេ។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៩ កុម្ភៈ ថា លោក​នៅតែ​អះអាង​ថា មន្ត្រី​នគរបាល​បាន​អនុវត្ត​វិធានការ​តឹងរ៉ឹង និង​បង្ក្រាប​រាល់​បទល្មើស​ដែល​កើតឡើង​ដែល​នាំ​ឱ្យ​បទល្មើស​មានការ​ថយ​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ ទោះជា​យ៉ាងណា លោក សំ វិច្ឆិកា ថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​មិន​ទាន់​បូកសរុប​បទល្មើស​នានា​ដែល​កើតឡើង​ទៅ​លើ​ជនបរទេស​ក្នុង​ឆ្នាំ​២០២៣ នៅ​ឡើយ​ទេ។

លោក សំ វិច្ឆិកា៖ «ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​មិនទាន់​ធ្វើ​ពិធី​បូកសរុប​កិច្ច​ការងារ​សន្តិសុខ​នៅឡើយ​ទេ​ប្រចាំឆ្នាំ តែ​គ្រាន់តែ​ជម្រាប​ជូន​ថា ករណី​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​នេះ និង​ជាពិសេស​បញ្ហា​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​នេះ​យើង​បាន​ធ្វើ​ការ​ទប់ស្កាត់ និង​បង្ក្រាប​ទាន់​ពេល​វេលា បទល្មើស​ភាគច្រើន​យើង​ធ្វើការ​បង្ក្រាប​បានឱ្យ​តែ​មាន​ការ​កើតឡើង​បទល្មើស ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ជាក់ស្ដែង​បទល្មើស​មានការ​ថយ​ចុះ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ពី​អ្នកនាំពាក្យ​ស្ថានទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​កម្ពុជា លោក រ៉ាហ្វែល អានការេវ (Rafael IANGAREEV) បាន​ទេ​នៅ​ថ្ងៃទី១៩ ខែ​កុម្ភៈ។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង កត់សម្គាល់​ឃើញ​ថា បញ្ហា​អសន្តិសុខ ឬ​អំពើ​ចោរកម្ម​នៅ​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​កើត​មាន​។ លោក យង់ គិមអេង បន្ត​ថា អាជ្ញាធរ​គួរ​ព្យាយាម​បន្ថែម​ទៀត ដើម្បី​លុបបំបាត់​បញ្ហា​នេះ​ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​មាន​ទុក​ទំនុកចិត្ត។

លោក យង់ គិមអេង៖ «អ៊ីចឹង​ការ​កត់​សម្គាល់​របស់​ស្ថានទូត​ក៏​គេ​មាន​អំណះអំណាង​របស់​គេ​មួយចំនួន​ដែរ អ៊ីចឹង​ខ្ញុំ​ថា យើង​បដិសេធ​ក៏​បដិសេធ ប៉ុន្តែ​យើង​ត្រូវ​ទទួលស្គាល់​ការពិត​ដើម្បី​កែលំអ ហើយ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ស្ថានភាព​ហ្នឹង​វា​ប្រសើរ​កុំឱ្យ​មានការ​ឆក​អី​ទៀត»។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​នៅ​បន្ត​លើក​ក្ដី​បារម្ភ​ថា បញ្ហា​ចោរកម្ម និង​អសន្តិសុខ​នៅតែ​កើត​មាននៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា ហើយ​ករណី​ខ្លះទៀត​បាន​ជនល្មើស​បាន​ធ្វើ​សកម្មភាព ឆក់ និង​ប្លន់​ដែល​បង្ក​ឱ្យ​មាន​របួស​ទៅ​លើ​ពលរដ្ឋ និង​ជនបរទេស​ជាច្រើន​ករណី​។ ជាក់ស្ដែង កាល​ពី​ថ្ងៃទី​១០ ខែ​កុម្ភៈ មាន​ករណី​លួច​កាបូប​របស់​ជនជាតិ​ឆែក​នៅ​សួន​ច្បារ​មាត់​ទន្លេ ផ្លូវ​ព្រះស៊ីសុវត្ថិ ប៉ុន្តែ​ក្រោយ​មក​អាជ្ញាធរ​បាន​ចាប់ខ្លួន​ជនល្មើស និង​បាន​ប្រគល់​សម្ភារៈ​ឱ្យ​ទៅ​ជនបរទេស​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។