ពលរដ្ឋមួយចំនួននៅបន្ទាយមានជ័យមានជីវភាពកាន់តែលំបាក ក្រោយអាជ្ញាធរកម្ពុជា-ថៃបិទព្រំដែន
2020.07.09
ប្រជាពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានជីវភាពលំបាកកាន់តែខ្លាំងដោយសារគ្មានការងារធ្វើជាច្រើនខែមកហើយ បណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩ (Covid-19)។ សព្វថ្ងៃអ្នកភូមិនាំគ្នាដើររើសអេតចាយលក់យកប្រាក់ ទិញអាហារហូបចុក ព្រោះចាប់តាំងពីអាជ្ញាធរកម្ពុជា និងថៃបិទច្រកទ្វារព្រំដែនប្រទេសទាំង២មក ពួកគាត់អត់មានការងារធ្វើរកប្រាក់ចំណូលនោះទេ។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត លោកស្រី តួយ មេត ថ្លែងថា ចាប់តាំងពីអាជ្ញាធរថៃបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៣ មីនា មក ជីវភាពគ្រួសាររបស់លោកស្រីកាន់តែដុនដាបជាបន្តបន្ទាប់។ ស្ត្រីវ័យ ៣៦ឆ្នាំរូបនេះបន្តថា គ្រួសាររបស់គាត់មានសមាជិកចំនួន ៧នាក់ គឺមនុស្សធំ ៤នាក់ និងកុមារតូច៣នាក់គ្មានការងារធ្វើរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារនោះទេ។ លោកស្រីបន្ថែមថា សព្វថ្ងៃលោកស្រី និងប្ដីដើររើសអេតចាយលក់យកប្រាក់ទិញស្បៀងអាហារហូបចុក ដោយមួយយប់រើសអេតចាយលក់បានប្រាក់ប្រមាណ១ ម៉ឺនរៀល (១០.០០០)ប៉ុណ្ណោះ។ លោកស្រីបន្តថា ប្រាក់ ១ម៉ឺនរៀលនេះមិនគ្រប់ដោះស្រាយជីវភាពគ្រួសារនោះទេ ក៏ប៉ុន្តែគ្មានជម្រើសផ្សេងពីរបរនេះ ទើបបង្ខំឱ្យពួកគាត់នាំគ្នាដើររើសអេតចាយជារៀងរាល់យប់ ដើម្បីបានប្រាក់ទិញអង្ករច្រកឆ្នាំង។ លោកស្រីបញ្ជាក់ថា ដោយសារតែហូបអាហារមិនគ្រប់គ្រាន់បណ្ដាលឱ្យលោកស្រីធ្លាក់ខ្លួនឈឺ ធ្វើឱ្យមិនបានចេញទៅរើសអេតចាយ៣ថ្ងៃមកហើយ៖ «និយាយរឿងលំបាកមិនបាច់និយាយទេ រើសតាមធុងសម្រាម ដើរកាយដៃដូចប្រេតអីចឹងសុទ្ធតែដង្កូវដុំៗពេញដៃអស់ហើយ។ តាំងតែគេបិទច្រកមកលំបាកខ្លាំង ចុងក្រោយគេបិទថ្មីៗនៅសល់លុយតិចតួច ហើយឪពុកខ្ញុំស្លាប់ ហើយតាំងពីហ្នឹងមកអត់រហូតហ្នឹង។ យកមកគ្មានអីទេទិញតែកូនត្រីកូនអីមួយថង់ ២០បាត ជូនដើរសុំបន្លែ សុំអីគេកំពុងមិញហ្នឹងដើរទៅសុំបន្លែអ្នកជិតខាងគេ អត់មានទេថ្ងៃនេះបន្លែយកមកសន្លប់ខ្លាញ់ ត្រកួន ជួនពងមាន់ ៣គ្រាប់ ហូបគ្នា ៥នាក់ទៅ»។
លោកស្រីបន្តថា អ្នករស់នៅតំបន់ព្រំដែនក្រុងប៉ោយប៉ែតរាប់រយគ្រួសារផ្សេងទៀតក៏មានជីវភាពលំបាកដូចលោកស្រីដែរ ហើយពួកគេនាំគ្នាដើររើសអេតចាយលក់យកប្រាក់ ទិញស្បៀងអាហារជួបលោកស្រីជារៀងរាល់យប់ ដោយសារតែអត់ការងារធ្វើ បណ្ដាលមកពីអាជ្ញាធរកម្ពុជា និងថៃបិទច្រកទ្វារព្រំដែនប្រទេសទាំង២។ លោកស្រីឱ្យដឹងទៀតថា បើទោះបីជាគ្រួសាររបស់គាត់លំបាកយ៉ាងនេះក្ដី ក៏អាជ្ញាធរមិនបានដាក់ឈ្មោះលោកស្រីក្នុងបញ្ជីជនក្រីក្រដើម្បីទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនោះទេ៖ «កាលធ្លាក់ខ្លួនឈឺខ្ញុំអត់ផងវាដេកហេវ ខ្ញុំឃ្លាន ប៉ុន្តែវាគ្មានអីហូបខ្ញុំសុំទៅជួបគេ៣ដងហើយ មិនដែលជួបផង។ ថ្ងៃមុនអ្នកស្រុកក្រៅគេយកអង្ករមានត្រីខមានមី គេបើកឡានយកមកដល់ ពេលគេអត់អាចរំលងប្រធានភូមិបានទេ ដល់នេះប្រធានភូមិមានឱ្យពួកខ្ញុំណាគេយកទៅបើកឱ្យអ្នកផ្សេងដែលគេសុទ្ធតែអ្នកមានតែខាងពួកខ្ញុំនេះគេមិនឱ្យឯណា»។
ចំណែកប្រជាពលរដ្ឋនៅភូមិព្រៃព្រិច ម្នាក់ទៀតលោក សៅ ធាវី ថ្លែងថា គ្រួសាររបស់លោកស្រីមានគ្នា ៥នាក់ ក្នុងនោះមនុស្សធំ ២នាក់និងកុមារអាយុក្រោម ១៣ឆ្នាំ ៣នាក់ ក៏នាំគ្នាដើររើសអេតចាយលក់យកប្រាក់ដោះស្រាយជីវភាពគ្រួសារដែរ។ លោកស្រីបន្តថា លោកស្រីនិងប្ដីបានកូនអាយុ៦ឆ្នាំដើររើសអេតចាយតាមផ្លូវ នៅក្រុងប៉ោយប៉ែតប្រមាណ ២ខែមកហើយ ដោយរកប្រាក់ចំណូលពីរបរនេះបានប្រមាណ ១.៥០០០រៀល ក្នុងមួយថ្ងៃ។ លោកស្រីប្រាប់ថា ប្រាក់ចំនួននេះលោកស្រីទិញអង្ករច្រកឆ្នាំងដើម្បីរស់ផង និងបង់ថ្លៃជួលដីធ្វើជម្រកស្នាក់នៅចំនួន៣ម៉ឺន(៣០.០០០)រៀលមួយខែផងដោយពុំមានប្រាក់ទិញនំចំណីឱ្យកូនហូបចុកនោះឡើយ៖ «គេបិទទៅអត់ការងារធ្វើទាំងអស់គ្នាមិនថា ទៅរកអីសុទ្ធតែអ្នកអត់មានដើមទុន។ និយាយទៅលំបាកទាំងអស់គ្នា តាំងពីបិទព្រំដែនថៃមកសុទ្ធតែរើសអេតចាយទាំងគេទាំងខ្ញុំ អត់មានមុខរបរអីនិយាយទៅ ភាគច្រើនណាស់អ្នកអូសរទេះក្នុងផ្សារថៃដើររើសអេតចាយ។ កន្លងមកខ្ញុំទៅសុំគេតែគេមិនឱ្យគេពួកខ្ញុំស្នាក់អាស្រ័យគេមិនឱ្យទេ»។
លោកស្រីបន្តថា កាលពីអាជ្ញាធរថៃមិនទាន់បិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតគ្រួសាររបស់គាត់ប្រកបរបរអូសរទេះ និងស៊ីឈ្នួលលីសែងផ្សាររ៉ុងក្លឿ ប្រទេសថៃរកប្រាក់ចំណូលបានចន្លោះពី ៥ ទៅ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយអាចដោះស្រាយជីវភាពគ្រួសារបានប្រសើរជាងសព្វថ្ងៃ។ ស្ត្រីវ័យ៣០ឆ្នាំប្លាយរូបនេះឱ្យដឹងទៀតថា សព្វថ្ងៃនេះភ័យខ្លាចដាច់ស្បៀងស្លាប់ពីព្រោះថ្ងៃខ្លះធ្លាក់ខ្លួនឈឺមិនបានដើររើសអេតចាយនោះទេ។
ក្រុមប្រជាពលរដ្ឋទាំងនេះអះអាងថា ចាប់តាំងមានវិបត្តិជំងឺកូវីដ១៩មក អាជ្ញាធរមូលដ្ឋានមិនដែលចែកអំណោយដល់ពួកគាត់ម្ដងណាឡើយ ជាពិសេសមេភូមិព្រៃព្រិច ចែកអំណោយប្រកាន់បក្សពួកដោយជ្រើសតែសាច់ញាតិរបស់ខ្លួនឯងឱ្យទទួលអំណោយ បើទោះបីពួកគេមានជីវភាពធូរធារក៏ដោយ ចំណែកពួកគាត់រកព្រឹកខ្វះល្ងាចអាជ្ញាធរមិនចែកស្បៀងឱ្យនោះឡើយ។
ឆ្លើយតបនឹងបញ្ហានេះមេភូមិព្រៃព្រិច អ្នកស្រី ហុក លឿម ទទួលស្គាល់ថា ប្រជាពលរដ្ឋនៅក្នុងភូមិដែលលោកស្រីគ្រប់គ្រងប្រមាណ ៥០០គ្រួសារពិតជាជីវភាពក្រីក្រដោយសារវិបត្តិជំងឺកូវីដ១៩ប្រាកដមែន ប៉ុន្តែលោកស្រីអះអាងថា កន្លងមកលោកស្រីនាំអំណោយពីសប្បុរសជនចែកជូនប្រជាពលរដ្ឋដោយស្មើភាពគ្នា៖ «ខ្ញុំមើលឃើញជាក់ស្ដែងដូចយាយខ្លះ គាត់អាយុ៨០ឆ្នាំហើយគាត់អត់មែនទែនទៅក៏រំលែកឱ្យគាត់មុនអីចឹងទៅ អ្នកខ្លះបានដល់ទៅ ២ដងខ្លះចាស់ជរាហើយអ្នកណាក្មេងខ្ញុំរំលែកបានឱ្យម្ដងៗអីចឹងទៅ។ តែនៅច្រើនណាស់ហើយប្រជាពលរដ្ឋគាត់ចេះតែជេរខ្ញុំថា ខ្ញុំហ្នឹងខ្វាក់ភ្នែកគាត់ថាម៉េចក៏ថាទៅ បើរបបវាតិចឱ្យខ្ញុំរំលែកទៅ ចែកយ៉ាងម៉េចគ្រប់មើលអ្នកដែលដាបខ្លាំងបានឱ្យអ្នកល្មមទុកសិន»។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី និងប្រធានមន្ទីរផែនការខេត្តនេះអ្នកស្រី ព្រំ ស៊ីណា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៨ កក្កដា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអ្នកស្រី ព្រំ ស៊ីណា ធ្លាប់មានប្រសាសន៍ថា អ្នកស្រីស្រង់ឈ្មោះជនក្រីក្រដោយស្នើភាពគ្នាគ្រប់និន្នាការគណបក្សនយោបាយ ជាពិសេសស្ត្រីមេម៉ាយ កុមារ និងជនចាស់ជរា ជនពិការ និងអ្នកកើតផ្ទុកជំងឺអេដស៍ មានអត្ថិភាពជាងគេ៖ «មានក្រុមតំណាងឃុំ ៣នាក់គេហៅថា គ.ប.ថ មានមេឃុំ និងសមាជិក២នាក់ទៀត ទៅសម្ភាសន៍តាមគ្រួសារនីមួយៗជាក់ស្ដែង។គេសម្ភាសន៍មេរៀនហ្នឹងគឺខ្ញុំអ្នកផ្ដល់ឱ្យគេ ប៉ុន្តែនីតិវិធីក្នុងការធ្វើគឺមេភូមិ និងមេឃុំអ្នកសម្រេចចិត្តប្រជុំក្រុមប្រឹក្សាឃុំថា គ្រួសារហ្នឹងត្រូវតែជាប់យ៉ាងម៉េចមាននីតិវិធីគេសម្ភាសន៍ហើយយកមកប្រជុំម្ដងទៀតបានបានជាលទ្ធផលបីបួនសារ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងផែនការ លោក ណុប កនណាវុឌ្ឍ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបន្ថែមទៀត ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ធនាគារពិភពលោកព្យាករណ៍កាលពីពេលថ្មីៗនេះថា ពលរដ្ឋខ្មែរជិត ២ លាននាក់ នឹងធ្លាក់ខ្លួនក្រីក្រ ដោយសារវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ នេះ ធ្វើឱ្យចំនួនអ្នកក្រនៅកម្ពុជានឹងកើនឡើងដល់ ៤លាននាក់ ក្នុងចំណោមពលរដ្ឋសរុបជាង ១៥ លាននាក់។
កាលពីថ្ងៃទី២៤ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលរបស់លោកគ្រោងចំណាយថវិកាប្រមាណ២៥ លានដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ផ្ដល់ជូនពលរដ្ឋក្រីក្រចំនួនជាង ៥ សែន ៦ ម៉ឺនគ្រួសារ (៥៦២.៦៨៦) ដោយការផ្តល់ថវិកានេះ ចាប់ពីចុងខែមិថុនាតទៅ។
ប្រធានអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី មានប្រសាសន៍ថាអំឡុងពេលវិបត្តិជំងឺកូវីដ១៩ប្រជាពលរដ្ឋត្រូវការស្បៀងអាហារជាចាំចាប់ដើម្បីបន្តជីវិតទៅមុខ ពីព្រោះពួកគាត់អត់ការងារធ្វើដូច្នេះអាជ្ញាធរគួរតែជ្រើសជនក្រីក្រឱ្យមានស្មើភាពគ្នា។ លោកបញ្ជាក់ថា ការជ្រើសឈ្មោះអ្នកក្រដូចសព្វថ្ងៃនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពីព្រោះមានតែអាជ្ញាធរមូលដ្ឋានគណបក្សកាន់អំណាចដោយពុំមានអង្គការសង្គមស៊ីវិលក្រុមយុវជនឯករាជ្យ និងព្រះសង្ឃដែលមិនប្រកាន់និន្នាការបក្សនយោបាយចូលរួមជ្រើសរើសនោះឡើយ៕