ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ចោទ​ប្រកាន់​អាជ្ញាធរ​បង្ខំ​ឱ្យ​ពលរដ្ឋ​បង់លុយ​ធ្វើ​ផ្លូវ​ដាក់​លូ និង​ពុករលួយ

0:00 / 0:00

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រិះគន់​អាជ្ញាធរ ដែល​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​ថ្លៃ​ធ្វើ​ផ្លូវ​បេតុង និង​ដាក់​លូ​មុខ​ផ្ទះ ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ​ជាច្រើន​ដង ខណៈ​សមិទ្ធផល​ទាំងនោះ គ្មាន​គុណភាព និង​សមស្រប​ទៅ​តាម​ចំនួន​ទឹកលុយ​របស់​ពួកគាត់​ឡើយ។ ពួកគាត់​ស្នើ​ឱ្យ​អាជ្ញាធរ កសាង​ដែល​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ប្រើប្រាស់​ថវិកាជាតិ និង​បញ្ឈប់​ការ​កេងប្រវ័ញ្ច​លុយ​ពី​ប្រជាពលរដ្ឋ ដោយ​សំអាង​ទៅ​លើ​ពាក្យ​ថា​អភិវឌ្ឍ។

ក្រោយ​មាន​ការ​រិះគន់​រឿង​ដើរ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​តាម​ផ្ទះ យក​មក​ធ្វើ​ផ្លូវ​បេតុង និង​កេងប្រវ័ញ្ច​លុយ ពេល​នេះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​រឿង​បង្ខំ​ឱ្យ​ដាក់​លូ​តម្លៃ​ថ្លៃ​កប់​ពពក​វិញ​ម្ដង។

ពលរដ្ឋ​នៅ​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១១ ខែ​កុម្ភៈ ថា បន្ទាប់ពី​ក្រុមហ៊ុន​បាន​កាយ​ប្រឡាយ​រំដោះ​ទឹក​នៅ​មុខ​ផ្ទះ​របស់​លោក​រួច អាជ្ញាធរ​បាន​បង្ខំ​ឱ្យ​លោក​ទិញ​លូ​ពី​ក្រុមហ៊ុន​សាងសង់ ដែល​មាន​តម្លៃ ៤០ដុល្លារ​ក្នុង​មួយ​កង់ ដើម្បី​ដាក់​មុខ​ផ្ទះ ដោយ​សរុប​ទាំង​ឈ្នួល​ដាក់​អស់​ជាង ៤រយដុល្លារ។ ពលរដ្ឋ​រូប​នេះ​ត្អូញត្អែរ​ថា តម្លៃ​លូ ដែល​ក្រុមហ៊ុន​លក់​ឱ្យ​លោក គឺ​ថ្លៃ​ជាង​តម្លៃ​នៅ​លើ​ទីផ្សារ​ដែល​មាន​តម្លៃ​ត្រឹមតែ ១០ដុល្លារ​ក្នុង​មួយ​កង់។

ពលរដ្ឋ៖«តើ​ហេតុអ្វី​បាន​ខុស​គេ​តែ​ក្រុង​ប៉ោយប៉ែត មួយ។ ខ្ញុំ​ដើរ​គ្រប់​ខេត្ត​ដូច​អត់​ឃើញ​មាន​បែបនេះ​ទេ។ ខេត្ត​បន្ទាយមានជ័យ ក៏​គេ​អត់​មាន​យក​លុយ​ដាក់​លូ​បែបនេះ​ដែរ។ ចុះ​ហេតុអ្វី​ខុសគេ​តែ​ក្រុង​ប៉ោយប៉ែត​មួយ​នេះ។ គ្មាន​នរណា​មួយ​កោះ​របើក​សោះ។ ប្រជាពលរដ្ឋ​ផ្សាយ​បន្ត​ផ្ទាល់​ផង បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​ផង»។

កាលពី​ថ្ងៃទី៨ ខែ​កុម្ភៈ មាន​ស្ត្រី​ម្នាក់​ដែល​ជា​ពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត បាន​បង្ហោះ​វីដេអូ នៅ​លើ​គណនី​ហ្វេសប៊ុក ឈ្មោះ ម៉ាឡាយ យូ (MaLay yu) ដោយ​បាន​ត្អូញត្អែរ​ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត កំពុង​ធ្វើ​ផ្លូវ និង​កាយ​ប្រឡាយ​សងខាង​ផ្លូវ ហើយ​តម្រូវ​ឱ្យ​ពលរដ្ឋ​ត្រូវ​បង់ថ្លៃ ទិញ​លូ​ខាង​មុខ​ផ្ទះ​របស់​ពួកគេ ដែល​លូ​មួយ​មាន​តម្លៃ ៤០ដុល្លារ ដែល​ធ្វើ​ឱ្យ​លោកស្រី និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត គ្មាន​លទ្ធភាព ដើម្បី​ដាក់​លូ​បាន​ឡើយ ដ្បិត​ក្នុង​មួយ​គ្រួសារ​ត្រូវ​ដាក់​លូ​យ៉ាងហោចណាស់​ចាប់ពី ៥កង់​ឡើង​ទៅ។

លោកស្រី ម៉ាឡា យូ៖«ធម្មតា​គ្នា​ដែល​ជា​ប្រជាពលរដ្ឋ រក​តែ​បាយ​ហូប​មិន​បាន​ផង ហើយ​ទារ​លូ​មួយ​តម្លៃ ៤០ដុល្លារ តើ​គ្នា​ទៅ​រក​នៅ​ឯណា។ ក្នុង​មួយ​ផ្ទះ​មិនមែន​មាន​តែ​លូ​មួយ​ទេ គឺ​ក្នុង​មួយ​ផ្ទះ លូ ៥ទៅ ១០ ២០លូ ហើយ​ប្រជាពលរដ្ឋ អត់​មាន​លុយ​ដាក់​លូ»។

ក្រោយ​ការ​រិះគន់​នេះ រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត បាន​ចេញ​សេចក្ដី​បំភ្លឺ​ព័ត៌មាន​មួយ កាលពី​ថ្ងៃទី៩ ខែ​កុម្ភៈ ដោយ​បកស្រាយ​ថា កន្លងទៅ​មាន​ប្រជាពលរដ្ឋ នៅ​ភូមិ​ចាន់គិរី បាន​ស្នើ​សុំ​អាជ្ញាធរ​នៅ​សង្កាត់​ប៉ោយប៉ែត ធ្វើ​ផ្លូវ និង​កាយ​ប្រឡាយ។ រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត អះអាង​ទៀត​ថា ចំពោះ​ការ​ដាក់​លូ គឺ​ដោយសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​មាន​លទ្ធភាព​បាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន ឱ្យ​មក​ដាក់​លូ​ខាង​មុខ​ផ្ទះ​របស់​គាត់ ដោយ​មាន​ការ​ព្រមព្រៀង​ក្នុង​តម្លៃ​មួយ​កង់​ថ្លៃ ៤០ដុល្លារ រួម​ទាំង​កម្លាំង​ពលកម្ម​ផង។

ទោះជា​បែបនេះ​ក្ដី ពលរដ្ឋ​អះអាង​ថា ពួកគាត់​មិន​បាន​ហៅ​ក្រុមហ៊ុន​មក​ដាក់​លូ​នៅ​ពីមុខ​ផ្ទះ​ពួកគាត់​ឡើយ ប៉ុន្តែ​អាជ្ញាធរ​បាន​ហៅ​ក្រុមហ៊ុន​នេះ​មក​ដោយ​ខ្លួនឯង និង​ហាម​មិន​ឱ្យ​ពួកគាត់​ទិញ​លូ​ដាក់​ដោយ​ខ្លួនឯង​ឡើយ។ ពួកគាត់​ចោទ​ថា កន្លងទៅ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ថែមទាំង​បាន​រៃអង្គាស​ប្រាក់​ពី​ប្រជាពលរដ្ឋ យក​មក​ធ្វើ​ផ្លូវ​បេតុង​នៅ​តាម​មុខ​ផ្ទះ ដោយ​ក្នុង​មួយ​ម៉ែត្រការ៉េ​តម្លៃ ១០ដុល្លារ ហើយ​ការ​រៃអង្គាស​នេះ មិនមែន​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត​ឡើយ ដោយ​អាជ្ញាធរ​បាន​បង្ខំ​ពលរដ្ឋ​ដោយ​ប្រយោល។

ពលរដ្ឋ​អះអាង​ទៀត​ថា ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​កសាង​ផ្លូវ​បេតុង​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត នេះ គឺជា​ក្រុម​បក្ខពួក​សាច់ញាតិ​របស់​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហុល ហើយ​ក្រុមហ៊ុន​នេះ​មិន​បាន​ចាក់​បេតុង​ទៅ​តាម​មាត្រដ្ឋាន ដែល​មាន​កម្រាស់ ១០សង់ទីម៉ែត្រ និង​ក្រាល​ឆ្អឹង​ដែក​ឡើយ ដោយ​ក្រុមហ៊ុន​ចាក់​ស៊ីម៉ងត៍​កម្រាស់​តែ ៥សង់ទីម៉ែត្រ​ប៉ុណ្ណោះ ហើយ​ការ​ដែល​ចាក់​ស្ដើង​បែបនេះ បាន​ធ្វើ​ឱ្យ​ផ្លូវ​បេតុង​ទាំងនោះ​គ្មាន​គុណភាព និង​ឆាប់​ខូច។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល និង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​សុំ​ការ​បកស្រាយ ជុំវិញ​ការ​ចោទប្រកាន់​នេះ​បានទេ នៅ​ថ្ងៃទី១១ ខែ​កុម្ភៈ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា(CIREA) លោក ឌិន ពុទ្ធី អះអាង​ថា ពិត​ជា​មាន​ករណី​អាជ្ញាធរ​រៃអង្គាស​លុយ​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត យក​ទៅ​សាងសង់​ផ្លូវ និង​ដាក់​លូ​ពិតប្រាកដ​មែន។ លោក ឌិន ពុទ្ធី លើកឡើង​ថា ការ​រៃអង្គាស​ថវិកា​ពី​ប្រជាពលរដ្ឋ គួរ​ធ្វើឡើង​ដោយ​ការ​ស្ម័គ្រចិត្ត ព្រោះ​ការ​សាងសង់​ផ្លូវ​ថ្នល់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នេះ គឺជា​កាតព្វកិច្ច​របស់​រដ្ឋ​ជា​អ្នក​ចំណាយ។

លោក ឌិន ពុទ្ធី៖«រដ្ឋ​ឥឡូវ​មិន​ក្រ​ទេ រដ្ឋ​មាន​ណាស់។ ផ្លូវ​ហ្នឹង​គួរតែ​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ទៅ ហើយ​រដ្ឋ​ជា​អ្នក​ចំណាយ​ទៅ ព្រោះ​ប្រជាពលរដ្ឋ ចំណាយ​ទាំងអស់ ១រយភាគរយ តើ​ប្រជាពលរដ្ឋ​ឯណា​ទៅ​មាន​លទ្ធភាព?ព្រោះ​ប្រជាពលរដ្ឋ ពួកគាត់​ត្រូវ​រក​ចិញ្ចឹម​គ្រួសារ​ផង បង់ពន្ធ​ឱ្យ​រដ្ឋ​ផង។ ប៉ុន្តែ​នៅ​ពេល​រដ្ឋ​ធ្វើ​ផ្លូវ ដែល​ជា​តួនាទី ឬ​ភារកិច្ច​របស់​ខ្លួន ទៅ​ជា​ឱ្យ​ប្រជាពលរដ្ឋ​អ្នក​ចេញលុយ​ធ្វើ​ផ្លូវ​ទៀត។ ករណី​នេះ មើល​ទៅ​ដូចជា​មិនសូវ​សម»។

ប្រជា​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ស្នើ​ឱ្យ​រដ្ឋាភិបាល ចុះ​មក​ស៊ើបអង្កេត​លើ​គម្រោង​អភិវឌ្ឍ​ក្នុង​សហគមន៍​របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ព្រោះ​ពួកគាត់​សង្កេតឃើញ​ថា ការ​រៃអង្គាស​អាជ្ញាធរ​នេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់ ខណៈ​អាជ្ញាធរ​បាន​យក​សមិទ្ធផល​ដែល​ជា​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​នេះ ទៅ​ឃោសនា​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។