មេ​ប៉ូលិស​ចរាចរណ៍​គំរាម​ចាប់ខ្លួន​អ្នក​ប្រមាថ​ប៉ូលិស​ចរាចរណ៍ និង​បង្ហោះ​ព័ត៌មាន​ញុះញង់​ពី​ការ​ពិន័យ​ចរាចរណ៍

ដោយ សេក បណ្ឌិត
2020.05.03
Share on WhatsApp
Share on WhatsApp
ហ៊ឹម យ៉ាន ៦២០ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួលបន្ទុក​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍ លោក ហ៊ឹម យ៉ាន។
RFA

មេ​នគរបាល​ចរាចរណ៍​ព្រមាន​ថា នឹង​ចាប់ខ្លួន​អ្នក​ដែល​បាន​ប្រមាថ​ប៉ូលិស​ចរាចរណ៍​កំពុង​អនុវត្ត​ច្បាប់​និង​អ្នក​បង្ហោះ​ព័ត៌មាន​ញុះញង់​ពី​ការ​ផាក​ពិន័យ​ចរាចរណ៍។

ពលរដ្ឋ​យុវជន​គណបក្សប្រឆាំង និង​អ្នកឃ្លាំមើល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅតែ​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល ពន្យារពេល​អនុវត្ត​ច្បាប់​ថ្មី ដែល​ផ្តោត​លើ​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ព្រោះ​ពលរដ្ឋ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ១៩ (Covid-19)

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួលបន្ទុក​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍ លោក ហ៊ឹម យ៉ាន ថ្លែង​ថា ការ​ចាប់​ខ្លួន​អ្នក​ប្រមាថ​ប៉ូលិស​ចរាចរណ៍ និង​អ្នក​បង្ហោះ​ព័ត៌មាន​មិន​ពិត ជា​ការ​អនុវត្ត​តាមច្បាប់​។ លោក​អះអាង​ថា ករណី​ទាំងនេះ គឺ​នគរបាល​ចរាចរណ៍​ធ្លាប់​មាន​បទពិសោធន៍​រួច​ហើយ។

តែ​ទោះជា​យ៉ាងណា លោក​ថា ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ពី​ការ​ផាក​ពិន័យ​ចរាចរណ៍​នេះ បើ​សិន​ព័ត៌មាន​នោះ​ជា​ការ​ពិត​ដែល​បង្ហាញ​ថា ប៉ូលិស​ចរាចរណ៍​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ គឺ​នគរបាល​ជាន់ខ្ពស់ នឹង​ចាត់វិធានការ​លើ​មន្ត្រី​ចរាចរណ៍​នោះ៖ «ក្នុង​ច្បាប់​គឺថា ក្នុង​ករណី​ប្រមាថ ឬ​ធ្វើ​ឱ្យ​ខូច​កិត្តិយស ដល់​មន្ត្រី​មាន​សមត្ថកិច្ច ឬក៏​ដល់​បុគ្គល​ណា​ផ្នែក​មួយ គឺ​សុទ្ធតែ​មានទោស ឬក៏​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បំប៉ោង​ព័ត៌មាន​អ្វី សុទ្ធតែ​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន ហើយ​ដោយឡែក​ចំណុច​នេះ ចំពោះ​ការប្រមាថ​កងកម្លាំង​នគរបាល​យើងខ្ញុំ (ប៉ូលិស​ចរាចរណ៍​)​វិញ គឺ​យើងខ្ញុំ មាន​បទពិសោធន៍​យ៉ាង​ច្បាស់។ ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ គឺ​យើង​នឹង​ផ្សព្វផ្សាយ​តាម​ច្បាប់»

លោក​ថ្លែង​បែបនេះ ក្នុង​បទសម្ភាសន៍​ស្ដីពី​បច្ចុប្បន្នភាព នៃ​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ឆ្លើយ​ចម្ងល់​របស់​ពលរដ្ឋ នៅ​ព្រឹក​ថ្ងៃ​ទី៣ ឧសភា ជាមួយ​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​របប​ក្រុងភ្នំពេញ (Freshnews)

ទោះយ៉ាង​ណា លោក ហ៊ឹម យ៉ាន លើកឡើង​ថា មិន​ទាន់​មាន​ការទាស់ទែង​គ្នា​រវាង​ប៉ូលិស​ចរាចរណ៍ ជាមួយ​ពលរដ្ឋ​ខ្លាំង​ទេ រយៈពេល​២​ថ្ងៃ​ដំបូង នៃ​ការ​ចាប់ផ្ដើម​រឹត​បន្តឹង​ការ​ផាក​ពិន័យ​នេះ​។ ប៉ុន្តែ​មាន​ករណី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​សម្រេច​ដាក់​វិន័យ​អធិការរង​នគរបាល​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង លោក សួគ៍ ធី ដោយ​ផ្អាក​ការងារ​បណ្ដោះអាសន្ន ក្រោយពេល​បាន​អនុវត្តន៍​ហួស​គោលការណ៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ ហើយ​បង្ក​ឱ្យ​មានការ​ថ្នាំងថ្នាក់ ជាមួយ​ពលរដ្ឋ ក្នុង​ការ​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍។នគរបាល​ចរាចរណ៍​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី២ ឧសភា បាន​ចាប់​វាយ​ខ្នោះ​ពលរដ្ឋ​ម្នាក់ ជា​ម្ចាស់​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹក​ពូក​លក់​តាម​ភូមិ ដោយសារ​មិន​ព្រម​បង់​ផាក​ពិន័យ ករណី​គ្មាន​ប័ណ្ណបើកបរ​។​សកម្មភាព​វាយ​ខ្នោះ​ម្ចាស់​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​នេះ គឺ​នៅ​ចំណុច​ភូមិ​ត្រពាំង​បុណ្យ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា​។ សកម្មភាព​ធ្វើបាប​និង​វាយ​ខ្នោះ​លើ​ពលរដ្ឋ​នេះ បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​លើកគ្នា​បិត​ផ្លូវ​តវ៉ា និង​ចោទ​សមត្ថកិច្ច​ថា អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជ្រុល​ហួសហេតុ​។ ពលរដ្ឋ បាន​រំសាយ​ការ​តវ៉ា ក្រោយពេល​អធិការរង លោក សួគ៍ ធី សុំទោស​ជា​សាធារណៈ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​អគ្គស្នងការរង​ទទួលបន្ទុក​ចរាចរណ៍ លោក ហ៊ឹម យ៉ាន បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី៣ ឧសភា ដោយសារ​មិន​លើក​ទូរស័ព្ទ​។ ប៉ុន្តែ​យ៉ាងណា អធិការរង​ស្រុក​ចន្ទ្រា​ទទួលបន្ទុក ចរាចរណ៍​ផ្លូវគោក លោក សួគ៍ ធី ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (ដើម​អម្ពិល) ថា ជា​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

លោក​បន្ត​ទៀត​ថា អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក គ្មាន​ប័ណ្ណបើកបរ និង​ដឹក​សំពីងសំពោង ខុស​បច្ចេកទេស ទើប​សមត្ថកិច្ច​ឃាត់​មក​សាកសួរ និង​ផាក​ពិន័យ​តាម​ច្បាប់។ ក៏ប៉ុន្តែ​ម្ចាស់​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​មិន​ព្រម​បង់​ប្រាក់​ផាក​ពិន័យ ហើយ​បាន​បើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ចេញ​ទើប​សមត្ថកិច្ច​បើក​រថយន្ត​ដេញ​តាម​ទាន់ និង​បង្គាប់​ឱ្យ​បើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ត្រឡប់​មក​កន្លែង​សមត្ថកិច្ច​ឈ​ជើង​វិញ ប៉ុន្តែ​ពលរដ្ឋ​រូប​នោះ​បន្ត​បដិសេធ ទើប​មាន​ការ​ចាប់​វាយ​ខ្នោះ និង​មាន​ការ​ប្រតាយប្រតប់​គ្នា​រហូត មាន​ប្រជាពលរដ្ឋ នាំគ្នា​មក​តវ៉ា​បិត​ផ្លូវ។

បើ​ទោះ​ជា​យ៉ាងណា ក៏ដោយ​ការ​រឹត​បន្តឹង​ការ​ផាកពិន័យ រយៈពេល​៣​ថ្ងៃ​ដំបូង​នេះ ហាក់​រង​ការរិះគន់​ច្រើនជាង​សាទរ​។ ពលរដ្ឋ​ម្នាក់ រស់នៅ​ខេត្ត​សៀមរាប ជា​អ្នកធ្វើការ​ក្នុង​វិស័យ​សណ្ឋាគារ លោក រស់ ប៊ុនណាល់ ប្រាប់​ថា លោក​ព្រួយបារម្ភ​ពី​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ក្នុង​ពេលនេះ​ពីព្រោះ​លោក​យល់ថា នឹង​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​លំបាក​ថែមទៀត ខណៈ​ពលរដ្ឋ​កំពុង​គ្មាន​ការងារ​ធ្វើ គ្មាន​ប្រាក់ចំណូល​ព្រោះ​វិបត្តិ​ជំងឺ​កូវីដ​១៩៖ «ការ​ដាក់​ពិន័យ​ជា​ទឹកប្រាក់​ផាក មក​លើ​កំហុស​ដូចជា​ប្រសិនជា​គាត់​បើកបរ​ទៅ បើ​ជ្រុល​ជា​មាន​កំហុស​វិញ​អាការ​ទោស​ទណ្ឌ ការ​ផាក​ពិន័យ​នោះ​វា​ច្រើន​។ ទី​១ វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គាត់​កំពុង​ធ្លាក់​ចុះ​ផង​ហើយ​ការ​ផាក​ពិន័យ​នោះ វា​ច្រើន​ផង​។ អានេះ ការ​ព្រួយ​បារម្ភ​របស់​គាត់​(​ពលរដ្ឋ​) គាត់​ព្រួយបារម្ភ​ច្រើន ការ​ចំណាយ​របស់​គាត់»

របាយការណ៍​លទ្ធផល​នៃ​ការអនុវត្ត​ការ​រឹត​បន្តឹង​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ០២ ដំបូង មាន​អ្នក​ស្លាប់​ចំនួន ៨​នាក់ ដោយ​ថ្ងៃ​ទី១ ឧសភា ស្លាប់​៧​នាក់ និង​ថ្ងៃ​ទី២ ឧសភា ស្លាប់​ម្នាក់។

ចំណែក​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ និង​ករណី​ល្មើសច្បាប់​ចរាចរណ៍ ក៏​ត្រូវ​បាន​ស្ថាប័ន​ប៉ូលិស​អះអាង​ថា ថយ​ចុះ​ដែរ​។ របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ អះអាង​ថា បទល្មើស​ចរាចរណ៍​នៅ​ថ្ងៃ​ទី ២ ឧសភា ថយ​ចុះ​ជាង​ប្រាំពីរ​រយ​(​ម៉ូតូ​ល្មើស​ថយ​ចុះ ៦១៥​គ្រឿង និង​រថយន្ត​ល្មើស​ថយ​ចុះ ៥២​គ្រឿង) ករណី។

នៅ​ថ្ងៃ​ទី៣ ឧសភា ដែរ ប៉ូលិស​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​នាំ​ខ្លួន​ខ្លួន​យុវជន​ម្នាក់​ឈ្មោះ រស់ ដារ៉ា ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ Alex Piano ឱ្យ​ធ្វើ​កិច្ចសន្យា និង​បង្គាប់​ឱ្យ​ធ្វើ​វីដេអូ សុំទោស ចំពោះ​ការ​ផុស​ព័ត៌មាន​ផាក​ពិន័យ​ចរាចរណ៍​មិន​ពិត​។ ទំព័រ​សង្គម​ហ្វេសប៊ុក​(facebook) របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បង្ហាញ​ថា ក្រោយ​បញ្ចប់​ការណែនាំ អប់រំ និង​ឱ្យ​ធ្វើ​កិច្ចសន្យា​រួច សមត្ថកិច្ច​បាន​អនុញ្ញាត​ឱ្យ​យុវជន​រូប​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

យុវតី​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ កញ្ញា សៅ ឧសភា ប្រកាស​មិន​គាំទ្រ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ក្នុង​កាលៈទេសៈ​នេះ​ទេ​។ កញ្ញា កំពុង​ធ្វើ​យុទ្ធនាការ​តាម​ហ្វេសប៊ុក ទាមទារ​ឱ្យ​បញ្ឈប់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ហៅ​ច្បាប់​(​អនុក្រឹត្យ​)​នេះ មាន​ចរិត​ចាប់ជំរិត​ពលរដ្ឋ ក្នុង​ពេល​ពលរដ្ឋ​កំពុង​លំបាក​រក​ប្រាក់​ចំណូល។

កញ្ញា សៅ ឧសភា យល់ថា​ការអនុវត្ត​ច្បាប់​ផាក​ពិន័យ​ធ្ងន់ធ្ងរ​នេះ មាន​ចរិត​គាបសង្កត់​ពលរដ្ឋ​ក្រីក្រ និង​មាន​ស្តង់ដារ​ពីរ ដោយ​ពលរដ្ឋ​ក្រីក្រ​មិន​​អាច​រួចផុត​ពី​ការ​ផាកពិន័យ និង​គ្មាន​លទ្ធភាព​បង់ថ្លៃ​ផាក ឯ​អ្នកមាន​លុយ និង​មានអំណាច អាច​នឹង​មិន​ត្រូវ​រង​ពិន័យ​ទេ៖ «ក្នុង​រយៈពេល​នេះ រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​នូវ​សកម្មភាព​ការ​ផាកពិន័យ ក៏ដូចជា​ដំឡើងថ្លៃ​ការ​ផាក​ពិន័យ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​គួរតែ​យក​ពេលវេលា​នេះ​ងាក​មក​ពិនិត្យមើល​ទៅលើ​បញ្ហា​EBA និង​បញ្ហា​ការ​រីក​រាតត្បាត​ជំងឺ​កូវីដ១៩។ មិនមែន​ប្រទេស​កំពុងតែ​ជួប​គ្រោះអាសន្ន​ធំៗ​ហើយ រដ្ឋាភិបាល​ឆ្លៀតឱកាស​ជញ្ជក់​ញើស​ឈាម​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះ​ទេ»

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក គង់ រតនៈ សង្កេត​ឃើញ​ថា ការអនុវត្ត​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការ​ផាកពិន័យ​រយៈពេល​៣​ថ្ងៃ​ដំបូង​នេះ មាន​ទាំង​ភាព​វិជ្ជមាន និង​អវិជ្ជមាន។

លោក​ថា ពលរដ្ឋ​ភាគច្រើន​បាន​ងាក​មក​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ខ្ជាប់ខ្ជួន រហូត​មាន​អ្នកខ្លះ ប្រជ្រៀត​គ្នា ទៅ​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត (ឆៀក​ឡាន​) និង​ប្រជ្រៀត​គ្នា​ធ្វើ​ប័ណ្ណបើកបរ ដោយ​លែង​ខ្វាយខ្វល់​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ ប៉ុន្តែ​សម្រាប់​ភាព​អវិជ្ជមាន​វិញ គឺ​ពលរដ្ឋ​នាំគ្នា​រអ៊ូ​ថា ពួកគេ​រង​អម្រែក​មួយ​ទៀត គឺ​ការ​បង់លុយ​ផាក​ពិន័យ​ធ្ងន់ធ្ងរ ក្នុង​ពេល​បាត់បង់​ចំណូល ដោយសារ​វិបត្តិ​ជំងឺ​កាច​សាហាវ។

លោក​នៅ​តែ​យល់​ថា ការ​អនុវត្ត​ការ​រឹត​បន្តឹង​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ពេលនេះ ជា​ពេលវេលា​មិន​សមរម្យ​បណ្ដាល​ឱ្យ​ពលរដ្ឋ​ជួប​ទុក្ខ​ច្រើនជាង។ លោក​ចង់​ឱ្យ​រដ្ឋាភិបាល​ពិចារណា ពន្យារពេល​អនុវត្ត​ការ​រឹតបន្តឹង​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​នេះ៖ «ហើយ​យើង​ចង់​ឱ្យ​មានការ​ចូលរួម​ដោយ​ពួកគាត់​(​ពលរដ្ឋ​)​បាន​យល់​អំពី​តម្លៃ​នៃ​ការអនុវត្ត​ច្បាប់ ជាជាង​ការណ៍​ដែល​ធ្វើ​ទៅ ស្រាប់តែ​លេចចេញ​ជា​រូបភាព​ហាក់បីដូចជា​ការ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ជួប​ទុក្ខ​លំបាក​កាន់តែ​ខ្លាំង​ថែមទៀត​។ អាហ្នឹង គឺជា​រឿង​មួយ ដែល​យើង​កំពុងតែ​មើល​ទាំងអស់​គ្នា»

បទល្មើស​ចរាចរណ៍ ដែល​ត្រូវ​ផាក​ពិន័យ​ក្នុង​អនុក្រឹត្យ​ថ្មី លេខ​៣៩ បង្ហាញ​ថា ការ​ល្មើស​សម្រាប់​ម៉ូតូ​ត្រូវ​ផាក​ពិន័យ​ចាប់ពី​ប្រាំមួយ​ម៉ឺន (៦០ ០០០)​រៀល ឬ​ស្មើ​ប្រមាណ​ដប់​ប្រាំ (១៥) ដុល្លារ​អាមេរិក ដល់​មួយ​សែន​ពីរ​ម៉ឺន (១២០ ០០០)​រៀល ស្មើ​ប្រមាណ​សាមសិប​(៣០)​ដុល្លារ​ក្នុង​មួយ​បទល្មើស​ចរាចរណ៍។

ចំណែក​រថយន្ត​វិញ ផាក​ពិន័យ​ពី​មួយ​សែន ពីរម៉ឺន (១២០ ០០០)​រៀល ស្មើ​ប្រមាណ​សាមសិប​(៣០)​ដុល្លារ​ដល់​ប្រាំមួយ​សែន​ពីរម៉ឺន​(៦២០ ០០០)​រៀល ស្មើ​ប្រមាណ​មួយ​រយ​ហាសិប (១៥០)​ដុល្លារ​។ បទល្មើស ដែល​រង​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ជាងគេ គឺ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ត្រូវ​ពិន័យ​ពី​ពីរ​សែន​ប្រាំ​ម៉ឺន (២៥០ ០០០)​រៀល ឬ​ស្មើ​ប្រមាណ​ហាសិប​ពីរ​ដុល្លារ​ទៅ​១​លាន​រៀល ស្មើ​ប្រមាណ​ពីរ​រយ ហាសិប (២៥០)​ដុល្លារ តាម​ស្ថានភាព​នៃ​កម្រិត​ស្រវឹង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។