សាលាដំបូងព្រះសីហនុសម្រេចឃុំខ្លួនជនសង្ស័យជួញដូរគ្រឿងញឿន ១០នាក់នៅខេត្តព្រះសីហនុ
2022.12.23

សាលាដំបូងព្រះសីហនុសម្រេចឃុំខ្លួនជនសង្ស័យជួយដូរគ្រឿងញៀន ១០នាក់ នៅខេត្តព្រះសីហនុ ក្នុងនោះមានជនជាតិចិន ចិនតៃវ៉ាន់ និងខ្មែរពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនប្រមាណ ១តោន ដែលសមត្ថកិច្ចរកឃើញក្នុងឃ្លាំងជួលនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែធ្នូ។
មន្ត្រីសង្គមស៊ីវិល ស្នើដល់អាជ្ញាធរ និងស្ថាប័នតុលាការផ្តន្ទាទោសលើក្រុមជនល្មើសឲ្យបានត្រឹមត្រូវ ដើម្បីឱ្យមហាជនមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
សាលាដំបូងខេត្តព្រះសីហនុចោទប្រកាន់លើសង្ស័យទាំង ១០នាក់នេះ ពីបទរក្សាទុកគ្រឿងញឿន ១តោន (១.០០០គីឡូក្រាម) នៅក្រុងព្រះសីហនុ និងលាងលុយកខ្វក់។
សារព័ត៌មានក្នុងស្រុកបានដកស្រង់ដីការសាលាដំបូងព្រះសីហនុមកចុះផ្សាយកាលពីថ្ងៃទី២២ ធ្នូថា ជនសង្ស័យទាំង ១០នាក់នោះ រួមមាន បុរសជនជាតិចិន ៦នាក់ ជនជាតិតៃវ៉ាន់ម្នាក់ និងមានបុរសជាជនជាតិខ្មែរ ៣នាក់។
ទោះយ៉ាងណា ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក ធុច បញ្ចសន្តិភាព ប្រាប់វិទ្យុអាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) កាលពីថ្ងៃទី២២ ធ្នូ ថា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុកំពុងបន្តសួរសាកសួរ និងស្តាប់ចម្លើយពីជនសង្ស័យទាំង ១០នាក់។ លោកបញ្ជាក់ថា ចៅក្រមនឹងសម្រេច នៅក្រោយពេលបញ្ចប់ការសាកសួរ និងស្តាប់ចម្លើយពីជនសង្ស័យ។
កាលពីរសៀលថ្ងៃទី១១ ខែធ្នូ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានចុះឆែកឆេរឃ្លាំងជួលមួយកន្លែងស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងរកឃើញគ្រឿងញៀនប្រភេទកេតាមីន (Ketamine) សរុបចំនួន ១តោន។ ១០ថ្ងៃក្រោយមក កម្លាំងអាវុធហត្ថខេត្តព្រះសីហនុបានបន្តរកឃើញនូវសារធាតុគីមីផ្សំជាគ្រឿងញៀនមួយចំនួនទៀតដូចជា ប្រភេទកេតាមីន មេតាហ្វេតាមីន ម្សៅគ្រាប់ពណ៌ទឹកក្រូច (WY) ម្សៅពណ៌ស្វាយ (MDMA) មួយចំនួនធំទៀតដែលសរុបមានចំនួនជាង ១តោន និងបានបញ្ជូនជនសង្ស័យចំនួន ១០នាក់ទៅតុលាការ។
មន្ត្រីសង្គមស៊ីវិល បន្តស្នើដល់តុលាការ និងអាជ្ញាធរខេត្តព្រះសីហនុត្រូវតែផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ និងប្រកបតម្លាភាពចំពោះការកាត់ទោសលើជនល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀនទាំងនោះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា ខណៈប្រព័ន្ធយុត្តិធម៌នៅកម្ពុជានៅតែរងការរិះគន់ថា មិនទាន់ឯករាជ្យ និងមានអំពើពុករលួយផងនោះ ប្រសិនតុលាការបិទបាំងព័ត៌មានការកាត់ទោសជនល្មើសនោះមហាជននៅតែមន្ទិលច្រើន និងគ្មានជំនឿលើប្រព័ន្ធតុលាការ។
អ្នកស្រី ជៀប សុធារី៖ «យើងចង់ឱ្យមានការបង្ហាញពីលទ្ធផល ការស៊ើបអង្កេតសំណុំរឿងរហូតដល់សវនាការ ហើយរហូតដល់ការប្រកាសសាលក្រម។ យើងគឺជាអ្នកធ្វើការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋដែរ ចង់ដឹងតើជនដែលត្រូវបានចាប់មកហ្នឹង ពួកគាត់ហ្នឹងត្រូវបានច្បាប់កម្ពុជាតាមរយៈប្រព័ន្ធយុត្តិធម៌ លោកបានផ្ដន្ទាទោសពួកគាត់ ឬអត់។ កម្រិតនៃការទទួលទោសវាសមល្មមនៃការប្រព្រឹត្តអត់? យើងគិតមើលទៅគ្រឿងញៀនរាប់តោន។ ប្រសិន ជាមានការផ្ដល់ឱ្យនូវផលប្រយោជន៍ទៅជនដែលប្រព្រឹត្តបទល្មើសគាត់មានអីខ្លាចរអារ គាត់ [ជនល្មើស] ថាងាយស្រូលណាស់តុលាការ នឹងបានរួចផុតការចោទប្រកាន់ រួចផុតការទទួលខុសត្រូវតាមផ្លូវច្បាប់»។
គិតត្រឹមចុងខែធ្នូ សម្រាប់ឆ្នាំ២០២២ នេះ អាជ្ញាធររឹបអូសគ្រឿងញៀនបានជាង ៥តោន។ ចំណែកកាលពីថ្ងៃទី២៦ ខែមិថុនា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញសារធាតុញៀន និងសារធាតុគីមី សរុបជាង ៦តោន ក្នុងចំណោមវត្ថុតាងគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធផ្សេងៗ ដែលរឹបអូសបានសរុបជិត ១០០តោន។ អាជ្ញាធរឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២០ និង២០២១ ដែលមានការរីករាលដាលជំងឺកូវីដ-១៩ សមត្ថកិច្ចបង្ក្រាប និងរឹបអូសគ្រឿងញៀនបានជិត ១០តោន និងឃាត់ខ្លួនជនសង្ស័យបានជាង ៣ម៉ឺននាក់។ ក្នុងនោះ សមត្ថិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១០.៤៦១ករណី ក្នុងឆ្នាំ២០២០ និង ៦.៣០៨ករណីទៀត ក្នុងឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។