មន្ត្រី​នគរបាល​ថ្នាក់​ជាតិ​៖ សមត្ថកិច្ច​កំពុង​តាម​ចាប់​ក្រុម​ខ្មាន់​កាំភ្លើង​ ៧នាក់​ទៀត ខណៈ​​មេខ្លោង​គ្រឿង​ញៀន​តៃវ៉ាន់​កំពុង​គេច​ខ្លួន

ដោយ ឡេង ម៉ាលី
2023.08.21
មន្ត្រី​នគរបាល​ថ្នាក់​ជាតិ​៖ សមត្ថកិច្ច​កំពុង​តាម​ចាប់​ក្រុម​ខ្មាន់​កាំភ្លើង​ ៧នាក់​ទៀត ខណៈ​​មេខ្លោង​គ្រឿង​ញៀន​តៃវ៉ាន់​កំពុង​គេច​ខ្លួន លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ និង​ជន​សង្ស័យ ៧នាក់ ដែល​ចាប់​បាន។
រូប៖ ហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ

មន្ត្រី​នគរបាល​ថ្នាក់​ជាតិ​ប្ដេជ្ញា​ថា នឹង​បន្ត​តាម​ចាប់​ក្រុម​ខ្មាន់​កាំភ្លើង​យ៉ាង​ហោច​ណាស់​ចំនួន ៧នាក់​ទៀត ដែល​សមត្ថកិច្ច​បាន​កំណត់​សញ្ញា​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំដោះ​អ្នកទោស​មេខ្លោង​គ្រឿង​ញៀន​តៃវ៉ាន់ (Taiwan) នៅ​ខេត្តសៀមរាប។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ដល់​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​នេះ​ប្រកប​ដោយ​ឯករាជ្យ និង​តម្លាភាព ដើម្បី​បញ្ចៀស​ការ​រិះគន់​ពី​សំណាក់​មហាជន​ថា គ្រាន់​ជា​ការ​រៀបចំ​ឆាក​ល្ខោន​បំភ័ន្ត​ភ្នែក​របស់​អ្នក​មាន​លុយ​មាន​អំណាច​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​អស់​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា។

ទោះបីជា​មន្ត្រី​នគរបាល​ថ្នាក់​ជាតិ​ប្រកាស​ថា បាន​ដឹង​តម្រុយ និង​កំណត់​មុខ​សញ្ញា​អត្តសញ្ញាណ​ក្រុម​ប្រដាប់​អាវុធ និង​អ្នកទោស​មេខ្លោង​គ្រឿង​ញៀន​តៃវ៉ាន់ ព្រមទាំង​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​យ៉ាង​ណា​ក្ដី ក៏​មក​ទល់​ពេល​នេះ សមត្ថកិច្ច​នៅតែ​មិន​ទាន់​ចាប់​បាន​ក្រុម​ខ្មាន់​កាំភ្លើង​មួយ​ចំនួន​ទៀត ដែល​ខ្លួន​អះអាង និង​មេខ្លោង​គ្រឿងញៀន​តៃវ៉ាន់​បាន​នៅ​ឡើយ​ទេ។

អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២១ ខែសីហា​ថា មក​ទល់​ពេល​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ៨នាក់ ក្នុង​នោះ​មាន ជនជាតិ​ខ្មែរ ដែល​មាន​សញ្ជាតិ​អាមេរិក ៦នាក់ និង​ជនជាតិ​ចិន ២នាក់ ដែល​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា ពួក​គេ គឺ​ជា​ក្រុម​ស៊ី​ឈ្នួល​ធ្វើ​សកម្មភាព​រំដោះ​អ្នក​ទោស​នៅ​ខេត្តសៀមរាប។ លោក ម៉ក់ ជីតូ បញ្ជាក់​ថា ជន​សង្ស័យ​ទាំង ៨នាក់ សមត្ថកិច្ច​មិន​ទាន់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ឡើយ​ទេ ហើយ​បច្ចុប្បន្ន​ពួក​គេ​កំពុង​ជាប់​ឃុំ​បណ្ដោះអាសន្ន នៅ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង នៅ​រាជធានី​ភ្នំពេញ។

លោក ម៉ក់ ជីតូ៖«ឥឡូវ​ដែល​យើង​ចាប់​នេះ​អ្នក ដែល​ដៃដល់​ចូល​ធ្វើ​សកម្មភាព​គ្នា​គាត់ ៦នាក់ ជា​អាណិកជន​ខ្មែរ​មក​ពី​អាមេរិក ហើយ​មួយ​ទៀត ជា​ភេទ​ស្រី​ជន​ជាតិ​ចិន។ ម្សិលមិញ​យើង​ចាប់​បាន​មួយ ក៏​ជា​ជនជាតិ​ចិន មក​ពី​កោះ​តៃវ៉ាន់។ ពួក​ហ្នឹង​សុទ្ធតែ​ជា​អ្នក​ស៊ីឈ្នួល គឺ​ជួល​មក​ពី​ឡុងបិក (Long Beach) ហើយ​មក​ធ្វើ​សកម្មភាព​មក​រំដោះ​អ្នក​ទោស។ យើង​ចោទ​ប្រកាន់​ពួក​គាត់​ច្រើន​បទ​ល្មើស ប៉ុន្តែ អាស្រ័យ​ការ​ចោទ​ប្រកាន់​របស់​តុលាការ។ យើង​គ្រាន់​ថា ចាប់​គាត់​បាន ហៅ​ក្រុម​ប្រដាប់​អាវុធ ចាប់បង្ខំ មួយ​ទៀត​ថា រំដោះ​ពីរោះ​បន្តិច ប្លន់ គឺ​វា​ធ្ងន់​តិច ប្លន់​អ្នក​ទោស»

ចំណែក​អ្នកទោស​មេខ្លោង​គ្រឿងញៀន​តៃវ៉ាន់ ដែល​កំពុង​រត់​គេច​ខ្លួន​នោះ​វិញ លោក ម៉ក់ ជីតូ បញ្ជាក់​ថា លោក​មិន​ខ្វល់​អំពី​មតិ​រិះគន់​នោះ​ទេ ហើយ​លោក​អះអាង​ថា សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​យក​មក​អនុវត្ត​ទោស​វិញ។

លោក ម៉ក់ ជីតូ៖ «ខាង​សមត្ថកិច្ច​យើងៗ អត់​ចាប់​អារម្មណ៍​ទេ រឿង​មតិ​រិះគន់ មតិ​ថា យ៉ាងណា សំខាន់​គឺ​អនុវត្ត​តាម​ភារកិច្ច​តួនាទី​របស់​យើង។ ឥឡូវ​យើង​កំពុង​តែ​ស្រាវជ្រាវ ដុត​ដៃ​ដុត​ជើង ដើម្បី​សហការ​ស្រាវជ្រាវ​ពួក​ទណ្ឌិត​រត់​គេច និង​ពួក​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​ជាមួយ​មេខ្លោង​វា ចង់​គេ​ថា អី​ថា ទៅ​ស្រេច​តែ​គេ ព្រោះ​គេ​អត់​ដឹង​រឿង​ថា ពី​ចម្ងាយ​ថា តាម​នឹក​ឃើញ គាត់​ម៉េច​ដឹង​រឿង​ច្បាស់ អ្នក​ខ្លះ​គេ​ចង់​ថា​ហ្មង អ៊ីចឹង​ឱ្យ​គេ​ថា​ទៅ បាទ»

កាលពីព្រឹកថ្ងៃទី១៧ សីហា ជន​ល្មើស​មាន​គ្នា ៥នាក់ពាក់ស្រោមមុខប្រដាប់ដោយកាំភ្លើង​ត​កាណុង​គ្រប់​ដៃ បាន​សម្រុក​ចូល​ទៅ​រំដោះ​អ្នកទោស​តៃវ៉ាន់​ឈ្មោះ ឆេន ស៊ីនហាន (Chen hsin han) ជាប់​ទោស​ចំនួន ៥២ឆ្នាំ ពី​បទ​ជួញដូរ​គ្រឿងញៀន ក្នុង​គ្រា​ដែល​មន្ត្រី​ពន្ធនាគារ​បញ្ជូន​អ្នកទោស​រូប​នោះ​ទៅ​ព្យាបាល​ធ្មេញ​នៅ​គ្លីនិក​ធ្មេញ ជុំ ចិន្តា ក្នុង​ខេត្តសៀមរាប។ ទោះ​ជា​យ៉ាង​ណា​ក្ដី ជន​សង្ស័យ​ទាំង ៨នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នោះ លោក ម៉ក់ ជីតូ មិន​ធ្វើ​អធិប្បាយ​លម្អិត​ចំពោះ​ពួក​គេ​ទេ ខណៈ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏​មិន​ទាន់​បង្ហាញ​របាយការណ៍​ពាក់ព័ន្ធ​នឹង​លិខិត​ឯកសារ​ពួក​គេ​ទាំង​នោះ​ឱ្យ​បាន​ស៊ីជម្រៅ​នោះ​ទេ។

កសិករ​ម្នាក់​រស់នៅ​ខេត្តសៀមរាប​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ រៀបរាប់​ថា វា​ជា​គួរ​ឱ្យ​ឈឺចាប់ និង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ជាពិសេស អ្នក​នយោបាយ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​មិន​អាច​ទទួល​បាន​សេវា​ព្យាបាល​គ្រប់គ្រាន់ ប៉ុន្តែ​ជន​បរទេស ដែល​ជាប់​ទោស​ក្នុង​កម្រិត​ធ្ងន់​អាច​ស្នើ​ចេញ​ក្រៅ​ទៅ​ព្យាបាល​ធ្មេញ និង​ថែមទាំង​គ្មាន​សន្តិសុខ​ការពារ​តឹងរ៉ឹង​នោះ។ កសិករ​រូប​នេះ រិះគន់​ថា ប្រសិនបើ​ករណី​ក្រុម​ខ្មាន់​កាំភ្លើង​រំដោះ​អ្នក​ទោស​នេះ គ្រាន់តែ​ជា​ការ​រៀបចំ​ជា​ឆាក​ល្ខោន​សម្រាប់​អ្នក​មាន​លុយ​មាន​អំណាច ហើយ​អាជ្ញាធរ​បរាជ័យ​ក្នុង​ការ​តាម​ចាប់​អ្នក​ទោស​កំពុង​រត់​គេច​ខ្លួន​នោះ មហាជន​នឹង​កាន់តែ​អស់​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់។

«ខ្ញុំ​ក៏​មិន​ដឹង​រឿង​ប្រព័ន្ធ​តុលាការ​ដែរ ព្រោះ​ខ្ញុំ​គិត​ឃើញ​ថា អ្នក​ដែល​មាន​ពាក់ព័ន្ធ​ច្បាស់​ជា​អ្នក​ធំៗ ហើយ​ដែល​មាន​អ្នក​តូចតាច​ឯ​ណា សុខៗ ចេញ​ចូល​បាន​យ៉ាង​នេះ។ ខ្ញុំ​គិត​ថា អស្ថិរភាព​ម៉េច​មើល​ទៅ​ធ្វើ​ខ្លាច​ដែរ។ បច្ចុប្បន្ន​ច្បាប់​កម្ពុជា​របស់​យើង​ប្រជា​ជន​ខ្មែរ​នេះ​មើល​ទៅ ដូចជា អ្នក​​​​​តូច​តាច​គឺ ប្រឈម​មុខ​ច្បាប់។ ច្បាប់​សម្រាប់​តែ​អ្នក​តូចតាច អ្នក​ធំ​ដុំ គឺ​មិន​ងាយ​ទេ សូម្បី​ខុស​យ៉ាង​ម៉េច ក៏​នៅ​បាន​ចេញ​ក្រៅ​ឃុំ​រួច​ខ្លួន​ដូច​ជាក់ស្ដែង បើ​ពាក់ព័ន្ធ​រឿង​នយោបាយ​វិញ​អ្នក​នយោបាយ អ្នក​ដែល​ប្រជាជន​ស្រឡាញ់​ទុក​ចិត្ត គឺ​មិន​ងាយ​ចេញ​ទេ»

ជុំវិញ​រឿង​នេះ អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្តសៀមរាប លោក ស វណ្ណារ៉ា មាន​ប្រសាសន៍​ថា រឿងរ៉ាវ​ក្រុម​ប្រដាប់​អាវុធ​រំដោះ​អ្នក​ទោស​នេះ មាន​មន្ទិល​ជា​បន្តបន្ទាប់ ខណៈ​អាជ្ញាធរ​អះអាង​ថា បាន​ដឹង​ពី​តម្រុយ​ក្រុម​ជន​ល្មើស និង​អ្នកទោស​កំពុង​រត់​គេច​ខ្លួន ប៉ុន្តែ​អាជ្ញាធរ​ហាក់​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ពួក​គេ​យក​មក​អនុវត្ត​ទោស។

លោក ស វណ្ណារ៉ា៖ «ខ្ញុំ​នៅ​តែ​ទទូច​សូម​ឱ្យ​មាន​វិធានការ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ចាប់​ជន​ល្មើស​យក​អនុវត្ត​ទោស​វិញ ជៀសវាង​កុំ​ឱ្យ​មាន​ថ្ងៃ​ក្រោយ​ទៅ​ប្រជាពលរដ្ឋ​គាត់​ភ័យ​ខ្លាច​គាត់​អ៊ីចឹង ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ដោយសារ​តែ​ជន​ឧក្រិដ្ឋ​បែប​នេះ ចេញ​ពេញ​វាល​បែបនេះ វាអាច​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ថ្ងៃ​ណា​មួយ។ ស្ថាប័ន​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​រុករក​ចាប់​មក​ផ្ដន្ទាទោស​ឱ្យ​បាន»

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​បន្ត​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព និង​បំពេញ​តួនាទី​ក្នុង​នាម​ជា​មន្ត្រី​អាជ្ញាធរ​ឈរ​លើ​ស្មារតី​ឯករាជ្យ និង​ប្រកប​ដោយ​តម្លាភាព ដើម្បី​បញ្ចៀស​ការ​រិះគន់​របស់​មហាជន​កម្ពុជា អំពី​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​រវាង​អ្នក​លុយ​មាន​អំណាច និង​អ្នក​ទោស​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។