សមត្ថកិច្ច​ខេត្ត​កណ្តាល​បន្ត​បង្ក្រាប​ជនជាតិ​ចិន​ជិត​១០០​នាក់​ករណី​ល្បែង​អនឡាញ​ខុសច្បាប់

សមត្ថកិច្ច​ខេត្ត​កណ្ដាល​បន្ត​ចាប់ខ្លួន​ជនជាតិ​ចិន​ជិត ១​រយ​នាក់ (៧២) បន្ថែម​ទៀត សង្ស័យ​ពាក់ព័ន្ធ​នឹង​រឿង​បើក​បន​ល្បែង​តាម​ប្រព័ន្ធ​អនឡាញ (Online) ខុសច្បាប់​។ អ្នកវិភាគ យល់​ថា រដ្ឋាភិបាល​គួរ​ស៊ើបអង្កេត និង​ចាត់វិធានការ​លើ​ម្ចាស់​អាជីវកម្ម​បន​ល្បែង​ធំៗ​ដែល​ភាគច្រើន​ជា​ជន​ជាតិចិន​ជាមុន​សិន ទើប​អាច​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​បន​ល្បែង​តូចតាច​នៅ​កម្ពុជា​មាន​ប្រសិទ្ធភាព។

អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២២ កញ្ញា​ថា ជនជាតិ​ចិន​ទាំង ៧២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ពួកគេ​ទៅ​កាន់​ក្រសួង​ការងារ ដើម្បី​បន្ត​ការស៊ើបអង្កេត និង​វាយតម្លៃ​លើ​ប្រភេទ​អាជីវកម្ម​របស់​ពួកគេ​។ លោក​បញ្ជាក់​ថា សង្វាក់​អាជីវកម្ម​របស់​ជនជាតិ​ចិន​ទាំងនោះ​សមត្ថកិច្ច​មិនទាន់​រក​ឃើញ​ភស្តុតាង​ណាមួយ អំពី​ដំណើរ​បន​ល្បែង​អនឡាញ (Online) ខុសច្បាប់​នៅឡើយ​ទេ​។ លោក​អះអាង​ថា អាជីវកម្ម​ជនសង្ស័យ​ទាំងនោះ ជា​ប្រភេទ​របប​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្វែងរក​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត (Internet) តែប៉ុណ្ណោះ៖ « ក្នុង​នោះ​ក៏​ឃើញ​មាន​ជន​ជាតិចិន​មួយចំនួន​មាន​ជា​អន​ឡាយ ដែល​មាន​ដេសផប (Deskop) នៅលើ​តុ​។ បើ​យើង​ពិនិត្យ​ទៅ​វា​ជា ការ​ធ្វើ​ជំនួញ​អនឡាញ។ តែ​យើង​ក៏​បាន​ខាង​នាយកដ្ឋាន​ទទួលបន្ទុក​ត្រួតពិនិត្យ​ល្បែងស៊ីសង ហើយក៏​មាន​ការ​វាយតម្លៃ​ថា តើ​ជា​មុខ​របប​ស្របច្បាប់​ឬក៏​មុខ​របប​ដែល​មាន​បញ្ហា​ខុសច្បាប់​។ អ៊ីចឹង កំពុងតែ​ធ្វើ​តាម​នីតិវិធី​ហើយ ខាង​សមត្ថកិច្ច​របស់​ក្រសួង [​ ការងារ​ ] ជួយ​ពិនិត្យមើល​ថែមទៀត»។

កាល​យប់​ថ្ងៃទី​២០ ខែ​កញ្ញា សមត្ថកិច្ច​ខេត្ត​កណ្ដាល​ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​របស់​ជនជាតិ​ចិន​មួយ​កន្លែង ស្ថិតនៅ​សង្កាត់​តាក្ដុល ក្រុង​តាខ្មៅ ព្រមទាំង​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៧២​នាក់ ក្នុង​នោះ ១៦​នាក់​មិន​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​នោះ​ទេ។ ក្នុង​អគារ​ក្រុមហ៊ុន​របស់​ជនជាតិ​ចិន​ទាំងនោះ​មាន​ការ​រៀប​ប្រហាក់ប្រហែល​នឹង​បន្ទប់​ការិយាល័យ និង​កុំព្យូទ័រ (Computer) តម្រាប​ជា​ជួរ​ដាច់​ដោយឡែក​ពី​គ្នា​ប្រមាណ​ជាង ៥០​គ្រឿង។

អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ឱ្យ​ដឹង​ទៀត​ថា ជនជាតិ​ចិន ១៦​នាក់​ដែល​គ្មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ​នោះ​សមត្ថកិច្ច​បាន​ចាប់​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​។ ចំណែកឯ ក្រុមហ៊ុន​របស់​ពួកគេ​សមត្ថកិច្ច​បាន​បិទ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន។

ទាក់ទង​នឹង​រឿង​នេះ​ដែរ កាល​ពី​ថ្ងៃទី​២០ កញ្ញា សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បង្ក្រាប ក៏បាន​ជនជាតិ​ចិន​ចំនួន ៥​នាក់​ពាក់ព័ន្ធ​ការ​បើក​បន​ល្បែង​អនឡាញ​នៅ​សណ្ឋាគារ ហុងដា (HONDA HOTEL)​ស្ថិត​នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​ក៏បាន​បន្ត​ឆែកឆេរ​ដោយ​រក​ឃើញ​គ្រឿងញៀន​របស់​ក្រុម​ជន​ជាតិចិន​ទាំងនោះ​មួយ​ចំនួន​ធំ​ផង។

កម្ពុជា​បច្ចុប្បន្ន​មិន​ត្រឹមតែ​រីក​ដុះ​រាល​នៃ​វិស័យ​បន​ល្បែង​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សង្គម​ជាតិ​ទាំងមូល​ហាក់​កំពុង​បង្ក​អសន្តិសុខ​សង្គម​កាន់តែ​ខ្លាំង និង​លេចឡើង​នូវ​បទល្មើស​បែប​ឧក្រិដ្ឋកម្ម​យ៉ាង​សម្បូរ​បែប។ ជាក់ស្ដែង កម្ពុជា​កំពុង​ក្លាយជា​ទីតាំង​របស់​ក្រុម​ឧក្រិដ្ឋជន​ចិន និង​អ្នកមាន​លុយ​មានអំណាច​មួយចំនួន ដែល​ធ្វើ​ជំនួញ​បែប​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស ការ​ចាប់​មនុស្ស​បង្ខាំង​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ការ​បាញ់​សម្លាប់​មនុស្ស និង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ជាដើម។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា ការ​រីក​លូតលាស់​នៃ​បន​ល្បែង​ខុសច្បាប់​នៅ​លើ​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​បែប​នេះ មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន និង​ក្រុម​ឧក្រិដ្ឋ​ជនបរទេស​អាច​នឹង​មាន​ឱកាស​កាន់តែ​ច្រើន ក្នុង​ការ​បន្ត​ពង្រីក​ឥទ្ធិពល​នៃ​អំពើ​លាងលុយកខ្វក់​ពួកគេ​នៅ​កម្ពុជា​។ លោក​ថា ត្រង់​ចំណុច​នេះ​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង​សម្រាប់​សង្គម​ខ្មែរ​នោះ គឺ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ចជាតិ និង​ការ​កើនឡើង​បទល្មើស​បែប​ឧក្រិដ្ឋកម្ម ដែល​នឹង​អាច​រង​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត៖ «អំពើ​ផ្ដាច់ការ​របស់ ប៉ុល ពត បង្កើត​នូវ​វាល​ពិឃាដ​ដែល​សម្លាប់​មនុស្ស​យ៉ាង​រង្គាល។ ក៏ប៉ុន្តែ លោក ហ៊ុន សែន កំពុងតែ​បង្កើត​នូវ​វាល​ពិឃាដ​ថ្មី​មួយ​គឺ ពិឃាដ​វាសនា​ខ្មែរ​តែម្ដង ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច តាមរយៈ​ការ​បណ្ដោយ​ឱ្យ​មាន​អំពើ​អបាយមុខ បង្ក​អសន្តិសុខ និង​រីក​តែ​ឥទ្ធិពល​បរទេស​ម៉ាហ្វៀ ដែល​ហាក់ដូចជា​ពួកគេ​មាន​ឯកសិទ្ធិ​ប្រព្រឹត្ត​អំពើ​បំពុល​សង្គម​តាមចិត្ត​តែម្ដង»។

អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​តាម​បណ្តា​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​បង្ក្រាប​ល្បែង​ស៊ីសង​ខុសច្បាប់​ចាប់​តាំង​ពី​ថ្ងៃទី​១៧ ខែ​កញ្ញា បន្ទាប់ពី​មាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​នោះ អាជ្ញាធរ ក៏​ឃាត់​បាន​ជនជាតិ​ចិន​ជា​បន្តបន្ទាប់​ដែរ​ពាក់ព័ន្ធ​នឹង​ការលួចបើក​ល្បែង​អន​ឡាន​ខុសច្បាប់ ក្រៅពី​ជនជាតិ​ខ្មែរ​។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា អាជ្ញាធរ​ថ្នាក់ក្រោម គួរតែ​អនុវត្ត​តួនាទី និង​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​មិន​ត្រូវ​រង់ចាំ​ស្ដាប់​តែ​បញ្ជា​ពី​ថ្នាក់លើ​នោះ​ទេ បើ​ពុំ​នោះ​ទេ មិនអាច​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។