អាជ្ញាធរ​រក​ឃើញ​សាកសព​មនុស្ស​ចំនួន​៨​នាក់ ក្នុង​ករណី​ភ្លើង​ឆេះ​ក្លឹប​រាត្រី​មួយ​កន្លែង

ដោយ សុជីវី
2023.07.03
អាជ្ញាធរ​រក​ឃើញ​សាកសព​មនុស្ស​ចំនួន​៨​នាក់ ក្នុង​ករណី​ភ្លើង​ឆេះ​ក្លឹប​រាត្រី​មួយ​កន្លែង ខារ៉ាអូខេ និង​សណ្ឋាគារ​យីហោ​៦៩៦៩ ឃីស អ៊ីនធឺធិនមិន ឯ​.​ក (6969 Kiss Entertainment) នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​ឆាបឆេះ និង​សម្លាប់​មនុស្ស ៨នាក់ កាលពីថ្ងៃទី១ កក្កដា ២០២៣។
រូប៖ ហ្វេសប៊ុកនាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ

អាជ្ញាធរ​រក​ឃើញ​ជនរងគ្រោះ​បាត់បង់​ជីវិត​ចំនួន ៨​នាក់ ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ខារ៉ាអូខេ និង​សណ្ឋាគារ​យីហោ ៦៩៦៩ ឃីស ក្នុង​រាជធានី​ភ្នំពេញ​។ សង្គម​ស៊ីវិល និង​អ្នកជំនាញ​ផ្នែក​សំណង់ ស្នើ​ដល់​អាជ្ញាធរ និង​ម្ចាស់​ទីតាំង​ទទួលខុសត្រូវ​ចំពោះ​ជនរងគ្រោះ និង​ត្រូវ​បង្កើត​ក្រុម​ត្រួតពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​នៅ​តាម​អគារ​ដើម្បី​រក្សា​គោលការណ៍​សុវត្ថិភាព។

អាជ្ញាធរ​បាន​រក​ឃើញ​ជនរងគ្រោះ​បាត់បង់​ជីវិត ចំនួន​៨​នាក់ ថ្ងៃទី​២ កក្កដា ក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​ខារ៉ាអូខេ និង​សណ្ឋាគារ​យីហោ​៦៩៦៩ ឃីស អ៊ីនធឺធិនមិន ឯ​.​(6969 Kiss Entertainment) នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១ កក្កដា ហើយ​ជនរងគ្រោះ​ក្នុងចំណោម​៨​នាក់​នោះ មាន​៦​នាក់​ជា​ជនជាតិ​ចិន និង​២​នាក់​ទៀត​ជា​ជនជាតិ​វៀតណាម។

នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ លោក ព្រហ្ម យ៉ន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អគ្គីភ័យ​នេះ បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី នៅ​ជាន់ទី​៥ នៃ​អគារ ដែល​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ​។ មួយវិញទៀត អាជ្ញាធរ បាន​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​ជាង​១០០​គ្រឿង ដើម្បី​ពន្លត់ភ្លើង​បាន​ទាំងស្រុង។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ លោក ព្រហ្ម យ៉ន អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា និង​អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី​២ កក្កដា។

រីឯ​វិស្វករ​សំណង់​ស៊ីវិល នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក ឈួ ផេង ដែល​មាន​បទពិសោធន៍​ជាង​២០​ឆ្នាំ​ក្នុង​វិស័យ​នេះ​មានប្រសាសន៍​ថា គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ពី​គ្រោះ​អគ្គីភ័យ​នេះ អាច​បណ្ដាល​ពី​មក​កង្វះខាត​ការ​ត្រួតពិនិត្យ​បច្ចេកទេស​អគ្គិសនី ជាពិសេស ទៅលើ​ប្រព័ន្ធ​ពន្លត់អគ្គីភ័យ​ស្វ័យប្រវត្តិ ពីព្រោះ​អគារ​ទាំងនោះ​ភាគច្រើន​ជា​អគារ​ចាស់ៗ​។ លោក​បន្ត​ថា ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​អគារ​ភាគី​រដ្ឋ មាន​តួនាទី​សំខាន់​ក្នុង​ការ​ត្រួតពិនិត្យ​ការ​គណនា​គ្រឿង​បង្គំ និង​អគ្គិសនី មុននឹង​អនុញ្ញាត​ឲ្យ​ម្ចាស់​គម្រោង​សាងសង់​។ លោក​បន្ថែម​ថា ម្ចាស់​សំណង់​អគារ ក៏​ត្រូវតែ​គិតគូរ​ដល់​ប្រព័ន្ធ​សុវត្ថិភាព រួមមាន​ការ​ដាក់​បំពង់​ពន្លត់​អគ្គីភ័យ ការ​គិតគូរ​ពី​ច្រក​សង្គ្រោះ​បន្ទាន់ពេល​មាន​ភ្លើង​ឆេះ និង​ប្រព័ន្ធ​ពន្លត់​អគ្គីភ័យ​ស្វ័យប្រវត្ត​ជាដើម។

លោក ឈួ ផេង៖ «ជាទូទៅ​វា​គួរតែ​មាន អា​បំពង់​ហ្នឹង ជា​រឿង​ចាំបាច់​ហើយ​អាហ្នឹង ហើយ​បន្ទាប់​មក រៀប​អា​ប្រព័ន្ធ​ហ្វាយអឺហ្វាយទីង​(Fire Fighting) ហ្នឹង​គឺ​ចាំបាច់​ហើយ​ស្តង់ដារ ក្រោយៗ​មក ខ្ញុំ​ឃើញ​ថា ក្រសួង​មុននឹង​ចេញ​ប្លង់​ឲ្យ ចេញ​អា​លិខិតអនុញ្ញាត​ឲ្យ​សាងសង់​គឺ​សុទ្ធ​តែ​មាន​ប្រព័ន្ធ​ហ្វាយអឺហ្វាយទីង​ហើយ រៀប​​ប្រព័ន្ធ​ហ្វាយអឺហ្វាយទីង​ហ្នឹង​ហា។ ហើយ​បញ្ហា​មួយទៀត ដែល​យើង​យក​ចិត្ត​ទុក​ដាក់​គឺ​ត្រូវ​មាន​ច្រក​សង្គ្រោះ​បន្ទាន់ វា​ត្រូវតែ​មាន​អ៊ីចឹង​ហា ហើយ​គ្រាន់​អ្នក​គូរ​ស្តង់ដារ អ្នក​គូរ​ភាគច្រើន​អ្នក​ដែល អ្នក​ដែល​គូរ​ស្តង់ដារ គឺ​គេ​គិត​អាហ្នឹង​វា​ជា​រឿង​ចាំបាច់​ដែរ ហើយ​មុននឹង​អនុញ្ញាត​ឲ្យ​សាងសង់​ហ្នឹង​ហា»

លោក ឈួ ផេង បន្ថែម​ថា អាជ្ញាធរ គួរតែ​បង្កើត​ឲ្យ​មាន​ក្រុម​ត្រួតពិនិត្យ​ស្ថានភាព​សំណង់ និង​អគ្គិសនី​តាម​អគារ​ចាស់ៗ នៅ​ទីប្រជុំជន​ក្នុង​គោលការណ៍​សុវត្ថិភាព ដើម្បី​បង្ការ​ការ​បាក់​ស្រុត និង​ការ​ឆ្លង​ចរន្តអគ្គិសនី​ជាដើម​។ លោក​បន្ថែម​ទៀត​ថា ដើម្បី​ការ​ចុះ​ទៅ​ត្រួតពិនិត្យ​សំណង់​អគារ​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​គួរតែ​លុបបំបាត់​អំពើពុករលួយ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ មានប្រសាសន៍ថា ម្ចាស់​ទីតាំង និង​ក្រសួង ដែល​ចេញ​លិខិតអនុញ្ញាត​ឲ្យ​មានការ​សាងសង់​អគារ​នោះ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ និង​បង្កើត​ឲ្យ​មាន​ក្រុមការងារ​ជំនាញ ដើម្បី​ត្រួតពិនិត្យ​ទៅលើ​បច្ចេកទេស​អគ្គិសនី​តាម​អគារ​ផ្សេងទៀត ក្នុង​ការធានា​សុវត្ថិភាព​សង្គម។

លោក កើត សារ៉ាយ៖ «ជា​ធម្មតា​ការរៀបចំ​ប្រព័ន្ធ​ភ្លើង ឬ​ការរៀបចំ​ធ្វើ​អ្វីមួយៗ ដែល​គេ​ដាក់​សម្រាប់​ប្រើប្រាស់​នៅ​តាម​ទីកន្លែង​ប្រើប្រាស់​នីមួយៗ​វា​សុទ្ធ​តែ​មាន​មន្ត្រី​ជំនាញ​សហការ​គ្នា​ជាមួយ​អាជ្ញាធរ មូលដ្ឋាន​ដើម្បី​កំណត់​និង​វាយតម្លៃ​អំពី​ការ​ជៀសវាង​ឲ្យ​មាន​ហានិភ័យ​ខ្ពស់។ ហើយ​ដូច្នេះ​កាលណា ដែល​មាន​វា​ចង់​ឬ​មិន​ចង់​គឺ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​សាមី​ក្រសួង​ហ្នឹង​គឺ​ត្រូវតែ​ទទួល​ចេញមុខ​មក​ទទួលខុស​ត្រូវ​ធានា​ហ្នឹងហើយ ត្រូវ​ធានា​ថា រឿង​ទាំង​អស់ហ្នឹង​ទៅ​ថ្ងៃមុខ មិន​មាន​កើតឡើង​ទៀត​ទេ ព្រោះ​អ្វី​អាហ្នឹង ក៏​វា​ជា គេ​ហៅថា ជា​សុវត្ថិភាព​មួយ​ដែរ គេ​ចាត់ទុកជា​សុវត្ថិភាព​សង្គម​មួយ​ដែរ»

ជុំវិញ​ករណី​ភ្លើង​ឆេះ​ខារ៉ាអូខេ និង​សណ្ឋាគារ​យីហោ 6969 ឃីស នេះ សមត្ថកិច្ច នៅ​មិន​ទាន់​បង្ហាញ​អ្នក​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​នៅឡើយ​ទេ។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ក្នុង​ឆ្នាំ​២០២២ បាន​បង្ហាញ​ថា គ្រោះ​អគ្គីភ័យ​កើតឡើង​ជាង​៦០០​ករណី​នៅ​ទូទាំង​ប្រទេស ដែល​បណ្ដាល​ឲ្យ​ឆេះ​ខូចខាត​ផ្ទះ​ជិត​៧០០​ខ្នង និង​តូប​លក់ដូរ​ជាង​១០០​តូប និង​មនុស្ស​៤៣​នាក់​ស្លាប់ និង​ជិត​៦០​នាក់​រង​របួស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។