ប៉ូលិស​ចាត់វិធានការ​​លើអ្នក​បំពាន​​បម្រាម​គោចរ​​ពេល​​យប់​​ចំនួន​ ១៥៥​​នាក់​​ រយៈពេល​២យប់​

ដោយ អាស៊ីសេរី
2021.04.04
ប៉ូលិស​ចាត់វិធានការ​​លើអ្នក​បំពាន​​បម្រាម​គោចរ​​ពេល​​យប់​​ចំនួន​ ១៥៥​​នាក់​​ រយៈពេល​២យប់​ (រូបខាងស្តាំ) លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
រូប៖ ហ្វេសប៊ុក San Sokseiha - សាន សុខសីហា

នរគបាល​រាជធានីភ្នំពេញ ​​បាន​​ចាត់​វិធានការ​​លើអ្នក​​ដែល​ល្មើស​​បម្រាម​គោចរ​​ពេលយប់​​ចំនួន​​មួយ​​រយ​ហា​សិបប្រាំ​ (១៥៥) នាក់ ​ក្នុងរយៈពេល​​ពីរយប់​​គិត​ចាប់​ពី​ថ្ងៃទី​២​ ដល់ថ្ងៃទី៣ ​​ខែមេសា។

អ្នកនាំពាក្យ​នៃស្នងការ​ដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​​លោក​ សាន សុខសីហា ប្រាប់​អាស៊ីសេរីថា​ ​ក្នុង​រយៈពេល​​ពីរយប់ ​​គឺសមត្ថកិច្ច​​បានឃាត់​យក​ម៉ូតូ​​និង​រថយន្ត​ទៅ​​រក្សា​ទុក​​ចំនួន​ ​១៥៥ ​គ្រឿង។ លោក​បន្តថា​ ​ចំពោះម្ចាស់ម៉ូតូ​ ​និង​ម្ចាស់រថយន្ត​ទាំងនោះ​ត្រូវ​បាន​សមត្ថកិច្ច​​បញ្ជូនទៅ​​ធ្វើចត្តាឡីស័ក​​នៅផ្ទះ​​របស់​ពួកគេ​​រៀងៗ​​ខ្លួន​រយៈ​ពេល​ ​១៤ ​ថ្ងៃ ​មុនពេល​​ទៅ​​ទទួល​យក​យានយន្ត​​របស់ខ្លួន​វិញ​។​ លោក​​អះអាងថា​ ​ផ្អែកតាម​​តួលេខនេះ ​​មានប្រជាពលរដ្ឋ​តិចតូច​ប៉ុណ្ណោះ​​ដែល​​បំពាន​​បម្រាម​​​ធ្វើ​ដំណើរ​ពេលយប់​ ​ខណៈ​ប្រជាពលរដ្ឋ​​ភាគច្រើន​​ផ្សេងទៀត​​ បាន​យល់ដឹង​ ​និង​​បាន​​ចូលរួម​​គោរព​​តាម​​វិធានការ​នេះ៖ «វាមិនមែន​ជាការបំបិទ​សិទ្ធិពលរដ្ឋទេ​ វាជាការ​ជួយប្រជា ពលរដ្ឋ ​ក្នុងការ​សហការគ្នា​ទាំងអស់គ្នា​ដើម្បីបង្ការទប់ស្កាត់​ការឆ្លង​វីរុសកូវីដ-១៩ ហើយ​ក្នុងមាត្រា៤ ​នៃសេចក្តីសម្រេច​របស់រដ្ឋបាលរាជធានភ្នំពេញ ​ក៏មាន​ចំណុច​លើកលែងដែរ ​ដូច្នេះ​អ្នកដែល​គាត់មាន​ភារកិច្ច​ធ្វើការពេលយប់ ​មានកម្មករ-កម្មការិនី ​ឬបងប្អូន ប្រជាពលរដ្ឋ​ដែលគាត់​ធ្វើការ​ពេលយប់ ​ឲ្យតែគាត់​មានលិខិតបញ្ជាក់​​និងមាន កាតត្រឹមត្រូវ ​គឺមិនមាន​ការហាមឃាត់ទេ ​គឺធ្វើការ​បានធម្មតា។ អាជីវកម្ម​ក៏ដូចគ្នា ​មាន​ន័យ ថា ​គាត់អាច​បើកបាន​ ​តែចាប់ពី​ម៉ោង៨យប់ ​គឺបានត្រឹមតែ​វេចខ្ចប់ទេ ​មិនអាច​អង្គុយញាំ​ទីនោះ​បានទេ»។ 

អភិបាល​រាជធានីភ្នំពេញ​​លោក​ ឃួង ស្រេង​ ​បានសម្រេច​បិទ​​ចរាចរណ៍ ​ព្រមទាំង​​សកម្មភាព​​អាជីវកម្ម​ និង​​ការ​​ប្រមូល​ផ្តុំ​នានា​​នៅ​ភូមិសាស្ត្រ​រាជធានី​​ភ្នំពេញ​​នៅ​​ពេល​​យប់ ​​ចាប់ពី​​ម៉ោង ​៨​ យប់ ​ដល់​ម៉ោង ​៥​ ទៀបភ្លឺ រយៈពេល ​២ ​សប្តាហ៍ ​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃទី១៤ ខែមេសា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩។ ការដាក់ចេញវិធានការនេះ ​គឺបន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញ​ បានដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ ​និង​ជំងឺឆ្លង​កាចសា​ហាវ ​និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ធ្ងន់ធ្ងរ​​ផ្សេងៗ​ទៀត។

អ្នកនាំពាក្យសមាគមការពារ​សិទិ្ធមនុស្សអាដហុក ​លោក ស៊ឹង សែនករុណា ​មាន​ប្រសា​សន៍​ថា ​ការអនុវត្តវិធានការនេះ ​ហាក់ដូចជា​លឿនពេក ​ដែល​លោក ​ព្រួយបារម្ភថា ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​និងសិទ្ធិ​របស់​ប្រជាពលរដ្ឋ។ លោក យល់ថា​ អាជ្ញាធររដ្ឋាភិបាល ​គួរ​តែ​ពិចារ​ណា​ចំពោះ​លិខិត​របស់អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ ​ដែលបង្ហាញការ​ ព្រួយបារម្ភ​ខ្លួន​ចំពោះច្បាប់​ស្តីពី​ការទប់ស្កាត់ជំងឺកូវីដ។

កាលពី​ថ្ងៃទី៣១ ​ខែមីនា ​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិចំនួន៣រូប ​បានផ្ញើ​លិខិ​ត​មួយ​ច្បាប់​ជូនរដ្ឋាភិបាល​ ដោយបង្ហាញក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះច្បាប់​ស្តីពីការ​ទប់​ស្កាត់ជំងឺកូវីដ។ ក្រុម​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ ​ជំរុញឲ្យ​រដ្ឋាភិ​បាល ​ផ្អាក​អនុវត្ត​ជាបណ្តោះអាសន្ន ​និង​ពិនិត្យឡើងវិញនូវ​ច្បាប់​មួយនេះ ​ដើម្បី ធានា​នូវការ​គោរម​តាម​បទ​ដ្ឋាន​សិទ្ធិមនុស្សអន្តរជាតិ ​ដែល​ការពារសិទ្ធិ ​និងសេ​រីភាព​របស់​ប្រជា​ជនកម្ពុជា។ ក្រុម​អ្នក​ជំនាញសិទិ្ធមនុស្សអង្គការ​សហប្រជា​ជាតិ ​ពិនិត្យឃើញថា ​ច្បាប់នេះ ​ផ្តល់​អំណា​ច​ច្រើន​ដល់​អាជ្ញាធររដ្ឋាភិបាល ​ដើម្បី​រឹតត្បិសិទ្ធិសេរីភាព​របស់ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំ​ណើរ​ ការជួបជុំ ​ការ​ប្រតិបត្តិការ​អាជី​វកម្ម​ និង​សកម្ម​ភាពអាជីព​មួយ​ចំនួន​ ព្រមទាំង​ការ​ដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ ​និងមិនសមាមាត្រ​ ដែលផ្ទុយពី​គោល​ការណ៍​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។