អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យកម្លាំងនគរបាលទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីល្បាត ត្រួតពិនិត្យ និងទប់ស្កាត់រាល់ការប្រមូលផ្តុំជួបជុំរៀបចំកម្មវិធីកម្សាន្តបែបប្រពៃណី ពិធីជប់លៀងរាំកម្សាន្តតាមទីសាធារណៈ តាមសហគមន៍ ព្រមទាំងការជួបជុំតាមបែបសាសនា នៅតាមទីវត្តអារាមផងដែរ។
ទោះយ៉ាងណា ប្រជាពលរដ្ឋ អាចធ្វើការជួបជុំគ្នាជាលក្ខណៈគ្រួសារតូចៗនៅក្នុងគេហដ្ឋាន ឬផ្ទះរបស់ខ្លួនបាន។ សេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិចុះថ្ងៃទី៣ មេសា ឱ្យដឹងទៀតថា ការហាមឃាត់ទាំងនេះ គឺដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
សេចក្តីណែនាំដដែល ក៏បានបញ្ជាអាជ្ញាធរមូលដ្ឋានឱ្យតាមស្ថានភាពពលករចំណាកស្រុកដែលវិលត្រឡប់មកពីក្រៅប្រទេស ដើម្បីបន្តអប់រំ និងតាមដានការអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល រួមទាំងមានវិធានការសង្គ្រោះភ្លាមៗ ប្រសិនបើរកឃើញថា មានពលរដ្ឋណាម្នាក់មានសញ្ញាផ្ទុកជំងឺកូវីដ-១៩។
ដោយឡែក នៅថ្ងៃទី៤ ខែមេសា ក្រសួងសុខាភិបាល ប្រកាសថា ក្រុមគ្រូពេទ្យកម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ១៥ នាក់បន្ថែមទៀត ដែលធ្វើឱ្យអ្នកជាសះស្បើយ កើនដល់៤៩នាក់ ហើយអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យថ្នាក់ខេត្ត និងថ្នាក់ជាតិ នៅសល់ចំនួន៦៥នាក់ទៀត។ ក្រសួងបញ្ជាក់ដែរថា ចំណែកករណីឆ្លងថ្មី គឺមិនមាននោះទេ ដែលធ្វើឱ្យតួលេខអ្នកឆ្លងសរុបនៅតែរក្សាចំនួន១១៤នាក់ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។