ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជាលោក ថេង សាវឿន ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ចុះស្រង់ស្ថិតិធ្វើបច្ចុប្បន្នភាព កំណត់ផ្ដល់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឱ្យបានទូលំទូលាយ និងចំគោលដៅពិតប្រាកដ។
លោក ថេង សាវឿន ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែមិថុនា ថា មានប្រជាពលរដ្ឋក្រីក្រជាច្រើន ដែលជាក្រុមងាយរងគ្រោះ ជាពិសេសគឺកសិករខ្នាតតូច នៅមិនទាន់បានទទួលព័ត៌មាន និងទទួលការណាត់ជួបសម្ភាសន៍ ពីមន្ត្រីអាជ្ញាធរមូលដ្ឋាននៅឡើយទេ។ លោកស្នើឱ្យក្រុមប្រឹក្សាឃុំសង្កាត់ ចុះស្រង់ស្ថិតិនិងជួបសម្ភាសន៍នេះ ដោយតម្លាភាព និងកុំប្រកាន់និន្នាការនយោបាយ៖ « យើងស្នើឱ្យមានការផ្សព្វផ្សាយ និងបញ្ជាក់ពីវិធីសាស្ត្រ និងការវាយតម្លៃ អំពីការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ឱ្យបានល្អប្រសើរ។ មួយវិញទៀតយើងស្នើ ដល់រដ្ឋាភិបាល និងក្រសួងផែនការ ធ្វើយ៉ាងណា ផ្ដល់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដោយឈរលើសេវាសាធារណៈ កុំឱ្យមានការរើសអើង ជាពិសេសពលរដ្ឋមានបញ្ញាដីធ្លីក្រីក្រលំបាក កំពុងរងទុក្ខនោះ រហូតមកដល់ពេលនេះ ពុំទាន់មានអាជ្ញាធរ មូលដ្ឋានណាទាក់ទងមកទេ »។
ការស្នើសុំរបស់ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជានេះ ធ្វើឡើង ក្រោយដែលក្រសួងផែនការបានផ្សព្វផ្សាយ នៅក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន កាលពីថ្ងៃទី១២ ខែមិថុនា ដោយអំពាវនាវឱ្យប្រជាពលរដ្ឋក្រីក្រ ប្រញាប់រូតរះ ដាក់ពាក្យស្នើសុំ ជួបសម្ភាសន៍ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យបានមុនថ្ងៃទី៣០ មិថុនា ដែលជាថ្ងៃផុតកំណត់ នៃនីតិវិធីធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ ក្រសួងផែនការបញ្ជាក់ថា គ្រួសារក្រីក្រ និងគ្រួសារដែលរងគ្រោះដោយសារការរាលដាលនៃជំងឺកូវីដ១៩ នឹងទទួលបានប្រាក់ឧបត្ថម្ភ ពីរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ ប៉ុន្តែគេនៅពុំទាន់ដឹងពីចំនួនទឹកប្រាក់ប៉ុន្មាននៅឡើយទេ។
ក្រសួងផែនការបានបង្ហាញសិ្ថតិថា គិតត្រឹមថ្ងៃទី១ ខែមិថុនា មានប្រជាពលរដ្ឋក្រីក្រ សរុបជិត ៦០ម៉ឺនគ្រួសារ (៥៦៧,៥០៥) ដែលមានសរុបប្រមាណជិត ២លាន៣សែននាក់ នៅទូទាំងប្រទេស បានធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលការរាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។
ក៏ប៉ុន្តែបើតាមការព្យាករណ៍របស់ធនាគារពិភពលោកថ្មីៗនេះ ឱ្យដឹងថា ពលរដ្ឋខ្មែរជិត ២លាននាក់បន្ថែមទៀត នឹងធ្លាក់ខ្លួនក្រីក្រ ដោយសារវិបត្តិជំងឺរាតត្បាតជាសាកលកូវីដ១៩ (Covid-19) ក្នុងឆ្នាំ២០២០នេះ ដែលអត្រានេះ គឺកើនឡើងដល់ទៅ ១១ភាគរយ បន្ថែមទៀត លើចំនួនពលរដ្ឋក្រីក្រដែលមានស្រាប់ កាលពីមុនពេលមានវិបត្តិជំងឺកូវីដ-១៩។ ការកើនឡើងនេះ មានន័យថា ចំនួនពលរដ្ឋរស់នៅក្រោមបន្ទាត់ក្រីក្រ ដែលគ្មានលទ្ធភាពចំណាយប្រាក់លើសពី ១,៩០ ដុល្លារក្នុងមួយថ្ងៃ អាចនឹងត្រូវកើនឡើងវិញរហូតដល់ជិត ២៥% ឬស្មើនឹងប្រមាណ ៤លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។