អ្នករស់នៅក្នុងសហគមន៍ក្រីក្រចង់ឲ្យរដ្ឋផ្ដល់ប្រាក់ ៥ម៉ឺនរៀលនាថ្ងៃភ្ជុំបិណ្ឌ ដូចមន្ត្រីរាជការ
2020.08.10
ពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រខ្លះ ចង់ឲ្យរដ្ឋាភិបាល ឧបត្ថម្ភប្រាក់ប្រាំម៉ឺនរៀល សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ នៅពេលខាងមុខ ដូចឲ្យមន្ត្រីរាជការដែរ។ អ្នកឃ្លាំមើលយល់ថា រដ្ឋាភិបាលគួរដាក់ចេញគោលនយោបាយនេះ ដើម្បីជួយពលរដ្ឋក្រីក្រ មានលទ្ធភាព ទៅធ្វើបុណ្យភ្ជុំបិណ្ឌ។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន់ ពៅ ជំរុញឲ្យរដ្ឋាភិបាល បង្កើតគោលនយោបាយឧបត្ថម្ភលុយរដ្ឋ សម្រាប់ជនក្រីក្រ និងក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងឱកាសបុណ្យទានជាតិធំៗ ដូចមន្ត្រីរាជការដែរ។ លោក ថា បើរដ្ឋាភិបាលដាក់ចេញគោលនយោបាយនេះ នឹងជួយលើកកម្ពស់ជីវិតដល់អ្នករស់នៅក្នុងសហគមន៍ក្រីក្រ ឲ្យបានចូលរួមក្នុងពិធីបុណ្យសាសនា៖ «ខ្ញុំគិតថា ៥ម៉ឺនរៀល បើសិនជារដ្ឋជួយ វាជាចំណុចសំខាន់ ពីព្រោះមនុស្សឥឡូវវាកំពុងតែអត់។ សេដ្ឋកិច្ចធ្លាក់ចុះ ប្រាក់ចំណូលធ្លាក់ចុះ មនុស្សកំពុងខ្វះខាតលុយចាយប្រចាំថ្ងៃ បើសិនជាបាន ៥ម៉ឺនរៀល ក៏អាចដោះទាល់បានមួយអាទិត្យ ពីរអាទិត្យដែរ សម្រាប់អ្នករើសអេតចាយ អ្នករស់នៅក្រោមស្ពានអ្វីហ្នឹង»។
សំណើនេះក្រោយពេល រដ្ឋាភិបាល ប្រកាសថា នឹងផ្ដល់ថវិការដ្ឋចំនួន ៥ម៉ឺនរៀល សម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ឲ្យមន្ត្រីរាជការទាំងអស់ ទាំងមន្ត្រីនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីខុទ្ទកាល័យ សមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្ដែត និវត្តជនដែលបាត់បង់សម្បទាវិជ្ជាជីវៈ។ ក្រុមគ្រួសារនៃជនពលី និងរងគ្រោះ ដែលជាអតីតយុទ្ធជន ក៏ទទួលថវិកាចំនួន ៥ម៉ឺនរៀល ក្នុងមួយគ្រួសារដែរ។
អនុក្រឹត្យចេញផ្សាយ កាលពីថ្ងៃទី៦ សីហា មិនបានបង្ហាញថា រដ្ឋនឹងចំណាយថវិកាចំនួនប៉ុន្មានឡើយ ចំពោះគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ ៥ម៉ឺនរៀលនេះ។ តែរដ្ឋាភិបាល តែងឧបត្ថម្ភលុយរដ្ឋ ចំនួន៥ម៉ឺនរៀល ឲ្យមន្ត្រីរាជការ ២ដងក្នុងមួយឆ្នាំ គឺសម្រាប់បុណ្យចូលឆ្នាំខ្មែរ និងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំ។ កន្លងមក រដ្ឋាភិបាល ក៏មិនដែលបានបង្ហាញតួលេខថវិការដ្ឋ ដែលបានចំណាយសម្រាប់គោលនយោបាយនេះដែរ ខណៈតួលេខមន្ត្រីរាជការសរុបទាំងអស់ មានជាងពីរសែន (២២៣.៦០២)នាក់។
តែយ៉ាងណា លោក វន់ ពៅ ស្វាគមន៍ការផ្ដល់ប្រាក់ឧបត្ថម្ភ លើកទឹកចិត្ត ដល់មន្ត្រីរាជការ ចំនួន ៥ម៉ឺនរៀល ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរ។ លោកយល់ថា ប្រាក់លើកទឹកចិត្តទាំងនេះ បានមកពីការបង់ពន្ធរបស់ពលរដ្ឋ ដូច្នេះមន្ត្រីរាជការ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ដើម្បីបម្រើពលរដ្ឋ៖ «ការលើកទឹកចិត្តនេះទៀតសោត វាជាការជំរុញឲ្យមន្ត្រីរាជការទាំងអស់ត្រូវគិតថា ខ្លួនជាអ្នកទទួលថវិកាពីប្រជាពលរដ្ឋ ព្រោះពលរដ្ឋជាអ្នកបង់ពន្ធ។ អ៊ីចឹង ក្នុងឱកាសនេះដែរ សូមឲ្យមន្ត្រីរាជការបម្រើពលរដ្ឋ ដោយភាពស្មោះត្រង់ ដោយមិនប្រកាន់និន្នាការ ឬក៏បម្រើប្រជាពលរដ្ឋ ទៅតាមរដ្ឋធម្មនុញ្ញ ដែលបានចែង»។
អ្នកប្រកបរបររើសអេតចាយ នៅទីលានចាក់សំរាម ក្នុងខណ្ឌដង្កោ លោកស្រី សំអុល វ៉ារី ប្រាប់ថា លោកស្រីក៏ចង់ឲ្យរដ្ឋាភិបាល បង្កើតគោលនយោបាយ ជួយឧបត្ថម្ភពលរដ្ឋក្រីក្រ ក្នុងពិធីបុណ្យទានធំៗដែរ ដើម្បីឲ្យអ្នករស់នៅក្នុងសហគមន៍ក្រីក្រ មានលទ្ធភាពទៅ ធ្វើបុណ្យនៅតាមវត្តអារាមដែរ៖ «បានទៅក៏អ បើមិនបានក៏សប្បាយចិត្តដែរ ព្រោះបានទៅលើមន្ត្រីរាជការ ដែលការពារប្រជាជនយើងដែរ លោកគ្រូ»។
ស្ត្រីរើសអេតចាយ នៅតំបន់បឹងជើងឯកម្នាក់ទៀត គឺ លោកស្រី ម៉ិល សារី ប្រាប់ថា លោកស្រី ក៏ចង់ឲ្យរដ្ឋាភិបាល ផ្ដល់ប្រាក់ ៥ម៉ឺនរៀល ក្នុងឱកាសភ្ជុំបិណ្ឌដែរ ពិសេសគឺផ្ដល់ឲ្យស្ត្រីប្រកបរបររើសអេតចាយ ដែលកំពុងមានផ្ទៃពោះ៖ «អ្នកខ្លះពោះធំ មិនអាចទៅរើសសំរាមបាន អ៊ីចឹងអ្នកខ្លះគាត់ទៅរើស មិនបាន អត់លុយទៅស្រុក គាត់ក៏ទៅវត្តយាមស្បែកជើងអ៊ីចឹងទៅ»។
ស្ត្រីរើសអេតចាយម្នាក់ទៀត ដែលកំពុងរស់នៅក្នុងខ្ទមតោកយ៉ាកមួយ ក្បែរសំយាបផ្ទះគេ នៅក្នុងសហគមន៍ជម្លោះដីធ្លីបុរីកីឡា អ្នកស្រី ស៊ឹម រី ចង់ឲ្យរដ្ឋាភិបាល ជួយឧបត្ថម្ភលុយខ្លះ សម្រាប់អ្នកក្រីក្រ រស់តាមសំយាបផ្ទះគេ ដូចគ្រួសារលោកស្រី ក្នុងឱកាសបុណ្យទានម្ដងៗ។ ស្ត្រីអ្នករើសអេតចាយរូបនេះ ប្រាប់ថា រាល់ឆ្នាំគ្រួសារលោកស្រី គ្មានលទ្ធភាពទៅវត្តធ្វើបុណ្យ ឬបានទៅលេងស្រុកកំណើតនៅខេត្តស្វាយរៀងទេ ដោយសារអ្នកស្រី និងប្ដីពិការជើងទាំងសងខាង ត្រូវនាំគ្នា ទៅសុំទាន និងយាមស្បែកជើង ឲ្យអ្នកមកធ្វើបុណ្យ នៅវត្តព្រះពុទ្ធមានបុណ្យ៖ «មួយព្រឹកបាន មួយម៉ឺនជាង ជួនបានពីរម៉ឺន ជួនថ្ងៃខ្លះបានច្រើន ជួនកាលថ្ងៃខ្លះអត់ក៏មានដែរ បានបាយពីវត្តហូប។ យាមពីរនាក់ប្តី ប្តីខ្ញុំពិការជើងហើយខ្ញុំយាមពីរនាក់ប្តីប្រពន្ធ ព្រោះអត់មានលុយ ។ ពេលខ្លះលាងចានលាងអីឲ្យគេទៅ ជួនក៏បោកខោអាវឲ្យគេ»។
ជុំវិញករណីនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី០៩ សីហា ដោយសារ ទូរស័ព្ទរោទ៍ មិនមានអ្នកទទួល។
រៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមអ្នករើសអេតចាយ និងពលរដ្ឋក្រីក្រមួយចំនួន តែងនាំគ្នាសុំទាន និងយាមស្បែកជើង នៅតាមវត្តអារាម និងសុំម្ហូបអាហារពីព្រះសង្ឃមកបរិភោគ។ ពួកគេ យល់ថា បើរដ្ឋាភិបាល ផ្ដល់ប្រាក់ឧបត្ថម្ភបន្តិចបន្តួចក្នុងពេលភ្ជុំបិណ្ឌ គឺពួកគេ នឹងអាចមានលទ្ធភាពទៅលេងស្រុកកំណើត និងធ្វើបុណ្យទានតាមប្រពៃណីបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។