ពលរដ្ឋ​មួយ​ចំនួន​នៅ​បន្ទាយមានជ័យ​នៅតែ​ទាមទារ​ឱ្យ​អាជ្ញាធរ​ជ្រើស​ជន​ក្រីក្រ​ឱ្យ​មាន​តម្លាភាព

ដោយ ឡេង ម៉ាលី
2020.06.29
Share on WhatsApp
Share on WhatsApp

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ​នៅតែ​អះអាង​ថា អាជ្ញាធរ​ខេត្ត​នេះ​ជ្រើសរើស​ឈ្មោះ​ជន​ក្រីក្រ​ដើម្បី​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ប្រកាន់​បក្ស​ពួកនិយម។ ពលរដ្ឋ​ទាំងនេះ​បញ្ជាក់​ថា គ្រួសារ​ក្រីក្រ​ពិតប្រាកដ​ជាច្រើន​នាក់​មិន​ជាប់​ឈ្មោះ​ទៅ​ទទួល​ប្រាក់ឧបត្ថម្ភ​នេះ​ទេ។ អាជ្ញាធរ​ខេ​ត្ត​បន្ទាយមានជ័យ​បដិសេធ​នឹង​ការ​​លើក​របស់​ក្រុម​ប្រជាពលរដ្ឋ​នេះ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ផ្លូវ​សៀម ឃុំ​គយម៉ែង ស្រុក​មង្គលបូរី ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៩ មិថុនា ថា អាជ្ញាធរ​មូលដ្ឋាន​មិនបាន​ដាក់ឈ្មោះ​គ្រួសារ​របស់​គាត់​បញ្ចូល​ក្នុង​បញ្ជី​ជន​ក្រីក្រ ដើម្បី​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​នោះ​ទេ បើ​ទោះ​បី​ជា​គ្រួសារ​របស់​លោក​ស្រី​រក​ព្រឹក​ខ្វះ​ល្ងាច​និង​គ្មាន​ទីជម្រក​សមរម្យ​ស្នាក់នៅ​ក៏ដោយ។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា គ្រួសារ​របស់​គាត់​មាន​សមាជិក​៤​នាក់ គឺ​កូនតូច​អាយុ​ក្រោម ៨​ឆ្នាំ ២​នាក់ និង​មនុស្ស​ធំ ២​នាក់​ស្នាក់នៅ​ជា​ម្ដាយ​ចាស់ជរា​ទៀត​ផង។លោកស្រី​បញ្ជាក់​ថា ពួកគាត់​គ្មាន​ប្រាក់​ទិញ​ស្បៀងអាហារ​ហូបចុក​នោះ​ទេ ព្រោះ​ចាប់​តាំង​ពី​ខែ​មីនា​មក ប្ដី​របស់​លោកស្រី​ធ្វើការ​សំណង់​បាន ២​ថ្ងៃ ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ហើយ​ពុំ​មាន​របរ​ផ្សេង​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ឡើយ៖ «អត់​មាន​ជួយ​អ្នកក្រ​មែនទែន​ផង​ហ្នឹង ទោះ​មិន​ឱ្យ​លុយកាក់​ឱ្យ​អង្ក​ហូបចុក​ក៏​សប្បាយចិត្ត​ដែរ។ ខ្ញុំ​ស្នើ​សុំ​ឱ្យ​ស្មើភាព​គ្នា​កុំ​ឱ្យ​អ្នក​ក្រខ្សត់​មែនទែន​អត់​បាន អ្នក​មេម៉ាយ​ក៏​អត់​បានតែ​អ្នក​គេ​អ្នក​មាន​ផ្ទះ មានគ្រួសារ​ពេញលេញ​បាន​ទ្រព្យ​សម្បត្តិ​បែរជា​បាន​ប្រាក់ តែ​អ្នក​មេម៉ាយ​ទៅ​ជា​អត់​បាន ដូច​អុំ​ខ្ញុំ​អី​ពីរ​បី​នាក់​ណោះ ដែល​ប្ដី​របស់​គាត់​ស្លាប់​ចោល​យូរ​គាត់​ធ្វើ​ទាហាន»

ចំណែក​ពលរដ្ឋ​នៅ​ភូមិ​ផ្លូវសៀម​ម្នាក់​ទៀត​ថ្លែង​ថា ម្ដាយ​របស់​លោកស្រី​រួម​ទាំង​អ្នកភូមិ​ក្បែរ​ខាង​ជាច្រើន​គ្រួសារ​ទៀត​ពុំ​មាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​នោះ​ទេ ក៏​ប៉ុន្តែ​អាជ្ញាធរ​មិនបាន​ដាក់ឈ្មោះ​ជន​ក្រីក្រ​ទទួល​ប្រាក់ឧបត្ថម្ភ​នោះ​ឡើយ ដោយសារតែ​ពួកគាត់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ពុំ​ជាប់​ខ្សែស្រឡាយ​អាជ្ញាធរ​មូលដ្ឋាន។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា អ្នកភូមិ​ភាគច្រើន​មិន​ពេញ​ចិត្ត​នឹង​ការ​ជ្រើស​ឈ្មោះ​អ្នកក្រ​របស់​អាជ្ញាធរ​នោះ​ទេ ប៉ុន្តែ​មិន​ហ៊ាន​តវ៉ា​ព្រោះ​ខ្លាច​អាជ្ញាធរ​បង្ក​ការ​លំបាក​ក្នុង​ពេល​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ៖ «ខ្ញុំ​ចង់​ឱ្យ​មក​មើល​ផ្ទះ​ណាស់​មានតែ​ផ្ទះ​ហើយ​នឹង​ដី​មួយ​បាត់​ផ្ទះ និង​មាន​ម៉ូតូ​ចាស់​ហើយ​ខូច​មួយគ្រឿង​ហ្នឹង​គាត់​និយាយ​ដូច​មិន​មើល​សោះ​គេ​តវ៉ា​ពេញ​ផ្លូវ​ព្រឹក​មិញ​គេ​ថា​អ្នកក្រ​ប៉ុណ្ណឹង​របស់​គេ​សោះ​គ្រាន់តែ​ដាក់ឈ្មោះ​គាត់​បញ្ចូល​ក្នុង​បញ្ជី​ទៅ​មិនបាន​ចាំបាច់​រើសមុខ​មាន អ្នកធ្វើ​ក្នុង​មូលដ្ឋាន​គេ​ថា ខ្ញុំ​មិន​ដឹង​ទេ លើ​ប្រធាន​ភូមិ​ហើយ​ហេតុ​អី​បាន​មេភូមិ​និយាយ​អត់​ដឹង​ទេ​ថ្នាក់លើ​គេ​ដើរ​គាត់​ឈ្មោះ​ខ្ញុំ​មិន​ជឿ​ទេ»

ពលរដ្ឋ​ទាំងនេះ​ទទូច​ឱ្យ​រដ្ឋាភិបាល​ជ្រើស​ឈ្មោះ​ជន​ក្រីក្រ​សារ​ឡើងវិញ​ឱ្យ​ស្មើភាព​គ្នា ដោយ​គ្មាន​ការរើសអើង​និន្នាការ​គណបក្ស​នយោបាយ។

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​នេះ​បាន​ហៅ​ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ផ្លូវ​សៀម​ទៅ​ស្ដីបន្ទោស​ដោយសារតែ​លោកស្រី​ផ្ដល់​សម្ភាសន៍​ឱ្យ​វិទ្យុ​អាស៊ីសេរី តវ៉ា​រឿង​អាជ្ញាធរ​មិន​ដាក់​ឈ្មោះ​គាត់​ជា​ជន​ក្រីក្រ កាល​ពី​ថ្ងៃ​ទី២៧ មិថុនា។ ពលរដ្ឋ​រូប​នេះ​ក្រោយពេល​ជួប​អាជ្ញាធរ​ហើយ​ភ័យ​ខ្លាច​មិន​ហ៊ាន​និយាយ​ជុំវិញ​អាជ្ញាធរ​ហៅ​ទៅ​សាកសួរ​នោះ​ឡើយ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​ប្រធាន​មន្ទីរ​ផែនការ ខេត្ត​បន្ទាយមានជ័យ​អ្នកស្រី ព្រំ ស៊ីណា ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ជ្រើសរើស​ឈ្មោះ​ពលរដ្ឋ​ដោយ​ស្មើភាព​គ្នា​គ្រប់​និន្នាការ​គណបក្ស​នយោបាយ។ អ្នកស្រី​បញ្ជាក់​ថា អាជ្ញាធរ​ដែល​ជ្រើស​ឈ្មោះ​ពលរដ្ឋ​មាន​សមាជិក ៣​នាក់ រួមមាន​មេឃុំ​សមាជិក​ក្រុមប្រឹក្សាឃុំ និង​មេភូមិ។ ចំណែក​ពលរដ្ឋ​ម្នាក់​ដែល​អាជ្ញាធរ​ហៅ​ទៅ​ជួប​នោះ អ្នកស្រី​ថ្លែង​ថា កាល​ពី​៣​ឆ្នាំមុន​គាត់​ជាប់​ឈ្មោះ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​មែន ក៏ប៉ុន្តែ​សព្វថ្ងៃ​ជីវភាព​របស់​គាត់​បាន​ងើប​ផុត​ពី​ជន​ក្រីក្រ​ហើយ៖ «យើង​បាន​ធ្វើ​កាលពី​ឆ្នាំ​២០១៨​ម្ដង​ហើយ ដល់ពេល​យើង​ធ្វើ​ក្នុង​ដំណាក់​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ គេ​ក៏​មាន​កម្មវិធី​នេះ​មួយ​មក​បំពេញ​បន្ថែម​ដោយ​អ្នក​ដែល​មាន​ហើយ​ត្រូវ​ដក​ចេញ ហើយ​គ្រួសារ​ណា​ដែល​ធូរធារ​ហើយ​ត្រូវ​ដកចេញ គ្រួសារ​ណា​ដែល​ក្រខ្សត់​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ។ អីចឹង​មេឃុំ​គាត់​មាន​សិទ្ធិ​ជ្រើសរើស​ប្រជាជន​ដែល​ធូរធារ​ហើយ​ដក​ចេញ ហើយ​អ្នក​ក្រីក្រ​បញ្ចូល​បន្ថែម​ក្នុង​អំឡុង​ជំងឺ​កូវីដ​១៩ រហូត​ដល់​ដាច់​ឆ្នាំ​២០២០»

អ្នកស្រី​បន្ត​ថា​គិត​ត្រឹម​ថ្ងៃ​ទី​២៩ មិថុនា អាជ្ញាធរ​បាន​ជ្រើស​ឈ្មោះ​ពលរដ្ឋ​ក្រីក្រ​កម្រិត ១ និង​កម្រិត ២​បាន​ជិត ៣​ពាន់​គ្រួសារ (,៩៩៤) ហើយ ក្នុង​នោះ​ពលរដ្ឋ​មួយ​ចំនួន​ក៏បាន​បើកប្រាក់​ឧបត្ថម្ភ​ខែ​ដំបូង​ពី​រដ្ឋាភិបាល​រួចហើយ​ដែរ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា ការ​ជ្រើស​ឈ្មោះ​ពលរដ្ឋ​ក្រីក្រ​គួរតែ​ធ្វើ​ឱ្យ​បាន​ស្មើភាព​គ្នា ទើប​អ្នក​ក្រីក្រ​ពិតប្រាកដ​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ជ្រើស​ឈ្មោះ​ពលរដ្ឋ​បែបនេះ​មិន​ទាន់​គ្រប់គ្រាន់​ទេ ព្រោះ​មានតែ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ចេញ​ពី​គណបក្ស​កាន់អំណាច​ដោយ​ពុំ​មាន​សង្គម​ស៊ីវិល ឬ​ស្ថាប័ន​ឯករាជ​ផ្សេងទៀត​ចូលរួម​នោះ​ឡើយ៖ «បើសិនជា​យើង​ចង់​ឱ្យ​ដំណើរការ​រើស​នេះ​បាន​ល្អ​ជាង​នេះ យើង​តែ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​មូលដ្ឋាន មាន​អាជ្ញាធរ​ម្ខាង​ទៅ​ហើយ​មាន​អង្គការ​ដែល​ធ្វើការ​នៅ​មូលដ្ឋាន​ហ្នឹង​តែម្ដង​ដើម្បី​ឱ្យ​គាត់​ជួយ។ អីចឹង​បើសិនជា​មានការ​ចូលរួម​ពី​មេភូមិ​មេឃុំ​ហើយ​នឹង​អង្គការ​ទាំងនោះ​ឬក៏​ក្រុម​ឯករាជ​ផ្សេងទៀត​នៅ​ក្នុង​ភូមិ​ហ្នឹង ក្រុម​យុវជន​ដែល​ធ្វើការ​ឯករាជ​ក្ដី​យើង​អាច​ជំរុញ​ឱ្យ​រើស​អាច​ផ្ដល់​លទ្ធភាព​ឱ្យ​ការវិនិច្ឆ័យ​ហ្នឹង​សុក្រឹត​ជាង»

ធនាគារ​ពិភពលោក​ព្យាករណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ពលរដ្ឋ​ខ្មែរ​ជិត ២​លាន​នាក់​នឹង​ធ្លាក់ខ្លួន​ក្រីក្រ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ ក្នុង​ឆ្នាំ​២០២០ នេះ ធ្វើ​ឱ្យ​ចំនួន​អ្នកក្រ​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់ ៤ លាន​នាក់ ក្នុងចំណោម​ពលរដ្ឋ​សរុប​ជាង ១៥​លាន​នាក់។

ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤ មិថុនា ថា រដ្ឋាភិបាល​របស់​លោក​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​សម្រាប់​ផ្ដល់​ជូន​ពលរដ្ឋ​ក្រីក្រ​ចំនួន​ជាង ៥ សែន ៦ ម៉ឺន​គ្រួសារ (៥៦២.៦៨៦) ដោយ​ការ​ផ្តល់​ថវិកា​នេះ​ចាប់​ចុងខែ​មិថុនា​តទៅ។ ពលរដ្ឋ​នឹង​ទទួល​បាន​ថវិកា​ខុសៗ​គ្នា​ទៅតាម​កម្រិត​នៃ​ភាព​ក្រីក្រ និង​ទីតាំង​ដែល​ពួកគាត់​រស់នៅ​ជា​ឧទាហរណ៍ អ្នក​រស់​នៅ​ជនបទ​ពួកគាត់​អាច​ទទួល​បាន​យ៉ាងតិច​បំផុត​២០ ដុល្លារ​អាមេរិក ហើយ​នៅ​ទីប្រជុំជន និង​រាជធានី​ភ្នំពេញ ពួកគាត់​អាច​បាន​ទាប​បំផុត ៣០​ដុល្លារ ក្នុង​មួយ​ខែ។ ពលរដ្ឋ​ក្រីក្រ​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ជាក់ស្ដែង​ច្រើន​ជាង​នេះ ដោយសារ​ការ​បូក​ថែម​សមាជិក​គ្រួសារ​ម្នាក់ៗ និង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​នឹង​បន្ត​ស្រង់​ទិន្នន័យ​ពលរដ្ឋ​ក្រីក្រ​បន្ត​ទៀត ហើយ​កញ្ចប់​ថវិកា​ដែល​ត្រូវ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​នោះ អាច​នឹង​ឡើង​ដល់​ពី ៣០ ទៅ ៥០​លាន​ដុល្លារ​ក្នុង​មួយ​ខែ៕

 

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។