សាលា​ក្រុង​មិន​ទាន់​ឆ្លើយ​តប​នឹង​សំណើ​សហជីព​១៨​សុំ​ធ្វើ​វេទិកា​សាធារណៈ

ដោយ ដែន អយុធ្យា
2014.02.28
យ៉ាង សុភ័ណ្ឌ ៣០៥ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ដែល​ដឹក​នាំ​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ ផ្ដល់​បទសម្ភាសន៍​នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១២។
RFA/Van Vichar

មេ​ដឹក​នាំ​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន ១៨​ស្ថាប័ន ជូន​ដំណឹង​ទៅ​មន្ត្រី​សាលា​រាជធានី និង​សមាគម​​រោងចក្រ​ស្ដីពី​គម្រោង​រៀប​ចំ​វេទិកា​សាធារណៈ​នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃ​ទី​៨ ខែ​មីនា មាន​មនុស្ស​​ចូល​រួម​រាប់​ម៉ឺន​នាក់។ វេទិកា​នេះ មន្ត្រី​សហជីព​គ្រោង​នឹង​អញ្ជើញ​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល​ខ្លះ ឲ្យ​មក​ឆ្លើយ​បំភ្លឺ​ស្ដីពី​​ការ​ទាមទារ​ប្រាក់​ខែ​គោល​កម្មករ និង​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​ក្រុម​កម្មករ កាល​ពី​ដើម​ខែ​មករា។

​អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​កុម្ភៈ ថា សហជីព​ទាំង ១៨​ស្ថាប័ន បាន​ដាក់​លិខិត​ជូន​សាលា​រាជធានី​ភ្នំពេញ ស្ដីពី​ការ​រៀប​ចំ​វេទិកា​សាធារណៈ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មីនា រួច​ហើយ។

អ្នកស្រី​បន្ត​ថា វេទិកា​នេះ​សហជីព​ក៏​បាន​អញ្ជើញ​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល​ខ្លះ មាន​ដូច​ជា មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ក្រសួង​យុត្តិធម៌ និង​ក្រសួង​ការងារ ជាដើម មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​កម្មករ និង​ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​សមាគម​កម្មករ​​របស់​សមត្ថកិច្ច។

សហជីព​ឲ្យ​ដឹង​ថា វេទិកា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មីនា អាច​មាន​កម្មករ មន្ត្រី​រាជការ និង​ពលរដ្ឋ​​ប្រមាណ ៣​ម៉ឺន​នាក់​ចូល​រួម។

ទោះ​យ៉ាង​ណា អ្នកស្រី យ៉ាង សុភ័ណ្ឌ បញ្ជាក់​ថា វេទិកា​សាធារណៈ​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ​ទេ នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​កុម្ភៈ។ ប៉ុន្តែ ជំហរ​សហជីព​នឹង​បន្ត​រៀប​ចំ​ពិធី​នេះ​តាម​ការ​គ្រោង​ទុក៖ «យើង​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី លោក គាត ឈន់ ដែល​នាយក​រដ្ឋមន្ត្រី​ប្រកាស​ថា គាត់​ជា​ប្រធាន​គណៈកម្មការ​ប្រាក់​ឈ្នួល​កម្មករ។ លោក ជីវ កេង ប្រធាន​តុលាការ និង​ឯកឧត្តម អ៊ឹត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ដើម្បី​ឲ្យ​គាត់​មក​ឆ្លើយ​បំភ្លឺ​រឿង​ប្រាក់​ឈ្នួល​កម្មករ»

ទាក់ទិន​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្មាន​ថ្ងៃ​មក​នេះ​បាន​ប្រកាស​ដក​បម្រាម​ប្រមូល​ផ្តុំ​មាន​មនុស្ស​លើស​ពី ១០​នាក់ ឲ្យ​មក​ធម្មតា​វិញ។ ទន្ទឹម​គ្នា​នេះ លោក​បាន​ព្រមាន​ដល់​ក្រុម​មេ​ដឹក​នាំ​សហជីព ដែល​ដឹក​​នាំ​កម្មករ​ធ្វើ​បាតុកម្ម ថា​អាច​ឈាន​ដល់​រោងចក្រ​បិទ​ទ្វារ​នា​ថ្ងៃ​អនាគត។

ករណី​នេះ​ដែរ សម្រាប់​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ទោះ​បី​​ប្រមុខ​ដឹក​នាំ​បាន​ដក​បម្រាម​ជួប​ជុំ​ចេញ​ក្តី ប៉ុន្តែ​អ្នក​រៀប​ចំ​ការ​ប្រមូល​ផ្តុំ​ណា​មួយ​នា​ថ្ងៃ​អនាគត ត្រូវ​​សុំ​ច្បាប់​ពី​អាជ្ញាធរ​​ពាក់ព័ន្ធ​ជា​មុន។

លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ថ្លែង​ថា បាន​ទទួល​លិខិត​ជូន​ដំណឹង​របស់​មេ​ដឹក​នាំ​សហជីព​រួច​ហើយ ហើយ​កំពុង​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​សម្រេច៖ «យើង​បាន​ទទួល​ហើយ​លិខិត​របស់​សហជីព ហើយ​កំពុង​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​លោក​អភិបាល​លោក​សម្រេច​សិន»

​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ សហព័ន្ធ​សហជីព​ចំនួន​១៨ បាន​ផ្ញើ​លិខិត​ជូន លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ឲ្យ​ចូល​រួម​រក​ដំណោះស្រាយ​លើ​ការ​ទាមទារ​ចំនួន ៧​ចំណុច របស់​ពួក​គេ មាន​ដូច​ជា ស្នើ​ដោះ​លែង​មនុស្ស ២១​នាក់ ស្នើសុំ​ចរចា​ដំឡើង​ប្រាក់​ខែ​កម្មករ ១៦០​ដុល្លារ និង​ស្នើ​ឲ្យ​ដក​ពាក្យ​បណ្ដឹង​​តំណាង​សហជីព និង​កម្មករ ជាដើម។

​ទាក់ទិន​បញ្ហា​នេះ លោក កេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ ធ្លាប់​បាន​ឲ្យ​ដឹង​ថា សមាគម​​​គ្មាន​សិទ្ធិ​សម្រេច​ទៅ​លើ​ចំណុច​ទាំង​៧ របស់​មេ​សហជីព​កម្មករ​ទេ ដោយ​អះអាង​ថា បញ្ហា​ទាំង​នេះ​ជា​បន្ទុក​របស់​រដ្ឋាភិបាល ឬ​ច្បាប់​ជា​អ្នក​​ដោះស្រាយ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សហជីព​កម្មករ​ថ្លែង​ថា បើ​សិន​ជា​មិន​មាន​ដំណោះស្រាយ​ណា​មួយ​ពី​ផ្នែក​ពាក់ព័ន្ធ ទៅ​លើ​​សំណូមពរ​ទាំង ៧​ចំណុច​របស់​ខ្លួន​ទេ មហា​កូដកម្ម​ទ្រង់ទ្រាយ​ធំ​របស់​ក្រុម​កម្មករ​នៅ​ទូទាំង​ប្រទេស ដែល​គ្រោង​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ខាង​មុខ ទំនង​ជា​មិន​អាច​ជៀស​ផុត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។