ក្នុងឱកាសជួបប្រជុំគ្នានោះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ បានប្រកាសឲ្យកងកម្លាំងនគរបាលបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីកាត់បន្ថយបទល្មើសឧក្រិដ្ឋកម្ម ដូចជាអំពើប្លន់សម្លាប់ អំពើលួច និងការជួញដូរគ្រឿងញៀនជាដើម ជាពិសេសកិច្ចការពារសន្តិសុខក្នុងពេលបោះឆ្នោតសកល ថ្ងៃ២៨ កក្កដា ខាងមុខនេះ។
ការប្រកាសបទបញ្ជានេះ គឺនៅគ្រាដែលបទល្មើសឧក្រិដ្ឋកម្មនានានៅតែមានចំនួនច្រើនគួរឲ្យព្រួយបារម្ភនៅឡើយ នៅឆ្នាំ២០១២ កន្លងទៅនេះ។ មួយវិញទៀត ស្នងការនគរបាលរាជធានីភ្នំពេញ មានផែនការកាត់បន្ថយបទល្មើសទាំងនោះឲ្យនៅចំនួនតិចបំផុត នៅមុនពេលបោះឆ្នោតសកលខាងមុខនេះ។
របាយការណ៍ជាផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌក្នុងឆ្នាំ២០១២ មានការថយចុះជាងឆ្នាំ២០១១ ចំនួន ៩៣លើក គឺក្នុងឆ្នាំ២០១១ មានបទល្មើសកើតឡើងចំនួន ៥៧០លើក ហើយមកដល់ឆ្នាំ២០១២ បទល្មើសបានថយចុះមកនៅត្រឹម ៤៧៧លើកប៉ុណ្ណោះ។ របាយការណ៍បានបន្តថា បទល្មើសទាំងនោះបានបង្កឲ្យប្រជាពលរដ្ឋស្លាប់ចំនួន ៦០នាក់ និងប្រជាពលរដ្ឋរងរបួសចំនួន ១៦៨នាក់។ នៅក្នុងចំណោមខណ្ឌទាំង ៩ នៅរាជធានីភ្នំពេញ ដែលមានបទល្មើសកើតឡើងច្រើនជាងគេនោះ គឺខណ្ឌពោធិ៍សែនជ័យ ចំនួន ១០១លើក ប្រៀបធៀបនឹងខណ្ឌ៧មករា មានបទល្មើសកើតមានតិចជាងគេ គឺចំនួន ២៥លើក។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ និងជាអគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ទៅកាន់មន្ត្រីនគរបាលជាច្រើនរយនាក់ថា កម្លាំងនគរបាលនានាត្រូវតែទប់ស្កាត់ និងបង្ការឲ្យបាន មិនឲ្យបទល្មើសកើតឡើងច្រើនដែលបណ្ដាលឲ្យប្រជាពលរដ្ឋស្លាប់ និងខូចខាតទ្រព្យសម្បត្តិ ដែលមិនអាចសងវិញបាន៖ «ធ្វើយ៉ាងណាសំដៅទប់ស្កាត់ និងបង្ការឲ្យបាននូវបទល្មើស ដើម្បីបំបាត់ក្ដីព្រួយបារម្ភ និងភាពកង្វល់របស់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ»។
ចំណែកឯស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ភួង ម៉ាឡៃ បានមានប្រសាសន៍ថា បញ្ហាប្រឈមមុខដ៏សំខាន់មួយទៀតនោះ គឺការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ការបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ៖ «សភាពការណ៍សន្តិសុខកើតមានភាពស្មុគស្មាញទាក់ទិននឹងសកម្មភាពរបស់ក្រុមប្រឆាំងដែលមានផែនការបំផ្លិចបំផ្លាញការបោះឆ្នោតតាមគ្រប់រូបភាព បង្កភាពចលាចលដើម្បីទម្លាក់កំហុស និងការទទួលខុសត្រូវមកលើរាជរដ្ឋាភិបាល»។
ប្រធានក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ត្រូវតែធានាឲ្យបានថា កងកម្លាំងនគរបាលជាតិត្រូវតែរក្សាភាពអព្យាក្រឹតនៅពេលបោះឆ្នោត៖ «អ្វីដែលក្រសួងមហាផ្ទៃ ត្រូវធ្វើ គឺជាការងារកាតព្វកិច្ចត្រូវរក្សាសន្តិសុខរៀងរាល់ថ្ងៃជូនប្រជាពលរដ្ឋ។ ...ខ្ញុំបានបញ្ជាក់ហើយ មិនត្រូវតែបង្ហាញ ឬក៏ប្រើប្រាស់តួនាទី ឬក៏សកម្មភាពទ្រទ្រង់ដល់គណបក្សកាន់អំណាចទេ»។
ទាក់ទងនឹងបញ្ហាសន្តិសុខនៅពេលបោះឆ្នោតសកលខាងមុខនេះ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានមានប្រសាសន៍ថា ឆ្លងកាត់នូវបទពិសោធន៍ជាច្រើនកន្លងមក លោកសង្ឃឹមថា ការបោះឆ្នោតខាងមុខនេះនឹងដំណើរការដោយរលូនចប់ចុងចប់ដើម៖ «សម្រាប់ការបោះឆ្នោត ផែនការការពារសន្តិសុខការបោះឆ្នោតនោះ គឺយើងបានចុះហត្ថលេខាតាំងពីមុនមក ដោយរួមទាំងមុននេះ មានការបោះឆ្នោតឃុំ សង្កាត់ មកដល់ការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខនេះ ហើយនិងការបោះឆ្នោតខាងមុខទៀត»។
តាមប្រតិទិនរបស់ គ.ជ.ប បានឲ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១ខែ ចាប់ផ្ដើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ហើយការបោះឆ្នោតសកលត្រូវធ្វើឡើងនៅថ្ងៃទី២៨ កក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។