រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសភាពាណិជ្ជកម្មខេត្តនេះ បានរៀបចំកម្មវិធីកម្សាន្ត មានប្រគំតន្ត្រីសម័យ និងតាំងពិព័រណ៍ទំនិញរាប់រយស្តង់ ដើម្បីត្រៀមស្វាគមន៍ទេសចរដែលចូលមកទស្សនាខេត្តទេសចរណ៍មួយនេះ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ ២០១៧-២០១៨ ឲ្យមានភាពសប្បាយរីករាយ។
បុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ រដ្ឋបាលខេត្តព្រះសីហនុ និងវិស័យឯកជន បានរៀបចំធ្វើពិធីក្រុងពាលីដើម្បីទទួលស្វាគមន៍បុណ្យឆ្លងឆ្នាំសកល នៅឆ្នេរឯករាជ្យ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះ នាឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៧-២០១៨នេះ ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ឲ្យបានច្រើនកុះករ ព្រោះសន្តិសុខ ត្រូវបានរឹតបន្តឹងទាំងយប់ថ្ងៃ ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរ។
លោក យន្ត មីន មានប្រសាសន៍ថា រដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តនេះ បានរៀបចំកម្មវិធីកម្សាន្តផ្សេងៗ មានប្រគំតន្ត្រីសម័យ ដោយមានតារាសម្ដែង និងអ្នកចម្រៀងល្បីមកចូលរួមសម្ដែងមិនតិចជាង ៥ក្រុមហ៊ុនទេ ដើម្បីផ្ដល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរ។ ពិធីនេះ ក៏មានដាក់តាំងស្តង់លក់ទំនិញគ្រប់ប្រភេទរាប់រយស្តង់នៅឆ្នេរឯករាជ្យ និងមានផ្សាយបន្តផ្ទាល់តាមស្ថានីយទូរទស្សន៍ ដើម្បីស្វាគមន៍បុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៧-២០១៨ ផងដែរ។
លោក យន្ត មីន៖ «សំខាន់បំផុតគឺបងប្អូនអ្នកធ្វើអាជីវកម្មបម្រើសេវាកម្មទេសចរណ៍មានដូចជា ម្ចាស់ភោជនីយដ្ឋាន ម្ចាស់សណ្ឋាគារផ្ទះសំណាក់ និងបើកធ្វើអាជីវកម្មផ្សេងៗ ដែលពាក់ព័ន្ធសេវាកម្មទទួលភ្ញៀវទេសចរហ្នុង ត្រូវតុបតែងទីតាំងរៀងៗខ្លួនឲ្យបានស្អាត ដើម្បីទទួលបងប្អូនភ្ញៀវទេសចរដែលចូលមកទស្សនាខេត្តព្រះសីហនុ នៅឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៧-២០១៨ ត្រូវទទួលពួកគាត់ឲ្យបានល្អ។ ក្នុងនោះ យើងត្រូវយកគុណភាពសេវាបម្រើគឺជាការទាក់ទាញភ្ញៀវទេសចរ ឲ្យបន្តចូលមកទស្សនាខេត្តព្រះសីហនុ នាថ្ងៃខាងមុខទៀត។ ចំពោះតម្លៃសេវាបម្រើផ្សេងៗស្នើឲ្យបងប្អូនអាជីវករ កុំដំឡើងតម្លៃខ្ពស់ហួសហេតុពេក នាំឲ្យខូចខេត្តរបស់យើង ព្រោះអាចនាំឲ្យថ្ងៃក្រោយគេរាងចាល និងឈប់មកទស្សនាខេត្តយើងតទៅទៀត ប៉ុន្តែបើឡើងតិចតួចគឺខានពុំបានក៏ឡើងចុះ ព្រោះវាជាការចាំបាច់ផងដែរ»។
ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោកឧកញ៉ា ឡាវ កាំង ដែលជាអ្នករួមចំណែកក្នុងការរៀបចំកម្មវិធីកម្សាន្តឆ្លងឆ្នាំសកលឆ្នាំនេះដែរ មានប្រសាសន៍ថា សភាពាណិជ្ជកម្មរបស់លោកបានចំណាយថវិកាជាង ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីរៀបចំពិធីកម្សាន្តផ្សេងៗ ជូនភ្ញៀវទេសចរ ដែលចូលមកទស្សនា និងឆ្លងឆ្នាំសកល។
លោកថា គោលបំណងនៃការបង្កើតកម្មវិធីនេះដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះឲ្យបានច្រើន។
ទោះជាបែបនេះក្តី ភ្ញៀវទេសចរជាតិ បង្ហាញការព្រួយបារម្ភចំពោះតម្លៃសេវាម្ហូបអាហារ និងសេវាស្នាក់នៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះថា អាចមានតម្លៃខ្ពស់កប់ពពក ជាពិសេសមិនមានសណ្ឋាគារ និងផ្ទះសំណាក់សម្រាប់ឲ្យពួកគេជួលស្នាក់នៅនោះទេ ព្រោះត្រូវជនជាតិចិន វិនិយោគធ្វើជាកាស៊ីណូស្ទើរទាំងស្រុងទៅហើយ។
ភ្ញៀវទេសចរភាគច្រើនរអ៊ូរទាំថា ពួកគេមានការខ្លាចរអាចំពោះការដំឡើងតម្លៃសេវាស្នាក់នៅ ថ្លៃជួលទីកន្លែងអង្គុយ និងតម្លៃម្ហូបអាហារ ដែលក្រុមអាជីវករកំណត់តម្លៃខ្ពស់ខុសពីថ្ងៃធម្មតាមួយជាពីរ ឬជាប្រាំ នៅពេលមានពិធីបុណ្យជាតិធំៗ ឬពិធីបុណ្យឆ្លងឆ្នាំសកលចូលមកដល់ម្ដងៗ។
អ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម ប្រចាំខេត្តព្រះសីហនុ ក៏រិះគន់ចំពោះការដំឡើងតម្លៃសេវាទេសចរណ៍ផ្សេងៗ នាពិធីបុណ្យជាតិធំៗ និងបុណ្យឆ្លងឆ្នាំសកលជារៀងរាល់ឆ្នាំ នៅខេត្តជាប់ឆ្នេរសមុទ្រមួយនេះដែរ។ អ្នកឃ្លាំមើលសង្គមមួយចំនួនព្រួយបារម្ភចំពោះការដំឡើងតម្លៃសេវាទេសចរណ៍ខ្ពស់ហួសហេតុពេក ថាខ្លាចនាំឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ហើយគាត់ខ្លាចរអាចូលមកទស្សនាខេត្តនេះនាថ្ងៃខាងមុខ ជាពិសេសរាល់ថ្ងៃនេះ ខេត្តព្រះសីហនុ មិនមានសណ្ឋាគារ និងផ្ទះសំណាក់ឲ្យបានគ្រប់ចំនួន សម្រាប់ផ្ដល់ជូនភ្ញៀវទេសចរជួលស្នាក់នៅទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។