អ្នកវិភាគនយោបាយបារម្ភថា ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា-ចិនអាចនឹងផ្តល់ហានិភ័យខ្ពស់ដល់ប្រជាពលរដ្ឋខ្មែរ ព្រោះសង្រ្គាមអាចផ្ទុះឡើងនៅក្នុងតំបន់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថា ការលើកឡើងនេះជាការនិយាយបំភ័ន្តមតិជាតិ និងអន្តរជាតិ ហើយមានចេតនាទុច្ចរិតចង់ទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជា។
តើកម្ពុជាគួររឹតចំណងមិត្តភាពជាមួយចិន ហើយបោះបង់ចោលប្រទេសលោកខាងលិចទេ?
អ្នកវិភាគនយោបាយ និងឃ្លាំមើលសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា-ចិន អាចជាការបង្កាត់ភ្លើងសង្រ្គាមនៅក្នុងតំបន់ ពីព្រោះសហរដ្ឋអាមេរិក និងវៀតណាម ទំនងជាមិននៅស្ងៀមទេ នៅពេលពួកគេឃើញឥទ្ធិពលចិនកាន់តែខ្លាំងឡើង រហូតដល់មានវត្តមានកងទ័ពចិននៅកម្ពុជា ជាយថាហេតុនោះ។
លោកបណ្ឌិត មាស នី បញ្ជាក់ថា កាលពីពេលកម្ពុជាមានសង្គ្រាមជាមួយថៃនៅខេត្តព្រះវិហារក្នុងឆ្នាំ២០០៨ ទំនាក់ទំនងរវាងចិន និងកម្ពុជាបានលេចធ្លោឡើង ហើយនៅពេលកម្ពុជាបានក្លាយទៅជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេឃ៍ ហៅកាត់ថា ASEAN ក្នុងឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជាបានចេញមុខការពារផលប្រយោជន៍ចិនអំពីជម្លោះនៅក្នុងដែនកោះសមុទ្រចិនភាគខាងត្បូង រហូតដល់អាស៊ានមិនអាចចេញសេចក្តីប្រកាសរួមរបស់ខ្លួនបាននៅក្រោយកិច្ចប្រជុំកំពូលនោះ លោកបន្តថា អ្នកដែលរងគ្រោះដោយសារសង្រ្គាមនេះគឺប្រជាជនកម្ពុជា ហើយមហាអំណាចនឹងចាប់ផ្តើមទាញយកផលប្រយោជន៍ពីកម្ពុជាបន្ទាប់ពីសង្គ្រាម។
ថ្មីៗ នេះ ក្រសួងការពារជាតិចិន និងកម្ពុជាបានចុះកិច្ចព្រមព្រៀងរឹតបន្តឹងកិច្ចសហប្រតិបត្តិការផ្នែកយោធានៃប្រទេសទាំងពីរ។
ការរឹតបន្តឹងមិត្តភាពរវាងរដ្ឋាភិបាលកម្ពុជា និងចិនកាន់តែស្អិតរមួតឡើង ដែលជាការបង្កក្តីព្រួយបារម្ភដល់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ។ សម្រាប់ពលរដ្ឋខ្មែរ ចិនកុម្មុយនិស្ត ដែលធ្លាប់គាំទ្ររបបខ្មែរក្រហម នៅតែជាស្រមោលតាមលងផ្លូវចិត្តពលរដ្ឋខ្មែរជានិច្ច។ សម្រាប់សហរដ្ឋអេមេរិក និងប្រទេសជិតខាងកម្ពុជាវិញ ប្រការដែលចិនសាងសង់ព្រលានយន្តហោះខ្នាតធំ និងកំពង់ផែទឹកជ្រៅនៅខេត្តកោះកុង ដែលអាចប្រើប្រាស់សម្រាប់កងទ័ពចិននៅក្នុងប្រទេសកម្ពុជា គឺជាក្តីព្រួយបារម្ភសម្រាប់សន្តិសុខក្នុងតំបន់។
កាសែតអន្តរជាតិរាយការណ៍ថា កំពង់ផែទឹកជ្រៅនៅបុទុមសាគរ ខេត្តកោះកុង ដែលកំពុងសាងសង់មានជម្រៅ ១៤ម៉ែត្រ និងចម្ងាយ ៣គីឡូម៉ែត្រចូលទៅក្នុងសមុទ្រ។ គម្រោងកំពង់ផែនេះអាចឱ្យនាវាចម្បាំង ដែលអាចផ្ទុកយន្តហោះដែលមានទម្ងន់សរុបរហូតជាង ១០ម៉ឺនតោនចូលចតបានដោយស្រួល និងដែលអាចហោះហើរទៅតំបន់ជម្លោះមួយនៅសមុទ្រចិនខាងត្បូងមិនដល់រយៈពេល ៣ម៉ោងផង។ ចំណែកទំហំនៃគម្រោងសាងសង់វាលយន្តហោះហើយវិញ គឺមានទទឹង ៦០ម៉ែត្រ និងមានចម្ងាយរហូតដល់ ៣.៤០០ម៉ែត្រ ដែលយន្តហោះខ្នាតធំអាចចុះចតបាន។ ទោះជាយ៉ាងណា ទាំងរដ្ឋាភិបាលចិន និងកម្ពុជាអះអាងថា ព្រលានយន្តហោះដែលកំពុងសាងសង់នេះ គឺំសម្រាប់បម្រើឱ្យវិស័យទេសចរ មិនមែនសម្រាប់កងទ័ពចិនទេ។
នៅខេត្តព្រះសីហនុឯណោះវិញ កាសែត ដឺវ៉ល ស្រ្ទីត ជោនណល (The Wall Street Journal) កន្លងទៅនេះ បានចុះផ្សាយដោយស្រង់សំដីមន្ត្រីអាមេរិកដែលចោទថា ចិនកំពុងសាងសង់មូលដ្ឋានកងទ័ពជើងទឹកនៅរាម ខេត្តព្រះសីហនុ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបដិសេធព័ត៌មាននេះ។
លោកបណ្ឌិត មាស នី បញ្ជាក់ថា ប្រទេសចិនជាម្ចាស់បំណុល និងជាប្រភពវិនិយោគធំជាងគេរបស់កម្ពុជា។ មកទល់ពេលនេះទុនវិនិយោគរបស់ចិន ឡើងដល់ជាង ២០ប៊ីលាន ដែលធ្វើឱ្យចិនមានឥទ្ធិពលខ្លាំងទៅលើពាណិជ្ជកម្មកាន់តែធំទៅៗ នៅកម្ពុជា។ បណ្ឌិត មាស នី សង្កេតឃើញថា រដ្ឋាភិបាលកម្ពុជាដូចជាមិនសូវខ្វល់ពីក្តីបារម្ភទាំងនេះទេ។
បើនិយាយពីផ្នែកខ្ចីបុលគេវិញ ក្រសួងសេដ្ឋកិច្ចកម្ពុជា បានចេញរបាយការណ៍មួយថ្មីៗ នេះថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៩ កម្ពុជាខ្ចីបុលពីម្ចាស់ឥណទានសរុបមានដល់ទៅជិត ១ម៉ឺន ២ពាន់លានដុល្លារអាមេរិក។ ចិន គឺជាម្ចាស់បំណុលខ្ពស់ជាងគេរបស់កម្ពុជា គឺមានជាង ៤ពាន់ ៧រយលានដុល្លារអាមេរិក។
លោកបញ្ជាក់ថា កម្ពុជាបានរត់ទៅពឹងចិនកាន់តែខ្លាំងឡើង ដើម្បីឱ្យចិនជួយរក្សាអំណាចរបស់ខ្លួនស្របពេលពួកប្រទេសលោកសេរីដាក់សម្ពាធ និងខណៈកម្លាំងគាំទ្របក្សប្រឆាំងកាន់តែកើនឡើង៖ «ខ្ញុំយ ល់ឃើញតាំងពីដើមមកថាអ្វីដែលកម្ពុជាចង់បានពីចិន គឺយើងគ្រាន់តែចង់បានដើម្បីឱ្យគេជួយមកទៅ ដើម្បីស្តារស្ថិរភាពនយោបាយអំណាចរបស់ខ្លួនទៅ មានលុយខ្លះសម្រាប់អភិវឌ្ឍន៍ផង មានលុយសម្រាប់ត្រៀមការពារនៅពេលដែលបច្ចឹមប្រទេសគេកាត់ គេធ្វើការគាបសង្កត់សេដ្ឋកិច្ចអីផងចឹងទៅ ក៍ប៉ុន្តែសម្រាប់ចិន ខ្ញុំមើលទៅគឺគេមើលមកកម្ពុជាក្នុងនាមជាភូមិសាស្ត្រនយោបាយវិញហ្នឹង»។
សម្រាប់បណ្ឌិត មាស នី រដ្ឋាភិបាលកម្ពុជាដូចជាដើរចូលកាន់តែជ្រៅទៅៗ ក្នុងទំនាក់ទំនងជាមួយចិន ដែលហាក់ដូចជាប្រទេសទាំងពីរ កំពុងដើរហួសពីរឿងត្រឹមពាណិជ្ជកម្ម និងសេដ្ឋកិច្ច៖ «អ្វីដែលយើងចាប់អារម្មណ៍បំផុតនោះគឺនៅក្នុងអំឡុងមុនហើយនិងក្រោយការរំលាយគណបក្សសង្គ្រោះជាតិនៅកម្ពុជាហ្នឹង យើងឃើញថាការវិនិយោគទុនចិនគឺកើនឡើងទ្វេរមួយជាពីរ ចឹងការខំប្រឹងវិនិយោគទុនរបស់ចិននេះ ហាក់ដូចជាមានចេតនាមួយក្នុងការត្រៀមលក្ខណ : នៅពេលដែលចិនក៍បានគាំទ្រដល់ការរំលាយសង្រ្គោះជាតិរបស់រដ្ឋាភិបាលកម្ពុជាផង យើងមិនថានៅពីក្រោយខ្នង ប៉ុន្តែចិនជាអ្នកចេញមុខគាំទ្រមុនការរំលាយសង្រ្គោះជាតិហ្នឹងណាស់» ។
ចំណែកអ្នកវិភាគនយោបាយ និងសង្គមបណ្ឌិត ឡៅ ម៉ុងហៃ វិញ មានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវការការគាំទ្រជំហររដ្ឋាភិបាលរបស់គាត់ពីប្រទេសចិន ដើម្បីឈានទៅរក្សាទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ។ ក្នុងការពង្រឹងទំនាកទំនងយោធា ក្រៅពីការផ្តល់ជំនួយជាសព្វាវុធ ចិនបានផ្តល់អាហារូបករណ៍បណ្តើរៗ ដល់មន្ត្រីកងទ័ពកម្ពុជាដើម្បីទៅរៀនយកជំនាញក្នុងការប្រើប្រាស់សព្វាវុធរបស់ចិនផងដែរ៖ «យើងត្រូវការទំនាក់ទំនងខាងយោធាជាមួយចិន ហើយនៅក្នុងបែបផែនយ៉ាងណាក៍មិនដឹងដែរ ក៍ប៉ុន្តែឃើញផ្នែក សព្វាវុធ យើងដូចជាពឹងផ្អែកទៅលើចិនកាន់តែច្រើន»។
នៅក្នុងអំឡុងពេកម្ពុជាផ្ទុះសង្គ្រាមជាមួយថៃ រឿងជម្លោះប្រសាទព្រះវិហារក្នុងឆ្នាំ២០០៨ កម្ពុជាបានទទួលជំនួយឧបករណ៍យោធា និងគ្រឿងសព្វាវុធពីចិន ហើយនៅពេលនោះរដ្ឋាភិបាលបានប្រកាសថា កម្ពុជាមិនខ្វះគ្រាប់បាញ់ទេបើធ្វើសង្គ្រាមជាមួយនឹងប្រទេសថៃតទៅទៀត។
ចិនបានផ្តល់ប្រព័ន្ធគ្រប់គ្រងគម្រោងស្វ័យប្រវត្តិកម្ម (Automated Project Control System) រថក្រោះ និងរថពាសដែកប្រហែល ១០០គ្រឿង ព្រមទាំងឧបករណ៍យោធាជាច្រើនទៀត ហើយក្រសួងការពារជាតិបានផ្តល់អាវុធទាំងនេះទៅឱ្យកងពលតូចលេខ ៧០ ក្នុងពេលធ្វើសមយុទ្ធ "នាគមាស" ឆ្នាំ២០១៨។
ចំពោះរបៀបគ្រប់គ្រងរដ្ឋវិញ បណ្ឌិត ឡៅ ម៉ុងហៃ ថា ប្រទេសទាំងពីមានលំនាំស្រដៀងគ្នា ជាពិសេស គឺប្រព័ន្ធតុលាកា និងស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់៖ «អារឿងប្រព័ន្ធតុលាការអាហ្នឹងជាក់ស្តែង ចិនគេថាចៅក្រមហើយនឹងតុលាកាអត់មានឯករាជ្យកើតទេ ហើយយើងសព្វថ្ងៃវាយូរដែរហើយតុលាកាចេះតែថាឯករាជ្យៗ ប៉ុន្តែការពិតជាក់ស្តែងវាអត់ អាហ្នឹងដូចចិនទៀត»។
បណ្ឌិត ឡៅ ម៉ុង់ហៃ បន្តថាចិននិងវៀតណាមអាចមានឥទ្ធិពល គ្រប់គ្រងរដ្ឋរបស់ប្រទេសកម្ពុជា ព្រោះកំណើននៃការហូរចូលជនជាតិទាំងពីរនេះកាន់តែច្រើន។
របាយការណ៍ក្រសួងមហាផ្ទៃបានឱ្យដឹងថា សព្វថ្ងៃមានជនជាតិចិនរស់នៅក្នុងប្រទេសកម្ពុជារយ:ពេលវែងចំនួន ២៥ ម៉ឺននាក់ ក្នុងនោះមានប្រមាណ ១០ម៉ឺននាក់នៅទីក្រុងភ្នំពេញ និងជាង ១១ម៉ឺននាក់នៅខេត្តព្រះសីហនុ។ ក្រៅពីនេះនៅខេត្តស្វាយរៀង មានជនជាតិចិនចំនួនជាង ២ម៉ឺននាក់ នៅខេត្តបន្ទាយមានជ័យមានជិត ២ម៉ឺននាក់ និងនៅខេត្តកណ្តាលមានជាង ១ម៉ឺននាក់។
បណ្ឌិតឡៅ ម៉ុង់ហៃ បញ្ជាក់ថា អ្នករកស៊ីជនជាតិចិនតែងតែទាក់ទងមន្រ្តីរដ្ឋាភិបាល ដើម្បីធ្វើជាខ្នងបង្អែកក្នុងការគាបសង្កត់ប្រជាពលរដ្ឋខ្មែរដែលប្រកបមុខរបរតូចតាច៖ «ពួកចិនៗមកទិញកាស៊ីណូហើយធ្វើជំនួញកាស៊ីណូហ្នឹង អាហ្នឹងហើយប្រព័ន្ធរដ្ឋបាលយើងគ្រប់គ្រងហ្នឹងពុករលួយ ដល់ហើយងាយស្រួលណាស់ អាហ្នឹងគេគ្រាន់តែមកសូកលុយ សូកកាក់ហើយធ្វើតាមតែគេទៅ ហើយដល់តែយូរៗទៅ គេត្រួតត្រាទៅណាស់»
លោកយល់ឃើញថា ប្រទេសចិនអាចនឹងគ្រប់គ្រងទឹកដីមួយផ្នែករបស់កម្ពុជា និងមួយផ្នែកទៀតនឹងត្រូវគ្រប់គ្រងដោយប្រទេសវៀតណាម ហើយនៅពេលនោះប្រជាជនខ្មែរនិងក្លាយទៅជាជនជាតិភាគតិចរបស់ប្រទេសទាំងពីរនេះ៖ «គេគួរព្រួយបារម្ភណាស់គឺបើកាលណាចិនមកច្រើនៗទៅគេហៅថាសមាសភាពនៃពូជសាសន៍នៅក្នុងប្រទេសកម្ពុជាមានការផ្លាស់ប្តូរ គឺជនជាតិចិនចេះតែមកច្រើនទៅៗ រួមទាំងជនជាតិវៀតណាម យូរៗទៅគេហ្នឹងដោយសារចំនួនកាន់តែច្រើនទៅៗ អាហ្នឹងគេអាចមានឥទ្ធិពលក្នុងការគ្រប់គ្រងរដ្ឋរបស់យើង»។
លោកអះអាងថារដ្ឋាភិបាលបានប្រគល់ខេត្តព្រះសីហនុទៅឱ្យចិនដើម្បីសាងសង់ទីក្រុង “China Town” ជាបណ្តើរៗហើយ ហើយថាករណីនេះវាប្រៀបដូចទៅនឹងចិនធ្វើដំណើរតាមសំពៅ រួចឡើងច្រាំងដើម្បីគ្រប់គ្រងខេត្តដែលនៅជាប់មាត់សមុទ្រមួយនេះ។
ចិនបានកាន់កាប់សេដ្ឋកិច្ចនៅក្រុងព្រះសីហនុស្ទើរតែទាំងស្រុង ព្រោះពួកគេមានសណ្ឋាគារចំនួន ១៥០ ក្នុងចំណោម១៥៦ កន្លែង ភោជនីយដ្ឋាន ៤១៤ ក្នុងចំណោម ៤៣៥ កន្លែង កាស៊ីណូ ៤៨ ក្នុងចំណោម ៦២ កន្លែង ក្លឹបខារ៉ាអូខេ ៤១ កន្លែង និងហាងម៉ាស្សា ៤៦កន្លែង។
ចំណែកអ្នកវិភាគនយោបាយនឹងសង្គម លោកគឹម សុខ ដែលរិះគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឥតសំចៃមាត់ប្រាប់អាស៊ីសេរីថា កម្ពុជាបានបាត់បង់ធនធានធម្មជាតិ បាត់បង់កិត្តិយស៍ជាតិ ដោយសារឥទ្ធិពលលុយរបស់ចិន៖ «ក ម្ពុជានឹងក្លាយទៅជាប្រទេសដែលស្ថិតនៅក្រោមការចាត់ចែងស្ទើរតែទាំងស្រុងរបស់ចិន ហើយអ្នកកាន់អំណាចនៅកម្ពុជាគ្រាន់តែមានឈ្មោះថាជារដ្ឋអំណាចដែលមានមុខមាត់ត្រឹមតែការពារប្រយោជន៍ផ្ទាល់ខ្លួននិងអំណាចផ្ទាល់ខ្លួន ម្ល៉ោះហើយកម្ពុជាវាដូចជាខេត្តមួយរបស់ចិនទៅថ្ងៃអនាគត់ប្រសិនបើរបៀបរបបបច្ចុប្បន្ននៅតែបន្ត»។
លោក គឹម សុខ បន្ថែមថា ភាពអន្តរាយសម្រាប់ប្រទេសកម្ពុជា អាចនឹងកើតមានគួរឱ្យបារម្ភ ព្រោះពលរដ្ឋ សេដ្ឋកិច្ចជាតិខ្មែរ និងវប្បធម៌ជាតិខ្មែរ អាចនឹងត្រូវបរទេសបំបាត់ចោល។
ចំណែកបណ្ឌិត អៀ សុផល អ្នកវិភាគនយោបាយ និងជាសាស្រ្តាចារ្យកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ឱ្យដឹងថា ការកើនឡើងនៃអំពើហិង្សា ម៉ាហ្វីយ៉ា និងជំនួនលុយដ៏សន្ធឹកសន្ធាប់របស់ចិន អាចធ្វើឱ្យកម្ពុជាបាត់បង់អធិបតេយ្យរបស់ខ្លួន។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណ:បក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ប្រតិកម្មតបថា ការលើកឡើងរបស់អ្នកវិភាគទាំងនេះមិនត្រឹមត្រូវទេ ហើយថាពួកគេ រិ:គន់រដ្ឋាភិបាល ក្នុងចេតនាលម្អៀងខាងនយោបាយ។
លោក សុខ ឥសាន្ត បញ្ជាក់ថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ជាគំនិតរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រោះគាត់បង្កើតដើម្បីឱ្យមានពហុបក្សចូលរួម ហើយចេញពីគណបក្សប្រឆាំង៖ «យើងបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ ដើម្បីយកមតិជាធាតុចូលសម្រាប់ឱ្យរាជរដ្ឋាភិបាលហ្នឹងលោកមានការត្រិ : រិ : ពិចារណា ហើយវាកើតទៅចេញជាគំនិតសាំងយោគមួយដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនយើង»។
លោក សុខ ឥសាន្ត បន្តថាមិនមែនតែកម្ពុជាទេ សូម្បីតែប្រទេសផ្សេងៗ ជាពិសេសសហរដ្ឋអាមេរិក ក៍មានទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសចិនដែរ ហើយបានដាក់ទុនវិនិយោគរាប់ពាន់លានដុល្លារផងដែរ។ លោកអះអាងថា សព្វថ្ងៃនេះ ប្រទេសចិនបានជួយកម្ពុជាច្រើនលើគ្រប់វិស័យ។
លោកបញ្ជាក់ថាសព្វថ្ងៃនេះ ប្រទេសចិនបានជួយកម្ពុជាច្រើនលើគ្រប់វិស័យ។ លោកបន្តថា ចិនបាននាំក្រុមហ៊ុនវិនិយោគមកកម្ពុជាច្រើនសន្ធឹកសន្ធាប់ ហើយកម្ពុជាទទួលបានផលចំណេញច្រើនពីការវិនិយោគនេះ៖ «មានក្រុមហ៊ុនឯកជន មានក្រុមហ៊ុនរដ្ឋមកឬមួយចម្រុះឯកជនរដ្ឋ ពីព្រោះកាលពីមុនយើងដឹងហើយថាចិនហ្នឹងជាប្រទេសកុម្មុយនិស្ត ចឹងទេរោងចក្រធំៗ ក្រុមហ៊ុនធំៗសុទ្ធតែរបស់រដ្ឋទាំងអស់ ដល់ក្រោយមកគេធ្វើឯកជនភាវូបនីយកម្មទៅ វាមានក្រុមហ៊ុនហ្នឹងទៅជាឯកជន ហើយគេមកបោះទុនដើម្បីរកស៊ីនៅកម្ពុជា»។
លោក សុខ ឥសាន្តបន្តថា រដ្ឋាភិបាលកម្ពុជាប្រកាន់យកគោលការណ៍ទំនាក់ទំនងជាមួយបណ្តាប្រទេសនានានៅលើពិភពលោកដែលជាមិត្តភក្តិដូចៗ គ្នាដោយមិនប្រកាន់និន្នាការនយោបាយ និងព័ណ៌សម្បុរ ឬជំនឿសាសនាទេ៖ «ខ្លះលាបពណ៌ថារាជរដ្ឋាភិបាលកម្ពុជាងាកទៅខាងចិន ដែលជាចិនកម្មុយនិស្ត។ ចឹងទេវាលម្អៀងខាងមនោគមវិទ្យាថាយើងហ្នឹងកាន់កាប់គ្រប់គ្រងប្រទេសតាមបែបកុម្មុយនិស្ត វាមិនមែនចឹងទេ យើងគិតផ្លូវច្បាប់ ចិនប្រជាមានិតរាល់ថ្ងៃនេះជាសមាជិកពេញច្បាប់របស់អង្គការសហប្រជាជាតិ ហើយប្រទេសទាំង១៩០ផ្លាយប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិសុទ្ធតែរាប់អានគ្នា មិនមែនតែកម្ពុជាឯណា»។
ឆ្លើយតបទៅអ្នកវិភាគដែលថាកម្ពុជានិងស្ថិតក្រោមការគ្រប់គ្រងដោយប្រទេសចិននិងវៀតណាមនៅថ្ងៃអនាគត លោក សុខ ឥសាន្ត បញ្ជាក់ថា ការលើកឡើងនេះមាននិន្នាកាខាងនយោបាយនិងមនោគមវិទ្យា។ លោកថាប្រទេសណាក៍មានចម្រុះជាតិសាសន៍រស់នៅដែរ សូម្បីតែជីតារបស់លោកក៍មានដើមកំណើតជាជនជាតិចិន ហើយលោកជាចៅបួនប្រាំជំនាន់មកហើយ។
ទោះជាយ៉ាងណាក៏ដោយចុះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាក៏បានទទួលផលប្រយោជន៍ពីចិនច្រើនដែរ រួមមានទាំងនយោបាយកាទូត និងនយោបាយសេដ្ឋកិច្ច ប៉ុន្តែផលប្រយោជន៍ទាំងនេះតិចតួចណាស់ បើប្រៀបធៀបទៅនឹងប្រទេសលោកខាងលិច មានសហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។
លោកបញ្ជាក់ថា ការក្សាទំនាក់ទំនងល្អជាមួយបណ្តាប្រទេសលោកខាងលិច ធ្វើឱ្យកម្ពុជាទទួលបានការគាំទ្រខ្លាំងពីប្រទេសលោកសេរីនៅលើឆាកអន្តរជាតិ ទាំងនយោបាយការបរទេស និងនយោបាយពាណិជ្ជកម្មផងដែរ៖ «ខ្ញុំមិនជំទាស់ទៅលើការពង្រីកទំនាក់ទំនងជាមួយចិនទេ ប៉ុន្តែអត្ថប្រយោជន៍ទាំងអស់គ្រប់ភាគី កម្ពុជាគួរតែរក្សា កុំបោះបង់ គួរតែព្យាយាមទំនាក់ទំនងជាមួយលោកខាងលិច ព្រោះយើងបានអត្ថប្រយោជន៍ពីលោកខាងលិចនេះច្រើន ជាងលោកខាងកើតឆ្ងាយណាស់»។
លោកបញ្ជាក់ថា កម្ពុជាទទួលបានផលប្រយោជន៍តិចតួចណាស់ពីការនាំចេញទំនិញផ្នែកឧស្សាហកម្មកាត់ដេរទៅទីផ្សារចិន ព្រោះចិនបានកំណត់ស្តង់ដារមួយដែលកម្ពុជាពិបាកទទួលបានអត្ថប្រយោជន៍ពីការនាំចេញទៅកាន់ទីផ្សារចិន។
ឧទាហរណ៍៖ កាលពីឆ្នាំ២០១៨ កម្ពុជាបាននាំចេញផលិតផលផ្នែកឧស្សាហកម្មកាត់ដេរទៅចិន មានថវិកាសរុបប្រហែល ៨០០លានដុល្លារអាមេរិក ប៉ុន្តែចិនបាននាំទំនិញចូលមកកម្ពុជាមានរហូតដល់ជិត ៦.០០០លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។