តើអ្វីខ្លះជាក្ដីកង្វល់របស់ប្រជាពលរដ្ឋសង្កាត់លលកស?
កង្វះទឹកស្រោចស្រព និងបញ្ហាដីហុយមកលើផ្ទះសម្បែងរបស់អ្នកភូមិ គឺជាក្ដីកង្វល់ចម្បង ដែលប្រជាពលរដ្ឋក្នុងសង្កាត់លលកស បានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅឯវត្តលួង ស្ថិតក្នុងភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់។
បុរសអ្នកភូមិឈ្មោះ សុខ ស៊ាន ជាប្រជាពលរដ្ឋភូមិវត្តលួង សង្កាត់លលកស បានលើកឡើងពីក្ដីកង្វល់របស់គាត់ពីបញ្ហាកង្វះទឹកស្រោចស្រព ដែលជាកត្តាធ្វើឲ្យកូនចៅអ្នកភូមិជាច្រើន បង្ខំចិត្តធ្វើចំណាកស្រុកទៅរកការងារធ្វើ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ក្ដីកង្វល់ដ៏ធំមួយទៀតរបស់អ្នកភូមិ គឺបញ្ហាឡានដឹកដីខ្សាច់ និងថ្ម បានបើកបរក្នុងល្បឿនលឿន បង្កឲ្យមានដីហុយយ៉ាងខ្លាំងមកលើផ្ទះអ្នកភូមិ។
លោក សុខ ស៊ាន៖ «បញ្ហាដីហុយមកលើផ្ទះប្រជាជន តើអាជ្ញាធរអាចជួយដោះស្រាយបានទេ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្វះទឹកចង់បានប្រឡាយ ដើម្បីស្រោចស្រព តើអាជ្ញាធរអាចជួយដោះស្រាយឲ្យប្រជាពលរដ្ឋបានឬទេ?»។
ក្ដីកង្វល់ជាច្រើនផ្សេងទៀត ក៏ត្រូវបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់រវាងប្រជាពលរដ្ឋសង្កាត់លលកស ជាមួយអាជ្ញាធរសង្កាត់ និងអាជ្ញាធរក្រុងដែរ ដូចជាបញ្ហាកង្វះគ្រូបង្រៀន និងការងារចុះបញ្ជីអត្រានុកូលដ្ឋានជាដើម។
តាមរយៈវេទិកានេះ ពុំមានចម្លើយតបណាមួយដែលអាចជម្រះបាននូវក្ដីកង្វល់របស់ប្រជាពលរដ្ឋនោះឡើយ។
ចៅសង្កាត់រងទី១ សង្កាត់លលកស គឺលោក សូ សាលួត បានសំណូមពរឲ្យប្រជាពលរដ្ឋអត់ធ្មត់ ហើយរង់ចាំរហូតដល់ឆ្នាំ២០១៦ ទើបមានការដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋបាន៖ «ប្រសិនបើមានតែប្រឡាយ ហើយអត់មានប្រភពទឹក ក៏អត់មានទឹកដដែល។ ដូចនេះរង់ចាំដល់ឆ្នាំ២០១៦ ពេលដំណើរការប្រឡាយមេវត្តលួងដំណាក់អំពិល ដំណើរ ចាំយើងធ្វើប្រឡាយឲ្យអ្នកភូមិ»។
ចំពោះបញ្ហាខ្វះគ្រូបង្រៀនវិញ នាយកសាលាបឋមសិក្សាសុភី ទទួលស្គាល់ថា ពិតជាមានបញ្ហានេះកើតឡើងមែន។ ប្រហាក់ប្រហែលនឹងចៅសង្កាត់រងទី១ សង្កាត់លលកស លោកក៏សំណូមពរឲ្យប្រជាពលរដ្ឋរង់ចាំក្រសួងអប់រំបញ្ជូនគ្រូមកបន្ថែម។
យ៉ាងនេះក្ដី ប្រធានអង្គការអនាគតកុមារ ដែលជាអ្នកសម្របសម្រួលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រជាពលរដ្ឋក្នុងសង្កាត់លលកស នេះបញ្ជាក់ពីគោលបំណង និងលទ្ធផលដែលលោករំពឹងទុកនោះថា ជាការផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាសង្កាត់ឲ្យបានដឹងពីតម្រូវការ ក្ដីកង្វល់ និងបញ្ហាជាអាទិភាពរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យមានការឆ្លើយតបឲ្យស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ៖ «យើងមានបំណងឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិរាយការណ៍ពីចំណូលចំណាយ និងការអភិវឌ្ឍដែលអាជ្ញាធរបានធ្វើឲ្យប្រជាពលរដ្ឋដឹង។ មួយទៀត យើងមានបំណងឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិបានដឹងពីក្ដីកង្វល់របស់ប្រជាពលរដ្ឋ»។
សង្កាត់លលកស ជាសង្កាត់ជាយក្រុងដែលមានប្រជាពលរដ្ឋរស់នៅចំនួន ២.០៣០គ្រួសារ។ សង្កាត់នេះមានផ្ទៃដីសរុប ៣.៣៧៦,៥៦ហិកតារ ក្នុងនោះមានដីស្រែ ២.៩៥១,៥០ហិកតារ ដីចម្ការ ៩០,៣៤ហិកតារ និងដីព្រៃសហគមន៍ ៣៩,៥០ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។