សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ស្នើសុំឱ្យក្រសួងការងារ និងរបបលោក ហ៊ុន សែន គិតគូរឡើងវិញចំពោះប្រកាសលេខ ៤៤៣ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ដោយស្ថាប័ននេះយល់ឃើញថា ជាការអនុវត្តធាក់ថយក្រោយ និងប៉ះពាល់ដល់វិស័យឯកជន ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម។ ខាងសហជីពកាត់ដេរវិញយល់ឃើញថា ប្រកាសនេះនឹងមិនប៉ះពាល់ដល់វិស័យឯកជនឡើយ ផ្ទុយទៅវិញវានឹងធ្វើឱ្យអាជីវកម្មខ្នាតតូច និងមធ្យម ងាកមកគោរពច្បាប់បានត្រឹមត្រូវជាងមុន។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្តែងការព្រួយបារម្ភជាខ្លាំងជុំវិញ ផលប៉ះពាល់នៃប្រកាសរបស់ក្រសួងការងារស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារទៅលើក្រុមហ៊ុនធុរកិច្ច និងអាជីវកម្មនៃវិស័យឯកជននានា ព្រមទាំងបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។ សមាគមដដែលនេះ អះអាងថា ប្រកាសនេះនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មខ្នាតតូច និងមធ្យម ដែលជាសមាជិករបស់ខ្លួន។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី៥ តុលា ថា កម្ពុជាមានថ្ងៃឈប់សម្រាកយ៉ាងច្រើនលើសលប់ហើយកម្មករនិយោជិតនៅមានផលិតភាពការងារទាបនៅឡើយ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យអាជីវកម្មខ្នាតតូច និងមធ្យម ត្រូវចំណាយថវិកាយ៉ាងច្រើនលើថ្ងៃឈប់សម្រាក និងការបណ្តុះបណ្តាលជំនាញបន្ថែម។ សមាគមដដែលនេះ អះអាងថា ការតម្រូវឱ្យក្រុមហ៊ុនអាជីវកម្មទទួលរ៉ាប់រងកាតព្វកិច្ចបង់ប្រាក់បំណាច់អតីភាពការងារ ដែលមានលក្ខណៈធាក់ថយក្រោយនេះគឺជាការបង្កើតបន្ទុកផ្នែកហិរញ្ញវត្ថុហួសពីការស្មានដែលធ្វើឱ្យសមាជិករបស់សមាគមនេះបាត់បង់លទ្ធភាពប្រកួតប្រជែងជាមួយក្រុមហ៊ុនក្រៅប្រព័ន្ធនានា ជាច្រើន ដែលមិនបានចុះបញ្ជីនៅក្រសួងការងារ។
សមាគមនេះព្រមានថា ការដាក់ចេញច្បាប់ និងវិធានថ្មីៗ មួយចំនួន ដូចជា ប្រកាសលេខ ៤៤៣ និងការបើកប្រាក់ខែពីរដងក្នុងមួយខែជាដើម នឹងប៉ះពាល់ដល់បរិយាកាសវិនិយោគ និងដំណើរការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាក្នុងពេលអនាគត។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំការឆ្លើយតបទៅនឹងការលើកឡើងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានទេនៅថ្ងៃទី៧ តុលា ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
ទោះជាយ៉ាងណា ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ឃើញផ្ទុយពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ លោកយល់ថា ប្រកាសរបស់ក្រសួងការងារនេះ មិនមែនជាការអនុវត្តធាក់ថយក្រោយនោះទេ តែជាការអនុវត្តច្បាប់ច្រើនជាង ដើម្បីឱ្យមានការទទួលខុសត្រូវទៅលើអត្ថប្រយោជន៍របស់កម្មករ។ លោកបន្ថែមថា ប្រកាសនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងមធ្យម និងក្រុមហ៊ុនឯកជនមួយចំនួន ដែលធ្លាប់តែរំលោភបំពានច្បាប់ ឱ្យងាកមកគោរពច្បាប់វិញ៖ «វិស័យឯក ជនខ្នាតតូច និងមធ្យមហ្នឹងកម្មករតាមច្បាប់ឱ្យធ្វើតែ ៨ម៉ោងទេក្នុងមួយថ្ងៃ មួយសប្ដាហ៍ ៤៨ម៉ោង។ ប៉ុន្តែតាមពិតនិយោជកជាច្រើនមិនថា ក្រុមហ៊ុនសន្តិសុខ ឬក្រុមហ៊ុនខ្នាតតូច ឬមធ្យមនោះទេ ប្រើគេ ២៤ម៉ោងក៏មានដែរ មិនដែលឱ្យលុយគេនោះទេ។ មកនិយាយបែបហ្នឹង ដូចជាមិនសមនោះទេ វាគ្មានហេតុផលអ្វីសមរម្យសោះ លើកមកគ្រាន់តែឱ្យបានតែល្អមើលប៉ុណ្ណោះ។ ហើយដូចជាវិស័យជាក់លាក់រួមមាន វិស័យកាត់ដេរ ជាដើម ដែលគេមានការសិក្សាស្រាវជ្រាវហ្នឹង គឺកម្ពុជាជាប្រទេសមួយស្ថិតនៅកណ្ដាល មិនតិច ជាងគេ ហើយក៏មិនច្រើនជាងគេនោះដែរ នៅក្នុង ទំហំ ( ការងារ ) ហ្នឹង។ ប្រទេសខ្លះដូចជា ឥណ្ឌូនេស៊ី និងសឹង្ហបុរី គេ ធ្វើការ ៧ថ្ងៃ ពេលខ្លះធ្វើការ ៤៤ ម៉ោងក្នុងមួយសប្ដាហ៍ អ្នកខ្លះធ្វើ ៤០ម៉ោង។ យើងធ្វើដល់ទៅ ៤៨ ម៉ោងក្នុងមួយសប្ដាហ៍ អ៊ីចឹងបើទូទាត់ការឈប់សម្រាកច្រើន បូកចុះឡើងៗ កម្ពុជាជាប្រទេសមួយដែលនៅតែខ្ពស់ទេ គឺធ្វើការនៅតែច្រើន។ ហើយគាត់នៅតែកេងប្រវ័ញ្ច គេធ្វើការមិនឱ្យលុយគេទៀតនោះ ហ្នឹងកាន់តែអាក្រក់ទៅទៀត។ បើគិតរៀងថែមម៉ោងឱ្យគេ ឱ្យលុយគេទៀតនោះ វាកាន់តែកាតព្វកិច្ចគាត់គាត់ខ្ពស់ទៅទៀតហើយ ហើយរឿងលទ្ធភាពនោះ ទៅផលិតអ្វី ? យើងមើលវិស័យកាត់ដេរដែលជាអ្នកជំនាញផលិតភាព ដែលមានតម្លៃបន្ថែមខ្ពស់ ឥលូវនេះគេឡើងជាង ២ % ក្នុងឆ្នាំនេះ បើតាមរបាយការណ៍របស់ក្រសួងការពាណិជ្ជកម្ម និងជិត ៨ % បើតាមរបាយការណ៍របស់បេឡាជាតិ។ អ៊ីចឹង វាកើនឡើងខ្ពស់ណាស់ ។ គាត់មានដឹងអ្វី គាត់ឮតែនិយាយថា ខ្សោយជាងចិន ខ្សោយជាងវៀតណាម។ គាត់លើកឡើងនេះ ខ្ញុំគិតថាអត់មានមូលដ្ឋាននោះទេ។ ខ្ញុំគិតថាគាត់ខ្លាចបង់លុយឱ្យកម្មករហ្នឹង ដោយសារកន្លងមកគាត់អត់បង់ ដល់ពេលឥឡូវគាត់បង់ គាត់ត្រូវខាត ដោយអត់បានត្រៀម។ នេះហើយអាចជាបញ្ហា ក៏ប៉ុន្តែនេះជាកាតព្វកិច្ចផ្លូវច្បាប់ដែលគាត់ត្រូវតែធ្វើ»។
លោកបន្តថា កត់សម្គាល់ថា កន្លងទៅមានអាជីវកម្មខ្នាតតូច និងមធ្យមជាច្រើន មិនបានអនុវត្តច្បាប់ត្រឹមត្រូវឡើយ ពោលគឺពួកគេបានកេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់កម្មករ-និយោជិត ដូច្នេះនៅពេលពួកគេត្រូវបានបង្ខំឱ្យធ្វើតាមច្បាប់ ទើបពួកគេលើកពីមូលហេតុដែលមិនសមទំនងបែបនេះ។ លោកអះអាងថា ប្រកាសថ្មីនេះអាចបាត់ផលប្រយោជន៍ខ្លះរបស់កម្មករ ប៉ុន្តែនឹងមិនធ្វើឱ្យប៉ះពាល់ដល់បរិយាសកាសវិនិយោគនៅកម្ពុជាឡើយ៖ «វាខាតសម្រាប់កម្មករពីវិធីគិតលុយ។ កន្លងមក គេយកប្រាក់ឈ្នួលបន្ទាប់បន្សំ យកមកចែកនឹង២៦ មក ក្នុងមួយខែ ឬក៏ក្នុងមធ្យមភាគនៃ ១២ខែ ចែកមក រួចគុណនឹងចំនួនថ្ងៃ។ ឥលូវនេះ គេយកប្រាក់ឈ្នួលគោលសុទ្ធសាធ ធ្វើឱ្យគាត់ខាត់លុយ។ ទីពីរ ការបើកប្រាក់នោះទៀតសោត អតីតភាពការងាររបស់គាត់ គឺគេឱ្យបើក ៦ ខែម្ដងៗ អ៊ីចឹងបើគាត់ធ្វើការប្រាំមួយខែឈប់ ប្រាក់ដែលនៅសល់ប៉ុន្មាននោះ គាត់អត់បានទេ។ នៅក្នុងប្រកាសថ្មីរបស់ក្រសួងហ្នឹង កាលណាក្រុមហ៊ុនបិទទ្វារតាមលក្ខខណ្ឌដែលក្រសួងកំណត់ហ្នឹង បានន័យថា អត់ត្រូវគិតលុយអតីតភាពការងារហ្នឹងទេ អ៊ីចឹងវាខាតបង់សម្រាប់កម្មករ ៣ ចំណុចធំៗ ហ្នឹ ង»។
ប្រកាសថ្មីរបស់ក្រសួងការងារតម្រូវឱ្យនិយោជកបើកប្រាក់បំណាច់អតីតភាពការងារពីរដងក្នុងមួយឆ្នាំជូនដល់កម្មករនិយោជិត ហើយប្រកាសនេះនឹងត្រូវចាប់អនុវត្តពីឆ្នាំ ២០១៩ តទៅ។ កម្មករនិយោជិត ដែលមានអតីតភាពការងារមុនឆ្នាំ ២០១៩ ចាប់ពី ១ខែឡើងទៅនឹងទទួលបានប្រាក់បំណាច់អតីតភាពការងារ ២ ប្រភពផ្សេងគ្នា គឺប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំនីមួយៗ។ ក៏ប៉ុន្តែសម្រាប់កម្មករនិយោជិត ដែលបានលាឈប់ពីការងារ នឹងមិនទទួលបានប្រាក់រំលឹកអតីតភាពការងារដែលនៅសល់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។