ស្ត្រីជាប្រពន្ធរបស់បុរសស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយមន្ត្រីយោធាម្នាក់បើកឡានបុករួចរត់គេច កំពុងជួបការលំបាកក្នុងជីវភាព។ នាងថា ជីវភាពនាងកាន់តែលំបាកដោយសារ ម្យ៉ាងត្រូវបាត់បង់ប្ដីជាបង្គោលរកចំណូលចិញ្ចឹមគ្រួសារ និងម្យ៉ាងទៀតនាងកំពុងបាត់បង់ការងារនៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។
លោកស្រី សិន ថា មានអាយុ៣១ឆ្នាំ ដែលបានក្លាយជាស្ត្រីមេម៉ាយ ដោយប្ដីស្លាប់ចោលក្នុងគ្រោះថ្នាក់ចរាចរណ៍អំពាវនាវដល់អាជ្ញាធរពន្លឿនស្វែងរកយុត្តិធម៌ និងទាមទារសំណង ដើម្បីឱ្យបានស្ងប់ចិត្តពីការបាត់បង់ប្ដី និងអាចចិញ្ចឹមកូនតូចៗឱ្យបានរៀនសូត្រមានអនាគតត្រឹមត្រូវ។
កំពុងរស់នៅជាមួយកូននៅផ្ទះម្ដាយរបស់នាងនៅក្នុងភូមិថ្មី ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោកស្រី សិន ថា និយាយថា នាងបានវិលត្រឡប់ទៅស្រុកកំណើតវិញ ក្រោយពេលដែលប្ដីស្លាប់។ នាងបន្តថា រូបនាងគឺទុក្ខផ្ទួនលើទុក្ខស្របពេល ដែលបាត់បង់ប្ដីហើយ ការងាររបស់នាងក៏បាត់បង់ដែរ ព្រោះក្នុងរោងចក្រ ដែលនាងធ្វើការងារនោះលែងមានអ្នកបញ្ជាទិញ ក្នុងអំឡុងពេលជំងឺកូវីដ-១៩រាតត្បាតនេះ។ នាងថា ជីវភាពនាងពឹងផ្អែកលើប្រាក់ជំនួយដែលនៅសេសសល់ពីបុណ្យសពប្ដី និងម្ហូបអាហារ ដែលអាចរកបានក្នុងភូមិ៖ «និយាយទៅបងចំណូលយើងក៏គ្មានចូលទៀតទៀតដែរឥឡូវហ្នឹង កូនក៏ខ្វះភាពកក់ក្ដៅ។ តែយើងនៅស្រែមានហូបខ្លះ អត់ខ្លះអ៊ីចឹងទៅ។ ពេលខ្ញុំនៅធ្វើការខ្ញុំនៅពីរនាក់ប្ដីខ្ញុំ ពេលអត់ពីប្ដីទៅនៅម្នាក់ឯងនៅផ្ទះជួល ហើយការងារឥឡូវក៏អត់សូវមានរកបង់តែថ្លៃផ្ទះជួលអត់គ្រប់ផង គ្មានបានលុយឱ្យកូនទេ។ ពេលប្ដីខ្ញុំស្លាប់ហ្នឹងបានជំនួយម៉ោង បានអង្ករបានថវិកាអី សល់បានខ្លះដែរបង ឱ្យកូនហូបរាល់ថ្ងៃហ្នឹង»។
ប្ដីរបស់លោកស្រី សិន ថា គឺលោក វង រដ្ឋា មានអាយុ ៣០ឆ្នាំជាកម្មកររោងចក្រមួយនៅក្នុងសង្កាត់ចោមចៅ ក្រុងភ្នំពេញ។ លោកបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរដោយរថយន្តម៉ាកហ្វត (Ford) មួយគ្រឿង បានបុកម៉ូតូរបស់លោកក្នុងយប់ដែលមានភ្លៀងធ្លាក់ គឺកាលពីយប់ថ្ងៃទី២៥ ខែមេសា។ គ្រោះថ្នាក់នោះបានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។ វីដេអូឃ្លីបដែលគេថតបានពីហេតុការណ៍នោះ ហើយត្រូវគេចែកចាយតៗគ្នាក្នុងបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា ពេលបុកម៉ូតូ លោក វង រដ្ឋា រួចហើយម្ចាស់រថយន្តបានចុះទៅទាញម៉ូតូចេញពីមុខឡាន រួចបើកគេចចេញទៅដោយសុវត្ថិភាព ដោយមិនខ្វល់ពីជនរងគ្រោះ ឬហៅឡានពេទ្យឱ្យទៅជួយសង្គ្រោះឡើយគឺទុកឱ្យជនរងគ្រោះដេកស្ដូកស្ដឹងក្រោមដំណក់ទឹកភ្លៀង។
លោកស្រី សិន ថា រម្លឹកថា លោកស្រីបានទៅទទួលសពប្ដីមន្ត្រីពេទ្យព្រះសង្ឃនៅក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ គ្រូពេទ្យប្រាប់ថា គេមិនអាចសង្គ្រោះបានដោយសារតែជនរងគ្រោះត្រូវបញ្ជូនមកយឺតយ៉ាវពេក។ លោកស្រីថា ប្ដីលោកស្រីស្លាប់ដោយអយុត្តិធម៌ណាស់៖ «បើគាត់ឃើញអ៊ីចឹងហើយ គាត់ជួយយកទៅពេទ្យទៅ ហើយខ្ញុំជឿជាក់ថា ពេទ្យពេលយើងមានសាច់ញាតិទៅពេទ្យ ក៏ស្រវេស្រវាទៅក៏អាចថា លឿនជាងអត់សាច់ញាតិដែរណាបង។ ខ្ញុំនៅតែស្ដាយខ្ញុំស្ដាយណាស់បង ព្រោះប្ដីខ្ញុំតាំងពីការហើយមកគាត់ល្អណាស់ គាត់មិនដែលចេះឈ្លោះប្រពន្ធ ឈ្លោះកូនទេ ស្រឡាញ់ប្រពន្ធ កូន»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ឱ្យអាស៊ីសេរីដឹងថា អាជ្ញាធរមានសមត្ថកិច្ចកំពុងតាមចាប់ខ្លួនអ្នកបង្កគ្រោះថ្នាក់ចរាចរនោះ ជាមន្ត្រីយោធាពាក់ស័ក្ដិ៥ ឈ្មោះ ឈុន សារ៉េត តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ។
ក្រៅពីទាមទារឱ្យនាំអ្នកបង្កគ្រោះថ្នាក់ចរាចរមកទទួលខុសត្រូវតាមច្បាប់ ហើយនោះ លោកស្រី សិន ថា ក៏ទាមទារចង់បានសំណង ដើម្បីយកមកផ្គត់ផ្គង់ការរស់នៅរបស់កូននាងតូចៗទាំង២ ដែលមានអាយុ ៦ឆ្នាំម្នាក់ និងជាង ៤ឆ្នាំម្នាក់។ សិន ថា មិនបានបញ្ជាក់ថា នាងចង់បានសំណងចំនួនប៉ុន្មានទេ គឺនាងបានទុកដាក់រឿងក្ដីនេះទៅលើឪពុកមារប្ដីរបស់នាង គឺនាងគ្រាន់តែបញ្ជាក់ថា នាងចង់បានឱ្យកូនៗអាចរៀនសូត្រមានអនាគតត្រឹមត្រូវ មានផ្ទះស្នាក់នៅដូច ដែលប្ដីនាងចង់បានកាលនៅមានជីវិត៖ «ព្រោះអីខ្ញុំអត់មានទីពឹងទៀតទេ ផ្ទះក៏អត់ទាន់មានឱ្យកូននៅដែរ ហើយបើប្ដីខ្ញុំនៅអាយពឹងថា បន្តិចម្ដងៗ បានផ្សែផ្សំអាចធ្វើឱ្យកូននៅអ៊ីចឹងណាបង។ សុំឱ្យបងប្អូនគាត់អ្នកចេះដឹងរឿងច្បាប់គាត់ជួយដោះស្រាយរកយុត្តិធម៌ឱ្យខ្ញុំផង ព្រោះអីខ្ញុំអ្នកល្ងង់ណាស់បង»។
មន្ត្រីនៅក្រសួងមហាផ្ទៃម្នាក់ធ្លាប់ប្រាប់អាស៊ីសេរីថា សាច់ញាតិជនរងគ្រោះបានប្ដឹងទាមទារសំណងចំនួន៥ម៉ឺនដុល្លារ។ បើទោះជាយ៉ាងណាលោកស្រី សិន ថា ឱ្យដឹងដែរថា ធ្លាប់មានគ្រួសារខាង លោក សក្ដិ៥ ឈុន រ៉េត ទៅសុំចរចាផ្ដល់ប្រាក់ ៣.០០០ដុល្លារដែរ ប៉ុន្តែគ្រួសារលោកស្រីមិនអាចទទួលយកបាន។
ការចរចាបញ្ចប់រឿងដោយការផ្ដល់សំណងទៅឱ្យគ្រួសារអ្នករងគ្រោះដែលជាអ្នកក្រីក្រខ្សត់ខ្សោយ ក្នុងករណីគ្រោះថ្នាក់ចរាចរ ដែលបង្កដោយមន្ត្រី ឬសាច់ញាតិមន្ត្រីមានអំណាច គឺជារឿងដែលកើតមានហូរហែជាធម្មតានៅក្នុងសង្គមខ្មែរ។ ពេលខ្លះពលរដ្ឋក្រីក្រមានតែបង្ខំចិត្តទទួលសំណង ព្រោះគ្មានប្រាក់ប្ដឹងផ្ដល់ ឬបានប្ដឹងផ្ដល់ដែរ តែពិបាកនឹងទទួលបានយុត្តិធម៌។
ត្រង់ចំណុចនេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា នេះជាអំពើអមនុស្សធម៌ ដែលអាជ្ញាធរត្រូវតែពន្លឿនការចាប់ជនសង្ស័យឱ្យមកទទួលខុសត្រូវតាមច្បាប់។ លោកថា ការរកយុត្តិធម៌ផ្ដល់ឱ្យជនរងគ្រោះនឹងបានរួមចំណែកជួយសម្រួលផ្លូវចិត្ត ការឈឺចាប់របស់គ្រួសារជនរងគ្រោះ។ លោកថា ការមិនប្រឹងប្រែងរកយុត្តិធម៌ឱ្យជនរងគ្រោះគឺជាផ្នែកមួយ ដែលនាំឱ្យវប្បធម៌និទ្ទណ្ឌភាពនៅតែបន្តចាក់ឬសក្នុងសង្គមខ្មែរ៖ «កាលណាតែគាត់មិនទទួលបានយុត្តិធម៌គាត់រស់នៅក្នុងក្ដីមមើមមាយ មិនដឹងថា យុត្តិធម៌នៅឯណាហ្នឹងធ្វើឱ្យគាត់អត់សូវមានសង្ឃឹម អត់សូវមានគោលដៅនៅក្នុងការរស់នៅច្បាស់លាស់ទេ អ៊ីចឹងធ្វើឱ្យគាត់អាចធ្លាក់ខ្លួនទៅក្នុងស្ថានភាពដែលយ៉ាប់យឺនខាងជីវភាព យ៉ាប់យឺនខាងផ្លូវចិត្តគ្រប់បែបយ៉ាង។ ការដោះស្រាយឱ្យបានយុត្តិធម៌ឱ្យបានឆាប់គឺគ្រាន់តែបានលួងលោម បានបន្ធូរបន្ថយភាពតានតឹងក្នុងផ្លូវចិត្តរបស់គាត់បានតែប៉ុណ្ណឹងទេបាទ»។
មាត្រា៨៥ នៃច្បាប់ចរាចរណ៍ថ្មីចែងថា ជនណាបើកបរដោយធ្វេសប្រហែលខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឱ្យអ្នកដទៃស្លាប់ ត្រូវផ្ដន្ទាទោសពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀលទៅ ១០លានរៀល។ ករណីជនបង្កបើកបរដោយគ្មានប័ណ្ណបើកបរនិងបើកបរក្នុងស្ថានភាពស្រវឹងហើយបណ្ដាលឱ្យស្លាប់ច្រើននាក់ ឬបើករត់គេចពីកន្លែងកើតហេតុដើម្បីគេចពីការទទួលខុសត្រូវ គឺត្រូវផ្ដន្ទាទោសពី ២ឆ្នាំទៅ ៥ឆ្នាំនិងពិន័យជាប្រាក់ពី ១០លានរៀលទៅ ២៥លានរៀល ព្រមទាំងហាមបើកបររយៈពេល ៥ឆ្នាំ។
ក្នុងពេលដែលទន្ទឹងរង់ចាំយុត្តិធម៌ពីការអនុវត្តច្បាប់នេះហើយ លោកស្រី សិន ថា ដែលមិនបានរៀនសូត្រចេះដឹងគឺមិនបានចប់បឋមសិក្សាផងនោះ ក៏ទន្ទឹងងឱ្យជំងឺកូវីដ-១៩ រសាត់បាត់ទៅវិញដែរ ដើម្បីឱ្យអ្នកស្រីអាចរកការងារនៅតាមរោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ។ លោកស្រីថា ការងារនៅមិនឆ្ងាយពីផ្ទះ អាចឱ្យលោកស្រី វិលមកផ្ទះវិញនៅពេលល្ងាចមើលថែកូនតូចៗ។ នាងថា បើរំពឹងធ្វើស្រូវលើដីស្រែ ដែលម្ដាយនាងចែកឱ្យនោះគឺមិនអាចឱ្យនាងចិញ្ចឹមជីវិតបានទេ៖ «ខ្ញុំក៏មិនទាន់ដឹងដែរបង ប្រសិនបើស្ងាត់កូវីដហ្នឹងទៅ នៅជិតស្រុកហ្នឹងរោងចក្រគេបើកខ្ញុំអាចជាធ្វើការនៅជិតហ្នឹងជិះឡានដាក់ខែ បានមកមើលកូនវិញ។ បើធ្វើស្រែខ្ញុំចេះធ្វើតើបង តែនៅហ្នឹងស្រែគ្មានស្រែធ្វើដែរហ្នឹងបង មិនមែនថា គ្មានទេមានដែរដីស្រែម៉ែចែកឱ្យមួយកូនអំពកតូចដែរ យើងធ្វើប៉ុណ្ណឹងក៏ហូបមិនគ្រប់ដែរ»។
បើទោះជាយ៉ាងណាមកដល់ពេលនេះ លោកស្រី សិន ថា នៅតែទន្ទេញជានិច្ចថា បើប្ដីនៅរស់ទោះជាមុខរបរជាកម្មកររោងចក្រ ដែលរកចំណូលជាមធ្យម ២០០ដុល្លារក្នុងមួយខែ រួមនឹងប្រាក់ខែរបស់នាងដែរនោះ ពិតជាអាចជួយឱ្យកូនៗរបស់នាងអាចរៀនសូត្របានចេះដឹង មានអនាគតត្រឹមត្រូវមិនពិបាកដូចរូបនាងទៀតឡើយ ប៉ុន្តែសុបិននេះ បានរលាយទៅតាមសពរបស់ប្ដីនាងអស់ទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។