តើលោកអ្នកនាងនៅចងចាំដែរឬទេ អំពីបុរសម្នាក់ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ នោះ? បុរសម្នាក់នេះ គឺជាបុគ្គលតែម្នាក់គត់ដែលកំពុងជាប់ទោសក្នុងសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏មានប្រជាប្រិយភាព កាលពីឆ្នាំ២០១៦។ តើ ជួប សម្លាប់ មានប្រវត្តិដូចម្ដេច ហើយតើស្ថានភាពរបស់គាត់ក្នុងពន្ធនាគារយ៉ាងណាដែរ?
អឿត អាង ឬ ជួប សម្លាប់ កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស តាមអំណាចសាលក្រមស្ថាពររបស់តុលាការក្រុងភ្នំពេញ ក្នុងសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី។ តុលាការបានផ្ដន្ទាទោសរូបគេឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទ «ឃាតកម្មគិតទុកជាមុន» និង «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» កាលពីចុងខែមីនា ឆ្នាំ២០១៧។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា អះអាងថា ស្ថានភាពរបស់ អឿត អាង នៅក្នុងពន្ធនាគារ មិនមានអ្វីខុសប្រក្រតីនោះទេ ពោលគឺទណ្ឌិតរូបនេះកំពុងជាប់ឃុំជាមួយអ្នកទោសដទៃទៀតក្នុងពន្ធនាគារ។ លោកបញ្ជាក់ថា មិនមានករណីស្នើលើកលែងទោស ឬបន្ធូរបន្ថយណាមួយចំពោះទណ្ឌិតរូបនេះទេ។
លោក នុត សវនា៖«ដាក់ដូចជនជាប់ឃុំធម្មតាតើ អត់មានដាក់ដោយឡែកអ្វីទេ។ ខ្ញុំគិតថា ដូចជាមិនមានអ្វីខុសប្រក្រតីទេ។ ប្រសិនបើមានបញ្ហា ហ្នឹងខាងក្រោមគេរាយការណ៍មកហើយ ដូចជាអត់មានឮព័ត៌មានអ្វីខុសប្រក្រតីពីគាត់ផង»។
អឿត អាង បានជាប់ឃុំអស់រយៈពេល ៧ ឆ្នាំមកហើយ ចាប់តាំងពីមានអំពើឃាតកម្មលើបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ប្រវត្តិសង្ខេប
អឿត អាង កើតនៅឆ្នាំ ១៩៧២ ក្នុងភូមិទន្លេស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ លោកបានរស់នៅជាមួយម្ដាយនៅឃុំនគរភាសនេះ រហូតដល់អាយុ ១០ឆ្នាំ ទើបផ្លាស់ទៅរស់នៅជាមួយអ៊ំប្រុសរបស់លោកនៅឃុំគោកដូង ស្រុកអង្គរជុំ។ លោកបានចូលធ្វើជាទាហានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានៅអាយុ១៥ឆ្នាំ តែក្រោយមក ក៏ទៅធ្វើជាទាហានខ្មែរក្រហមវិញ ដោយពុំដឹងមូលហេតុ។
ក្រោយឈប់ធ្វើជាទាហាន អឿត អាង បានទៅធ្វើជាកម្មករស៊ីឈ្នួលគេនៅប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំ មុននឹងត្រឡប់មកបួសជាសង្ឃ នៅស្រុកកំណើតវិញ។ អឿត អាង បួសបានប្រមាណ ៤ វស្សា ប៉ុន្តែមិនបានសមប្រកបជាអ្នកកាន់សីលនោះទេ។ លោកត្រូវបានបណ្ដេញចេញពីវត្តចំនួន ៣ ដង ដោយសារតែមិនគោរពបដិបត្តិព្រះធម៌ឱ្យបានត្រឹមត្រូវ ចូលចិត្តនិយាយអួតអាងហួសមាឌ ចេញពីវត្តយូរថ្ងៃ ដោយគ្មានដំណឹង និងមានរឿងអាស្រូវស្នេហាក្នុងពេលបួសជាសង្ឃ។
ព្រះចៅអធិការវត្តប្រាសាទធ្នង់ ហៅវត្តក្រឡាញ់ ក្នុងស្រុកអង្គរជុំ ព្រះអង្គ សោម សឿន មានថេរដីកាប្រាប់អាស៊ីសេរីកាលពីឆ្នាំ២០១៧ ថា អឿត អាង ជាអនក្ខរជន ឬជនមិនចេះអក្សរ ចូលចិត្តអួតអាងរឿងបាញ់បោះ ឆាប់ជឿគេ និងងាយលុះតាមការអូសទាញរបស់អ្នកដទៃ។
ព្រះអង្គ សោម សឿន៖«ភាគច្រើនលោកនិមន្តទៅក្រៅ អត់ដឹងពីមូលហេតុ។ ជួនកាលទៅកន្លែងដែលអគោចរ មានន័យថា កន្លែងដែលគេហាមប្រាម គេអត់ឱ្យទៅ។ សម្រាប់ព្រះសង្ឃហាមប្រាមដូចជាកន្លែងទីប្រជុំជន ផ្សារ កន្លែងស្រី កន្លែងទាហានជាដើម អាហ្នឹងកន្លែងអគោចរ ព្រះសង្ឃមិនគួរនឹងទៅទេ។ ហើយសម្ដីសំដៅ ការនិយាយអ្វីហ្នឹង គឺអួតហួស និយាយហួសអ្វីដែលខ្លួនឯងធ្វើ»។
តួអង្គតែម្នាក់គត់ក្នុងរឿងក្ដីឃាតកម្មដ៏កក្រើក
តាមការបញ្ជាក់ពីប្រភពជាច្រើន ទណ្ឌិត អឿត អាង គឺជាជនក្រីក្រ គ្មានមុខរបរ និងទីលំនៅពិតប្រាកដ ព្រមទាំងមានប្រវត្តិមិនល្អប៉ុន្មានឡើយ។ ប៉ុន្តែបុគ្គលដែលរកតែបាយហូបគ្មាន និងដើរសុំផ្ទះគេជ្រករូបនេះ បែរជាអះអាងថា បណ្ឌិត កែម ឡី ជំពាក់លុយគេ ៣ ពាន់ដុល្លារទៅវិញ។ គឺរឿងលុយ ៣ ពាន់ដុល្លារនេះហើយ ដែល អឿត អាង អះអាងដោយគ្មានភស្តុតាងនិងសាក្សីថា ជាមូលហេតុដែលរូបគេបាញ់សម្លាប់បណ្ឌិត កែម ឡី។ ដោយមិនបានស៊ើបអង្កេតត្រឹមត្រូវនិងស៊ីជម្រៅ ពួកមន្ត្រីតុលាការរៀនអស់ថ្នាក់នៅស្រុកខ្មែរ តាំងពីសាលាដំបូងដល់តុលាការកំពូលក៏នាំគ្នាសម្រេចក្ដីតាមគ្នា គឺកាត់ទោស អឿត អាង ឱ្យជាប់គុកអស់មួយជីវិតប៉ុន្តែបន្សល់ទុកនូវមន្ទិលសង្ស័យជាច្រើនដល់គ្រួសារបណ្ឌិត កែម ឡី និងមជ្ឈដ្ឋានជាតិនិងអន្តរជាតិដោយពួកគេចាត់ទុកថាជាសាលក្រមក្លែងក្លាយ។
សាលក្រមក្លែងក្លាយ គឺដោយសាររឿងក្ដីនេះមិនបានស៊ើបអង្កេតគ្រប់ជ្រុងជ្រោយទៅលើអង្គហេតុជាច្រើន ដោយតុលាការព្យាយាមកាត់តម្រឹមត្រឹមបុគ្គល អឿត អាង តែម្នាក់គត់ ហើយដែលមិនប្រាកដថាគាត់ជាឃាតកពិតសម្លាប់បណ្ឌិត កែម ឡី ឬអត់នោះទៀត។ លើសពីនេះ សាលក្រមនេះមិនបានជម្រះមន្ទិលនិងលាងសម្អាតកេរ្តិ៍ឈ្មោះ បណ្ឌិត កែម ឡី ដែល អឿត អាង ចោទថា បណ្ឌិត កែម ឡី ជំពាក់លុយ ៣ ពាន់ដុល្លារមិនព្រមសងទើបគាត់ផ្ដាច់ជីវិតរបស់លោកចោលនោះថែមទៀងផង។
សេចក្ដីសម្រេចរបស់តុលាការដែលគេមើលឃើញថា ជាយុត្តិធម៌ក្លែងក្លាយនេះ បានធ្វើពលរដ្ឋខ្មែរជាច្រើន និងសហគមន៍អន្តរជាតិផង នាំគ្នាបញ្ចេញប្រតិកម្មមិនពេញចិត្ត និងទាមទាររកយុត្តិធម៌បន្ថែមទៀតជូនបណ្ឌិត កែម ឡី។ ទំនងជាដើម្បីស្អំចិត្តមហាជន តុលាការក៏ធ្វើជាបំបែកសំណុំរឿងមួយទៀតដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ ប៉ុន្តែ ៧ ឆ្នាំមកនេះ សំណុំរឿងទីពីរនេះស្ងាត់ដូចចោរលួចសេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងមន្ត្រីតុលាការក្រុងភ្នំពេញធ្លាប់អះអាងដដែលៗថា សំណុំរឿងទីពីរនេះនៅស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ប៉ុន្តែខាងនគរបាលយុត្តិធម៌បានអះអាងថា ពួកគេមិនដែលទទួលបានដីកាពីតុលាការដើម្បីឱ្យស៊ើបអង្កេតរកអ្នកពាក់ព័ន្ធក្នុងសំណុំរឿងទីពីរនេះឡើយ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកាលពីឆ្នាំ២០២០ ថា មន្ត្រីនគរបាលយុត្តិធម៌មិនបានស៊ើបអង្កេតរឿងនេះទៀតទេ ព្រោះគ្មានបញ្ជាពីតុលាការ។
លោក ឆាយ គឹមខឿន៖«យើងជាមន្ត្រីនគរបាលយុត្តិធម៌ ប្រសិនបើព្រះរាជអាជ្ញា ឬតុលាការមិនចេញបញ្ជាអ្វីថ្មី យើងអត់មានធ្វើអ្វីទៀតទេ។ ដោយឡែក អ្នកដែលមិន អស់ចិត្ត អ្នកមិនសុខចិត្តហ្នឹង គាត់គ្រាន់តែបញ្ចេញទស្សនៈ ការយល់ឃើញជាឯកជនរបស់គាត់ទេ តែគាត់ក៏អត់មានឆន្ទានុសិទ្ធិ ឬគ្មានអំណាចដូចតុលាការដើម្បីបញ្ជាមកឱ្យខាងមន្ត្រីយុត្តិធម៌អនុវត្តដែរ»។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងលោក ឆាយ គឹមខឿន ជាបន្តបន្ទាប់ដើម្បីសាកសួររឿងនេះបន្ថែម ប៉ុន្តែលោកលែងលើកទូរស័ព្ទ។ វិទ្យុអាស៊ីសេរីក៏បានព្យាយាមទាក់ទងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក ប្លង់ សុផល ដើម្បីសាកសួររឿងនេះដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។
រីឯអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា វិញ លោកបញ្ជាក់ថា ខាងពន្ធនាគារមិនធ្លាប់ទទួលបានលិខិតពីខាងតុលាការបង្គាប់ឱ្យបញ្ជូនទណ្ឌិត អឿត អាង ទៅសាកសួរ ឬបំពេញនីតិវិធីណាមួយទៀតនោះដែរ។
លោក នុត សវនា៖«គេកាត់ទោសអស់ហើយ អ៊ីចឹងមានជាប់នីតិវិធីអ្វីទៀត។[សាលក្រម]ចូលជាស្ថាពរហើយ កំពុងអនុវត្តមកដល់ថ្ងៃនេះ។ ដូចជាអត់មានអ្វីត្រូវឡើងតុលាការទៀតទេ»។
ជាប់ឃុំដោយកម្រមានអ្នកបានទៅក្បែរ
អ្នកធ្លាប់ឃុំជាច្រើននាក់ដែលអាស៊ីសេរីបានសម្ភាសឱ្យដឹងថា ជួប សម្លាប់ មិនត្រូវបានឃុំខ្លួនជាមួយអ្នកទោសនយោបាយ ឬសកម្មជននោះទេ ដោយខាងពន្ធនាគារឃុំខ្លួនគាត់ជាមួយអ្នកទោសក្នុងសំណុំរឿងចោរកម្ម និងបទឧក្រិដ្ឋផ្សេងទៀត។ ជាមួយគ្នានេះ អាជ្ញាធរពន្ធនាគារក៏មិនអនុញ្ញាតឱ្យ អឿត អាង ជួបអ្នកជាប់ឃុំនយោបាយ និងសកម្មជននោះដែរ។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ធ្លាប់បានដាក់លិខិតទៅខាងមន្ត្រីពន្ធនាគារ ដើម្បីស្នើសុំជួប អឿត អាង ដោយផ្ទាល់ ពេលលោកកំពុងជាប់ឃុំក្នុងឆ្នាំ ២០២០ ប៉ុន្តែសំណើនេះត្រូវបានបដិសេធ។
ត្រង់ចំណុចនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បកស្រាយថា អឿត អាង ជាអ្នកទោសឧក្រិដ្ឋ ដែលមន្ត្រីពន្ធនាគារមិនអាចអនុញ្ញាតឱ្យជួបបាននោះទេ។
លោក នុត សវនា៖«ជួបមើលតែមនុស្សទូទៅសាធារណៈយ៉ាងម៉េចហ្នឹង?ជនល្មើសប្រភេទកម្រិតសន្តិសុខខ្ពស់បំផុតហើយ ចង់ជួបដូចនៅតាមផ្លូវ តាមផ្សារយ៉ាងម៉េច»។
ចំណុចមួយទៀតដែលធ្វើឱ្យ អឿត អាង ខុសពីអ្នកជាប់ឃុំផ្សេងទៀត គឺគ្រួសារ និងសាច់ញាតិរបស់ទណ្ឌិតរូបនេះមិនបានទៅសួរសុខទុក្ខគាត់នៅក្នុងពន្ធនាគារនោះទេជាច្រើនឆ្នាំមកនេះ។
ប្រពន្ធ និងសាច់ញាតិរបស់ អឿត អាង ដែលកំពុងរស់នៅស្រុកអង្គរជុំ ខេត្តសៀមរាប បានប្រាប់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) កាលពីឆ្នាំ២០២២ ថា ពួកគាត់មិនដែលបានទៅសួរសុខទុក្ខ អឿត អាង នៅពន្ធនាគារព្រៃសនោះឡើយ ហើយក៏មិនទទួលបានព័ត៌មានណាមួយអំពីស្ថានភាពគាត់នៅក្នុងពន្ធនាគារនោះដែរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា វាជារឿងចម្លែកដែលជនជាប់ឃុំម្នាក់ គ្មានសាច់ញាតិ ឬគ្រួសារមកសួរសុខទុក្ខអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ លោកបន្ថែមថា សំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី នៅតែបង្កប់រឿងរ៉ាវអាថ៌កំបាំងជាច្រើន ខណៈសំណុំរឿងទីពីរដែលត្រូវស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតនោះវិញ បែរជាស្ងប់ស្ងាត់បាត់ឈឹង។
លោក អំ សំអាត៖«ខាងអង្គការសង្គមស៊ីវិលយើងក៏មិនដែលបានជួបជាមួយគាត់ដែរ ជាពិសេសគាត់ស្ថិតក្នុងលក្ខខណ្ឌមួយដែលគេមានភាពប្រយ័ត្នប្រយែងផងដែរក្នុងការជួបជាមួយអ្នកណាមួយ។ អ៊ីចឹងរឿងនេះវានៅតែភ្ជាប់ដោយអាថ៌កំបាំង បើសំណុំរឿងទីពីរមិនទាន់ត្រូវបានបំបែកនោះ»។
យុត្តិធម៌នៅឆ្ងាយដូចជើងមេឃ
ករណីឃាតកម្មលើបណ្ឌិត កែម ឡី នេះ ត្រូវបានអ្នកសង្កេតការណ៍ និងអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិចាត់ទុកថា ជាឃាតកម្មនយោបាយ។ ហេតុដូច្នេះ យុត្តិធម៌ពិតប្រាកដទំនងជាមិនអាចកើតមាននោះទេ ក្រោមរបបដឹកនាំរបស់លោក ហ៊ុន សែន ព្រោះរបបដឹកនាំមួយនេះបានដាំដុះពូជ «និទណ្ឌភាព ឬទម្លាប់ឱ្យជនល្មើសរួចទោស» ជាង ៣ ទសវត្សរ៍មកហើយ ជាពិសេសជនល្មើសនិងអ្នកពាក់ព័ន្ធដែលសម្លាប់សកម្មជនឬអ្នកនយោបាយប្រឆាំងព្រមទាំងសកម្មជនការពារសិទ្ធិកម្មករនិងបរិស្ថាន។
ម្យ៉ាងវិញទៀត ពេលវេលាកាន់តែរំកិលទៅមុខ អឿត អាង ដែលជាទណ្ឌិតផង និងជាសាក្សីដ៏សំខាន់ម្នាក់ផងនោះ ក៏កាន់តែមានវ័យចាស់ ដូច្នេះរឿងរ៉ាវទាំងឡាយដែលពលរដ្ឋខ្មែរមួយនគរចង់ដឹងចង់ឮថា តើអ្នកណាខ្លះពាក់ព័ន្ធក្នុងរឿងក្ដីឃាតកម្មដ៏កក្រើកមួយនេះ ក៏អាចនឹងកប់បាត់ទៅតាមនោះដែរ ប្រសិនបើ អឿត អាង លែងមានវត្តមានលើភពផែនដីនេះនៅថ្ងៃណាមួយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។