អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប

ក្រុម​អ្នក​រត់​រ៉ឺម៉ក ម៉ូត​ឌុប និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ប្រមាណ​ជិត ១.០០០​នាក់ បាន​នាំ​​គ្នា​ដើរ​​ដង្ហែ​ក្បួន​​បាតុកម្ម​តាម​ដង​ផ្លូវ​សំខាន់ៗ​ខ្លះ ក្នុង​ទីក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១ ខែ​មករា។

ក្រុម​បាតុករ​​​បាន​ចាត់​ទុក​​ថា ការ​ដង្ហែ​ក្បួន​ចំ​ថ្ងៃ​ទី​១ នៃ​ ឆ្នាំ​​២០១៤ គឺ​ជា​កាដូ​ឆ្នាំ​ថ្មី​សម្រាប់​ជូន​អភិបាល​ខេត្ត​សៀមរាប ឱ្យ​ជួយ​ដោះស្រាយ​ ​បញ្ហា​ជា​ច្រើន​ដែល​ក្រុម​សហគមន៍​ទំនាស់​ដីធ្លី និង​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ ​​​មាន​កង្វល់​ជា​យូរ​មក​ហើយ។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ជា​អ្នក​ដឹក​នាំ​ក្បួន​​បាតុកម្ម​នោះ។ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ក្រុម​អ្នក​រត់​រ៉ឺម៉ក ម៉ូតូឌុប នាំ​គ្នា​​ក្រោក​​ឈរ​ធ្វើការ​តវ៉ា ដើម្បី​បាន​ផល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​នៃ​ប្រាសាទ​អង្គរ​​ដ៏​សំបូរ​បែប​នៅ​ក្នុង​ខេត្ត​នេះ។

លោក វន់ ពៅ​ បាន​មាន​ប្រសាសន៍​ថា ប្រាសាទ​អង្គរ​គឺ​ជា​មត៌ក​របស់​ដូនតា​ខ្មែរ​ដែល​បន្សល់​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ទទួល​បាន​ផល​ប្រយោជន៍ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​ជា​ច្រើន​កំពុង​ធ្លាក់​ទៅ​លើ​ដៃ​ឈ្មួញ​ធំៗ និង​អ្នក​វិនិយោគទុន​បរទេស។ ឯ​ប្រជាពលរដ្ឋ​​ខ្មែរ​ដែល​ជា​អ្នក​រត់​រ៉ឺម៉ក និង​ម៉ូតូឌុប គឺ​បាន​ទទួល​កម្រៃ​បន្តិចបន្តួច​ប៉ុណ្ណោះ។

​លោក ផឹង សាមេធ ប្រធាន​សាខា​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ខេត្ត​សៀមរាប បាន​ថ្លែង​ថា បាតុកម្ម​ថ្ងៃ​នេះ ទាមទារ​លើ​បញ្ហា​ចំនួន ១០​ចំណុច ​ដូច​ជា​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ ១៦០​ដុល្លារ​​ក្នុង​១​ខែ ដំឡើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ​យ៉ាង​តិច ១​លាន​រៀល​ក្នុង​១​ខែ ឱ្យ​រដ្ឋាភិបាល​ដំឡើង​ថ្លៃ​ស្រូវ​ជូន​កសិករ​ឱ្យ​បាន ១.៥០០​រៀល​ក្នុង​១​គីឡូក្រាម និង​ឱ្យ​កន្លែង​ការងារ​ទាំង​អស់ លុប​ចោល​កិច្ចសន្យា​​ខ្លី​សម្រាប់​កម្មករ​នៅ​ទូទាំង​ប្រទេស​ជាដើម។

លោក ផឹង សាមេធ៖ «គឺ​យើង​ទាម​ទារ​លុប​បំបាត់​ទាំង​ស្រុង​នូវ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ក្នុង​ខេត្ត​សៀមរាប។ ទី​២ សហគមន៍​ត្បែង​ខាង​កើត​ទាមទារ​កម្មសិទ្ធិ​ដី ៥៣​ហិកតារ​សម្រាប់ ១១៨​គ្រួសារ សហគមន៍​ត្បែង​ខាង​លិច ទាមទារ​ដី ៤២៧​ហិកតារ សម្រាប់ ១០៥​គ្រួសារ។ សហគមន៍​ស្គន់ ទាមទារ​កម្ម​សិទ្ធិ​ដីធ្លី​ចំនួន ១៣៧​ហិកតារ​សម្រាប់ ១១៧​គ្រួសារ។ សហគមន៍​តាពេន ទាមទារ​កម្មសិទ្ធិ​ដីធ្លី ១៨៣​ហិកតារ​សម្រាប់ ៩០​គ្រួសារ»

បន្ទាប់​ពី​ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ និង​នៅ​មុន​ពេល​រំសាយ​បន្តិច ក្រុម​បាតុករ​​បាន​យក​ញត្តិ​ទាម​ទារ របស់​ពួកគេ​ដាក់​ជូន​ទៅ​សាលា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ។ នៅ​​ឯ​សាលា​ខេត្ត​ សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មករា អនុ​ប្រធាន​ផ្នែក​​រដ្ឋបាល​ម្នាក់​បាន​ទទួល​យក​ញត្តិ​​​ទាំង​នោះ ព្រម​ទាំង​សន្យា​ថា នឹង​ដាក់​ជូន​អភិបាល​ខេត្ត​នៅ​ក្នុង​ថ្ងៃ​ដែល​មន្ត្រី​រាជការ​​ចូល​ធ្វើ​ការងារ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។