អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចផ្អាកសេវាដឹកជញ្ជូនពលរដ្ឋតាមរថយន្តក្រុងសាធារណៈ និងកាណូតសាធារណៈចាប់ពីថ្ងៃទី២៦មីនា តទៅ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ (Covid-19)។ ឯក្រសួងអប់រំ យុវជននិងកីឡា ក៏បានចាប់ផ្ដើមអនុញ្ញាតឱ្យមន្ត្រីរាជការក្នុងក្រសួងធ្វើការពីផ្ទះទៅ ដើម្បីបង្ការជំងឺនេះដែរ។
សាលារាជធានីភ្នំពេញ ឱ្យដឹងថា ការផ្អាកសេវាសាធារណៈទាំងនេះជាការរួមចំណែកជាមួយរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។ អាជ្ញាធរស្នើសុំឱ្យពលរដ្ឋ ដែលប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ និងកាណូតយោគយល់ និងមិនទាន់បញ្ជាក់ថ្ងៃបើកឱ្យដំណើរការវិញទេ។ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ឱ្យដឹងថា បើទោះមិនមានការផ្អាក ក៏ពលរដ្ឋមិនសូវទៅជិះរថយន្តក្រុង និងកាណូតសាធារណៈដូចមុនដែរ ដោយសារពលរដ្ឋភ័យព្រួយពីជំងឺកាចសាហាវនេះ។
ប្រធានសមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក សុខ ឈុនអឿង យល់ថា ការផ្អាកសេវាកម្មរថយន្តក្រុងសាធារណៈ និងកាណូត នៅពេលនេះ មិនទាល់ខុសទេ គ្រាន់តែធ្វើឱ្យបាត់បង់ប្រយោជន៍កម្មករខ្លះ ដែលធ្លាប់ធ្វើដំណើរតាមឡានក្រុងសាធារណៈទៅធ្វើការ។ លោក សុខ ឈុនអឿង បន្តថា ក្រៅពីសេវាដឹកជញ្ជូនរបស់រដ្ឋអាជ្ញាធរក៏គួររកវិធីដោះស្រាយចំពោះសេវាដឹកជញ្ជូនតាមរថយន្តក្រុងរបស់ក្រុមហ៊ុនឯកជន និងឡានដឹកកម្មករ ដែលជាបញ្ហាប្រឈមរបស់អ្នកធ្វើដំណើរ និងកម្មករ។ លោកថា អាជ្ញាធរក្រុងភ្នំពេញ គួរតែដោះស្រាយបញ្ហានេះ ដោយគួរប្ដូរមធ្យោបាយដឹកកម្មករទៅធ្វើការពីការជិះឡានឈរប្រជ្រៀតគ្នា ទៅជាបំបែកកម្មករជាក្រុមៗ ឱ្យជិះរ៉ឺម៉កសណ្ដោងឬឱ្យអង្គុយឆ្ងាយៗពីគ្នា៖ «យើងមើលឃើញ សាលារាជធានីភ្នំពេញ បិទតែឡានរបស់សាលារាជធានីភ្នំពេញ ហើយសម្រាប់ឡានក្រុងដូចអត់មានចាប់អារម្មណ៍។ ជាពិសេសជាងហ្នឹងទៅទៀត ឡានដឹកកម្មករនៅរាជធានីភ្នំពេញ ដូចជាមិនសាកសមបណ្ដោយទេសម្រាប់សាលារាជធានីភ្នំពេញណា»។
មកដល់ពេលនេះ រដ្ឋាភិបាលបានបង្ហាញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដូចជាការបិទសាលារៀនទូទាំងប្រទេសឱ្យវ៉ាកងមុនកាលកំណត់ បង្កើនវិធានការផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដល់មូលដ្ឋាន បង្កើតគណៈកម្មការប្រឆាំងជំងឺកូវីដ រៀបចំមន្ទីរពេទ្យ សណ្ឋាគារ សាលារៀនត្រៀមទទួលអ្នកជំងឺកូវីដ ជាដើម។ ប៉ុន្តែវិធានការទាំងឡាយ មិនទាន់អាចធ្វើឱ្យពលរដ្ឋទុកចិត្តទាំងស្រុងទេ។ ទន្ទឹមនឹងនោះ ពលរដ្ឋខ្លះក៏បង្កើនការប្រុងប្រយ័ត្នជាងមុខដែរ។
ស្របពេលគ្នានេះក្រសួងអប់រំ យុវជន និងកីឡា ក៏បានបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ថែមទៀត ដោយអនុញ្ញាតឱ្យមន្ត្រីអប់រំ ធ្វើការនៅផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ (Online) ហើយផ្អាកការត្រួតពិនិត្យអវត្តមានស្កែន (Scan) កាត និងក្រយៅដៃ (ខ្ចៅដៃ)មួយរយៈ។ រាល់ឯកសារត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថល (Digital)។ ប៉ុន្តែត្រូវរៀបចំ វេនការងារប្រចាំការិយាល័យនីមួយៗ ឱ្យមានដំណើរការ។ ក្នុងសេចក្ដីណែនាំចុះនៅថ្ងៃទី២៦ មីនា ក្រសួងអប់រំ ក្រើនរំលឹកម្ដងទៀតហាមផ្ដាច់មិនឱ្យមានការបង្រៀនគួរក្នុងពេលយុទ្ធនាការប្រឆាំងជំងឺកវីដ១៩ ដាច់ខាត ហើយក្រសួងព្រមានប្រើវិធានការរដ្ឋបាល ប្រឆាំងនឹងគ្រូបង្រៀនណាល្មើសការណែនាំនេះ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ប្រាប់អាស៊ីសេរីបន្ថែមថា វិធានការរបស់ក្រសួងអប់រំ កន្លងមក ជាការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ស្របតាមក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកកម្ពុជា៖ « ស្នើឱ្យបងប្អូនអ្នកសារព័ត៌មានទាំងអស់ មេត្តាពិនិត្យលទ្ធភាពបង្វែរមុំផ្សព្វផ្សាយដោយបន្ថែមខ្លឹមសារស្ដីពីវិធានការលើកកម្ពស់អនាម័យរបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្សគ្រប់កម្រិតសិក្សា ដោយយោងលើប្រភពព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ស្ដីពីវិធានការទប់ស្កាត់ការរាលដាលកូវីដ១៩។ ទង្វើនេះ អាចមានគុណតម្លៃបន្ថែមសម្រាប់គ្រប់ភាគីពាក់ព័ន្ធ»។
ក្រៅពីក្រសួងអប់រំហើយនោះរដ្ឋសភាក៏បានប្រកាសផ្លូវការឱ្យបុគ្គលិកផ្នែករដ្ឋបាលអាចធ្វើការពីផ្ទះបានដែរ ដើម្បីបង្ការជំងឺកូវីដ។ ចំណែកក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ត្រូវបានរដ្ឋមន្ត្រីអនុញ្ញាតឱ្យធ្វើការពីផ្ទះដែរ តែមិនប្រកាសផ្លូវការទេ គឺតាមរយៈសារសំឡេងបែកធ្លាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។