មតិ​ពលរដ្ឋ​ ជុំវិញ​គម្រោង​លុប​បឹង​តា​មោក​ ២០ហិកតារទៀត ធ្វើ​ជា​ផ្សារ​បន្លែ​​ផ្លែឈើ និង​​ចំណត​រថយន្ត​ឈ្នួល

0:00 / 0:00

ពលរដ្ឋ​ និង​អ្នក​លក់​ដូរ​​នៅ​ផ្សារ មិន​ចង់​ឲ្យ​របប​ក្រុង​ភ្នំពេញ លុប​បឹង​តោ​មោក ឬ​បឹង​ទំនប់​កប់​ស្រូវ​ នៅ​រាជធានី​ភ្នំពេញ​​ឡើយ បើ​ទោះ​របប​ក្រុង​ភ្នំពេញ​ អះអាង​ថា លុប​ផ្នែក​ខ្លះ ឬ​​ក្រោម​ហេតុផល​អ្វី​​ក៏​ដោយ​។​ ប្រតិកម្ម ​របស់​ពលរដ្ឋ​ បន្ទាប់​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បាន​ដាក់​លិខិត​​ឲ្យ​រដ្ឋសភា កោះ​ហៅ​តំណាង​​របប​​ក្រុង​ភ្នំពេញ មក​បំភ្លឺ​ប្រាប់​សាធារណជន​ឲ្យ​ច្បាស់​ ពី​គម្រោង​​លុប​បឹង​តា​មោក ២០ហិកតារ​ ដើម្បី​អភិវឌ្ឍ​ជា​ផ្សារ​បន្លែ ផ្លែឈើ និង​ចំណត​រថយន្ត។

យុវជន​រស់​នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោក កុល បុត្រ ប្រាប់​ថា លោក​មិន​ចង់​ឃើញ​រដ្ឋាភិបាល​លុប​បឹង​បន្ថែម​ទៀត​ទេ ព្រោះ ការ​​លុប​បឹង​ធំៗ នៅ​ភ្នំពេញ​កន្លងមក មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ឡើយ។ លោក​ថា ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​នៅ​បឹង​ផ្ទាល់ និង​ពលរដ្ឋ​នៅ​ភ្នំពេញ​បាន​រងគ្រោះ​ ដោយសារ​​ជំនន់​​ទឹក​ភ្លៀង​ ក្រោយ​ពេល​រដ្ឋាភិបាល​លុប​បឹង​ យក​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​។ យុវជន​រូប​នេះ ថា​ មិន​ពេញ​ចិត្ត​នឹង​គម្រោង​លុប​ផ្ទៃ​បឹង​តា​មោក​​ឡើយ គឺ​មាន​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជីក​បឹង​តា​មោក​ឲ្យ​ជ្រៅ​ និង​ពង្រីក​ផ្ទៃ​បឹង​បន្ថែម ​ដើម្បី​​ប្រែ​ក្លាយ​ទី​នោះ ឲ្យ​​ក្លាយ​ជា​បឹង​ធម្មជាតិ​សម្រាប់​​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ទូទៅ៖ «ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ ខ្ញុំ​ជា​យុវជន​ ខ្ញុំ​អត់​គាំទ្រ​ការ​លុប​បឹង​នេះ​​នានា​ មិន​ថា​ បឹង​តា​មោក ឬ​បឹង​នានា​ទេ ពីព្រោះ​ផល​ប្រយោជន៍​បាន​ទៅ​ឯកជន ច្រើន​ជាង​បាន​ទៅ​ពលរដ្ឋ​ខ្មែរ ហើយ​បាន​សិន​ជា​រដ្ឋាភិបាល​ចង់​អភិវឌ្ឍ​ឲ្យ​មាន​ការ​រីក​ចម្រើន​ដល់​ពលរដ្ឋ ឬ​ដល់​ជាតិ​ខ្មែរ​ទាំង​មូល​ រដ្ឋាភិបាល​គួរ​តែ​អភិរក្ស ហើយ​គួរ​តែ​ស្ដារ​រៀបចំ​ឲ្យ​វា​ស្អាត​ទៅ។ វា​អាច​ជា​កន្លែង​ស្ដុក​ទឹក​ផង កន្លែង​ត្រជាក់​ផង​ ព្រោះ បើ​យើង​ក្រឡេក​មើល​ប្រទេស​ជិត​ខាង​នានា គេ​រក​តែ​​បឹង​ធម្មជាតិ​​អ៊ីចឹងៗ មិន​មាន​ផង ហើយ​កន្លង​មក​យើង​ឃើញ​ហើយ ដូច​ជា​ការ​លុប​បឹង​កក់ បឹង​ត្របែក បឹង​ពោងពាយ​ អ៊ីចឹង​ផល​លំបាក​គឺ​ភ្លៀង​មក​លិច​ក្រុង​។ មិន​ថា តែ​បឹង​តា​មោក ទេ សូម្បី​បឹង​ទំពុន គឺ​លុប​ចោល​ ពុះ​ឡូត៍​យក​ដី​ចែក​គ្នា​អស់​ហើយ »

ចំណែក​និស្សិត​​ឆ្នាំ​ទី៣ ម្នាក់ កញ្ញា ឡុង គន្ធា ក៏​មិន​ចង់​ឲ្យ​មាន​ការ​លុប​ផ្ទៃ​បឹង​តា​មោក​ដែរ ទោះ​តិច ឬ​ច្រើន​ក៏​ដោយ ព្រោះ​ការ​លុប​បឹង​កន្លងមក​ បាន​បង្កើត​ជា​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ ខណៈ​ដែល​ផល​​ប្រយោជន៍​​​​ពី​ការ​លុប​បឹង​ត្រូវ​ធ្លាក់​ទៅ​លើ​ក្រុមហ៊ុន ឬ​អ្នក​មាន​លុយ តែ​ឯង៖ « ខ្ញុំ​អត់​ចង់​ឲ្យ​រាជរដ្ឋាភិបាល​លុប​បឹង​ណា​មួយ​ទេ តែ​មួយ​ផ្នែក​ណា​មួយ​នៃ​បឹង​ក៏​​ខ្ញុំ​អត់​ចង់​ឲ្យ​លុប​ដែរ។ ជា​បឹង​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ​ ហើយ​យើង​ឃើញ​ថា យើង​លុប​បឹង​អស់​ច្រើន​ហើយ។ អ៊ីចឹង​បើ​លុប​បឹង​ហ្នឹង​មួយ​ទៀត ខ្ញុំ​ខ្លាច​ថា មិន​មែន​លុប​តែ​មួយ​ផ្នែក​ តែ​លុប​អស់​ទៀត។ អ៊ីចឹង​ដល់​ពេល​អ៊ីចឹង​ទៅ វា​អត់​មាន​អ្វី សម្រាប់​ស្ដុក​ទឹក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទៀត។ យើង​គឺជា​ប្រទេស​ដែល​សម្បូរ​បឹង​ បែរ​ជា​លុប​បឹង​ ។ លុប​បឹង​ចោល​អស់ បែរ​ជា​ធ្វើ​ឲ្យ​យើង​ខ្វះ​ការ​ប្រើប្រាស់​។ ប៉ះពាល់​ច្រើន​ ខ្ញុំ​គិត​ថា អ៊ីចឹង ដូច​ករណី​បឹង​កក់​។ ពេល​ដែល​លុប​ទៅ​ខ្ញុំ​ខ្លាច​មាន​បញ្ហា​ ទំនាស់​ដីធ្លី​នៅ​ម្ដុំ​ហ្នឹង​។ ពេល​ដែល​ធ្វើ​ផ្សារ​ទៅ​ ខ្ញុំ​ខ្លាច​ថា វា​មិន​បាន​ផល​ប្រយោជន៍​ទៅ​ ប្រជាពលរដ្ឋ តែ​បែរ​ជា​បាន​ផល​ប្រយោជន៍​ទៅ​អ្នក​មាន​មួយ​ចំនួន អ៊ីចឹង​ណា »

របប​ក្រុង​ភ្នំពេញ បាន​សម្រេច​ថា នឹង​លុប​ផ្ទៃ​បឹង​តា​មោក ឬ​ហៅ​ថា បឹង​ទំនប់​កប់​ស្រូវ​ ចំនួន​២០​ហិកតារ​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍន៍​ជា​ផ្សារ​បន្លែ ផ្លែឈើ និង​ចំណត​រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ​ ដោយ​ ត្រូវ​​រើស​ចេញ​ពី​ផ្សារ​ដើម​គ។

ផ្ទៃ​បឹង​តា​មោក មាន​ទំហំ​ជាង ៣ពាន់ (៣.២៣៩) ហិកតារ​ចេញ​អនុក្រឹត្យ​ចុះ​​​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ​ហើយ​ត្រូវ​ចាត់​​ទុក​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ បឹង​តា​មោក​ ស្ថិត​នៅ​ខាង​លិច ឆៀង​​ខាង​ជើង រាជធានី​ភ្នំពេញ ស្ថិត​នៅ​ចន្លោះ​ខណ្ឌ​ព្រែកព្នៅ និង​ខណ្ឌ​សែន​សុខ និង​​មាន​​ភូមិ​ចំនួន​១៩​ ព័ទ្ធ​ជុំវិញ​បឹង គឺ ភូមិ​ព្រែក​ព្នៅ ភូមិ​សំរោង​ត្បូង ភូមិ​អន្លង់​ក្ងាន ភូមិ​ធំ​ត្បូង ភូមិ​បឹង​ធំ ភូមិ​ព្រៃ​ពង្រ ភូមិ​៤​មុខ ភូមិ​វែង ភូមិ​ស្វាយ​ឧត្ដម​ ភូមិ​ត្រពាំង​ទទឹង ភូមិ​ថ្នល់​បន្ទាយ ភូមិ​កន្ទ្រង់ ភូមិ​ត្រពាំង​រនៀម ភូមិ​កោះ​រងៀង ភូមិ​ព្រៃ​ស្វាយ ភូមិ​ត្នោត​ខ្ពស់ ភូមិ​ត្រពាំង​អំពិល និង​ភូមិ​ចុង​ទួល។

ពលរដ្ឋ រស់​នៅ​ជុំវិញ​បឹង ប្រកប​របរ​ធ្វើ​ស្រែ រក​ត្រី ដាំដំណាំ និង​ខ្លះ​ជា​កម្មករ​រោងចក្រ។ ពលរដ្ឋ​ធ្លាប់​ប្រាប់​ថា តំបន់​​ជុំវិញ​បឹង នៅ​មិន​ទាន់​បាន​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ឡើយ​ទេ។ ក្រោយ​​ពេល​របប​ក្រុង​ភ្នំពេញ លុប​បឹង​កក់​ចោល​ទាំង​ស្រុង ផ្នែក​ខ្លះ​នៃ​បឹង​ត្របែក បឹង​ទំពន់ បឹង​ពោងពាយ បឹង​ជើង​​ឯក​ជាដើម បឹង​តា​មោក ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ក្លាយ​ជា​ទីតាំង​សម្រាប់​បង្ហូរ​ទឹក​ស្អុយ និង​ជា​កន្លែង​រំដោះ​ជំនន់​ទឹក​ភ្លៀង​ចេញ ពី​ភ្នំពេញ។ បច្ចុប្បន្ន​ ទឹក​បឹង​តា​មោក បាន​ប្រែ​ក្លាយ​ជា​​ពណ៌​ខ្មៅ ធំ​ក្លិន​ស្អុយ​ បែក​ពពុះ ​ហើរ​លើ​ថ្នល់​ព័ទ្ធ​ជុំវិញ​បឹង​។

ថ្វី​បើ​លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ បាន​សម្រេច​កាត់​​ដាក់​​ផ្ទៃ​បឹង​តា​មោក​ ទំហំ​ជាង​៣​ពាន់​ហិកតារ ប៉ុន្តែ​របប​នេះ ធ្លាប់​ចេញ​អនុក្រឹត្យ ២ដង​ហើយ ដើម្បី​អនុញ្ញាត​ឲ្យ​លុប​ផ្ទៃ​បឹង​ជិត ១០០​ហិកតារ​វិញ គឺ​លើកទី១ ​នៅ​ខែ​តុលា ឆ្នាំ២០១៨ សម្រេច​ឲ្យ​លុប​បឹង​ទំហំ ៤៥ហិកតារ​ទៅ​ឱ្យ​ឯកជន​ ដោយ​អះអាង​ថា ម្ចាស់​ដើម និង​លើក​ទី២ នៅ​ឆ្នាំ២០១៨​ ដដែល សម្រេច​ឲ្យ​លុប​ផ្ទៃ​បឹង​​ចំនួន ២០ហិកតារ​ ទៅ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​​អភិវឌ្ឍន៍​ជា​ផ្សារ និង​ចំណត​រថយន្ត ដែល​គ្រោង​រើ​ចេញ​ផ្នែក​ខ្លះ ពី​ផ្សារ​ដើម​គ នៅ​ខណ្ឌ​ទួល​គោក។

អ្នក​​លក់​ចេកចៀន​​ នៅ​ម្ដុំ​​ផ្សារ​ដើម​គ​ម្នាក់​ អ្នកស្រី ណឹប សឿន ប្រាប់​អាស៊ី​សេរី​ថា ក្រុម​អាជីវករ​រក​របរ​កំប៉ិច​កំប៉ុក មិន​ចង់​ឲ្យ​មាន​ការ​រើ​ផ្សារ​បន្លែ​ ឬ​ផ្លែ​ឈើ​ទេ ព្រោះ​ឆ្ងាយ​ ធ្វើ​ឲ្យ​អ្នក​លក់​ដូរ​បន្តិច​បន្តួច​គ្មាន​​លទ្ធភាព​ទៅ។ អ្នកស្រី ក៏​បារម្ភ​ថា ការ​លុប​ផ្ទៃ​បឹង​តា​មោក​ថែម​ទៀត អាច​​ធ្វើ​ឲ្យ​​រាជធានី​ភ្នំពេញ​បន្ត​រង​ជំនន់​ទឹក​ភ្លៀង​យូរ ហើយ​អ្នកស្រី ពិបាក​ក្នុង​ការ​លក់​ដូរ៖ « ពិបាក​ទាំង​អស់ ទាំង​អ្នក​លក់ និង​អ្នក​ទិញ។ អ្នក​លក់​ក៏​ពិបាក​លក់ អ្នក​ទិញ​ក៏​ពិបាក​ទិញ ព្រោះ​អ្វី​វា​នៅ​ឆ្ងាយ​ពី​គ្នា។ នរណា​គេ​ទៅ​ទិញ ហូប​ដី​២០​គីឡូ​ឆ្ងាយ​ពី​ក្រុង​អ៊ីចឹង។ គេ​មិន​ព្យាយាម​ទៅ​ទេ »

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ អះអាង​ថា បក្ស​មូលដ្ឋាន​ រក​ឃើញ​សកម្មភាព​ឡាន​ដឹក​ដី កំពុង​ចាក់​លុប​ផ្ទៃ​បឹង​តា​មោក​ជា​បណ្ដើរ​ៗ។ គណបក្ស​នេះ​​ សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី ក្នុង​​ការ​លួច​ចាក់​ដី​លុប​ផ្ទៃ​បឹង​ស្ងាត់ៗ នោះ ព្រោះ​អនុក្រឹត្យ​ឲ្យ​លុប ២០ហិកតារ ​មិន​ទាន់​បក​ស្រាយ​ច្បាស់ និង​មិន​ទាន់​​បញ្ជាក់​ថា ត្រូវ​លុប​ទីតាំង​ណា​​នៃ​ផ្ទៃ​បឹង​ឲ្យ​ប្រាកដ​ទេ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​អំពី​ករណី​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី និង​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី១២ មិថុនា ដោយ​សារ​មិន​ទទួល​ទូរស័ព្ទ។ តែ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១១ មិថុនា​ថា រដ្ឋសភា​ មិន​ទាន់​សម្រេច​ថា នឹង​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​មក​បំភ្លឺ​ករណី​នេះ អត់​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។