មន្ត្រីសង្គមស៊ីវិលស្នើឲ្យមានការអនុវត្តច្បាប់ម៉ឺងម៉ាត់ទៅលើជនសង្ស័យ ដែលរំលោភហើយសម្លាប់ក្មេងស្រីពីរនាក់នៅខេត្តកំពង់ឆ្នាំង។ មន្ត្រីសិទ្ធិមនុស្សថា ករណីរំលោភនេះ មានភាពធ្ងន់ធ្ងរ ដែលអ្នកច្បាប់មិនត្រូវបន្ធូរដៃឡើយ។
មន្ត្រីសង្គមស៊ីវិលយល់ថា បើមិនមានការអនុវត្តច្បាប់ម៉ឹងម៉ាត់លើករណីរំលោភហើយសម្លាប់ក្មេង ស្រីពីរនាក់នៅខេត្តកំពង់ឆ្នាំងទេ វានឹងធ្វើឲ្យមានករណីបែបនេះកើតឡើងញឹកញាប់ថែមទៀតនៅក្នុងសង្គមកម្ពុជា។ ជាងនេះទៅទៀត ពួកគេទាមទារឲ្យពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបន្ថែមទៀត ព្រមទាំងប្រជាពលរដ្ឋខ្លួនឯងត្រូវបង្កើន ការប្រុងប្រយ័ត្នក្នុងការការពារកូនស្រីរបស់ខ្លួន។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា និយាយថា ករណីរំលោភហើយសម្លាប់ក្មេងស្រីពីរនាក់នេះ បង្ហាញពីភាពអមនុស្សធម៌របស់ជនប្រព្រឹត្ត ខណៈកម្ពុជាកំពុងជួបវិបត្តិនយោបាយ បញ្ហាសីលធម៌សង្គមចាប់ផ្ដើមធ្លាក់ចុះដែលនេះជាសញ្ញាគួរអោយព្រួយបារម្ភ។
សង្គមស៊ីវិលរូបនេះស្នើស្ថាប័នតុលាការដាក់ទោសទណ្ឌលើជនល្មើសអោយសមស្របនឹងទង្វើរបស់របស់ពួកគេ៖ «យើងឃើញហើយថា សង្គមកម្ពុជាយើងហាក់ដូចជាចាប់ផ្ដើមមានការធ្លាក់ចុះសីលធម៌សង្គមខ្លាំងមែនទែន យើងសោកស្ដាយ ទន្ទឹមនឹងនេះ យើងឃើញថា មានការចាត់វិធានការលើជនសង្ស័យ យើងសង្ឃឹមថាសមត្ថកិច្ចនឹងបន្តនីតិវិធីនឹងធ្វើការផ្តន្ទាទោសតាមច្បាប់របស់កម្ពុជា»។
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ក្មេងស្រី២នាក់បងប្អូនបង្កើតត្រូវបានឃាតកសម្លាប់រួចញាត់ចូលក្នុងកេសខោអាវហើយយកទៅដាក់លើខ្ទមដែលជនរងគ្រោះស្នាក់នៅ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ក្រោយមកកម្លាំងនគរបាលខេត្តនេះបានឃាត់ខ្លួន និងសួរចម្លើយបុរសជាជនសង្ស័យ ហើយជននេះព្រមសារភាពនៅថ្ងៃទី២១ ខែតុលា ថា ខ្លួនជាជនប្រព្រឹត្ត។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដែលដឹកនាំក្រុមជំនាញចុះស៊ើបអង្កេតករណីនេះបានទេ នៅថ្ងៃទី២១ ខែតុលា។ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឡុច វណ្ណារ៉ា ប្រាប់សារព័ត៌មានក្នុងស្រុកថា នៅថ្ងៃទី២១ ខែតុលា ថា ជនសង្ស័យជាអ្នកជិតខាងក្មេងស្រីរងគ្រោះ។ លោកបន្តថា ជនសង្ស័យបានសារភាពថា ខ្លួនបានឡើងលើផ្ទះជនរងគ្រោះដើម្បីរំលោភក្មេងស្រីជាបង ហើយក្មេងស្រីជាប្អូនបានឃើញដោយសង្ស័យខ្លាចបែកការក៏សម្លាប់ក្មេងទាំងពីរនាក់នោះតែម្ដង។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ និយាយថា បើទោះជាពេលនេះសមត្ថកិច្ចចាប់បានជនសង្ស័យដែលសារភាពទៅហើយក្តី ប៉ុន្តែលោកទាមទារឲ្យមានការស្រាវជ្រាវនិងស៊ើបអង្កេតឲ្យគ្រប់ជ្រុងជ្រោយ។ លោក សន ជ័យ លើកឡើងបែបនេះព្រោះលោកកត់សម្គាល់ឃើញថា ការសួរចម្លើយរបស់សមត្ថកិច្ចកន្លងមកគឺតែងប្រើវិធីបង្ខំដើម្បីទទួលបានចម្លើយ៖ «រឿងសំខាន់គឺយើងចង់ឲ្យមានការស៊ើបអង្កេតឲ្យគ្រប់ជ្រុងជ្រោយដើម្បីជៀសវាងការដែលចាប់មនុស្សខុស»។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឡុច វណ្ណារ៉ា អោយដឹងថា សមត្ថកិច្ចបានហៅម្តាយមីង និងឪពុកមា របស់ក្មេងស្រីរងគ្រោះ និងជនសង្ស័យទៅសួរនាំ។ ប៉ុន្តែក្រោយការស្រាវជ្រាវឪពុកមា និង ម្តាយមីងរបស់ក្មេងស្រីរងគ្រោះមិនពាក់ព័ន្ធនោះទេ។ ចំណែកជនសង្ស័យមុនដំបូងបានប្រកែកមិនព្រមសារភាពនោះទេ លុះដល់មានកាប្រើប្រាស់សមត្ថកិច្ចជំនាញទើបជនសង្ស័យ យល់ព្រមសារភាព។ ទោះជាយ៉ាងណា សង្គមស៊ីវិលទទូចអោយសមត្ថកិច្ចស៊ើបអង្កេតរកភស្តុតាងដែលស៊ីសង្វាក់ទោះមានចម្លើយសារភាពក៏ដោយចុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។