ត្រី​មេ​ពូជ​ពង​កូន​ធំៗ​ជាច្រើន​ត្រូវ​បាន​គេ​នេសាទ​និង​ដាក់​លក់​ក្នុង​ផ្សារ​នៃ​ខេត្តស្ទឹងត្រែង​នៅ​រដូវ​បិទ​នេសាទ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​រង​ការ​ចោទ​ថា បណ្តែតបណ្តោយ​ឱ្យ​អ្នកនេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ទ្រង់ទ្រាយ​ធំ នៅ​តាម​ដង​ទន្លេ​មេគង្គ ឋិត​ក្នុងភូមិ​សាស្ត្រ​ខេត្ត​នេះ ផ្ទុយ​ពី​បម្រាម​របស់​រដ្ឋាភិបាល។ ចំណែក​ការ​ចរាចរ និង​ការ​តាំង​លក់​ត្រី​មេ​ពូជ​ពង​កូន​ធំៗ នៅ​ផ្សារ​សាមគ្គី ក្រុង​ស្ទឹងត្រែង ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំនេះ ក៏​កំពុង​កើត​មាន​ច្រើន​ដែរ។

ត្រី​មេ​ពូជ​ជាច្រើន​ប្រភេទ​ដែល​ច្រាល​ឡើង​នៅ​ខែ​វស្សា​នេះ ប្រឈម​នឹង​ការ​បាត់បង់ ដោយសារ​អ្នកនេសាទ​រាប់​រយ​នាក់ បាន​ប្រើ​ទូក ពង្រាយ​មង​បិទ​ខ្ទប់​ទន្លេ រារាំង​ការ​បន្លាស់​ទី​របស់​ត្រី​ទាំងនោះ​ទៅ​រក​កន្លែង​ពង​កូន។

ទូក​អ្នកនេសាទ​ទាំងនេះ បាន​ពង្រាយ​មង រាប់​រយ​ម៉ែត្រ នៅ​តាម​ដង​ទន្លេមេគង្គ មុខ​កោះ​ស្រឡាយ រហូត​ទល់​កោះ​សំពាយ ស្រុក​សៀមបូក និង​ផ្នែក​ខ្លះទៀត ពង្រាយ​តាម​ដង​ទន្លេមេគង្គ និង​ទន្លេសេកុង ក្នុង​ក្រុង​ស្ទឹងត្រែង ដោយ​គ្មាន​អាជ្ញាធរ​ណា ទប់ស្កាត់​នៅឡើយ​ទេ។

ប្រជា​សហគមន៍​នេសាទ​ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង លោក លី វិចិត្រ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត គួរ​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ទាំងនេះ ឱ្យ​ទាន់​ពេល ដើម្បី​សុវត្ថិភាព​ត្រី​មេ​ពូជ​ពង​កូន ។ លោក​ថា បើ​ទោះបីជា រដូវ​បិទ​នេសាទ​ក្តី ក៏​ការ​ចរាចរ​ត្រី និង​ការ​តាំង​លក់​ត្រី​មេ​ពូជ​ធំៗ ពង​កូន ក្នុង​ទីផ្សារ​ខេត្តស្ទឹងត្រែង នៅតែ​បន្ត​កើតមាន​ច្រើន ធ្វើ​ឱ្យ​ទិន្នផល​ត្រី​បន្ត​ថយ​ចុះ។

លោក លី វិចិត្រ៖ «យើង​បិទ​មិន​បាន​ពេញលេញ​តែម្តង ដោយសារ​មន្ត្រី​ជលផល គាត់​ថា កម្លាំង​គាត់​តិច មន្ត្រី​បរិស្ថាន​ក៏​តិច ការ​បិទ​នៅ​មិនទាន់​ពេញលេញ វា​ចេញ​តែ​លួច​បណ្តែត​មង​នៅពេល​យប់​។ ព្រោះ​នៅ​ស្ទឹងត្រែង​មាន​វិសាលភាព​ច្រើន ៤​ទន្លេ»។

មង​អ្នកនេសាទ​ភាគច្រើន​ជា​របស់​ជនជាតិ​វៀតណាម និង​ជនជាតិ​ចាម មាន​ប្រវែង​ចាប់ពី ២០០​ម៉ែត្រ​ទៅ ៣០០​ម៉ែត្រ ជម្រៅ ៨​ម៉ែត្រ ទៅ​ជាង ១០​ម៉ែត្រ ត្រូវ​គេ​ដាក់​នៅ​តំបន់​ដែល​ត្រី​មេ​ពូជ​ច្រាល​ឡើង​​រក​កន្លែង​ពង​កូន តាម​ដង​ទន្លេ​សេកុង និង​ទន្លេ​មេគង្គ​។ បន្ថែម​ពី​នេះ​ទៀត ត្រី​ដែល​អ្នក​នេសាទ​ចាប់​បាន​មាន​ទំហំ​ពី​ជាង ១​គីឡូ ដល់​ជាង ១០​គីឡូ ដោយ​ភាគច្រើន ជា​ត្រី​ព្រួល និង​ត្រី​ក្អែក ជាដើម។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង លោក មី សុកប យល់​ថា អាជ្ញាធរ​មិន​គួរ​បណ្តែតបណ្តោយ​ឱ្យ​អ្នក​នេសាទ ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ដើម្បី​ចាប់​ត្រី​ពង​កូន​ធំៗ លក់​ដោយ​សេរី​នោះ​ទេ​។ លោក​ថា ភាព​ធូរ​រលុង​ការ​អនុវត្ត​ច្បាប់​នេសាទ បាន​គំរាមកំហែង​ធ្ងន់ធ្ងរ ដល់​ការ​បង្ក​កំណើត​របស់​ត្រី។

លោក មី សុកប៖ «យើង​មិន​គួរ​បណ្តោយ​ឱ្យ​ពលរដ្ឋ​នេសាទ​យក​សម្បត្តិ​ធម្មជាតិ គេ​ហាមឃាត់​មក​ដាក់​លក់។ សំខាន់​អាជ្ញាធរ​មិន​គួរ​បណ្ដោយ​ឱ្យ​សកម្មភាព​ហ្នឹង​កើតឡើង»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី១ មិថុនា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។ ចំណែក​អ្នកនាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ក៏​វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

កន្លងទៅ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​អំពាវនាវ​ឱ្យ​ប្រជា​នេសាទ​បញ្ឈប់​ជាបន្ទាន់ រាល់​ការ​ប្រើប្រាស់​ឧបករណ៍​ឆក់ បំពុល និង​គ្រឿងផ្ទុះ ដែល​ជា​ឧបករណ៍​នាំ​ឱ្យ​វិនាស​ធនធាន​ជលផល។ អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ ពលរដ្ឋ​ប្រើ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ មាន​ដូចជា លប សំណាញ់ សន្ទូច​ផ្លែ​មួយ អង្រុត ទ្រូ កញ្រ្ចែង​ដង​ត្រី និង​ឧបករណ៍​មួយ​ចំនួន​ទៀត ដែល​ច្បាប់​អនុញ្ញាត សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

ជុំវិញ​រឿង​នេះ នាយក​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី​លោក លាង ប៊ុនលាភ ពន្យល់​ថា លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី​មេ​ពូជ តែង​សម្ងំ​ក្នុង​អន្លង់​អភិរក្ស​ទឹក​ជ្រៅ និង​រូង​ថ្ម ហើយ​នៅ​ពេល​រដូវ​ពង​កូន វា​ច្រាល​មក​តំបន់​ព្រៃ​លិច​ទឹក និង​ឫស​ឈើ​ជាដើម ដើម្បី​រក​កន្លែង​កាច់​សំបុក​ពង​កូន​បង្ក​កំណើត​។ លោក​បារម្ភ​ថា នៅ​ពេល​ដែល​ត្រី​ច្រាល​ឡើង រក​កន្លែង​ពង​កូន អ្នកស្រុក​សម្រុក​ចាប់​ត្រី​ទាំងនោះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទិន្នផល​ត្រី។

លោក លាង ប៊ុនលាភ៖ «ត្រី​៤ គីឡូ ៥ គីឡូ យើង​វា​មក​ទៀត វា​ធ្វើ​ឱ្យ​អន្តរាយ​ដល់ រាប់​ម៉ឺន​ត្រី ដែល​ត្រូវ​បាត់បង់។ រឿង​សំខាន់​យើង​ដឹង​ថា ត្រី​មាន​ការ​ចរាចរ​ហើយ យើង​ត្រូវ​សួរ​ប្រភព​ទិញ​មក​ពី​ណា យើង​ត្រូវ​រួមគ្នា​ដោះស្រាយ ឱ្យ​ត្រី​ហ្នឹង​ផុត​អន្តរាយ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ផ្តល់​ទស្សនៈ​ថា អាជ្ញាធរ​ត្រូវ​ផ្សព្វផ្សាយ​ពី​ច្បាប់​ជលផល​ឱ្យ​បាន​ទូលំទូលាយ ហើយ​ប្រជា​សហគមន៍​មូលដ្ឋាន ត្រូវ​ព្យាយាម​តាមដាន បទល្មើស​នេសាទ និង​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បាន​ប្រកាស​បិទ​ដែន​នេសាទ​ចាប់ពី​ថ្ងៃទី​១ ឧសភា ដល់​ថ្ងៃទី​៣០ កញ្ញា ដើម្បី​ការពារ​ត្រី​មេ​ពូជ​អំឡុង​ពេល​ពង​កូន។ ក្នុង​អំឡុង​ពេល​បិទ​នេះ មិន​អនុញ្ញាត​ឱ្យ​មាន​ការ​នេសាទ ដោយ​ឧបករណ៍​មង​គ្រប់​ប្រភេទ ដើម្បី​ការពារ​ត្រី​មេ​ពូជ កំពុង​បង្ក​កំណើត។ ចំណែក ឧបករណ៍ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ក្នុង​រដូវ​បិទ​នេសាទ​ឡើយ។

កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៣ បណ្ដាញ​យុវជន​កម្ពុជា (CYN) បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ រក​ឃើញ​ថា កត្តា​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​ការប្រព្រឹត្ត​អំពើពុករលួយ និង​កង្វះ​សម្ភារៈ​ទំនើប​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ បាន​ក្លាយជា​ក្តី​បារម្ភ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​កិច្ចការ​អភិរក្ស​ក្នុង​តំបន់​ទន្លេ​មេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។