ពលករខ្មែរមួយចំនួនប្រតិកម្មតបចំពោះមេដឹកនាំរបបក្រុងភ្នំពេញ ដែលព្រមានលុបកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស។ ពួកគេថា លោក ហ៊ុន សែន ជាមេដឹកនាំខ្វះការ ទទួលខុសត្រូវ និងគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន ព្រមានលុបចោលកិច្ចព្រមព្រៀងបញ្ជូនពលករទៅក្រៅប្រទេស ទំនងជាដោយសារលោកខឹងនឹងពលករដែលមិនគាំទ្រការដឹកនាំរបស់លោក។
ពលករនៅក្រៅប្រទេសលើកឡើងថា ពាក្យសម្ដីរបស់លោក ហ៊ុន សែន ហាក់ដូចជាមិនបានគិត ដល់ពលករដែលរងគ្រោះនោះទេ ប៉ុន្តែចង់បានតែផលប្រយោជន៍នយោបាយពីប្រជាពលរដ្ឋ។
ពលករខ្មែរនៅប្រទេសថៃមួយរូបអ្នកស្រី សុខុម រៀបរាប់ថា អ្នកស្រី បានចាកចេញពីស្រុកកំណើត ទៅធ្វើការនៅប្រទេសថៃជិត២០ឆ្នាំហើយ ដោយសារតែតម្លៃកសិផលនៅប្រទេសកម្ពុជាចុះថោក ហើយ ពិបាករកការងារធ្វើសម្រាប់ចិញ្ចឹមជីវិត។ ពលកររូបនេះ បន្តថា អ្វីដែល លោក ហ៊ុន សែន លើក ឡើង គឺមិនបានគិតអំពីសុខទុក្ខរបស់ពលករនោះទេ គឺគិតតែអំណាចនិងផលប្រយោជន៍ផ្ទាល់ខ្លួន ចង់និយាយអ្វីចង់ធ្វើអ្វីតាមតែអំពើចិត្ត។ អ្នកស្រី សុខុម យល់ថា មូលហេតុដែលលោក ហ៊ុន សែន បញ្ជូនពលករទៅប្រទេស ព្រោះតែលោក ហ៊ុន សែន ជាមេដឹកនាំគ្មានសមត្ថភាពមិនអាចអភិវឌ្ឍន៍ ប្រទេសឱ្យរីកចម្រើនមានការងារធ្វើសម្រាប់ពលរដ្ឋគ្រប់គ្រាន់។ ស្ត្រីពលកររូបនេះ បន្ថែមទៀតថា ពលករខ្មែរសព្វថ្ងៃ គ្មានសំណាង ដូចពលករប្រទេសគេនោះទេ ព្រោះពលករខ្មែរវេទនា តាំងពីមុន ពេលបានមកធ្វើការម្ល៉េះ ដូចជាត្រូវចំណាយលុយច្រើន ក្នុងការធ្វើឯកសារផ្សេងៗ និងពេលបាន ធ្វើការ គឺប្រឈមនឹងការធ្វើបាប និងការចាញ់បោកក្រុមហ៊ុន ហើយមន្ត្រីរដ្ឋាភិបាល មិនសូវយក ចិត្តទុកដាក់ជួយដោះស្រាយបញ្ហាទាំងនេះឡើយ។ «»
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានព្រមានលុបចោលកិច្ច ព្រមព្រៀងបញ្ជូនពលករទៅក្រៅប្រទេស ក្រោមហេតុផលថា រដ្ឋាភិបាលលោក មិនទទួលបានការដឹងគុណនោះទេ បែរជាទទួលបានបណ្ដាសាទៅវិញ ដោយពលករចាត់ទុកថា រាជរដ្ឋាភិបាលបញ្ជូនពលរដ្ឋខ្លួនឯងឱ្យទៅធ្វើខ្ញុំគេ និងថែមទាំងមានបំណងវិលចូលកម្ពុជាជាមួយមេបក្សប្រឆាំងបណ្ដេញលោកចេញពីអំណាចថែមទៀត។ លោក ហ៊ុន សែន ឱ្យដឹងដែរថា លោក នឹង ធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃ២៤ ខែវិច្ឆិកា ខាងមុខ ដើម្បីទៅជួបជាមួយពលករខ្មែរនៅទីនោះ ហើយលោកនឹងពន្យល់ពលករឱ្យយល់ច្បាស់អំពីអ្វីដែលជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ «»
មេដឹកនាំដែលកាន់អំណាចជិត ៤០ឆ្នាំរូបនេះ តែងតែសរសើរខ្លួនឯងម្ដងហើយម្ដងទៀតថា លោកបានប្រឹងប្រែងជួយរកការងារជូនពលរដ្ឋតាមរយៈការងារចំណាកស្រុកនេះ ហើយបញ្ហាចំណាកស្រុកនេះ មិនមែនតែពលរដ្ឋខ្មែរនោះទេ ពោលគឺប្រជាពលរដ្ឋប្រទេសដទៃក៏ធ្វើចំណាកស្រុកដែរ។
ពលករខ្មែរនៅប្រទេសកូរ៉េមួយរូប គឺលោក ព្រហ្ម រ័ត្ន ឆ្លើយតបថា គ្មានអ្នកណាចង់បែកបាក់គ្រួសារនោះទេ ប៉ុន្តែដោយសារកត្តាជីវភាព ជាប់បំណុលធនាគារ នៅស្រុកកំណើតគ្មានមុខរបរ ឬប្រាក់ឈ្នួលទាប ហើយធ្វើស្រែចម្ការ គ្មានទីផ្សារសម្រាប់លក់កសិផល ទើបពលរដ្ឋបង្ខំចិត្តធ្វើចំណាក ស្រុក។ លោកយល់ថា លោក ហ៊ុន សែន មិនគួរមានមោទនភាពរឿងបញ្ជូនពលករទៅក្រៅប្រទេស នោះទេ គួរតែមានភាពខ្មាសអៀនប្រទេសជិតខាងដែលមានលទ្ធភាពបង្កើតការងារសម្រាប់ប្រជា ពលរដ្ឋខ្មែរ។ ពលកររូបនេះ បន្តថា លោក ហ៊ុន សែន គួរតែយកគំរូតាមប្រទេសទាំងនោះ មិនមែន ដឹកនាំប្រទេសបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស ដើម្បីរក្សាអំណាចខ្លួនឯង បណ្ដាលឱ្យ សហគមន៍អន្តរជាតជាពិសេសសហភាពអឺរ៉ុប ត្រៀមផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលអាចធ្វើឱ្យ ប៉ះពាល់និងបាត់បង់ការងារកម្មករកាត់ដេរ និងកសិករខ្មែរពេញប្រទេសនោះទេ។ «»
លោក ព្រហ្ម រ័ត្ន មិនជឿថា លោក ហ៊ុន សែន ហ៊ានលុបកិច្ចព្រមព្រៀងបញ្ជូនពលករនោះទេ ព្រោះ លោក ហ៊ុន សែន គ្មានសមត្ថភាពបង្កើតការងារក្នុងស្រុកសម្រាប់ពលរដ្ឋ ហើយលោក ហ៊ុន សែន ដឹងថា នៅពេលពលរដ្ឋវិលចូលស្រុកទាំងអស់គ្នាវិញ គឺ អំណាចរបស់លោក ក៏មិនអាចគង់វង្សដែរ។
ចំណែក ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន វិញ ទទួលស្គាល់ថា ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដូចជានៅកូរ៉េ និងជប៉ុនជាដើម គឺបានផ្ដល់ផលប្រយោជន៍មួយចំនួនដល់ជាតិ និងគ្រួសាររបស់ពលករម្នាក់ៗ ប៉ុន្តែលោក ហ៊ុន សែន ក៏ត្រូវទទួលស្គាល់ដែរថា លោកជាមេដឹកនាំដែលគ្មានសមត្ថភាពបង្កើតការងារសម្រាប់ពលរដ្ឋនៅក្នុងប្រទេស និងបញ្ជូនពលរដ្ឋឱ្យទៅធ្វើខ្ញុំគេនៅបរទេស ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិផងដែរ។ «»
លោក យឹម ស៊ីណន ថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែវិច្ឆិកា លោកបានត្រៀមដឹកនាំពលករធ្វើបាតុកម្ម ទាមទារឱ្យលោកហ៊ុន សែន ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីបញ្ចៀសការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សហភាពអឺរ៉ុប។ «»
តួលេខរបស់ក្រសួងការងារឱ្យដឹងថា ពលករខ្មែរដែលកំពុងធ្វើការនៅបរទេស មានជាង១ លាន ២ សែននាក់ ហើយបាននាំចំណូលមកស្រុកខ្មែរជាង ២ពាន់ ៣រយលានដុល្លារ ក្នុងឆ្នាំ២០១៨។ ក្រសួងអះអាងទៀតថា ក្រៅពីថវិកា ពលករខ្មែរក៏ទទួលបានមុខជំនាញវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។
ដោយឡែក តាមការប៉ាន់ស្មានក្រៅផ្លូវការរបស់មជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ (CENTRAL) ចំនួនពលករខ្មែរដែលកំពុងធ្វើការនៅបរទេស មានជាង ២លាននាក់ ដែលក្នុងនោះជិត ២លាននាក់ កំពុងធ្វើការងារនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់។
អ្នកសម្របសម្រួលអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការស្វែងរកការងារជូនពលរដ្ឋ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ហើយការដែលពលរដ្ឋរិះគន់រដ្ឋាភិបាល និងមាននិន្នាការគាំទ្រគណបក្សនយោបាយផ្សេងៗគឺជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូបដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។ លោក ឃុន ថារ៉ូ យល់ថា រដ្ឋាភិបាល មិនគួរបញ្ចេញប្រតិកម្មតបតបែបនេះនោះទេ ប៉ុន្តែគួរតែពិនិត្យ និងបំពេញចំណុចខ្វះខាតរបស់ខ្លួន ដែលនាំឱ្យពលករមិនពេញចិត្តដូចជាភាពអសកម្មរបស់មន្ត្រីស្ថានទូតប្រចាំនៅប្រទេសរបស់ពួកគេធ្វើការ និងរកវិធីជួយជ្រោមជ្រែងពលករពេលចប់ អាណត្តិការងារ នៅក្រៅប្រទេស។ «»
លោក ឃុន ថារ៉ូ កត់សម្គាល់ថា មូលហេតុដែលគណបក្សកាន់អំណាចបាត់បង់ការគាំទ្រពីពលករ នៅក្រៅប្រទេស អាចដោយសារតែពលករទាំងនោះ បានឃើញប្រទេសដែលពួកគេកំពុងរស់នៅ និងធ្វើការមានប្រជាធិបតេយ្យ និងមានការគោរពសិទ្ធិមនុស្សពេញលេញ ហើយរដ្ឋាភិបាលប្រទេស ទាំងនោះ យកចិត្តទុកដាក់គ្រប់បែបយ៉ាងទាំងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់ពលរដ្ឋរបស់ខ្លួន ខុសឆ្ងាយពីរដ្ឋាភិបាលខ្មែរ។ «»
សកម្មជនសិទ្ធិការងាររូបនេះ ទទួលស្គាល់ថា ប្រទេសណាក៏មានពលករទៅធ្វើការនៅប្រទេសគេផ្សេងៗដែរ ប៉ុន្តែពលករប្រទេសគេមិនមែនធ្វើចំណាកស្រុកដោយបង្ខំចិត្តឡើយ គឺជាជម្រើស ហើយប្រជាពលរដ្ឋគេទៅធ្វើការក្នុងឋានៈជាពលករជំនាញ ឬអ្នកគ្រប់គ្រងខុសឆ្ងាយពីពលរដ្ឋខ្មែរដែលធ្វើការនៅក្រៅប្រទេសក្នុងឋានៈជាពលករប្រើកម្លាំង និងទទួលបានប្រាក់ខែទាប ហើយងាយរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។