សារ​ពី​វិទ្យុ​អាស៊ី​សេរី (Radio Free Asia) ក្នុង​​ទិវា​ខួបលើកទី ២៥ឆ្នាំ នៃ​​ការ​បង្កើត​ស្ថាប័ន​នេះ​

0:00 / 0:00

រយៈពេល ២៥ឆ្នាំមកនេះ វិទ្យុ​អាស៊ី​សេរី​កាន់​តែ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​រាប់​លាន​នាក់ ដែល​គាំទ្រ​ចង់​បាន​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ ការ​ទទួល​ខុស​ត្រូវ និង​ផ្តល់​អំណាច​ដល់​អ្នក​ស្ដាប់

ថ្ងៃ​ទី២៩ កញ្ញា គឺជាខួបលើកទី ២៥ឆ្នាំហើយ នៃ​ការ​បង្កើត​ស្ថាប័ន​វិទ្យុ​អាស៊ី​សេរី ( Radio Free Asia) ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក។

វិទ្យុ​អាស៊ី​សេរី បាន​ចាប់​ផ្ដើម​ផ្សាយ​ជា​លើក​ដំបូង​ជា​ភាសា​ចិន កុកងឺ (Mandarin-language) នៅ​ថ្ងៃ​ទី២៩ ខែកញ្ញា ឆ្នាំ១៩៩៦។ មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ១៩៩៧ វិទ្យុ​អាស៊ី​សេរី បាន​ចាប់​ផ្ដើម​កម្មវិធី​ផ្សាយ​ជា​ភាសា​ខ្មែរ ។

ប្រធាន​វិទ្យុ​អាស៊ី​សេរី អ្នកស្រី ប៊េ ហ្វាង (Bay Fang) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី២៩ កញ្ញា​ថា" យើង​អបអរ​ខួប ២៥ ឆ្នាំ​នៃ​ការ​បង្កើត​ស្ថាប័ន​វិទ្យុ​អាស៊ី​សេរី។ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ យើង​បាន​ឃើញ​នូវ​ការ​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ និង​បច្ចេកវិទ្យា​ ដែល​បាន​កែប្រែ​អំពី​របៀបរបប​ដែល​យើង ប្រាស្រ័យ​ទាក់ទង​គ្នា របៀប​ដែល​យើង​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក និង​អំពី​របៀបរបប ដែល​យើង​ចែក​រំលែក​ព័ត៌មាន។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នកស្រី បន្ថែម​ថា ក្រៅ​ពី​នេះ យើង​ក៏​ឃើញ​មាន ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដ៏​ស្មុគស្មាញ​ដែរ ។ ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​សារ​ព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក ដោយសារ​តែ​របប​ផ្ដាច់ការ និង​តួអង្គ និយាយ​បង្កាច់​បង្ខូច​ដទៃ​ទៀត​បាន​ផ្លាស់ប្ដូរ និង​កែប្រែ​មុខមាត់​របស់​ពួក​គេ ទៅ​តាម​ពេល​វេលា»

អ្នកស្រី​សង្កាត់​ធ្ងន់​ថា បញ្ហា​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ និង​វិជ្ជាជីវៈ​របស់​វិទ្យុ​អាស៊ី​សេរី​កាន់​តែ​មាន​សារ​សំខាន់​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ដែល​គាំទ្រ​យើង ដែល​ជា​ស្ថាប័ន​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​ផ្តល់​អំណាច​ដល់​អ្នក​ស្ដាប់/ទស្សនា​របស់​យើង។

សព្វ​ថ្ងៃ​នេះ វិទ្យុ​អាស៊ី​សេរី​បាន​ជួយ​ដល់​អ្នក​ស្ដាប់ និង​ទស្សនា ប្រមាណ​ជា ៦លាន​នាក់ (៥៩,៨លាន​នាក់) ជា​រៀងរាល់​សប្ដាហ៍ ឱ្យ​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ គ្មាន​ការ​រឹតត្បិត និង​កម្មវិធី​ព័ត៌មាន​វប្បធម៌ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​មួយ​ចំនួន​រាំង​ខ្ទប់ ឬ​មិន​អើពើ។

គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៦ មក វិទ្យុ​អាស៊ី​បាន​ផ្សាយ​ភាសា​ជា​ច្រើន​ទៀត គឺ​មាន ៩ភាសា ដូច​ជា ភាសា​ទីបេ (Tibetan) កូរ៉េ (Korean) ភូមា (Burmese) វៀតណាម (Vietnam) ខ្មែរ (Khmer) ឡាវ (Lao) ចិន​កន្តាំង (Cantonese) អ៊ុយហ្គ័រ (Uyghur) និង​ចិន​កុកងឺ (Mandarin)។ យើង​បាន​ផ្សាយ​ដល់​អ្នក​ស្ដាប់ នៅ​ប្រទេស​ចិន កូរ៉េ​ខាង​ជើង និង​អាស៊ី​អាគ្នេយ៍ ដែល​ជា​តំបន់​មាន​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាក្រក់​បំផុត​ក្នុង​ពិភពលោក។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ វិទ្យុ​អាស៊ី​សេរី​បាន​ពង្រីក​វិសាលភាព​ផ្សព្វផ្សាយ​បន្ត​តាម​ប្រព័ន្ធ​អនឡាញ ដូចជា BenarNews and WHYNOT/WAINAOជា​ដើម ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​បង់ក្លាដេស (Bangladesh) ឥណ្ឌូនេស៊ី (Indonesia) ថៃ (Thailand) ម៉ាឡេស៊ី (Malaysia) និង ហ្វីលីពីន (Philippines) ព្រម​ទាំង​យុវជន​និយាយ​ភាសា​ចិន​នៅ​ទូទាំង​ពិភពលោក។ វិទ្យុ​អាស៊ី​សេរី​មាន​អ្នក​គាំទ្រ​ចំនួន ៣០លាន​នាក់ នៅ​លើ​បណ្ដាញ​សង្គម និង​អ្នក​ចូល​ទស្សនា​វីឌីអូ ក្នុង​ឆ្នាំ២០២១ នេះ មាន​ជាង ២ពាន់ ៨រយ​លាន​ដង (២,៨ប៊ីលលាន​ដង)។

នា​ឱកាស​ខួប​លើក​ទី ២៥ឆ្នាំ នៃ​ការ​បង្កើត​ស្ថាប័ន​វិទ្យុ​អាស៊ី​សេរី​នេះ ក៏​មាន​សមាជិក​ព្រឹទ្ធសភា និង​តំណាង​រដ្ឋាភិបាល​អាមេរិក បាន​ចូលរួម​ក្នុង​កម្មវិធី​អបអរ​សាទរ​នេះ​ដែរ៕