អ្នក​ជំនាញ៖ កសិករ​មាន​ជីវភាព​ប្រសើរ​លុះត្រា​ស្រូវ​១​គីឡូ​១​ពាន់​រៀល

អ្នក​ជំនាញ​ខាង​កសិកម្ម បាន​រក​ឃើញ​ថា ការ​ពង្រីក​ចំណេះ​ដឹង តួនាទី​នៃ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ដល់​កសិករ ការ​ពង្រីក​សេវាកម្ម​ទីផ្សារ និង​សេវា​ផលិត​កសិកម្ម​ជា​កត្តា​មូលដ្ឋាន សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​លើក​កម្ពស់​ជីវភាព​កសិករ។ ម៉្យាង​វិញ​ទៀត ការ​ធ្វើ​កសិកម្ម​ចំណេញ លុះត្រា​តែ​ស្រូវ​មាន​តម្លៃ​យ៉ាង​ហោច​ណាស់ ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម។

0:00 / 0:00

មូលដ្ឋាន​ដែល​ធ្វើ​ឲ្យ​ជីវភាព​កសិករ​នៅ​ជនបទ​កាន់​តែ​មាន​ជីវភាព​ដុន​ដាប​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយសារ​តែ​អត្រា​ការ​ប្រាក់​ខ្ពស់ ឬ​អវត្តមាន​ឥណទាន​កសិកម្ម។ កត្តា​នេះ បាន​ជំរុញ​ឲ្យ​កសិករ​ភាគ​ច្រើន​ចូល​ចិត្ត​ទទួល​យក​ឥណទាន​ពី​អ្នក​រក​ស៊ី​ចង​ការ​ប្រាក់​នៅ​ក្នុង​មូលដ្ឋាន ព្រោះ​ប្រព័ន្ធ​នេះ​មាន​លក្ខណៈ​អនុគ្រោះ​ច្រើន មាន​ភាព​បត់​បែន និង​មិន​ទាមទារ​វត្ថុ​បញ្ចាំ​ទេ ប៉ុន្តែ​ការ​ប្រាក់​មាន​កម្រិត​ខ្ពស់​ជាង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ប្រមាណ​បី​ដង ដែល​តាម​ការ​ប៉ាន់ស្មាន ការ​ប្រាក់ ១០% ជា​មធ្យម​ក្នុង​មួយ​ខែ។

ទោះ​បី​ជា​អត្រា​ការ​ប្រាក់​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​មាន​កម្រិត​ទាប ប៉ុន្តែ​មាន​កត្តា​ជាច្រើន​រារាំង ដែល​កសិករ​មិន​អាច​ទទួល​កម្ចី​បាន គឺ​ទី​មួយ កង្វះ​របស់​ដាក់​ធានា​ជា​ឧបសគ្គ​ធំ​ជាង​គេ ទី​ពីរ ភាព​ងាយ​រងគ្រោះ​ខ្លាំង​របស់​កសិករ ទី​បី ហានិភ័យ​ខ្ពស់​នៃ​ការ​ខូចខាត​ផល​ដំណាំ។ ម៉្យាង​វិញ​ទៀត កសិករ​ក៏​ខ្វះខាត​ចំណេះ​ដឹង បច្ចេកទេស និង​ជំនាញ​ជា​សហគ្រិន ដើម្បី​ទទួល​បាន និង​ប្រើ​ប្រាក់​កម្ចី​ឲ្យ​មាន​ប្រសិទ្ធភាព​ដែរ។

ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា លោក ប៊ុន មុនី មាន​ប្រសាសន៍​ថា ចំណេះ​ដឹង​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​មីក្រូ​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ គឺ​ជួយ​លើក​កម្ពស់​ជីវភាព​គ្រួសារ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។ លោក ប៊ុន មុនី បញ្ជាក់​ទៀត​ថា ចំនួន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ដែល​ទំហំ​ទឹក​ប្រាក់​ដែល​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​អាច​ផ្ដល់​ប្រាក់​កម្ចី​បាន គឺ​មាន​ប្រមាណ​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​មាន​ប្រមាណ ៩០០​ការិយាល័យ ដែល​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន។

លោក ប៊ុន មុនី មាន​ប្រសាសន៍​បន្ថែម​ថា ការ​យល់​ដឹង​អំពី​តួនាទី​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ គឺ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ តាម​រយៈ​ការ​រៀបចំ​ផែន​ការ​អាជីវកម្ម​ឲ្យ​មាន​ច្បាស់​លាស់ និង​ការ​គ្រប់គ្រង​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ ទើប​អាច​ខ្ចី​ទុន​បាន ដើម្បី​ផ្លាស់​ប្ដូរ​ជីវភាព​គ្រួសារ​ឲ្យ​មាន​ភាព​រីក​ចម្រើន។ ផ្ទុយ​ទៅ​វិញ បើ​យើង​មិន​យល់​ច្បាប់​អំពី​ចរិត និង​តួនាទី​នោះ​ទេ យើង​អាច​នឹង​មាន​បំណុល​ច្រើន​ជាន់​គ្នា គ្មាន​លទ្ធភាព​សង ហើយ​អាច​បង្ក​ជា​បរាជ័យ​ក្នុង​អាជីវកម្ម​ទៅ​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ស្រាវជ្រាវ​នានា​បាន​រក​ឃើញ​ថា អ្នក​ប្រើប្រាស់​ឥណទាន គឺ​មិន​មែន​ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម​ទេ ប៉ុន្តែ​ពួក​គាត់​ប្រើ​ប្រាស់​ឥណទាន​សម្រាប់​គោល​ដៅ​ផ្សេង ដូច​ជា​ទិញ​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ ការ​ធ្វើ​ចំណាក​ស្រុក និង​ពង្រីក​ជំនួញ​ជាដើម។ យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) អំពី​ករណី​សិក្សា​លើ​ខេត្ត​តាកែវ បាន​បង្ហាញ​ថា មាន​កសិករ​ប្រមាណ ៧០% ចូល​ចិត្ត​ខ្ចី​ប្រាក់​ចន្លោះ​ពី ២៥០​ដុល្លារ ទៅ ១.៥០០​ដុល្លារ​អាមេរិក។

កង្វះ​ដើម​ទុន បាន​បង្ខំ​ឲ្យ​កសិករ​ទិញ​ជឿ​ពី​អ្នក​ផ្គត់ផ្គង់​នៅ​តាម​មូលដ្ឋាន ដែល​ត្រូវ​បង់​ការ​ប្រាក់​ដល់​ទៅ ៥% ក្នុង​មួយ​ខែ។ ការ​ចំណាយ​ខ្ពស់​លើ​ធាតុ​ចូល ដើម្បី​ផលិត​កសិកម្ម ថ្លៃ​អង្ករ​ឡើង​ចុះ​ខ្លាំង អត្រា​ការ​ប្រាក់​ខ្ពស់ និង​ភាព​ខ្វះ​សមត្ថភាព​ក្នុង​ការ​ទទួល​ប្រាក់​កម្ចី​កម្រិត​មធ្យម បាន​កាត់​បន្ថយ​ប្រាក់​ចំណេញ​របស់​កសិករ​ជិត​ពាក់​កណ្ដាល។ ប្រាក់​ចំណេញ​ដុល​របស់​ប្រាក់​កសិករ គឺ ២៧៧​ដុល្លារ​ក្នុង​មួយ​ហិកតារ សម្រាប់​ស្រូវ​វស្សា និង ៥៤០​ដុល្លារ សម្រាប់​ស្រូវ​ប្រាំង។ ប្រាក់​ចំណូល​បាន​មក​ពី​ការងារ​កសិកម្ម បង្ហាញ​ពី​ជីវភាព​មិន​សូវ​មាន​កម្រិត​ខ្ពស់​របស់​គ្រួសារ​កសិករ និង​សមត្ថភាព​នៅ​មាន​កម្រិត ក្នុង​ការ​ទប់ស្កាត់​ទៅ​នឹង​ភាព​ប៉ះ​ទង្គិច​ផ្សេងៗ។

ទាក់ទង​នឹង​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​នៅ​តាម​ជនបទ ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឬ​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា តម្រូវ​ការ​រស់នៅ​របស់​ប្រជា​កសិករ​រៀង​រាល់​ឆ្នាំ​មាន​ការ​កើន​ឡើង ដែល​តាម​ការ​ប៉ាន់​ស្មាន ស្ថានភាព​ចំណាយ​របស់​គ្រួសារ​នីមួយៗ​ជា​មធ្យម​ប្រមាណ ៨​លាន​រៀង​ក្នុង​មួយ​ឆ្នាំ ដើម្បី​ទទួល​បាន​ការ​រស់នៅ​សមរម្យ។

លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​បន្ថែម​ថា បច្ចុប្បន្ន​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​នៅ​តាម​ជនបទ​កាន់​តែ​ប្រឈម​ខ្ពស់ ដោយសារ​ផល​កសិកម្ម​ដែល​គាត់​ផលិត​មាន​តម្លៃ​កាន់​តែ​ទាប នៅ​ពេល​ដែល​ថ្លៃ​ដើម​ផលិតកម្ម​ចំណាយ​កាន់​តែ​ខ្ពស់។

លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​បន្ថែម​ថា ប្រភព​ទុន​ដែល​ជា​មូលដ្ឋាន​ផលិត​កសិកម្ម​របស់​ប្រជាជន​នៅ​តាម​ជនបទ មក​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ កម្ចី​ឯកជន និង​ការ​ខ្ចី​ពី​ក្រុម​សហគមន៍​សន្សំ​ប្រាក់​ក្នុង​ភូមិ។ លោក​បញ្ជាក់​ទៀត​ថា ដើម្បី​ឲ្យ​ប្រជា​កសិករ​ទទួល​បាន​ប្រាក់​ចំណេញ​កាន់​តែ​ច្រើន ឬ​ធ្វើ​ឲ្យ​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ ត្រូវ​មាន​យន្តការ​សេវាកម្ម​បី​សំខាន់ គឺ​ទី​មួយ ទាមទារ​សេវាកម្ម​ផលិត​កសិកម្ម​ដែល​ត្រូវ​នឹង​ទីផ្សារ​ចង់​បាន ទី​ពីរ សេវាកម្ម​ឥណទាន​កម្ម ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម​ឲ្យ​ទទួល​ផល​ចំណេញ និង​ទី​បី គឺ​សេវាកម្ម​ទីផ្សារ រួម​មាន​ព័ត៌មាន​ទីផ្សារ សម្របសម្រួល​ទីផ្សារ និង​ទំនាក់​ទំនង​ទីផ្សារ​ជាដើម ហើយ​សេវាកម្ម​ទាំង​បី​នេះ​ត្រូវ​ដើរ​ទៅ​ជាមួយ​គ្នា​ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម។

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​កសិកម្ម​បាន​រក​ឃើញ​ថា ការ​ធ្វើ​ស្រែ​ដើម្បី​ឲ្យ​កសិករ​ទទួល​បាន​ការ​រស់នៅ​សមរម្យ​នៅ​រយៈពេល​មធ្យម​ខាង​មុខ លុះត្រា​តែ​តម្លៃ​ស្រូវ​មាន​តម្លៃ​យ៉ាង​ហោច​ណាស់ ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។