មន្ត្រីសង្គមស៊ីវិលសម្ដែងក្តីបារម្ភខ្លាំង ពីសុខុមាលភាពរបស់ពលរដ្ឋកំពុងឋិតនៅភាពផុយស្រួយនៅឡើយ ក្រោយពីចំនួនជនរងគ្រោះពុលស្រាស្លាប់នៅខេត្តក្រចេះគិតត្រឹមថ្ងៃតី២១ តុលា បានកើនឡើង ៦នាក់ និង ៧៨នាក់ បញ្ជូនទៅសង្គ្រោះបន្ទាន់ដោយសង្ស័យពុលស្រាស។
សមាជិកគ្រួសារជនរងគ្រោះនៅភូមិដំរែ ឃុំបឹងចារ លោក សុខ ណា ឲ្យដឹងថា បងប្រុសរបស់លោកម្នាក់បានស្លាប់ កាលពីថ្ងៃទី២១ តុលា ដោយសង្ស័យថាពុលស្រាស ដែលពីអ្នកភូុមិផលិត និងចែកចាយនៅក្នុងមូលដ្ឋាន។ លោកបន្តថា មុនពេលស្លាប់ ជនរងគ្រោះមានអាការខុសប្រក្រតី ដូចជាថប់ដង្ហើម ក្អួតចង្អោរ ទន់ដៃជើង និងវិលមុខ។ លោកបន្ថែមថា ក្នុងចំណោមជនរងគ្រោះចំនួន ៦នាក់នោះ មានប្ដីប្រពន្ធស្លាប់ទាំងពីរនាក់។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ ប្រាប់កាសែតក្នុងស្រុកកាលពីថ្ងៃទី២០ តុលាថា ក្រុមមន្ត្រីជំនាញថ្នាក់ជាតិ និងថ្នាក់ខេត្ត បានចុះមូលដ្ឋានរកឃើញអ្នកពុលស្រា នៅក្នុងភូមិចំនួនបីទៀត ក្នុងឃុំបឹងចារ ស្រុកសំបូរ និងបានបញ្ជូនពលរដ្ឋទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ថែម។ លោកថា មន្ត្រីជំនាញនៅតែបន្តចុះអង្កេតទៅភូមិផ្សេងៗ ទៀត ដើម្បីឲ្យប្រាកដថា គ្មានករណីពុលស្រានៅកន្លែងដទៃទៀត។
អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា អង្កេតឃើញថា ករណីពុលស្រាសនេះ ពុំមែនកើតមានឡើងលើកទី១ ទេ ហើយអាជ្ញាធរហាក់មិនចាត់វិធានការម៉ឺងម៉ាត់ណាមួយ ឲ្យមានប្រសិទ្ធភាព ការពារសុខុមាលភាពពលរដ្ឋនោះឡើយ បង្កឲ្យពលរដ្ឋនៅតែជួបគ្រោះថ្នាក់ពុលស្រាស ដដែលៗ។
លោកបន្ថែមថា ពលរដ្ឋនៅជនបទ ទទួលទានស្រាស ជាលក្ខណៈប្រពៃណីទៅហើយ ដែលទាមទារឲ្យអាជ្ញាធរគួរតែត្រូតពិនិត្យមើលលក្ខណៈបច្ចេកទេស និងរកប្រភពមូលហេតុឲ្យបានច្បាស់លាស់ ដើម្បីរកមធ្យោបាយទប់ស្កាត់ កុំឲ្យករណីនេះកើតមានឡើងដដែលៗ៖ «មិនគួរកើតមានករណី ដដែលៗអ៊ីចឹងទេ អាជ្ញាធរគួរតែមានវិធានការណាមួយ ឲ្យច្បាស់លាស់ដើម្បីកុំឲ្យពលរដ្ឋចេះតែបន្តរងគ្រោះរបៀបនេះ។ ករណីនេះយើងឃើញ ការតាំងពីមុនមករហូតមកទល់ពេលនេះ អាជ្ញាធរមិនចាត់វិធានការច្បាស់លាស់ ថាតើមូលហេតុការស្លាប់ផ្ដោតលើអ្វីឲ្យច្បាស់លាស់»។
ក្រោយពីកើតមានបាតុភាពនេះ សមត្ថកិច្ចខេត្តក្រចេះ បានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែងនៅមូលដ្ឋាន និងស្រាវជ្រាវបន្តទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់។
ចាប់តាំងពីចុងឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននៅខេត្តក្រចេះ មានមនុស្សស្លាប់ជាង ៤០នាក់ និងជាង ៤០០នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីពលរដ្ឋពិសាស្រាស សាច់ឆ្កែដែលគេបំពុល ពុលត្រីកំពត ពុលទឹកក្រូច និងករណីពុលទឹកព្រែកទេរ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។