ការមិនអន្តរាគមន៍របស់រដ្ឋាភិបាលដែលប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារសេរី គឺបណ្ដាលមកពីអំពើពុករលួយច្បាប់នៅទន់ខ្សោយ ភាពអសមត្ថភាពរបស់រដ្ឋាភិបាល ការិយាធិបតេយ្យ រួមទាំងសម្ពាធពីអ្នកនយោបាយជាដើម។ បញ្ហាទាំងអស់នេះ បានជះឥទ្ធិពលលើការសម្រេចចិត្តលំអៀងរបស់រដ្ឋាភិបាល ដែលអនុគ្រោះដល់ក្រុមមួយ ច្រើនជាងក្រុមមួយទៀត។
ប្រទេសមួយដែលប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារសេរី ភាគច្រើនបានជំរុញកំណើនអភិវឌ្ឍន៍ខ្លាំងនៅក្នុងប្រទេស ការកាត់បន្ថយភាពក្រីក្រ និងការបែងចែកផលកំណើនប្រកបដោយសមភាព។ មានន័យថា ការបើកចំហដោយសេរីដោយអនុញ្ញាតឲ្យវិស័យឯកជនក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈអ្នកផលិតនិងអ្នកប្រើប្រាស់ ហើយរដ្ឋាភិបាលមិនត្រូវជ្រៀតជ្រែកក្នុងដំណើរការទីផ្សារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋ ឬប្រទេសមួយមិនមានឥទ្ធិពលអ្វីនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីឡើយ ដោយអ្វីទាំងអស់កើតឡើងទៅតាមយន្តការទីផ្សារតាមរយៈការប្រកួតប្រជែងដោយពេញលេញ។ លោក ហ៊ុន សែន បញ្ជាក់ទៀតថា ប្រទេសលើពិភពលោកទាំងអស់ តែងតែប្រកាន់យកសេដ្ឋកិច្ចនៅក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន មានប្រសាសន៍បន្ថែមថា ទាំងនេះជាក្រិតក្រមនៃសេដ្ឋកិច្ចទីផ្សារសេរី ដែលជំរុញឲ្យមានកំណើនសេដ្ឋកិច្ចតាមរយៈការប្រកួតប្រជែងដោយសេរី។
ក្រុមអ្នកអាជីវកម្មនៅកម្ពុជា បានអះអាងថា ការអនុញ្ញាតឲ្យវិស័យឯកជនធ្វើសកម្មភាពដោយឯករាជ្យ ដោយគ្មានការជ្រៀតជ្រែក ឬការរំខានពីរដ្ឋាភិបាល នឹងធ្វើឲ្យផ្នែកឯកជននោះកាន់តែខ្លាំង ដើម្បីចូលរួមកំណើននៅទំហំសេដ្ឋកិច្ចជាតិ។
អ្នកវិភាគអាជីវកម្ម និងស្ថាបនិកវិទ្យាស្ថាន វី ឃែភីថល (V Capital Institute) លោក ឌិន វីរៈ មានប្រសាសន៍ថា នៅក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី មានវិស័យខ្លះត្រូវមានការជ្រោមជ្រែងពីរដ្ឋាភិបាលនៅពេលវិស័យឯកជនខ្វះសមត្ថភាពក្នុងការគ្រប់គ្រង។
ទោះជាយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចរកឃើញថា ជាទូទៅយន្តការទីផ្សារមិនអាចធានាដើម្បីបែងចែកធនធានឲ្យប្រសើរសម្រាប់សង្គមនោះទេ ហើយក៏មិនរំពឹងថា ប្រព័ន្ធទីផ្សារ អាចសម្រេចបានដោយស្វ័យប្រវត្តិនោះទេ នូវសមភាពបែកចែកប្រាក់ចំណូលដែលជាក្ដីប៉ងប្រាថ្នារបស់សង្គម។
ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារមិនអាចកំណត់ប្រាក់ចំណូលដែលត្រូវបែងចែកទៅឲ្យគ្រួសារក្រីក្រនោះទេ ពីព្រោះការប្រកួតប្រជែងក្នុងទីផ្សារ អ្នកដែលមានទ្រព្យសម្បត្តិច្រើន និងអ្នកខ្លាំងជាអ្នកឈ្នះ ហើយទីបំផុតក្រុមនោះជាអ្នកដែលទទួលបានអត្ថប្រយោជន៍ច្រើនជាងអ្នកក្រីក្រ។
ដើម្បីកាត់បន្ថយអសមភាពក្នុងសង្គម រដ្ឋត្រូវមានឥទ្ធិពលទៅការបែកចែកធនធានសំដៅទប់ស្កាត់បញ្ហាសង្គម និងកែលំអប្រសិទ្ធភាពសេដ្ឋកិច្ច។ ជាការពិត ដើម្បីឲ្យផ្នែកឯកជនបំពេញបានតួនាទីរបស់ខ្លួនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ រដ្ឋចាំបាច់ត្រូវបង្កើតឡើងនូវក្របខ័ណ្ឌសមស្របមួយសម្រាប់អ្នកវិនិយោគិនក្នុងស្រុក និងបរទេស មានជំនឿចំពោះការវិនិយោគរបស់គេ។ ម៉្យាងវិញទៀត តួនាទីរបស់រដ្ឋមានសារសំខាន់ក្នុងការជំរុញឲ្យមានយុត្តិធម៌ក្នុងការប្រកួតប្រជែងតាមរយៈការទប់ស្កាត់មិនឲ្យមានអំពើរត់ពន្ធជាដើម។
ម៉្យាងវិញទៀត ភាពចាំបាច់ដែលរដ្ឋត្រូវអន្តរាគមន៍ក្នុងសេដ្ឋកិច្ចទីផ្សារ គឺរដ្ឋត្រូវគ្រប់គ្រងលើទំនិញសាធារណៈ ធានាឲ្យមានការប្រកួតប្រជែងពេញលេញ ជំរុញឲ្យមានសមធម៌ក្នុងសង្គម។
អ្នកវិភាគសង្គម លោក កែម ឡី មានប្រសាសន៍ថា វិស័យឯកជនតែងពឹងលើរដ្ឋាភិបាលដើម្បីធានាអាជីវកម្មទទួលបានផលចំណេញ។ ប៉ុន្តែលោកបញ្ជាក់ថា ផលលំបាកមួយដែលរដ្ឋាភិបាលមិនអន្តរាគមន៍នៅក្នុងសេដ្ឋកិច្ច គឺគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែធំ។
លោក កែម ឡី មានប្រសាសន៍បន្ថែមថា ការមិនអើពើរដ្ឋាភិបាល ក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី និងផ្ដល់ឧកាសកាន់តែច្រើនដល់អ្នកជំនួញធំកាន់តែមាន ហើយអ្នកក្រីក្រវិញ ជួបប្រទះបញ្ហាកាត់តែធ្ងន់ធ្ងរលើជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
កត្តានេះ អ្នកសេដ្ឋកិច្ចបានលើកឡើងថា ការធ្វើអន្តរាគមន៍របស់រដ្ឋក្នុងសេដ្ឋកិច្ចបែងចែកជាពីរ គឺការវិនិយោគផ្ទាល់ និងការធ្វើគោលនយោបាយ។ តួនាទីរបស់រដ្ឋក្នុងការវិនិយោគផ្ទាល់ គឺផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលសំដៅលើការអភិវឌ្ឍ ការប្រើប្រាស់ ដើម្បីទាក់ទាញផ្នែកឯកជនចូលមកក្នុងប្រទេស។ ការធ្វើគោលនយោបាយវិញ រដ្ឋត្រូវធ្វើយ៉ាងណាឲ្យសាធារណជនមានជំនឿទុកចិត្តលើសារពើពន្ធស្ថិរភាពរូបិយវត្ថុ។
ក្នុងសេដ្ឋកិច្ចទីផ្សារ រដ្ឋជាអ្នកធ្វើសេចក្ដីសម្រេចចិត្តលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសង្គមកិច្ច ដែលជះឥទ្ធិពលផ្ទាល់ទៅលើដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង។ រដ្ឋជាអ្នកបែងចែកធនធានឡើងវិញ តាមរយៈគោលនយោបាយសារពើពន្ធ គោលនយោបាយរូបិយវត្ថុ ជាពិសេសពន្ធដារ និងថវិកា។
ទោះជាយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចបានរកឃើញថា តួនាទីរដ្ឋនេះអាចមិនចូលរួមអន្តរាគមន៍ នៅក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី គឺបណ្ដាលមកពីកត្តាសំខាន់បី។ ទីមួយ គឺបណ្ដាលមកពីភាពអសមត្ថភាពរបស់រដ្ឋ ដែលអាចបណ្ដាលឲ្យអន្តរាយដល់សេដ្ឋកិច្ចទៅវិញ ប្រសិនបើរដ្ឋាភិបាលចូលជ្រៀតជ្រែកក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី។ កត្តាសំខាន់ទីពីរ គឺការគាបសង្កត់ពីក្រុមអ្នកអាជីវកម្មផ្នែក ឯកជន ដែលបានផ្ដល់អត្ថប្រយោជន៍ច្រើនដល់រដ្ឋ និងកត្តាសំខាន់ទីបី គឺប្រទេសនោះជា ប្រទេសកំពុងអភិវឌ្ឍ ដែលពោរពេញដោយរបបការិយាធិបតេយ្យ អំពើពុករលួយ រួមទាំងសម្ពាធនយោបាយខាងក្នុងប្រទេស ដែលធ្វើឲ្យរដ្ឋមានភាពលម្អៀងនៃការសម្រេចចិត្តរបស់រដ្ឋាភិបាល ដែលនាំឲ្យមានការអនុគ្រោះដល់ក្រុមមួយច្រើនជាងក្រុមមួយទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។