សិស្សានុសិស្ស​ស្រុក​ថាឡាបរិវ៉ាត់​ខេត្ត​ស្ទឹងត្រែង​ខ្វះ​សាលា​រៀន

0:00 / 0:00

អាជ្ញាធរ និង​គ្រូបង្រៀន​ក្នុង​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ បារម្ភ​ពី​ការ​បោះបង់​ការ​សិក្សា​របស់​កុមារ។ ការ​បារម្ភ​នេះ បន្ទាប់​ពី​សាលា​រៀន​នៅ​ក្នុង​មូលដ្ឋាន​មិន​មាន​បន្ទប់​សិក្សា​គ្រប់គ្រាន់។ ចំណែក​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បឋម ក៏​ពុំ​អាច​បន្ត​ការ​សិក្សា​បាន​ដោយ​ខ្វះ​សាលា​រៀន។

ក្រុម​គ្រូបង្រៀន​នៃ​សាលា​បឋម​សិក្សា និង​អាជ្ញាធរ​ឃុំ​សំអាង នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៥ ធ្នូ អំពាវនាវ​ក្រសួង​អប់រំ ឲ្យ​ចុះ​ពិនិត្យ​លទ្ធភាព​តម្រូវ​ការ​សម្រាប់​ការ​សិក្សា​របស់​សិស្ស បន្ទាប់​ពី​ចំនួន​សិស្ស​កាន់​តែ​កើន​ឡើង។

គ្រូបង្រៀន​ម្នាក់ គឺ​កញ្ញា ផាត អន បារម្ភ​ថា ប្រសិន​បើ​ក្រសួង​អប់រំ និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​តែ​ពន្យារ​ពេល​កសាង​សាលា​រៀន​បន្ថែម នឹង​បង្ក​ការ​លំបាក​ដល់​លោកគ្រូ​អ្នកគ្រូ និង​សតិ​អារម្មណ៍​របស់​សិស្ស ហើយ​អាច​រាំង​ស្ទះ​ដល់​ការ​សិក្សា​របស់​ពួក​គេ​ទៀត​ផង។ កញ្ញា​ប៉ាន់ស្មាន​ថា មាន​កុមារ​ប្រមាណ ៥០​ភាគរយ​ក្នុង​ចំណោម​កុមារ​សរុប អាច​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៦ ព្រោះ​អនុវិទ្យាល័យ​នៅ​ឆ្ងាយ​ពី​ភូមិ​ប្រមាណ​ជាង ៤០​គីឡូម៉ែត្រ ដែល​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​ពួក​គេ​លំបាក​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​រៀន៖ «ខ្ញុំ​បារម្ភ​ដែរ​ថា ដូច​គេ​និយាយ​ថា ទំពាំង​ស្នង​ឫស្សី ប៉ុន្តែ​ស្នង​យ៉ាង​ម៉េច? បើ​សាលា​ទី​៧ អត់​មាន។ នៅ​នេះ ប្រជាជន​ចេះ​តែ​កើន​ឡើងៗ។ ចំណូល​ថ្មី​មក​ឲ្យ​កូន​ចូល​រៀន ពេល​ណា​ដែល​កូន​ចូល​រៀន​ហើយ ចប់​ថ្នាក់​ចង់​ឲ្យ​រៀន​ត»

កញ្ញា ផាត អន បន្ថែម​ថា បច្ចុប្បន្ន​សាលា​បឋម​សិក្សា​សំអាង កំពុង​ខ្វះ​បន្ទប់​រៀន ហើយ​ត្រូវ​បង្ខំ​ចិត្ត​ស្នើសុំ​ទី​វត្ត​អារាម បង្រៀន​សិស្ស​បណ្ដោះអាសន្ន ព្រោះ​ពុំ​មាន​ជម្រើស។ លើស​ពី​នេះ ក៏​មាន​កុមារ​មួយ​ចំនួន ត្រូវ​បង្ខំ​ចិត្ត​រៀន​ត្រួត​ថ្នាក់​ទី​៦ ដែរ៖ «បង្រៀន​សាលា​អេ.អូ.ស៊ី (AOC) ហ្នឹង សាលា​ខ្វះ​ជញ្ជាំង។ បើ​បាន​បង្រៀន​ពេល​ល្ងាច​ផង ពន្លឺ​ថ្ងៃ​ចូល​ទៅ​នាំ​គ្នា​គេច គេច​ពន្លឺ​ថ្ងៃ។ ពេល​បុណ្យ​ទាន​ម្តងៗ លោក​ចាក់​មេក្រូ​ស្រែក​ចំទាល​មិន​ឮ​សំឡេង​គ្រូ​ទេ ឮ​តែ​សំឡេង​មេក្រូ។ ជួន​កាល​ទៅ​អា​ខាង​លើ អ្នក​ដើរៗ​ទៅ​ជាន់​កន្ថោរ​ជំពប់​ដាក់​សិស្ស»

សាលា​បឋម​សិក្សា​ឆ្វាំង ក្នុង​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូបថត​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥
សាលា​បឋម​សិក្សា​ឆ្វាំង ក្នុង​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូបថត​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ (RFA/Men Sothyr)

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​សំអាង លោក ញៀន ផុន ទទួល​ស្គាល់​បញ្ហា​ខ្វះ​សាលា​រៀន ប៉ុន្តែ​អាជ្ញាធរ​ធ្លាប់​បាន​ស្នើសុំ​ថ្នាក់​លើ ដើម្បី​សិក្សា​ពី​លទ្ធភាព​ផ្តល់​សាលា​រៀន​បន្ថែម។ លោក​ទទួល​ស្គាល់​ដែរ​ថា បញ្ហា​ខ្វះ​សាលា​រៀន ក៏​ជា​បញ្ហា​រួម​ផ្សំ​ចម្បង​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​ដែរ៖ «បាទ! សំណើ​ទៅ​ហើយ ប៉ុន្តែ​បង​ប្អូន​កូន​ចៅ​ដែល​ចប់​បឋម គេ​ទៅ​រៀន​នៅ​ស្រុក។ ឪពុក​ម្ដាយ​គេ​បញ្ជូន​ទៅ។ ខ្ញុំ​រៀបចំ​រួច​អនុវិទ្យាល័យ​នៅ​រៀប​ដដែល​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ។

ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ឋិត​នៅ​ទិស​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ទី​រួម​ខេត្ត​ស្ទឹងត្រែង មាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជាង ៤០​គីឡូម៉ែត្រ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៩ ឆ្លង​ស្ពាន​មេគង្គ​ឆ្ពោះ​ទៅ​ខេត្ត​ព្រះវិហារ។ ពលរដ្ឋ​រស់នៅ​ទីនោះ ភាគ​ច្រើន​ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​មាន​ចំនួន​សរុប​ប្រមាណ​ជាង ៣​ពាន់​គ្រួសារ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ថ្លែង​បញ្ជាក់​ថា បញ្ហា​ខ្វះ​សាលា​រៀន ក្រសួង​អប់រំ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​អត្រា​ការ​បោះ​បង់​ការ​សិក្សា​របស់​សិស្ស។ អ្នកស្រី​មើល​ឃើញ​ថា បញ្ហា​ខ្វះ​សាលា​រៀន​នៅ​តែ​ជា​ប្រធានបទ​ដដែលៗ និង​កាន់​តែ​ចាក់​ឫស​ជ្រៅ ប្រសិន​បើ​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​វិស័យ​អប់រំ​ហាក់​មាន​លក្ខណៈ​យឺតយ៉ាវ និង​ទន់​ជ្រាយ៖ «នេះ​ហើយ​ជា​ការ​មួយ​ដែល​មិន​អាច​លើក​កម្ពស់​គុណភាព​អប់រំ​ទេ ព្រោះ​ធ្វើ​ឲ្យ​សិស្ស​នៅ​តាម​ជនបទ​គាត់​បោះបង់​ការ​សិក្សា ដោយសារ​តែ​គាត់​អត់​មាន​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សិក្សា»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​បញ្ជាក់​ថា រដ្ឋសភា​បាន​អនុម័ត​កញ្ចប់​ថវិកា​សម្រាប់​ក្រសួង​អប់រំ ប្រមាណ ៥០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ស្មើ​នឹង ១១​ភាគរយ​នៃ​ថវិកា​ជាតិ​សរុប ដែល​មិន​គួរ​ទុក​ឲ្យ​ពលរដ្ឋ​ត្អូញត្អែរ​បញ្ហា​ខ្វះ​សាលា​រៀន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។