លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបលើកទី២ បង្ហាញថា ចំនួនសិស្សប្រឡងជាប់ទូទាំងប្រទេសមានចំនួនប្រមាណ ១៨% ក្នុងចំណោមបេក្ខជនប្រឡងសរុបជាង ៦ម៉ឺននាក់។ លទ្ធផលប្រឡងជាប់នៅលើកទី២នេះមានចំនួនតិច បើប្រៀបធៀបទៅនឹងចំនួនសិស្សប្រឡងជាប់នៅលើកទី១។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃទី៣១ ខែតុលា បង្ហាញថា បេក្ខជនប្រឡងជាប់នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបលើកទី២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ តុលា កន្លងទៅនេះ មានចំនួន ១០.៨៧១នាក់ ដែលស្មើនឹង ១៧,៩៤% នៃបេក្ខជនដែលមានវត្តមានប្រឡងចំនួន ៦០.៦១១នាក់។
ខុសពីការប្រឡងលើកទី១ ដែលមានសិស្សទទួលបាននិទ្ទេសអេ (A) ចំនួន ១១នាក់ និងនិទ្ទេសប៊ី (B) ចំនួន ២៨០នាក់ ការប្រឡងលើកទី២នេះពុំមានបេក្ខជនណាទទួលបាននិទ្ទេស A ឬ B ឡើយ គឺទទួលបាននិទ្ទេសស៊ី (C) ចំនួន ១នាក់ និទ្ទេសឌី (D) ចំនួន ៥៥នាក់ និងនិទ្ទេសអ៊ី (E) ចំនួន ១០.៨១៥នាក់។
បើបូកបញ្ចូលទាំងបេក្ខជនប្រឡងជាប់លើកទី១ និងលើកទី២ ការប្រឡងទាំង២លើកមានបេក្ខជនប្រឡងជាប់សរុបចំនួន ៣៣.៩៩៧នាក់ ត្រូវជា ៤០,៦៧% នៃបេក្ខជនសរុប។ លទ្ធផលនេះស្មើប្រហែលពាក់កណ្ដាលប៉ុណ្ណោះ នៃចំនួនសិស្សដែលបានប្រឡងជាប់តែមួយលើកក្នុងឆ្នាំ២០១៣ ដែលនៅពេលនោះបេក្ខជនប្រឡងជាប់មានប្រមាណ ៨៧%។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍នៅថ្ងៃទី៣១ តុលា ថា បើទោះជាលទ្ធផលប្រឡងនៅឆ្នាំនេះមានចំនួនតិចជាងពាក់កណ្ដាល បើប្រៀបធៀបទៅនឹងឆ្នាំមុនៗក្តី លោកអះអាងថា អ្វីដែលក្រសួងអប់រំ សម្រេចបាននៅពេលនេះ គឺគុណភាពអប់រំរបស់សិស្ស៖ «លទ្ធផលនេះវាជាលទ្ធផលមួយមានលក្ខណៈឡូស្សិក (Logic) មានន័យថា អ្នកដែលមានមូលដ្ឋានរឹងមាំនោះ គាត់បានប្រឡងជាប់លើកទី១អស់ហើយ អ៊ីចឹងយើងឃើញថា បន្ទាប់ពីបានបណ្តុះបណ្តាល បានខិតខំបំប៉នជាង១ខែហ្នឹង យើងឃើញថា យ៉ាងហោចណាស់ក៏មានសិស្ស ១ម៉ឺននាក់ទៀតដែលប្រឡងជាប់។ អ៊ីចឹងក៏ជាការលើកទឹកចិត្តមួយដែរសម្រាប់ក្រសួង ជាពិសេសក្នុងការធ្វើកំណែទម្រង់នេះ ព្រោះអីក៏យើងមិនចង់ធ្វើឲ្យការកំណែទម្រង់ ធ្វើឲ្យប៉ះទៅដល់អនាគតរបស់សិស្សទេ»។
លោក ហង់ ជួនណារ៉ុន ចាត់ទុកកំណែទម្រង់វិស័យអប់រំនៅពេលនេះ ថាជាចំណុចចាប់ផ្ដើមមួយល្អ ព្រោះថាវាបានធ្វើឲ្យសិស្សមានគុណភាព ហើយក៏មិនធ្វើឲ្យប៉ះពាល់ធំធេងដល់សិស្សផងដែរ។ លោកបញ្ជាក់ថា បទពិសោធន៍កំណែទម្រង់នៅឆ្នាំនេះ នឹងក្លាយជាព័ត៌មានសម្រាប់ក្រសួងក្នុងការធ្វើកំណែទម្រង់នៅឆ្នាំខាងមុខទៀត។ លើសពីនេះ លោកមានជំនឿថា តាមរយៈកំណែទម្រង់នៅពេលនេះ វានឹងធ្វើឲ្យសិស្សខិតខំរៀនសូត្រជាងមុន។
ការប្រកាសលទ្ធផលប្រឡងលើកទី២នេះ ធ្វើឲ្យសិស្សដែលបានប្រឡងធ្លាក់លើកទី១ ហើយជាប់នៅលើកទី២ ប្រែក្លាយជាសប្បាយ ខណៈដែលអ្នកប្រឡងធ្លាក់ទាំង២លើក នៅតែបន្តមិនសប្បាយចិត្ត។ យ៉ាងណា ពួកគេហាក់ពុំសូវតក់ស្លុតដូចលើកទី១ឡើយ។
សិស្សឈ្មោះ អឹម ពិសី ដែលប្រឡងធ្លាក់ជាលើកទី២ បានថ្លែងក្នុងពេលដែលកញ្ញាទៅមើលលទ្ធផលក្នុងវិទ្យាល័យទួលស្វាយព្រៃ ថា កញ្ញាមានអារម្មណ៍ធម្មតា បើទោះជាកញ្ញាប្រឡងធ្លាក់ក៏ដោយ ព្រោះកញ្ញាថា កញ្ញាធ្លាក់ដោយអស់ចិត្ត។ ហើយម្យ៉ាងទៀត កញ្ញាបានភ័យកាលពីពេលប្រឡងលើកទី១រួចហើយដែរ។ យ៉ាងណា កញ្ញា អឹម ពិសី ថាកំណែទម្រង់របស់ក្រសួងអប់រំ នៅពេលនេះ គឺជាការល្អ៖ «និយាយទៅ ក្រសួងធ្វើតឹងរ៉ឹងអ៊ីចឹងទើបមានសិស្សពូកែច្រើន ចង់ឲ្យសិស្សលើកក្រោយៗហ្នឹងខំប្រឹងរៀន»។
ចំណែកអ្នកសម្របសម្រួលបណ្ដាញអប់រំរួបរួម ដើម្បីគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ កត់សម្គាល់ថា លទ្ធផលលើកទី២នេះបង្ហាញឲ្យឃើញថា គុណភាពអប់រំនៅកម្ពុជា នៅមានកម្រិតនៅឡើយ បើទោះជាក្រសួងអប់រំ បានផ្តល់លទ្ធភាព និងឱកាសឲ្យសិស្សយ៉ាងណាក្តី។ លោក សន ជ័យ កត់សម្គាល់ថា ការប្រឡងក្នុងឆ្នាំនេះមានការរឹតបន្តឹងល្អ ហើយវាក៏ជាគំរូល្អមួយសម្រាប់ការប្រឡងនៅឆ្នាំបន្តបន្ទាប់ខាងមុខដែរ។ យ៉ាងណាក៏ដោយ លោកថា ដើម្បីធ្វើឲ្យកំណែទម្រង់អប់រំមានប្រសិទ្ធភាព គេគួរធ្វើវាតាំងពីថ្នាក់ក្រោម៖ «យើងយល់ថា ការធ្វើកំណែទម្រង់កន្លងមកនេះ គឺគ្រាន់តែជាកំណែទម្រង់ប្រឡងបាក់ឌុបប៉ុណ្ណោះ មិនមែនជាកំណែទម្រង់វិស័យអប់រំទេ ការធ្វើកំណែទម្រង់គុណភាពអប់រំ គឺជាដំណើរការមួយត្រូវការពេលវេលាវែងអន្លាយ គឺត្រូវមានការពង្រឹងគុណភាពតាំងពីថ្នាក់បឋមសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ»។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៤ នេះ រដ្ឋាភិបាលបានចំណាយប្រាក់ប្រមាណ ៦លាន ៥សែនដុល្លារ ក្នុងនោះប្រមាណ ៤លានដុល្លារត្រូវបានចំណាយក្នុងការប្រឡងលើកទី១ និង ២លាន ៥សែនដុល្លារ សម្រាប់ការប្រឡងក្នុងលើកទី២។
សម្រាប់ថ្ងៃទី៣១ ខែតុលា លទ្ធផលប្រឡងត្រូវបានប្រកាសសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចំណែកលទ្ធផលសម្រាប់ខេត្តដទៃទៀត នឹងប្រកាសនៅថ្ងៃទី១ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។