អង្គការមិនមែនរដ្ឋាភិបាលបានរកឃើញថា ការបង្កើតក្រុមសន្សំប្រាក់នៅក្នុងសហគមន៍ជាយន្តការសមស្របមួយ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាជននៅជនបទ និងកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែយន្តការនេះ អាចបរាជ័យ ដោយសារតែចំណេះដឹងនៃក្រុមសន្សំនៅមានកម្រិត និងខ្វះការជួយជ្រោមជ្រែងពីអង្គការនានា។
អ្នកជំនាញបញ្ជាក់ថា ប្រសិទ្ធភាពខ្ពស់នៃការកាត់បន្ថយភាពក្រីក្រដែលអាចសម្រេចបាននៅរយៈពេលមធ្យមខាងមុខ គឺការពង្រីកការប្រើប្រាស់សេវាកម្មមីក្រូហិរញ្ញវត្ថុផ្លូវការ។
ស្ថាប័នមីក្រូហិរញ្ញវត្ថុបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រប្រជាជននៅតាមជនបទ និងលើកកម្ពស់សកម្មភាពអាជីវកម្មខ្នាតតូច និងការអភិវឌ្ឍវិស័យកសិកម្មជាដើម។ បច្ចុប្បន្នស្ថាប័នមីក្រូហិរញ្ញវត្ថុកើនឡើងខ្លាំង និងពង្រីកការិយាល័យនៅទូទាំងប្រទេស។ របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថា គិតរហូតដល់ឆ្នាំ២០១២ ស្ថាប័នហិរញ្ញវត្ថុដែលប្រតិបត្តិការនៅកម្ពុជា ទាំងអស់មានចំនួន ៣៥ស្ថាប័ន និងបានពង្រីកចំនួន ១.១៤០ការិយាល័យ ដែលបានបញ្ចេញប្រាក់កម្ចីដល់អតិថិជនប្រមាណ ៩០០លានដុល្លារអាមេរិក។ បច្ចុប្បន្នអតិថិជនដែលទទួលបានប្រាក់កម្ចីវិញមានចំនួន ១,៦លានគ្រួសារនៅទូទាំងប្រទេស។
ទោះជាមានការកើនឡើងដូច្នេះ ប៉ុន្តែមិនបានបម្រើប្រជាជនក្រីក្រពិតប្រាកដឡើយ។ ការស្រាវជ្រាវដោយស្ថាប័នមិនមែនរដ្ឋាភិបាលចំនួន៤ គឺ អុកស្វាម (Oxfam) អង្គការឃែរ (CARE) អង្គការផែក (Pact) និងអង្គការស៊ីអរអែស (CRS=Catholic Relief Services) បានរកឃើញថា ទូទាំងប្រទេសកម្ពុជា មានប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៧០% មិនអាចប្រើប្រាស់សេវាកម្មមីក្រូហិរញ្ញវត្ថុ ជាពិសេសអ្នកក្រីក្រ។
ការរកឃើញបានលើកឡើងថា ក្រុមប្រជាជនក្រីក្រមិនមែនជាគោលដៅរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុឡើយ។ កត្តានេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើន មិនអាចសន្សំប្រាក់ ខ្ចីប្រាក់ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្សេងទៀតឡើយ។
មន្ត្រីទំនាក់ទំនងប្រចាំតំបន់របស់អង្គការអុកស្វាម លោក ស៊ាង សុលក្ខណ៍ មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅជនបទដែលជាអ្នកក្រីក្រ ភាគច្រើនមិនមានកន្លែងគ្រាប់គ្រាន់សម្រាប់សន្សំប្រាក់ឡើយ។ ពេលខ្លះពួកគាត់មិនហ៊ានយកប្រាក់របស់ខ្លួនដែលមានតិចតួចទៅសន្សំទុកនៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុនោះទេ។ លោក សុលក្ខណ៍ បន្ថែមថា ការបង្កើតក្រុមសន្សំប្រាក់ជាលក្ខណៈសហគមន៍ជនបទ ជាដំណោះស្រាយមួយសម្រាប់ជួយលើកកម្ពស់ជីវភាពអ្នករស់នៅជនបទតាមរយៈការសន្សំ ការខ្ចីពីក្រុមដែលគេបានបង្កើត។
លោក ស៊ាង សុលក្ខណ៍ បន្តថា ផលប្រយោជន៍នៃការចូលរួមបង្កើតក្រុមសន្សំប្រាក់ មានភាពងាយស្រួលទទួលបានព័ត៌មានច្រើនពីការឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ ច្រើនជាងអ្នកដែលមិនបានចូលរួមក្រុម។ បន្ថែមលើនេះ ការប្រាក់ដែលប្រជាពលរដ្ឋខ្ចីក្នុងក្រុម មានតម្លៃទាបជាង ស្ថាប័នហិរញ្ញវត្ថុ និងឈ្មួញចងការប្រាក់ផ្សេងៗ។
ការផ្សព្វផ្សាយនិងការពង្រីកការអនុវត្តស្ថាប័នមីក្រូហិរញ្ញវត្ថុដែលផ្ដោតលើការសន្សំ ជាយន្តការធ្វើឲ្យអ្នកក្រីក្រទទួលបានប្រាក់មួយចំនួនសម្រាប់វិនិយោគលើអាជីវកម្មផ្ទាល់ខ្លួន។ មីក្រូហិរញ្ញវត្ថុដែលផ្ដោតលើការសន្សំ គឺជាគំរូសម្រាប់ជួយជនក្រីក្រដែលផ្ដល់កន្លែងដ៏មានសុវត្ថិភាព និងងាយស្រួលតាមរយៈ ការចង់ក្រងគ្នាជាក្រុមសន្សំប្រាក់ ខ្ចីប្រាក់ទៅវិញទៅមក។
ការលើកកម្ពស់ប្រជាពលរដ្ឋក្រីក្រក្នុងការទទួលបានឥណទាន គឺជាយុទ្ធសាស្ត្រសមស្របកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែការបង្កើតក្រុមសន្សំទទួលបានជោគជ័យ អាស្រ័យលើអ្នកដឹកនាំក្រុម។ ម៉្យាងវិញទៀត ការកៀរគរចំនួនអ្នកក្រីក្រឲ្យមកសន្សំប្រាក់ ហាក់ដូចជានៅមានកម្រិតនៅឡើយ និងប្រើរយៈពេលជាច្រើនឆ្នាំទៀត ដោយសារតែប្រជាជនកម្ពុជាជាច្រើនស្ថិតនៅក្បែរអត្រាភាពក្រីក្រ។
កត្តានេះ នាំឲ្យការបង្កើតក្រុមសន្សំប្រាក់ជាលក្ខណៈសហគមន៍ហាក់ដូចជាមិនប្រសិទ្ធភាពជាងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលបានបង្កើតឡើងជាផ្លូវការឡើយក្នុងការកាត់បន្ថយភាពក្រីក្រ។ បន្ថែមលើនេះ ដើម្បីលើកកម្ពស់ប្រជាកសិករទទួលបានសេវាហិរញ្ញវត្ថុកាន់តែច្រើន គឺការអប់រំ។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ប៊ុន មុនី បានអះអាងថា ការកើនឡើងស្ថាប័នហិរញ្ញវត្ថុនឹងធ្វើឲ្យប្រជាពលរដ្ឋនៅជនបទកាន់តែសម្បូរបែបក្នុងការខ្ចីប្រាក់។ ប៉ុន្តែលោកបញ្ជាក់ថា អតិថិជនដែលខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ ត្រូវមានផែនការអាជីវកម្ម ឬគោលដៅច្បាស់លាស់។
លោក ប៊ុន មុនី មានប្រសាសន៍បន្ថែមថា ស្ថាប័នមីក្រូហិរញ្ញវត្ថុបម្រើឲ្យអ្នកដែលមានតម្រូវការពិតប្រាកដយកទៅប្រើប្រាស់ចំគោលដៅ ប៉ុន្តែមិនបម្រើឲ្យអតិថិជនដែលយកទៅចំណាយឥតប្រយោជន៍នោះទេ។
ទោះជាយ៉ាងណាក៏ដោយ ភាពក្រីក្រ ឆន្ទៈការដឹកនាំក្រុមសន្សំអាចធ្វើគំរូនៃការសន្សំប្រាក់នៅតាមមូលដ្ឋានចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនជនបទនៅមានកម្រិត។ ដោយផ្នែកលើនិយមន័យភាពក្រីក្រប្រមាណ ៥ពាន់រៀលក្នុងមួយថ្ងៃ គឺមានប្រជាជនកម្ពុជា ស្ថិតនៅភាពក្រីក្រប្រមាណ ៦លាននាក់។
ស្ថាប័នស្រាវជ្រាវលើផ្នែកមីក្រូហិរញ្ញវត្ថុជួយជំរុញការកាត់បន្ថយភាពក្រីក្របានបង្ហាញថា ប្រសិនបើកម្ពុជា ជំរុញឲ្យមានក្រុមសន្សំប្រាក់មួយលាននាក់ គឺអាចបង្កើតធនធានហិរញ្ញវត្ថុប្រមាណ ៣០លានដុល្លារអាមេរិក សម្រាប់ការកាត់បន្ថយភាពក្រីក្រ។ ក្នុងន័យនេះ ការបង្កើតក្រុមសន្សំរហូតដល់ ៦លាននាក់ គឺអាចបង្កើតធនធានហិរញ្ញវត្ថុប្រមាណជិត ២០០លានដុល្លារអាមេរិក។ ប៉ុន្តែចាប់ពីឆ្នាំ ២០០៥ រហូតដល់បច្ចុប្បន្ន ក្រុមសន្សំប្រាក់ជាលក្ខណៈសហគមន៍មានចំនួនប្រមាណ ១០ម៉ឺននាក់ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។