ពលរដ្ឋ​ត្អូញ​ពី​ការ​លំបាក​ដោយ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​លើ​ផ្លូវ

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ​ថ្មី ត្អូញត្អែរ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ចេញចូល​ឃុំ​ស្រែគរ​ថ្មី ដោយ​ត្រូវ​ឆ្លងកាត់​ទំនប់​វា​រី​អគ្គិសនី​សេសាន​ក្រោម​ពីរ ឋិត​ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង។ អ្នកភូមិ​ថា ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ ចំនួន​៣​កន្លែង​នៅ​លើ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ដោយមាន​មន្ត្រី​អាវុធហត្ថ​យាមកាម​យ៉ាង​តឹងរ៉ឹង រឹតត្បិត​មិន​ឲ្យ​អ្នក​ខាងក្រៅ​ចេញចូល​ឃុំ​ស្រែគរ​ថ្មី។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ​ថ្មី ឲ្យ​ដឹង​នៅ​ថ្ងៃទី១២ តុលា ថា ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅតែ​បន្ត ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ច្រក​ផ្លូវ​ចូល​ភូមិ​ស្រែគរ​ថ្មី​ដែល​មាន​សមត្ថកិច្ច​អាវុធហត្ថ​យាម​យ៉ាង​ប្រុងប្រយ័ត្ន​។ មន្ត្រី​អាវុធហត្ថ​ទាំង​នោះ​បាន​សួរនាំ​អ្នក​ខាងក្រៅ និង​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​អ្នកសារព័ត៌មាន​ផង ពី​គោលបំណង​ទៅ​ភូមិ​ស្រែគរ​ថ្មី និង​បង្គាប់​ឲ្យ​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ខែត្រ​ជា​មុន​សិន ទើប​ពួកគាត់​អនុញ្ញាត ឲ្យ​ធ្វើដំណើរ​ចូល​ភូមិ​ស្រែគរ​ថ្មី។

​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ​ថ្មី លោក អឿន ខាន រៀបរាប់​ថា កន្លង​ទៅ​សមត្ថកិច្ច ដែល​យាម​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទាំងនោះ បាន​រារាំង ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្បូន​ដង្ហែ​ព្រះពុទ្ធ​បដិមា របស់​ពុទ្ធបរិស័ទ​មិន​ឲ្យ​ចូល​ឃុំ​ស្រែគរ​ថ្មី ដោយ​តម្រូវ​ឲ្យ​ពួកគេ​សុំច្បាប់​អនុញ្ញាត​ពី​សាលាខេត្ត​ជា​មុន​សិន៖ «កន្លង​មក​គេ​រារាំង​រហូត គឺ​រារាំង​ពួក​អង្គការ និង​អ្នកកាសែត អ្នក​ខាងក្រៅ គឺ​សមត្ថកិច្ច​រារាំង​រហូត​។ សមត្ថកិច្ច​ក្រោម​ការ​បញ្ជា​របស់​ក្រុមហ៊ុន​ចិន បើ​ចិន​ថា ស្តាំៗ ឆ្វេងៗ»។

ក្រុមហ៊ុន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេសាន​ក្រោម​២ បាន​បង្កើត​អោយ​មាន​ឃុំ​ស្រែគរ​ថ្មី ក្រោម​គោលនយោបាយ​ផ្ដល់​សំណង​ជា​ផ្ទះសម្បែង​ជូន​ពលរដ្ឋ ដែល​ត្រូវ​ជម្លៀស​ពី​លំនៅឋាន​ក្នុង​ឃុំ​ស្រែគរ​ចាស់។ ឃុំ​ថ្មី​នេះ ឋិត​នៅ​ឆ្ងាយ​ពី​ទំនប់​វា​រី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ប្រហែល ២០​គីឡូម៉ែត្រ។

​កម្មករ​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ម្នាក់ សុំ​លាក់​ឈ្មោះ បង្ហើប​ថា ហេតុផល​សំខាន់​ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ចូល​ឃុំ​ស្រែគរ ដោយសារ​ពួកគេ​ខ្លាច ក្រុម​យុវជន និង​សាធារណជន ប្រទះឃើញ​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ផ្ទៃ​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​មាន​ទីតាំង​អារ​ច្រៀក​ឈើ​ចំនួន ៣កន្លែង ដោយ​ប្រមូល​ឈើ​ពី​ខាងក្រៅ​បន្លំ​ចូល​ទៅ​តំបន់​នោះ៖ «ចង់​ជម្រាប​ជូន​ថា ការ​ដាក់​បារាស​នេះ ដើម្បី​កុំ​ឲ្យ​ឃើញ គំនរ​ឈើ​បី​កន្លែង ហេតុផល​តែ​ប៉ុណ្ណឹង​ទេ។ កាលណា​អ្នកកាសែត​ចូល​មក​ឃើញ​ហើយ ព្រោះ​អី​ឈើ​នៅ​ក្បែរ​ផ្លូវ»។

អាស៊ីសេរី​មិន​អាច​ប្រភព​ទាក់ទង តំណាង​ក្រុមហ៊ុន ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី១២ តុលា។ ចំណែក​មេឃុំ​ស្រែគរ​ថ្មី លោក ហ្វឿន ជឿន មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

មេឃុំ​ជាប់ឆ្នោត មកពី​គណបក្ស​សង្គ្រោះជាតិ លោក សៀក មេគង្គ សង្កេត​ឃើញ​ថា រយៈពេល ៣ ឆ្នាំ​កន្លង​ទៅ​នេះ ផ្លូវ​ឆ្ពោះ​ទៅ​ភូមិ​ស្រែគរ​ថ្មី នៅតែ​ជា​ឧបសគ្គ​សម្រាប់​ពលរដ្ឋ និង​សាធារណជន​ធ្វើដំណើរ​ទំនាក់ទំនង​សេដ្ឋកិច្ច ដោយសារ​មានការ​រារាំង​ពី​សមត្ថកិច្ច។ លោក​ថា កន្លងទៅ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​មាន​បំណង​ចង់​អភិវឌ្ឍ​ឃុំ​ស្រែគរ ត្រូវ​ខក​បំណង និង​មាន​អង្គការ​ខ្លះ​ត្រូវ​រង់ចាំ​ច្រើន​ម៉ោង ទម្រាំ​ក្រុមហ៊ុន​អនុញ្ញាត។ លោក​បន្ថែម​ថា ច្រក​ចូល​ឃុំ​ស្រែគរ​ថ្មី មានតែ​មួយ​គត់ ហើយ​ចាំបាច់​ត្រូវ​ឆ្លងកាត់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ លោក​ថា ការ​រឹតត្បិត បែបនេះ​បង្ក​ការ​លំបាក​ខ្លាំង​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ជីវភាព​របស់​ពលរដ្ឋ៖ «អង្គការ​ផ្សេង​ចូល​មិន​បានទេ សូម្បី​ចូល​តាម​ភូមិ​ចាស់​ក៏​គេ​យាមកាម មិន​ឲ្យ​ចូល តាម​ផ្លូវ​តាម​ត្រពាំង​ក្រហម ក៏​គេ​យាម​រហូត ឆែកឆេរ​។ គេ​ដាក់​កម្លាំង​ប៉ូលិស រឹតត្បិត​រហូត ភូមិ​ចាស់ និង​ភូមិ​ថ្មី រឹតត្បិត គឺ​ភូមិ​ចាស់ ក៏​ទណ្ឌកម្ម និង ភូមិ​ថ្មី​ក៏​ទណ្ឌកម្ម អត់​មាន​បើក​សេរីភាព​សោះ»។

កាលពី​ចុងខែ សីហា ឆ្នាំ ២០១៨ កន្លងទៅ សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ច្រក​ចូល​ឃុំ​ស្រែគរ​ថ្មី បាន រារាំង​ក្រុម​យុវជន មិន​ឲ្យ​ដឹកជញ្ជូន​អំណោយ​មនុស្សធម៌​តាម​រថយន្ត​ចូល​ភូមិសាស្ត្រ​ឃុំ​ស្រែគរ​ថ្មី បំណង​យក​អំណោយ​ជូន​ពលរដ្ឋ​ទៅ​ឃុំ​តាឡាត ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ បើ​ទោះ​បី​ជា​ពួកគេ​បាន​ប្រាប់​ពី​ហេតុផល​យ៉ាង​ណា​ក្តី។

អំឡុង​ពេល​មានការ​រារាំង អ្នកសារព័ត៌មាន​ទូរទស្សន៍​ហ្វេសបុក លោក សុវណ្ណ រិទ្ធី បាន​បង្ហោះ​វីដេអូ ផ្សាយ​ផ្ទាល់​រិះគន់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ថា មាន​ចេតនា​រារាំង​ពួកគេ​មិន​ឲ្យ​ចូល​ឃុំ​ស្រែគរ​ថ្មី ដែល​ត្រូវ​ធ្វើ​ដំណើរ​លើ​ខ្នង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​ក្នុងស្រុក​សេសា​ន ខេត្ត​ស្ទឹងត្រែង​៖ «នេះ​យើង​អ្នកកាសែត​លំបាក​ប៉ុណ្ណឹង ចុះ​ជនរងគ្រោះ​ដែល​នៅ​ក្នុង​ហ្នឹង។ យើង​ស្នើសុំ​ស្រួលបួល ឃាត់​ឡាន​យើង​ជិត​មួយ​ម៉ោង ហើយ ដី​ខ្មែរ​សោះ ជិះ​មិនបាន​ចូល​មិនបាន»។​

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ចាត់​ទុក​ការរារាំង​នេះ ជា​ការ​ខាត​ប្រយោជន៍​ពលរដ្ឋ​ដែល​មាន​ទីលំនៅ​តំបន់​នោះ មិន​អាច​ទទួល​បាន​ជំនួយ​ពី​ខាងក្រៅ និង ការ​អភិវឌ្ឍ​មូលដ្ឋាន​ជាដើម។ លោក​មានការ​មន្ទិល​ថា កងកម្លាំង​សមត្ថកិច្ច​ដែល​យាម​នៅ ច្រក​ផ្លូវ​នៅ​ឃុំ​ស្រែគរ​ថ្មី​នោះ កំពុង​ការពារ​ផលប្រយោជន៍​បុគ្គល ឬក៏​ការពារ​ផលប្រយោជន៍​សាធារណៈ​? លោក​ទទូច​ឲ្យ​របប​ក្រុងភ្នំពេញ​គួរ​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​អ្នក​ដែល​មាន​បេសកកម្ម​ជួយ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ នៅតែ​ត្អូញត្អែរ​ពី​ឧបសគ្គ ចេញចូល​ឃុំ​ស្រែគរ​ថ្មី៖ «គេ​មើល​ឃើញ​ថា តំបន់​នោះ កាន់​តែ​មាន​អាថ៌កំបាំង ដោយសារ​មាន​សមត្ថកិច្ច​រដ្ឋាភិបាល​ដាក់​កុងត្រូល។ ក្រុម​ពលរដ្ឋ​ទាំងនោះ ជា​មនុស្ស​ចំឡែក​ក៏​យ៉ាងម៉េច បានជា​អាជ្ញាធរ​មិន​ឲ្យ​ទៅ​ជួប។ ការ​ដោះស្រាយ​បញ្ហា និង​ការចូលរួម​របស់​អ្នក​ពាក់ព័ន្ធ​ជា​រឿង​សំខាន់​ណាស់ ពិសេស​ការ​ចង់​ដឹង​សួរសុខទុក្ខ និង​ការ​ជួយ​ទំនុកបម្រុង​ផ្សេង និង​ការ​ខ្វះខាត​ផ្សេងៗ»។

កាលពី​ឆ្នាំ២០១៧ កន្លងទៅ អង្គការ​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​មានបំណង​ជួយ​អភិវឌ្ឍ​ឃុំ​ស្រែគរ ដូចជា​ទឹក​ស្អាត និង​អនាម័យ សុខភាព ក៏​ត្រូវ​មន្ត្រី​អាវុធហត្ថ​រារាំង​ដែរ។ អ្នកភូមិ​ចាត់​ទុក​ការរារាំង​នេះ បង្ក​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ និង​ការ អភិវឌ្ឍ​មូលដ្ឋាន ត្បិត​ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន កំពុង​ប្រឈម​បញ្ហា​កង្វះ​ទឹក​ស្អាត និង​ការ​ខកខាន​មិនបាន​ធ្វើ​កសិកម្ម និង​ខ្វះ​ការអប់រំ​ផ្នែក​សុខភាព​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។