ពលរដ្ឋខេត្តសៀមរាបដាក់បណ្តាសាអាជ្ញាធរពាក់ព័ន្ធ មិនកសាងផ្លូវមួយខ្សែដូចការសន្យាមុនពេលបោះឆ្នោតជាតិធ្វើឱ្យពួកគាត់លំបាកធ្វើដំណើរជាច្រើនឆ្នាំមកហើយ។ ពួកគាត់ថា អាជ្ញាធរមកពីគណបក្សកាន់អំណាចថា ក្បត់ពាក្យសន្យានិងភូតភរពលរដ្ឋនៅមុនពេលបោះឆ្នោត២អាណត្តិជាប់គ្នាមកហើយ។
ផ្លូវលំមួយខ្សែចាប់ពីផ្លូវជាតិលេខ០៦ក្នុងចំណុចផ្សារអង្ក្រងនៃស្រុកប្រាសាទបាគង ឆ្ពោះទៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាបមានប្រវែងជិត២០គីឡូម៉ែត្រដែលជាតំបន់ទីប្រជុំជនកំពុងលំបាកធ្វើដំណើរខ្លាំងមានជង្ហុកច្រើនដាច់ជាដុំៗ និងបែកភក់ល្បាប់នាខែវស្សាឆ្នាំនេះ។
ពលរដ្ឋរអ៊ូរទាំពីការលំបាកធ្វើដំណើរជិត ១០ឆ្នាំមកហើយ ហើយរង់ចាំអាជ្ញាធរអនុវត្តតាមពាក្យសន្យាថា នឹងកសាងផ្លូវមួយខ្សែនេះ។
ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនេះក្នុងស្រុកប្រាសាទបាគងលោក ឈៀម ប៊ុនរ៉ា ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរតែងតែ ភូតភរពលរដ្ឋដដែលៗមុនពេលបោះឆ្នោតម្តងៗថា នឹងស្ថាបនាផ្លូវនេះឱ្យស្អាត ក៏ប៉ុន្តែបែរជាធ្វើមិនបាន។ លោកថា ពលរដ្ឋខ្លះដាក់បណ្តាសាអាជ្ញាធរដែលមិនគោរពពាក្យសន្យា។

លោក ឈៀម ប៊ុនរ៉ា៖ «កុហកគេកាលមុនថា ធ្វើខែ៧ តែខែ៧ មិនឃើញធ្វើថា ធ្វើខែ៨ គេនៅតែរង់ចាំ។ គេនៅរង់ចាំ មេភូមិនិងមេឃុំគេមិនមើលមុខផងប្រជាជនឥលូវគេខឹងគេ»។
និស្សិតរៀននៅសកលវិទ្យាល័យមួយក្នុងក្រុងសៀមរាប កញ្ញា ហាន ទីតូច វ័យ២២ឆ្នាំប្រាប់វិទ្យុអាស៊ីសេរីថា តាំងពីកញ្ញាធំដឹងក្តីមកផ្លូវមួយខ្សែនេះមានជង្ហុកច្រើនលំបាកបើកបរហើយកន្លងទៅកញ្ញាដួលម៉ូតូពេលធ្វើដំណើរទៅសាលារៀន។ កញ្ញាចាំថា កន្លងទៅអាជ្ញាធរធ្លាប់ជួសជុលផ្លូវនេះដែរ ក៏ប៉ុន្តែគ្មានគុណភាពនោះទេ ប្រើបានតែ១ឆ្នាំខូចទៅវិញ។
កញ្ញា ហាន ទីតូច៖ «ជួបបញ្ហាច្រើន ព្រោះខែហ្នឹងខែភ្លៀងយើងជិះម៉ូតូតាមផ្លូវហ្នឹងធ្វើឱ្យការធ្វើដំណើររអាក់រអួលចំណាយពេលយូរមេឃុំភ្លៀង មើលជង្ហុកអត់ឃើញពេលយើងជិះចូលទៅរអិលដួល»។
ឆ្លើយតបរឿងនេះមេឃុំកន្ទ្រាំងស្រុកសូទ្រនិគមលោក ឃាង ឆាង បកស្រាយថា ផ្លូវនេះជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយមន្ត្រីជំនាញបានចុះសិក្សារួចហើយ និងគ្រោងកសាងនៅចុងឆ្នាំ២០២៣នេះ។ លោកបញ្ជាក់ថា កន្លងទៅអាជ្ញាធរឃុំចង់កសាងផ្លូវនេះដែរ ក៏ប៉ុន្តែក្រសួងបានហាមឃាត់។
លោក ឃាង ឆាង៖ «ខាងមន្ទីរអភិវឌ្ឍន៍ជនបទគេហាមអាជ្ញាធរឃុំ ឬក្រុមហ៊ុនណាឈូសឆាយព្រោះគម្រោងគេដេញថ្លៃ ហើយដូច្នេះគេធ្វើនៅបំណាច់ឆ្នាំ២០២៣នេះ។ គេជូនដំណឹងយើង ២ដងហើយ អត់ឱ្យយកក្រុមហ៊ុនណាធ្វើនិងកញ្ចប់ថវិកាក្រុងធ្វើទេ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោក ឆាយ ឫទ្ធីសែន បាននៅឡើយទេ នៅថ្ងៃទី៧ ខែកញ្ញា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង យល់ថា ការពន្យារពេលមិនដោះស្រាយបញ្ហាប្រឈមទាំងនេះ នឹងបង្កការលំបាកច្រើនប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋ វិស័យទេសចរណ៍និងបរិស្ថានជាដើម។
លោក យង់ គិមអេង៖ «អាជ្ញាធរខេត្តគួរតែពិចារណាក្នុងការស្ថាបនាផ្លូវនេះដែរ វាជាផ្លូវអាទិភាពសំខាន់ការសន្យារបស់អាជ្ញាធរដាក់ក្នុងផែនការ បើមិនដាក់ក្នុងផែនការទេ តើសន្យាធ្វើស្អី។ អាជ្ញាធរគួរតែគិតគូរផ្តល់ឱ្យគាត់តាមការសន្យា»។
ផ្លូវមួយខ្សែដែលពលរដ្ឋត្អូញត្អែរលំបាកធ្វើដំណើរគឺជាផ្លូវអាទិភាពយ៉ាងសំខាន់ដែលអ្នកភូមិយ៉ាងហោចណាស់ ៦ឃុំរស់នៅក្នុងស្រុកចំនួន៣ ចាំបាច់ត្រូវធ្វើដំណើរទៅមកទីរួមខេត្តសៀមរាប។
មន្ត្រីសង្គមស៊ីវិលបន្ថែមថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា និងកម្រិតជីវភាពរស់នៅទាបរបស់ពលរដ្ឋគ្រប់តំបន់នៅខេត្តសៀមរាបហាក់មិនស៊ីចង្វាក់គ្នាទៅនឹងឈ្មោះនៃខេត្តទេសចរប្រវត្តិសាស្ត្រដ៏ល្បីលំដាប់ពិភពលោកមួយនេះនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។