ពលរដ្ឋ​ខេត្ត​សៀមរាប​ប្រតិកម្ម​នឹង​ការ​ប្តូរ​ឈ្មោះ​សួន​ព្រះរាជ​ដំណាក់ ទៅជា «សួន​តេជោ​សន្តិភាព»

0:00 / 0:00

ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ខេត្ត​សៀមរាប ប្រតិកម្ម​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​នេះ​ដែល​បាន​ប្តូរ​ឈ្មោះ​សួន​ព្រះរាជ​ដំណាក់ ប្តូរ​ទៅ​ជា​ឈ្មោះ​សួន​តេជោ​សន្តិភាព​។

ពួកគេ​ចាត់​ទុក​ទង្វើ​នេះ​ថា កំពុង​ព្យាយាម​លុប​បំបាត់​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​ព្រះ​មហាក្សត្រ​ជំនាន់​មុនៗ ដែល​ភ្ញៀវ​ទេសចរ​តែងតែ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​តំបន់​នោះ។

ពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប ទទូច​ឱ្យ​អាជ្ញាធរ​គួរតែ​រក្សា​កេរមរតក​ដើម​ដែល​ជា​ស្នាព្រះហស្ត​របស់​ព្រះ​រាជា​ជំនាន់​មុន ឱ្យ​ក្លាយ​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ និង​ដើម្បី​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​សិក្សា​ស្វែង​យល់​បន្ថែម។

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប​លោកស្រី ផន រតនា មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​សួន​ព្រះរាជ​ដំណាក់​នេះ​ទេ ព្រោះ​ទីតាំង​នេះ​ជា​កន្លែង​រំលឹក​គុណ​បុព្វ​បុរស​សម័យ​អង្គរ​អម ដោយ​រូប​សំណាក់​ព្រះអង្គ​ចេក-ព្រះអង្គ​ចម​ព្រម​ទាំង​មាន​រូប​សំណាក​មេទ័ព​ជា​ច្រើន​នាក់​ទៀត​កាល​ពី​សម័យ​អង្គរ។

លោកស្រី​ថា សួន​​នេះ គឺ​ជា​កន្លែង​ដំណាក់​របស់​សម្តេច​ព្រះ​នរោត្តម​សីហនុ ​តស៊ូ​រំដោះ​ជាតិ ពី​អាណានិគម​​បារាំង​គួរតែ ថែ​រក្សា​ឈ្មោះ​ដើម​ឱ្យ​ល្អ។

លោកស្រី ផន រតនា៖«កន្លែង​ទឹក​ដី​ព្រះរាជ​ដំណាក់​របស់​ស្ដេច​គឺ​ជា​ទឹក​ដី​កំណើត​ទឹក​ដី​របស់​ខ្ញុំ​យូរ​មក​ហើយ ដល់​គេ​ចង់​ដូច​អញ្ចឹង​ទៅ​មាន​អារម្មណ៍​ថា​ពិបាក​ទទួល​យក។ ខ្ញុំ​សំណូមពរ​ចង់​ឱ្យ​រក្សា​ដូច​ដើម​វិញ ព្រោះ​ខ្ញុំ​អ្នក​នៅ​ទឹក​ដី​នេះ​កំណើត​ផ្ទាល់ ខ្ញុំ​អត់​ចង់​ឱ្យ​ដូរ​ទេ សុំ​តែ​ប៉ុណ្ណឹង»។

ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ខេត្ត​សៀមរាប លោកស្រី ឡូន ហាំ យល់​ថា ទីតាំង​ប្រវត្តិសាស្ត្រ​នេះ​ជា​កន្លែង​ដែល​ពលរដ្ឋ​ខ្មែរ​គោរព​បូជា និង​មក​លេង​កម្សាន្ត​មិន​គួរ​ផ្លាស់​ប្តូរ​ឈ្មោះ​ដើម​នោះ​ឡើយ។

លោកស្រី​បញ្ជាក់​ថា សួន​ព្រះរាជ​ដំណាក់​ជា​ឈ្មោះ​ដើម​ដែល​អ្នក​ខេត្ត​សៀមរាប​តែង​តែ​ហៅ​តៗ​គ្នា​ច្រើន​ជំនាន់​មក​ហើយ ហើយ​ពួកគាត់​ចាត់​ទុក​ថា ជា​កន្លែង​រំលឹក​អនុស្សាវរីយ៍​មនុស្ស​ជំនាន់​មុន៖

លោកស្រី ឡូន ហាំ៖«កន្លែង​នេះ​ជា​កន្លែង​អុជ​ធូប​គោរព​យាយ​ទេព​ និង​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ឈ្មោះ​សួន​ព្រះរាជ​ដំណាក់​គឺ​ស័ក្តិសម​បំផុត​ តែ​បើ​ដាក់​សួន​តេជោ​សន្តិភាព គឺ​មិន​ស័ក្តិសម​ទេ»។

ប្រកិម្ម​របស់​ពលរដ្ឋ​ធ្វើ​ឡើង​ក្រោយ​ពី អាជ្ញាធរ​ខេត្ត​សៀមរាប​ថ្មីៗ​នេះ​បាន​ជូន​ដំណឹង​រៀប​ចំ​កែ​លម្អ​កសាង​សួន​តេជោ​សន្តិភាព​ប៉ែក​ខាង​លិច ដើម្បី​ត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ឆ្នាំ២០២៥។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរមរាជវាំង លោក គុយ សុផល បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី ១០ កុម្ភៈ។ រីឯ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប លោក លី វណ្ណៈ ក៏​វិទ្យុអាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ​ដោយ​ទូរសព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ក៏​ប៉ុន្តែ លោក លី វណ្ណៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អត្ថន័យ​នៃ​សួន​តេជោ​សន្តិភាព គឺ​ផ្តោត​​លើ​ការ​ទទួល​បាន​សន្តិភាព​ពេញលេញ​ចាប់តាំង​ពី​ឆ្នាំ១៩៩៨ រហូត​មក ដោយសារតែ​នយោបាយ​ឈ្នះ​ឈ្នះ​និង​ការ​ដឹង​គុណ​ដល់​យុទ្ធជន​ពលី​ក្នុង​សង្គ្រាម។ លោក​ថា រដ្ឋបាល​ខេត្ត​សៀមរាប​បាន​សុំ​គោល​ការណ៍​រៀប​ចំ​សួនច្បារ​នេះ ដោយ​ឱ្យឈ្មោះ​ថា «សួន​តេជោ​សន្តិភាព» ។

សួន​ព្រះរាជ​ដំណាក់​ឋិត​នៅ​ទល់​មុខ​នឹង ព្រះរាជ​ដំណាក់​ស្តេច ជាប់​នឹង​រូប​សំណាក​ព្រះអង្គ​ចេក​-ព្រះអង្គ​ចម និង​រូប​សំណាក​យាយ​ទេព។ សួន​នេះ​មាន​ទំហំ​ប្រមាណ ៤ ហិកតារ មាន​ដើម​ឈើ​ធំៗ​ជា​ច្រើន​ដើម​ផ្តល់​ម្លប់​ត្រជាក់​ អម​ដោយ​សត្វ​បក្សា​បក្សី​ស្រែក​អឺងកង​ទាក់​ទាញ​អ្នក​ទេសចរ​ព្រម​ទាំង​មាន​ស្រះ​ទឹក និង​សួន​ផ្កា​​ដែល​ភ្ញៀវ​ទេសចរ​ចូល​ចិត្ត​ដើរលេង​កម្សាន្ត និង​រត់​ហាត់​ប្រាណ​គយគន់​ទេសភាព។

មក​ទល់​ពេល​នេះ​សួន​ព្រះរាជ​ដំណាក់​នៅ​ប៉ែក​ខាង​លិច អាជ្ញាធរ​កំពុង​ដាក់​ដី​លុប​ស្រះទឹក និង កែ​លម្អ​បរិស្ថាន​សួន​នេះ​ជា​បណ្តើរៗ។

ជុំវិញ​រឿង​នេះ អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ ខេត្ត​បន្ទាយ​មានជ័យ​លោក អ៊ិន គង់ជិត យល់​ថា អាជ្ញាធរ​ខេត្តសៀមរាប​គួរតែ​ទទួល​យក​មតិ​យោបល់​របស់​ពលរដ្ឋ​ពិចារណា​ដោះស្រាយ ព្រោះ​ពួកគាត់​ចង់​ថែ​រក្សា​កេរ​ដំណែល​ឱ្យ​គង់វង្ស។

លោក អ៊ិន គង់ជិត៖«ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ក្តី​ ឬ​អភិបាល​ខេត្ត​ក្ដី​គួរ​ណា​ស្ដាប់​មតិ​ប្រជា​ពលរដ្ឋ​ដែល​លោក​បាន​លើក​ឡើង​ ហើយ​អាជ្ញាធរ​ខេត្ត​គួរ​តែ​សម្លឹង​មើល​កន្លែង​ផ្សេង​ដើម្បី​ធ្វើ​ទើប​ជា​ការ​ប្រសើរ​ទាំង​សង​ខាង។ ដោយ​ទុក​ព្រះរាជ​ដំណាក់​រក្សា​ដដែល​ ដល់​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​បាន​ឃើញ»។

សួន​ព្រះរាជ​ដំណាក់​ឋិត​នៅ​ចំ​កណ្តាល​ក្រុង​សៀមរាប ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ​របស់​អតីត​ព្រះ​មហាក្សត្រ​ ព្រះបាទ​នរោត្តម សីហនុ ព្រះ​បរមរតន​កោដ្ឋ និង​ព្រះរាជ​អគ្គមហេសី ស្នាក់​ព្រះកាយ ក្នុង​ពេល​ព្រះអង្គ​យាង​មក​ខេត្ត​សៀមរាប។

សួន​នេះ​កសាង​ឡើង ក្នុង​សម័យ​​​អាណានិគម​បារាំង​អំឡុង​ឆ្នាំ ១៨៦៣ ដល់ ឆ្នាំ​១៩៥៣។

ចំណែក​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក(Facebook)មួយ​ចំនួន រស់​នៅ​ខេត្ត​សៀមរាប​ក៏​ផ្ទុះ​ប្រតិកម្ម​ជុំវិញ​រឿង​នេះ​ដែរ។ ពួកគាត់​បាន​សរសេរ​ក្នុង​ខ្ទង់​ខាំ​មិន(Comment)ឬ​ប្រអប់​សារ​លើ​គេហទំព័រ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប​ដោយ​មិន​គាំទ្VYរ​ដាច់​ខាត​ចំពោះ​ទង្វើ​នេះ ហើយ​ជំរុញ​ឱ្យ​អាជ្ញាធរ​ត្រូវ​រក្សា​ឈ្មោះ​ដើម​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។