ការនាំចូលទូរស័ព្ទទំនើប ឬហៅថា ស្មាត ហ្វូន (Smart Phone) បានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងឆ្នាំ២០១៤។ ការកើនឡើងនេះ បានបង្ហាញអំពីការរីកចម្រើននៃប្រាក់ចំណូលប្រជាពលរដ្ឋ និងចំណេះវិជ្ជានៃការប្រើប្រាស់សម្ភារៈទំនើប។ ប៉ុន្តែអ្នកវិភាគសង្គមបានអះអាងផ្ទុយពីនេះថា ការកើនឡើងនៃការប្រើប្រាស់ទូរស័ព្ទទំនើប មិនឆ្លុះបញ្ចាំងពីការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋពិតប្រាកដឡើយ។
ស្ថាប័នផ្ដល់ជំនួយនានាបានលើកឡើងថា អ្នកមាននិងអ្នកក្រមានគម្លាតខុសឆ្ងាយពីគ្នាខ្លាំងនៅឡើយនៅប្រទេសកម្ពុជា ប៉ុន្តែការនាំចូលសម្ភារៈទំនើបវិញ ដូចជាការនាំចូលទូរស័ព្ទបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ បញ្ហានេះ អ្នកវិភាគបញ្ហាសង្គម ក្រុមហ៊ុននាំចូលទូរស័ព្ទ រួមទាំងស្ថាប័នស្រាវជ្រាវទីផ្សារនានា បានអះអាងផ្ទុយគ្នាអំពីការកើនឡើងចំនួននៃការនាំចូលទូរស័ព្ទទំនើបនេះ។
ការរកឃើញស្ថាប័នស្រាវជ្រាវអន្តរជាតិមួយបានរកឃើញថា កម្ពុជាបាននាំចូលទូរស័ព្ទទំនើបប្រមាណជិត ២លានគ្រឿង ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ជាក់ស្ដែងនៅពេលបច្ចុប្បន្ន។
ការស្រាវជ្រាវដោយក្រុមហ៊ុន ជី.អ្វេស.ខេ (GFK) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា បានចំណាយទឹកប្រាក់ប្រមាណជិត ៣០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ដើម្បីទិញទូរស័ព្ទទំនើបប្រើប្រាស់ផ្ទាល់ខ្លួន។ ទូរស័ព្ទចំនួន ១.៧លានគ្រឿងបានលក់ចេញកាលពីឆ្នាំ២០១៣ ប៉ុន្តែចំនួននេះបានថយចុះប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១២ ដោយសារតម្លៃលក់ទូរស័ព្ទទំនើបបានកើនឡើង។ ការស្រាវជ្រាវដដែលនោះ បានគូសបញ្ជាក់ថា ទន្ទឹមនឹងការលក់ទូរស័ព្ទទំនើបថយចុះ ប៉ុន្តែការលក់ទូរស័ព្ទធម្មតាវិញបានកើនឡើងរហូតដល់ ៥០% បើគិតត្រឹមខែមីនា ឆ្នាំ២០១៤។
អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ការធ្លាក់ចុះនេះ បណ្ដាលមកពីការរឹតបន្តឹងនៃការនាំចូលផលិតផលដោយខុសច្បាប់នៅតាមព្រំដែន។ ម៉្យាងវិញទៀត រដ្ឋាភិបាលកម្ពុជា បានដំឡើងពន្ធលើការនាំចូលទូរស័ព្ទចំនួន ១០% បន្ថែមទៀត កាលពីដើមឆ្នាំ២០១៤ ដែលធ្វើតម្លៃលក់ទូរស័ព្ទទំនើបកើនឡើង និងការនាំចូលទូរស័ព្ទមានការធ្លាក់ចុះ។
ទូរស័ព្ទទំនើបដែលនាំចូលមកលក់នៅកម្ពុជា មានរហូតដល់ជាង ២០ប្រភេទ ប៉ុន្តែប្រភេទដែលប្រជាពលរដ្ឋនិយមប្រើនៅប្រទេសកម្ពុជា រួមមានម៉ាកអែបផល (Apple) សាំស៊ុង (Samsung) និងម៉ាក អិល.ជី (LG) ជាដើម។
ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុននាំចូលផលិតផលម៉ាក អិល.ជី លោក ហ៊ ហាប់ បានឲ្យដឹងថា ការប្រើប្រាស់ទំនើបបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែស្ថានភាពនៃអ្នកដែលមានចំណេះដឹងប្រើប្រាស់ទូរស័ព្ទទំនើបវិញ មានតិចតួចប៉ុណ្ណោះ។
«សំឡេង»
លោក ហ៊ ហាប់ បានឲ្យដឹងបន្ថែមទៀតថា ចំពោះការនាំចូលទូរស័ព្ទទំនើបម៉ាក អិល.ជី បានកើនឡើង ៥% នៅក្នុងឆ្នាំ២០១៣។ ប៉ុន្តែនិន្នាការនៃអ្នកដែលមានចំណេះដឹងអាចប្រើប្រាស់នឹងកើនឡើង ស្របពេលដែលបច្ចេកវិទ្យាដែលបញ្ជូននៅក្នុងទូរស័ព្ទទំនើបមានកំណើនខ្ពស់នៅរយៈពេល ២ ឬ ៣ឆ្នាំខាងមុខ។
អ្នកវិភាគបញ្ហាសង្គមលោក កែម ឡី មានប្រសាសន៍ថា កំណើននៃការនាំចូលសម្ភារៈប្រើប្រាស់ទំនើប បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍប្រទេស និងជីវភាពប្រជាពលរដ្ឋ ប៉ុន្តែការអភិវឌ្ឍនៅប្រទេសកម្ពុជាវិញ បានបង្ហាញអំពីអ្នកទទួលផលពីកំណើនសេដ្ឋកិច្ចស្មើភាពគ្នា ឬប្រជាពលរដ្ឋមួយក្រុមតូចប៉ុណ្ណោះដែលមានលទ្ធភាពប្រើប្រាស់សម្ភារៈទំនើប។ ម៉្យាងវិញទៀត ការកើនឡើងនៃការនាំចូល ទូរស័ព្ទទំនើបនេះ ក៏ជាកត្តាទាក់ទាញឲ្យគ្រួសារដែលចំណូលមធ្យមកាន់តែក្រីក្រ ដោយសារតែការលើកតម្កើងសម្ភារៈនិយម។
«សំឡេង»
ទោះជាយ៉ាងណាក៏ដោយ លោក កែម ឡី បានបញ្ជាក់ទៀតថា ការប្រើប្រាស់ទូរស័ព្ទទំនើបបង្ហាញពីការចូលរួមរបស់ប្រជាពលរដ្ឋវ័យក្មេង ជាពិសេសយុវជន ក្នុងការអភិវឌ្ឍសង្គម។
អ្នកប្រើប្រាស់ទូរស័ព្ទទំនើបម្នាក់ កញ្ញា លី ឡាយហ៊ុយ បានឲ្យដឹងថា ទូរស័ព្ទអាចឲ្យយើងទទួលព័ត៌មានផ្សេងៗ ការកម្សាន្ត និងការបញ្ចេញយោបល់នានា ដើម្បីចូលរួមការការអភិវឌ្ឍសង្គម។ ប៉ុន្តែកញ្ញាបានបញ្ជាក់ថា ទន្ទឹមនឹងការផ្ដល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ ទូរស័ព្ទទំនើបក៏អាចជះឥទ្ធិពលដល់អ្នកប្រើប្រាស់ដែរ ជាពិសេសភាពខ្ជះខ្ជាយពេលវេលា អំពីការប្រើប្រាស់ខុសគោលដៅ។
«សំឡេង»
ទោះជាយ៉ាងណាក៏ដោយ កំណើននៃការប្រើប្រាស់ទូរស័ព្ទទំនើបនៅកម្ពុជា បានឆ្លុះបញ្ចាំងពីស្ថានភាពនៃចំនួនអ្នកដែលទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិកម្ពុជា មានការកើនឡើង។ ក្រៅពីនេះ គណបក្សនយោបាយភាគច្រើនក៏បានពង្រឹងការផ្សព្វផ្សាយរបស់ខ្លួនលើការឃោសនាតាមបណ្ដាញសង្គមនានា ដែលប្រើប្រាស់ទូរស័ព្ទទំនើបអាចទទួលយកបាន។ បញ្ហានេះ អាចធ្វើសង្គមមានការផ្លាស់ប្ដូរនៅពេលអនាគត តាមរយៈការផ្សព្វផ្សាយព័ត៌មាននៅលើទូរស័ព្ទទំនើប ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា កំពុងផ្លាស់ប្ដូរឈប់ប្រើប្រាស់ទូរស័ព្ទប្រភេទធម្មតា។
តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន ជី.អ្វេស.ខេ បានបង្ហាញថា តម្រូវការប្រើប្រាស់ទូរស័ព្ទធម្មតានៅប្រទេសកម្ពុជា មានចំនួនចន្លោះពី ២ ទៅ ៣លានគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែនៅរយៈពេល ៥ឆ្នាំក្រោយ អ្នកដែលប្រើប្រាស់ទូរស័ព្ទធម្មតាប្រមាណ ៨០% នឹងផ្លាស់ប្ដូរប្រើប្រាស់ទូរស័ព្ទទំនើបវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។