អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បង្ហាញការព្រួយបារម្ភជាថ្មីទៀត ចំពោះសុវត្ថិភាពក្នុងការរស់នៅ ព្រោះបទល្មើសហិង្សាបង្កដោយជនជាតិចិន នាមូលដ្ឋាននេះ បានបន្តកើតមានស្ទើរជារាល់យប់ថ្ងៃ ហើយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងមិនទាន់បានល្អទេ។
ការព្រួយបារម្ភអំពីសុវត្ថិភាពរស់នៅ ការប្រកបរបរទទួលទាន របស់ប្រជាពលរដ្ឋក្រុងព្រះសីហនុ ពិសេសសុវត្ថិភាពនៃការធ្វើដំណើររបស់កូនចៅ បានកើតមានជាថ្មីទៀត ដោយសារតែជនជាតិចិនបន្តបង្កអំពើហិង្សា។ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ជនជាតិចិនមួយក្រុម បានប្រមូលបក្ខពួកមួយក្រុម មានគ្នាប្រមាណជាង២០នាក់ ទៅព្រួតវាយកាប់ចាក់ជនបរទេសមួយក្រុមផ្សេងទៀតបង្កឲ្យមនុស្សប្រាំពីរនាក់រងរបួស។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីបង្កហេតុរួច ក្រុមជនសង្ស័យ ក៏បាននាំគ្នាគេចខ្លួន ហើយមិនឃើញមានវត្តមានកម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តនេះ ចេញមុខមកជួយអន្តរាគមន៍ចាប់ជនល្មើសឲ្យបានទាន់ពេលនោះទេ។
ករណីហិង្សានេះ ធ្វើឲ្យទាំងអាជីវករ និងអាណាព្យាបាលមួយចំនួនរស់នៅខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភជាថ្មី អំពីសុវត្ថិភាពកូនចៅ និងការប្រកបរបរចិញ្ចឹមជីវិតជាដើម ព្រោះមូលដ្ឋាននេះ បានបន្តកើតមានបទល្មើសចាប់ជំរិត គ្រោះថ្នាក់ចរាចរណ៍ និងហិង្សាវាយកាប់ចាក់គ្នា បង្កដោយជនជាតិចិន បានកើតមានស្ទើរជារៀងរាល់ថ្ងៃ ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋាននេះគ្រប់គ្រងមិនទាន់បានល្អទេ។
អាជីវករប្រកបរបរនាទីប្រជុំជនក្នុងក្រុងព្រះសីហនុ បានអះអាងថា រាល់ថ្ងៃនេះ គេពុំសូវឃើញ អាជីវករជនជាតិអឺរ៉ុប ឬវត្តមានជនបរទេសមកពីអឺរ៉ុប ឬគេនិយមហៅថា ភ្ញៀវទេសចរច្រមុះស្រួចនោះបង្ហាញវត្តមាន នាមូលដ្ឋានខេត្តព្រះសីហនុច្រើនទេ ក្នុងមួយរយៈពេលចុងក្រោយនេះ៖ «ចាប់តាំងពីចិនបានចូលមកក្រឡុងទីផ្សារផ្ទះសម្បែងក្នុងក្រុងព្រះសីហនុប៉ុន្មានឆ្នាំមកនេះ គឺទាំងអាជីវករជនជាតិអឺរ៉ុប និងជនជាតិខ្មែរភាគច្រើន បានខ្លាចរអា និងហាក់បីដូចជាគ្មានសមត្ថភាព បន្តរបរទទួលទាន នៅខេត្តព្រះសីហនុទៀតទេ និងបានធ្វើចំណាកស្រុកទៅកាន់ទីកន្លែងផ្សេងៗ»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licdho) ប្រចាំខេត្តព្រះសីហនុ លោក ស្រេង វ៉ាន់លី បានឲ្យដឹងថា នៅតាមទីប្រជុំជនក្រុងព្រះសីហនុរាល់ថ្ងៃ កើតមានអំពើហិង្សា បង្កដោយជនជាតិចិន ស្ទើរជារៀងរាល់យប់ថ្ងៃពិតប្រាកដមែន។ អ្នកឃ្លាំមើលសង្គមរូបនេះ សង្កេតឃើញថា មូលដ្ឋាននេះបានកើតមានអំពើហិង្សាវាយកាប់ចាក់ បទល្មើសចាប់ជំរិត បទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសបាញ់បោះសេរី បានបន្តកើតមាន ហើយភាគច្រើន សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ មានកម្លាំងនគរបាល និងកងរាជអាវុធហត្ថជាដើម ចេញធ្វើអន្តរាគមន៍មិនបានទាន់ពេលនោះទេ។ ក្នុងនោះ ក៏មានពេលខ្លះ ស្ថាប័នមានសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថជាដើម គឺបានលាក់បាំងបទល្មើស មិនឲ្យលេចឮមកខាងក្រៅជាច្រើនករណីនាពេលកន្លងមក៖ «កន្លងមកខាងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធលោកធ្លាប់បានអះអាងពីការធានា នូវសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែរ។ ហើយឃើញថា បញ្ហាបង្កអសន្តិសុខ បញ្ហាហិង្សាវៃកាប់ចាក់គ្នា និងបញ្ហាគ្រឿងញៀនផ្សេងៗជាដើម រាប់ទាំងគ្រោះថ្នាក់ចរាចរណ៍ បង្កដោយជនជាតិចិន គឺនៅតែបន្តកើតមានច្រើនករណីនៅឡើយទេ។ ប៉ុន្តែទន្ទឹមគ្នានេះ ក៏សង្កេតឃើញថា បទល្មើសមួយចំនួន ត្រូវបានអាជ្ញាធរ ឬសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា ដែលអាចជួយសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ និងការភ័យខ្លាច របស់ពួកគាត់»។
លោក ស្រេង វ៉ាន់លី អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ ក៏បានស្នើដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ រួមមានស្ថាប័ននគរបាល កងរាជអាវុធហត្ថ និងស្ថាប័នតុលាការខេត្តព្រះសីហនុជាដើម ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ចំពោះជនប្រព្រឹត្តបទល្មើសទាំងជនជាតិចិន និងជនជាតិដ៏ទៃទៀតឲ្យបានធ្ងន់ធ្ងរ ដើម្បីទប់ស្កាត់បទល្មើសនាមូលដ្ឋាននេះឲ្យថយចុះនាថ្ងៃខាងមុខ។
ចំណែក អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ ក៏បានអះអាងស្រដៀងគ្នាថា បទល្មើសផ្សេងៗបង្កដោយជនជាតិចិន ពិតជាបានបន្តកើតមានជាបន្តបន្ទាប់ និងបង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលមកទស្សនាខេត្តនេះ។
ករណីនេះ អ្នកស្រី ក៏បានស្នើដល់សមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន ឲ្យជួយកំណត់អត្តសញ្ញាណជនជាតិចិន ដែលចូលមករស់នៅ និងប្រកបរបរផ្សេងៗនាមូលដ្ឋានទីប្រជុំជនក្រុងព្រះសីហនុ ឲ្យបានច្រើនថែមទៀត ព្រោះតាមការកត់សម្គាល់ឃើញថា ស្ទើរជារៀងរាល់ថ្ងៃ ជនជាតិចិន ដែលចូលមករស់នៅខេត្តព្រះសីហនុ តែងបង្កបទល្មើសផ្សេងៗ រួមមានបង្កើតឲ្យមានក្រុមបងតូចបងធំ បង្កបទល្មើសវៃកាប់ចាក់ និងបង្កើតក្រុមចាប់ជំរិតមនុស្សទារប្រាក់ជាដើម។
អ្នកស្រី ជៀប សុធារី បានស្នើដល់សមត្ថកិច្ចស្ថាប័នជំនាញនីមួយៗ ត្រូវកំណត់អត្តសញ្ញាណជនជាតិចិន ដែលចូលមករស់នៅ និងប្រកបការងារផ្សេងៗនាខេត្តព្រះសីហនុ ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។ ជាងនេះ ក៏ស្នើដល់មន្ត្រីស្ថាប័នជំនាញមានកងកម្លាំងប្រដាប់អាវុធ និងតុលាការជាដើម ត្រូវអនុវត្តច្បាប់ទៅលើបទល្មើសបង្កដោយជនជាតិចិនឲ្យបានត្រឹមត្រូវ និងជៀសឲ្យផុតពីអំពើពុករលួយ ដែលអាចនឹងកើតមានឡើង៖ «យើងឃើញថាពេលខ្លះការរីកចំរើនហ្នឹងវាបានតែទៅលើមនុស្សមួយចំនួនតូចទេ ប៉ុន្តែផលប៉ះពាល់ ដែលកើតឡើងពីការអភិវឌ្ឍ ឬការវិនិយោគ របស់ជនជាតិចិន គឺវាធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ ឬជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមួយចំនួន ដែលពួកគាត់រកប្រាក់ចំណូលបានទាប។ ជាងនេះ ក៏បានប៉ះពាល់ដល់ភ្ញៀវទេសចរ និងអតិថិជនជនជាតិខ្មែរដែរ ព្រោះកាលមុនមានវត្តមានចិនចូលមកខេត្តព្រះសីហនុ គឺអាជីវករជនជាតិខ្មែរ បានចូលមកប្រកបរបរទទួលទានច្រើននាមូលដ្ឋាននេះ ប៉ុន្តែពេលនេះ ពួកគេបានបង្វែរទិសដៅទៅកាន់គោលដៅផ្សេងៗវិញ គឺដោយសារតែមកខេត្តព្រះសីហនុគឺលំបាក ព្រោះក្រៅតែពីការលំបាកទៅលើបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ ផ្លូវ ទឹក ភ្លើង គឺវាពិបាកទៅលើតម្លៃសេវាផ្សេងៗ មានតម្លៃថ្លៃខ្ពស់ជាពីពេលមុន ទាំងការស្នាក់នៅ និងតម្លៃម្ហូបអាហារ»។
អ្នកឃ្លាំមើលសង្គមបង្ហាញទស្សនថា វត្តមានជនជាតិចិនមករស់នៅ និងវិនិយោគច្រើននាខេត្តព្រះសីហនុ ទំនងជាអាចជាដើមហេតុនាំឲ្យចំនួនភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេសមកពីអឺរ៉ុប ខ្លាចរអាមិនចូលមកទស្សនាខេត្តព្រះសីហនុច្រើនទៀតទេ នៅបណ្ដាឆ្នាំខាងមុខ ព្រោះពួកគេបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
ទោះជាបែបនេះក្តី ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ តែងអះអាងថា កម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងសមត្ថកិច្ចស្ថាប័នផ្សេងទៀត បានពង្រាយប្រចាំការ និងល្បាតការពារសុវត្ថិភាពសន្តិសុខ ជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់។ លោកបញ្ជាក់ថា ជាបន្តបន្ទាប់មកនេះ កម្លាំងនគរបាលជំនាញ បានចុះស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាប្រព្រឹត្តបទល្មើសហិង្សា គ្រឿងញៀន បាញ់បោះសេរី និងបទល្មើសចាប់ជំរិតមនុស្សជាដើម បានជាច្រើនករណី និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់តុលាការផ្ដន្ទាទោសមានផលវិជ្ជមាន ជាបន្តបន្ទាប់នាពេលកន្លងមកនេះ។
កាលពីដើមឆ្នាំ២០១៨ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានផ្ញើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយរៀបរាប់ពីផលប៉ះពាល់នៃកំណើនជនជាតិចិននៅក្នុងខេត្តនេះ។ ក្នុងរបាយការណ៍នោះ លោក យន្ដ មីន បញ្ជាក់ថា កំណើនជនបរទេស ជាពិសេសជនជាតិចិន គឺមានចំនួនច្រើនជាងគេចូលមករស់នៅ និងប្រកបរបរនាខេត្តព្រះសីហនុ។ លោកថា កំណើននេះ គឺកំពុងធ្វើឲ្យមានផលប៉ះពាល់លើបញ្ហាមួយចំនួនរួមមាន៖ ការបង្កឱកាសដល់ជនជាតិចិនជាពួកម៉ាហ្វីយ៉ាមួយចំនួន បន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស បង្កអសន្តិសុខ និងចាប់ជំរិត។ ក្នុងនោះអ្នកវិនិយោគមួយចំនួន បានជួលផ្ដាច់មុខសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនធំ ដែលធ្វើឲ្យការផ្ដល់សេវាដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការខ្វះខាតនៅពេលបុណ្យទាន។ មន្ត្រីជាន់ខ្ពស់ការទូតចិន ធ្លាប់ទទួលស្គាល់ថា ជនជាតិចិននៅខេត្តព្រះសីហនុបានបង្កបញ្ហាដល់ខេត្តនេះ និងបានអរគុណអាជ្ញាធរដែលបានសហការបង្ក្រាបអំពើឧក្រិដ្ឋទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។