ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅឃុំចំនួនពីរ ក្នុងស្រុកវឺនសៃ ខេត្តរតនគិរី នៅថ្ងៃច័ន្ទ ទី១១ ខែមីនា ឆ្នាំ២០១៣ អំពាវនាវឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ចាត់វិធានការស៊ើបអង្កេតទៅលើកងកម្លាំងប្រដាប់អាវុធ មានទាហាន ប៉ូលិស និងកងរាជអាវុធហត្ថដែលបានគំរាមកំហែងជីវភាពរស់នៅរបស់អ្នកភូមិ។
ប្រជាពលរដ្ឋរស់នៅភូមិហ្វាំង សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា អ្នកភូមិជនជាតិដើមភាគតិចដែលធ្លាប់តែរស់អាស្រ័យអនុផលព្រៃឈើ កំពុងភ័យខ្លាចមិនហ៊ានចូលព្រៃដូចមុន ដោយសារមានកងកម្លាំងប្រដាប់អាវុធនៅក្នុងព្រៃ គំរាមកំហែងចាប់រឹបអូសសម្ភារៈ មានកាំបិត ពូថៅ អ្នកភូមិមិនឲ្យចូលព្រៃរកជ័រទឹក ឬបោចវល្លិរកផ្ដៅលក់ចិញ្ចឹមជីវិតបានឡើយ។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះដដែលបន្តថា កងកម្លាំងទាំងនោះដាក់ទីតាំងនៅចំណុចអូរកាសៀប ព្រំប្រទល់ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាប់នឹងស្រុកវ៉ឺនសៃ ខេត្តរតនគិរី ហើយតម្រូវឲ្យប្រជាពលរដ្ឋផ្ដិតមេដៃឈប់ចូលព្រៃតទៅទៀត៖ «ឃុំវ៉ឺនសៃ ហើយនិងឃុំកុកឡាក់ ជនជាតិភាគតិចកាវ៉ែត ហ្នឹងណា! ប្រជាពលរដ្ឋលែងហ៊ានចូលព្រៃកាប់វល្លិកាប់ផ្ដៅ ហើយទៅដឹកជ័រទឹក គេក៏ឃាត់ហាមដែរ គេឃើញកាន់កាំបិតទៅចាប់កាំបិត ឃើញកាន់ស្នាទៅចាប់ស្នា រករឿងចាប់ទាំងមនុស្សទៀត»។
មេឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សៀក មេគង្គ មានប្រសាសន៍បញ្ជាក់ដែរថា លោកក៏ទទួលបានព័ត៌មានដូចគ្នានេះពីប្រជាពលរដ្ឋឃុំស្រែគរ ដែលត្រូវកងកម្លាំងនៅក្នុងព្រៃគំរាមកំហែងមិនឲ្យចូលព្រៃដូចគ្នា។ លោកបន្តថា មិនបានដឹងថាកងកម្លាំងទាំងនោះមានបទបញ្ជាពីថ្នាក់ណាទេ ក៏ប៉ុន្តែលោកកត់សម្គាល់ថា កន្លងទៅនេះមានបុគ្គលបម្រើការក្នុងកងកម្លាំងបានចូលព្រៃកាប់ឈើប្រណិតខុសច្បាប់ នៅតំបន់នោះ ហើយគំរាមអ្នកភូមិមិនឲ្យចូលព្រៃ៖ «ខាងហ្នឹងឮដែរឮថាមានខាងទាហាន មានប៉េអិម ចូលទៅខាងញឺន ហ្នឹងណា! គេហាមឃាត់មិនឲ្យប្រជាពលរដ្ឋទៅ»។
មន្ត្រីផ្នែកអង្កេតសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហ៊ូ សំអុល មានប្រសាសន៍ថា ច្បាប់ព្រៃឈើមិនបានហាមឃាត់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ចូលព្រៃរកអនុផលព្រៃឈើនោះទេ ក៏ប៉ុន្តែលោកមិនបានដឹងថា តើកងកម្លាំងដែលហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលព្រៃ មានការចាត់តាំង ឬអនុវត្តបទបញ្ជាពីស្ថាប័នណាទេ? លោកអំពាវនាវឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ស៊ើបអង្កេតករណីនេះ៖ «អាហ្នឹង គឺជាការងាររបស់ពួកគាត់ ដែលបានផលកម្រៃតិចតួចមកដោយសារអនុផលព្រៃឈើ ហើយគាត់នៅក្នុងព្រៃ គាត់ត្រូវតែរកអាហ្នឹងហើយ។ បើសិនហាមគាត់មិនឲ្យរកទៀត មានន័យថា ផ្តាច់សេដ្ឋកិច្ចគាត់មួយដ៏ធំ»។
យ៉ាងនេះក្តី អភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សូផាត នៅថ្ងៃច័ន្ទ ទី១១ ខែមីនា បដិសេធថា អាជ្ញាធរខេត្តមិនបានដាក់បទបញ្ជាណាមួយឲ្យកងកម្លាំងទៅបំពេញភារកិច្ចនៅតំបន់ដែលប្រជាពលរដ្ឋបានរាយការណ៍នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។