ពលករខ្មែរមួយចំនួនជួបការលំបាកពេលសម្រាលកូននៅប្រទេសថៃ
2024.01.20
ពលករខ្មែរមួយចំនួនធ្វើការងារនៅប្រទេសថៃជួបការលំបាកក្នុងពេលសម្រាកកូនដោយសារគ្មានអ្នកមើលថែនិងខ្វះភាពកក់ក្ដៅពីគ្រួសារ។ បន្ថែមពីនេះកូនរបស់ពួកគេក៏ពិបាកក្នុងធ្វើសំបុត្រកំណើតដែរ ជាពិសេសអ្នកដែលធ្វើការងារខុសច្បាប់។ តើក្រុមពលករទាំងនោះជួបការលំបាកបែបណាខ្លះក្នុងពេលសម្រាលកូននៅប្រទេសថៃ?
ក្រុមពលករខ្មែរដែលសម្រាលកូននៅប្រទេសថៃមួយចំនួនលើកឡើងថា ការសម្រាលកូននៅក្រៅប្រទេសចំណាយអស់ប្រាក់ច្រើន និងខ្វះភាពកក់ក្ដៅជាងនៅក្នុងស្រុក ក៏ប៉ុន្តែដោយសារគ្មានជម្រើសពួកគេត្រូវបង្ខំចិត្តសម្រាលកូននៅក្រៅប្រទេស។
ពលការិនីធ្វើការផ្នែកលក់គ្រឿងសង្ហារិមនៅខេត្តនន់ថាក់បូរី (Nonthaburi) ជាប់ទីក្រុងបាងកក លោកស្រី ធី បេឡា ប្រាប់វិទ្យុអាស៊ីសេរីថា ការសម្រាលកូននៅប្រទេសថៃចំណាយអស់ប្រាក់ច្រើនជាងនៅកម្ពុជា គឺសម្រាលកូនម្នាក់អស់ប្រាក់ប្រមាណ៣ម៉ឺនបាត ឬស្មើប្រមាណ៩០០ដុល្លារ ហើយគ្មានកក់ក្ដៅពីក្រុមគ្រួសារឡើយ ព្រោះត្រូវសម្រាកនៅមន្ទីរពេទ្យតែម្នាក់ដោយគ្មានសាច់ញាតិនៅក្បែរខ្លួននោះទេ។ ស្ត្រីវ័យ៣៧ឆ្នាំរូបនេះបន្តថា គ្រួពេទ្យអនុញ្ញាតឱ្យប្ដីឬសាច់ញាតិចូលសួរសុខទុក្ខនៅពេលបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងបន្ទប់គាំពារម្ដាយ ប៉ុន្តែអាចសួរសុខទុក្ខបានរយៈពេលខ្លីប៉ុណ្ណោះ ហើយលោកស្រីត្រូវសម្រាកនៅមន្ទីរពេទ្យ ២យប់តែម្នាក់ឯង។ បច្ចុប្បន្នពលការិនីមានស្រុកកំណើតនៅខេត្តបាត់ដំបងរូបនេះ កូនអាយុជាង ២ឆ្នាំហើយ។ លោកស្រីបន្តធ្វើការងារនៅប្រទេសថៃមិនទាន់បានត្រឡប់ទៅធ្វើសំបុត្រកំណើតឱ្យកូននៅកម្ពុជានៅឡើយទេ ដោយសារជីវភាពក្រីក្រ និងគ្មានប្រាក់។
លោកស្រី ធី បេឡា៖ «គេដាក់ថា កើតនៅប្រទេសថៃតែប៉ុណ្ណឹងអត់មានបានអត្តសញ្ញាណប័ណ្ណដូចកូនថៃទេ ដល់ទៅខ្មែរធ្វើសំបុត្រកំណើតកូនមួយសារទៀត តែខ្ញុំអត់ទាន់ចង់ទៅ។ អ៊ីចឹងយើងត្រូវតែរកលុយដើម្បីកូនខ្ញុំស៊ូលំបាកស៊ូអត់ដល់ពេលអីចឹងខ្ញុំមានតែនៅថៃនេះឯងធ្វើការខ្លះ សម្រាប់ថ្លៃទឹកដោះគោកូន។ ដល់តែយើងទៅខ្មែរយើងទៅរកស៊ីអី»។
ប្រហាក់ប្រហែលគ្នានេះដែរ ពលរដ្ឋមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ លោកស្រី រឿន ផល្លី ថ្លែងថា ការសម្រាលកូននៅប្រទេសថៃគ្មានភាពកក់ក្ដៅដូចនៅប្រទេសកំណើតនោះទេ ប៉ុន្តែគ្រូពេទ្យយកចិត្តទុកដាក់មើលថែអ្នកជំងឺប្រសើរជាងនៅកម្ពុជា។ លោកស្រីបន្តថា សម្រាលកូននៅកម្ពុជាមានប្ដីនិងសាច់ញាតិផ្ដល់កម្លាំងចិត្តនៅជុំវិញខ្លួន ដែលខុសពីប្រទេសថៃលោកស្រីត្រូវសម្រាលកូននៅក្នុងមន្ទីរពេទ្យតែម្នាក់ឯង។ ស្ត្រីវ័យ ៣៩ឆ្នាំរូបនេះ សម្រាលកូននៅប្រទេសថៃចំនួន២លើរួចមកហើយ ដោយកូនបងអាយុ ៧ឆ្នាំនិងកូនប្អូនអាយុជាង១ឆ្នាំហើយ។ លោកស្រីបន្ថែមថា សម្រាលកូនមួយលើកៗចំណាយអស់ប្រាក់ ១ម៉ឺន ៧ពាន់បាត ឬស្មើប្រមាណ៦៥០ដុល្លារ។លោកស្រីបន្តថា សម្រាលកូននៅប្រទេសថៃគ្រូពេទ្យមិនទារប្រាក់មុនដូចនៅកម្ពុជានោះទេ ហើយពេទ្យថែមទាំងអនុគ្រោះឱ្យបង់រំលស់បន្តិចម្ដងៗ ហើយរហូតមកដល់ពេលនេះលោកស្រីមិនទាន់សងប្រាក់ពេទ្យរួចនៅឡើយ។
លោកស្រី រឿន ផល្លី៖ «ការសម្រាលក៏លំបាកដូចគ្នាទីយើងខ្វះខាតលុយកាក់ ប៉ុន្តែល្អម្យ៉ាងដូចថាស្រុកគេយ៉ាងណា ក៏គេជួយជីវិតយើងនឹងកូនសិន។ អ៊ីចឹងហើយឧបមាអស់ ២បីម៉ឺនយើងគ្មានលុយដុំបង់គេទាំងអស់ទេ អីចឹងមានតែយើងបង់គេបណ្ដោះបង់គេម្ដង ២ពាន់បីពាន់។ ខ្ញុំជាពលករអ៊ីចឹងអត់មានសមត្ថភាពបង់ដុំទេ ខ្ញុំសុំគេបង់រំលស់មួយខែបីពាន់ បើមានច្រើនខ្ញុំបង់ច្រើនទៅ បើមានតិចខ្ញុំបង់តិចទៅ។ ជីវភាពវាខ្វះខាតឥឡូវនៅស្រុកពិបាកណាស់បងអើយការងារមិនសូវមានធ្វើទេ»។
ដោយឡែកពលការិនីធ្វើការផ្នែកដេរស្បែកជើង ឱ្យថៅកែជនជាតិថៃនៅខេត្តឈុនបុរី (Chunbori) លោកស្រី ម៉េង ឌីណា ឱ្យដឹងថា លោកស្រីទើបតែសម្រាលកូនបានជិត ២ខែប៉ុណ្ណោះ។ ស្ត្រីវ័យ២៧ឆ្នាំរូបនេះបន្តថា ការសម្រាលកូននៅប្រទេសថៃ ក្រៅអំពីចំណាយអស់ប្រាក់ច្រើន និងខ្វះភាពកក់ក្ដៅហើយ ក៏ពិបាកក្នុងការធ្វើសំបុត្រកំណើតដែរ។ លោកស្រីបន្ថែមថា កូនរបស់លោកស្រីទើបតែធ្វើសំបុត្រកំណើតបាន កាលពីថ្ងៃទី១០ មករា ដោយសារប្ដីគ្មានឯកសារស្របច្បាប់។ លោកស្រីបញ្ជាក់ថា ការដែលកូនគ្មានសំបុត្រកំណើតគឺពិបាកក្នុងការព្យាបាលជំងឺនៅមន្ទីរពេទ្យ។
លោកស្រី ម៉េង ឌីណា៖ «ឆ្លងទន្លេហើយមុនដំបូងខ្ញុំយកឈ្មោះប្ដីទៅដាក់ហើយប្ដីខ្ញុំអត់មានទិដ្ឋាការ ហើយដល់ពេលអ៊ីចឹងទៅគេថា គេអត់ធ្វើសំបុត្រកំណើតឱ្យទេ ព្រោះអីប្ដីខ្ញុំអត់មានទិដ្ឋាការ។ដល់ពេលម្សិលមិញខ្ញុំទៅជាមួយគាត់ កុហកគេថាខ្ញុំអត់មានប្ដី ប្ដីខ្ញុំរត់ចោលបានគេធ្វើឱ្យខ្ញុំ។ បើថាមានប្ដីគេអត់ធ្វើឱ្យខ្ញុំទេ ព្រោះប្ដីខ្ញុំអត់មានទិដ្ឋាការ ដល់ពេលអត់មានសំបុត្រកំណើតទៅ ទៅពេទ្យលំបាកណាស់ ពេទ្យសួររកតែសំបុត្រកំណើត»។
ពលការិនីខ្មែរទាំងនេះ មកធ្វើការងារនៅប្រទេសថៃជាមួយប្ដី និងបានប្រាក់ឈ្នួលប្រមាណពី ១ម៉ឺនទៅ ១ម៉ឺន៥ពាន់បាត ឬស្មើប្រមាណពី៣០០ ទៅ ៤៨០ដុល្លារក្នុងមួយខែ។ ពួកគេអះអាងថា បើទោះបីជាសម្រាលកូនរួចហើយក៏ដោយក៏ពួកគេនៅតែជួបការលំបាកផ្លូវចិត្ត ដោយរងការមើលងាយពីជនជាតិថៃមួយចំនួនថា កូនរបស់ពួកគេយំរំខានដល់ការរស់នៅរបស់ម្ចាស់ប្រទេស។ ក្រុមពលករទាំងនោះថា ពួកគេឈឺចាប់នៅពេលរងការរិះគន់បែបនេះ ក៏ប៉ុន្តែគ្មានជម្រើសក៏នាំគ្នាខាំស្មៅធ្វើការងារនៅប្រទេសថៃបន្តទៀត ដើម្បីរកប្រាក់សងធនាគារ និងដោះស្រាយជីវភាព។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីសុំអត្ថាធិប្បាយជុំវិញទុក្ខលំបាករបស់ពលករខ្មែរនេះបានទេ នៅថ្ងៃទី១១ មករា។
ប៉ុន្តែកន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគោលនយោបាយគាំទ្រឱ្យពលរដ្ឋខ្មែរចំណាកស្រុកធ្វើការនៅក្រៅប្រទេស ដើម្បីឱ្យមានការងារធ្វើ ហើយលោកថា ករណីបែបនេះ មិនមែនមានតែនៅកម្ពុជានោះទេ។ ទន្ទឹមនឹងនេះលោកអះអាងថា កន្លងទៅមន្ត្រីរបស់លោកដែលប្រចាំការនៅក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ បានយកចិត្តទុកដាក់ចំពោះសុខទុក្ខពលករខ្មែរចំណាកស្រុកតាមរយៈការអន្តរាគមន៍ផ្ដល់ជំនួយផ្លូវច្បាប់ ម្ហូបអាហារ និងផ្ដល់សេវាផ្សេងទៀត។
ជុំវិញរឿងនេះ មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ឱ្យដឹងថា សព្វថ្ងៃនេះមានពលករខ្មែរដែលសម្រាលកូននៅប្រទេសថៃ ជាច្រើននាក់តែងមករកអន្តរាគមន៍ពីអង្គការលោកឱ្យជួយផ្លូវច្បាប់ ដើម្បីធ្វើសំបុត្រកំណើតឱ្យកូនរបស់ពួកគេ។ លោកបន្តថា ពលករសម្រាលកូននៅប្រទេសថៃជួបការលំបាកច្រើនជាងនៅប្រទេសកំណើត ជាពិសេសពលករដែលមកធ្វើការងារខុសច្បាប់។ លោកបញ្ជាក់ថា អាជ្ញាធរថៃ មិនធ្វើសំបុត្រកំណើតឱ្យកូនរបស់ពលករ ភាគច្រើនដោយសារពួកគេគ្មានទិដ្ឋាការស្នាក់នៅស្របច្បាប់។ លោកថា បញ្ហានេះបង្កការលំបាកដល់ពលករធ្វើឱ្យពួកគេមិនយកកូនទៅព្យាបាលជំងឺនៅតាមមន្ទីរពេទ្យបានឡើយ។
លោក លឹង សុផុន៖ «គាត់ខាតបង់ច្រើនណាស់ អ៊ីចឹងធ្វើឱ្យពួកគាត់លំបាកវេទនា អ៊ីចឹងមានតែត្រឡប់ទៅខ្មែរវិញ។ ប៉ុន្តែភាគច្រើនគាត់ថា បើទៅខ្មែរវាអត់មានអីអ៊ីចឹងណាស់គាត់ចេះតែតស៊ូនៅប្រទេសថៃអ៊ីចឹងទៅ។ ហើយគាត់រង់ចាំឱ្យថៅកែដំណើរការរឿងរ៉ាវឱ្យគាត់ហ្នឹងឱ្យបានត្រឹមត្រូវតាមច្បាប់ក៏មានដែរ តែកន្លងមកឃើញថា ពលករដែលគាត់អត់មានឯកសារគាត់ស៊ូលំបាក។ពេលខ្លះទៅបើបានខ្ញុំដឹងក៏ខ្ញុំព្យាយាមជួយពួកគាត់ឱ្យគាត់ធ្វើឯកសារហើយ ដើម្បីទៅស្នើសុំធ្វើសំបុត្រកំណើតដើម្បីទៅបើកអត្ថប្រយោជន៍ផ្សេងៗដែលបាននៅក្នុងប្រកាន់សង្គមដែលគេកំណត់មកថា ត្រូវបានអីខ្លះ»។
លោក លឹង សុផុន បន្តថា ដើម្បីដោះស្រាយបញ្ហានេះ មុនពេលទៅធ្វើការងារនៅប្រទេសថៃពលករគួរធ្វើលិខិតឆ្លងដែន និងមានទិដ្ឋាការធ្វើការងារដោយស្របច្បាប់ឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះលោកស្នើឱ្យរដ្ឋាភិបាលកម្ពុជាគួរតែផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាពលករសម្រាលកូននៅប្រទេសថៃ លំបាកនាំកូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងពេលឈឺថ្កាត់ ដើម្បីកុំឱ្យពួកគេមានបញ្ហាដូចសព្វថ្ងៃទៀត។
របាយការណ៍របស់ក្រសួងការងារកម្ពុជា ឱ្យដឹងថា បច្ចុប្បន្ន មានពលករខ្មែរជាង ១លាន ២សែននាក់ធ្វើការនៅប្រទេសថៃ។ ប៉ុន្តែរបាយការណ៍របស់អង្គការសង់ត្រាល់ បង្ហាញថា មានពលករខ្មែរ ធ្វើការដោយស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃជាង ២លាននាក់ ដោយមួយចំនួនពួកគាត់ទទួលរងការរំលោភបំពានសិទ្ធិការងារ និងបាត់បង់ផលប្រយោជន៍ ដែលប៉ះពាល់ដល់បញ្ហាផ្នែកសេដ្ឋកិច្ចគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។