ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​នៅ​ថៃ​ដែល​ប្រើ​ប្រាស់​ថ្នាំ​ញៀន ធ្វើ​ឱ្យ​គ្មាន​ប្រាក់​ផ្ញើ​ឱ្យ​គ្រួសារ

0:00 / 0:00

ពលករ​ខ្មែរ​ធ្វើ​ការ​រោងចក្រ​នៅ​ប្រទេស​ថៃ​​រាប់រយ​នាក់​ប្រើប្រាស់​ថ្នាំ​ញៀន ធ្វើ​ឱ្យ​​ពុំ​មាន​ប្រាក់​ផ្ញើ​ឱ្យ​ឪពុក​ម្ដាយ​នៅ​កម្ពុជា​។​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ លើក​​ឡើង​ថា​ ​បញ្ហា​នេះ​នឹង​ជះឥទ្ធិពល​អាក្រក់​​ដល់​​សង្គម​ជាតិ​ដែល​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​គួរ​តែ​​​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថៃ​ជួយ​ដល់​ពលករ​ទាំង​នោះ​ជា​បន្ទាន់​។

ពលករ​ខ្មែរ​​ធ្វើ​​ការ​នៅ​ខេត្ត​ជាប់​ទី​ក្រុង​បាងកក (Bangkok) មួយ​ចំនួន​​លើក​ឡើង​ថា ពួកគេ​មិន​ចង់​ធ្វើ​​ការ​នៅ​តំបន់​ដែល​ក្រុម​ពលករ​ទាំង​នោះ​​ប្រើប្រាស់​ថ្នាំ​ញៀន​នោះ​ទេ​ ក៏​ប៉ុន្តែ​ដោយសារ​គ្មាន​ជម្រើស​ ដូច្នេះ​មាន​តែ​​អត់​ទ្រាំ​ធ្វើ​ការ​នៅ​ទីនោះ​បន្ត​ទៀត​ ​ដើម្បី​​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ។

ពលករ​​ធ្វើ​ការ​​រោងចក្រ​ផលិត​អាហារ​ ស៊ីភី រែម (CP Ram Company) នៅ​​ស្រុក​ឡាតលុមកែវ​(Lat Lum Keo)ខេត្ត​ផាត់ធុមថានី (Pathum Thani) ជាប់​ទីក្រុង​បាងកក​ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ថា ​ពលករ​ខ្មែរ​​ប្រមាណ ១ពាន់​នាក់​​​ក្នុង​ចំណោម​ពលករ​ខ្មែរ​​ជាង ១ពាន់ ៥០០​នាក់​(១.៥០០)​ដែល​ធ្វើ​ការ​រោងចក្រ នៅ​តំបន់​លោក​​​រស់​នៅ​​​បាន​ប្រើប្រាស់​គ្រឿង​ញៀន។ ពលករ​​​រូប​នេះ បន្ត​ថា ​​ថ្នាំ​ញៀន​ត្រូវ​បាន​គេ​ដាក់​លក់​ដូច​ផ្សារ​ត្រី​ ដែល​​ពួកគេ​ទិញ​​ពី​​ប៉ូលិស​មូលដ្ឋាន​របស់​ថៃ នៅ​តំបន់​នោះ​ក្នុង​​តម្លៃ​៣០​គ្រាប់ ពី​១៥០ ទៅ ២០០​បាត​ ឬ​ស្មើ​នឹង​​ប្រមាណ​​​ពី ៤​ទៅ​៦​ដុល្លារ​អាមេរិក​ រួច​នាំ​គ្នា​ប្រើប្រាស់​នៅ​តាម​បន្ទប់​រៀងៗខ្លួន។ ពលករ​រូប​នេះ​បន្ថែម​ថា ដំបូង​ឡើយ​​គ្រួសារ​គាត់​ធ្លាប់​​ស្នាក់​នៅ​ក្នុង​បន្ទប់​ជា​មួយ​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ដែរ​ តែ​ក្រោយ​មក​​ក៏​បាន​​ប្ដូរ​បន្ទប់​វិញ​ ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​​​​ខ្លាច​​អ្នក​ញៀន​ថ្នាំ​វង្វេង​ស្មារតី ហើយ​ប្រើ​អំពើ​ហិង្សា​មក​​លើ​ខ្លួន។ ពលករ​រូប​នេះ​បញ្ជាក់​ថា ​ក្រុម​អ្នក​ញៀន​ថ្នាំ​​ទាំង​នោះ​ភាគ​ច្រើន​​មាន​ឧបករណ៍​ប្រើប្រាស់​ថ្នាំញៀន​ និង​មាន​កាំបិត​ដាវ​​ដាក់​​ជាប់​ខ្លួន​ ហើយ​ជារឿយៗ​ពួកគេ​តែង​ស្រែក​ឡូឡា​​បង្ក​ការ​រំខាន​ដល់​អ្នក​ដែល​មិន​​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​​នៅ​ពេល​យប់។

«ខ្ញុំ​ខ្លាច​ពេល​ណា​គេ​ប្រើប្រាស់​ដល់​កម្រិត​ទៅ វា​អាច​នឹង​ប្រតិកម្ម​ក្នុង​ខ្លួន​គាត់​អីចឹង គាត់​ធ្វើ​សកម្មភាព​មក​លើ​យើង​អីចឹង។ ដូច​គេ​ប្រើ​អ៊ីចឹង​​ធ្វើ​អត់​ឱ្យ​យើង​ងងុយដេក​​ មិន​ឱ្យ​​យើង​អស់​កម្លាំង​ ហើយ​បាយ​ទឹក​អី​អត់​ហូប​អត់​អី​ ហើយ​គេ​នាំ​គ្នា​ដើរ​ចុះ​ដើរ​ឡើង​ចេញ​ចូល​ៗ​អ៊ីចឹង​ទៅ »

ស្រដៀង​គ្នា​នេះ​ដែរ ពលការិនី​​ធ្វើ​ការ​នៅ​តំបន់​ពលករ​ខ្មែរ​​ប្រើប្រាស់​ថ្នាំ​ញៀន​ ម្នាក់​ទៀត​ គឺ​លោកស្រី ជួង សុភាព រៀប​រាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ​ប្អូន​ប្រុស​របស់​លោក​ស្រី​​អាយុ​២៥​ឆ្នាំ​​បាន​ប្រើប្រាស់​ថ្នាំ​ញៀន តាម​គ្នីគ្នា​រយៈ​ពេល​ប្រមាណ​៤​ឆ្នាំ​ហើយ។ ពលករ​មាន​ដើម​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់​រូប​នេះ​ បន្ត​ថា ប្អូន​លោក​ស្រី​ភាគ​ច្រើន​ទិញ​ថ្នាំ​ញៀន ពី​ប៉ូលិស​មូលដ្ឋាន​នៅ​តំបន់​នោះ​ រួច​យក​មក​ប្រើ​ប្រាស់​នៅ​ក្នុង​បន្ទប់​ នៅ​ពេល​​ដែល​ប្អូន​​​​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ។

លោក​ស្រី​​ថា ​ប្អូន​លោក​ស្រី​ញៀន​ថ្នាំ​រហូត​លែង​ស្គាល់​ឪពុក​ម្ដាយ ហើយ​​តែង​​​ប្រើ​ហិង្សា​មក​លើ​​លោក​ស្រី ​និង​មិន​ស្ដាប់​បង្គាប់​ការណែនាំ​​របស់​​​សាច់ញាតិ​ឡើយ។

លោកស្រី ជួង សុភាព៖ «ដល់​ពេល​ជក់​ថ្នាំ​អ៊ីចឹង​ទៅ​មាន​បាញ់​គ្នា​កាប់​គ្នា​អ៊ីចឹង​ទៅ អនាធិបតេយ្យ​ដូច​តំបន់​ម៉ាហ្វីយ៉ា​អ៊ីចឹង។​ថ្វី​ត្បិត​តែ​រោងចក្រ​នឹង​ធំ​ល្អ​មែន​ តែ​អ្នក​ធ្វើ​ការ​គឺ​អត់​សូវ​ខ្លាច​ច្បាប់​ទេ​ ដូច​ថា​ធ្វើ​អី​មក​គ្មាន​​ខ្លាច​ច្បាប់​ទេ ចង់​កាប់​ចង់​ជក់​ចង់​ផឹក​អ៊ីចឹង ​ធ្វើ​បាន​តាម​អំពើ​ចិត្ត។ និយាយ​ទៅ​គួរ​ឱ្យ​ខ្លាច​ដូច​ថា​ងាក​​ទៅ​ឆ្វេង​ក៏​មាន​តែ​អ្នក​ញៀន​ថ្នាំ ងាក​ទៅ​ស្ដាំ​មាន​តែ​អ្នក​ញៀន​ថ្នាំ»។

លោក​ស្រី​បន្ត​ថា អ្នក​ញៀន​ថ្នាំ​ភាគ​ច្រើន​ជា​ក្រុម​យុវជន​អាយុ​​ចន្លោះ​ពី ១៨ ទៅ​​ជិត ៣០​ឆ្នាំ ដោយ​អ្នក​ខ្លះ​​ទិញ​ថ្នាំ​ញៀន​​​សម្រាប់​ប្រើ​ប្រាស់​ខ្លួន​ឯង​ផង និង​លក់​​បន្ត​ឱ្យ​ពលករ​​​ធ្វើ​ការ​ជា​មួយ​គ្នា​ផង។ លោកស្រី​​អះអាង​ថា កន្លង​ទៅ​លោក​ស្រី​​ធ្លាប់​ប្ដឹង​​ទៅ​​ប៉ូលិស​មូលដ្ឋាន​របស់​ថៃ​ឱ្យ​ចាត់​វិធានការ​លើ​រឿង​នេះ​ដែរ ក៏​ប៉ុន្តែ​​ពុំ​ទទួល​បាន​លទ្ធផល​​ឡើយ ហើយ​ថែម​ទាំង​​ប៉ូលិស​ប្រាប់​លោក​ស្រី​ថា ​កុំ​ចេះ​ដឹង​រឿង​គេ​ពេក។ លោក​ស្រី​​​ព្រួយបារម្ភ​​ខ្លាច​ប្អូន​​​​លោកស្រី​មាន​គ្រោះ​ថ្នាក់​​ដល់​អាយុ​ជីវិត​ ពីព្រោះ​​សព្វ​​ថ្ងៃ​នេះ​រាង​កាយ​ស្គម​ស្លេកស្លាំង និង​មិន​សូវ​ហូប​អាហារ​ឡើយ។ លោក​ស្រី​​​ក៏​​បារម្ភ​ពី​អនាគត​គ្រួសារ​​​ដែរ​ ​ព្រោះ​ចាប់តាំង​ពី​ប្អូន​​លោកស្រី​​​ញៀន​ថ្នាំ​​មក ពុំ​​​​ដែល​​ផ្ញើ​ប្រាក់​ទៅ​ឱ្យ​ឪពុក​ម្ដាយ​នៅ​កម្ពុជា​នោះ​ទេ។

លោកស្រី ជួង សុភាព៖ «លក់​ផង​ជក់​ផង​​ស្ទើរ​តែ​ទាំង​អស់​ហ្មង​ ខ្ញុំ​ឃើញ​ដូច​ថា ​សង្វេគ​ណាស់​ខ្មែរ​យើង​មិន​គួរ​ណា​ធ្លាក់​ដល់​ចំណុច​ហ្នឹង​ទេ។ ដូច​ថា​គាត់​លក់​ថ្នាំ​ផង​ញៀន​ផង​ ញៀន​រហូត​ថ្នាក់​លែង​ខ្វល់​ខ្វាយ​ពី​ឪពុក​ម្ដាយ​ប្រទេស​ជាតិ​ សូម្បី​តែ​ខ្លួន​គាត់​ក៏​​បណ្ដោយ​ខ្លួន​ធ្វើ​ឱ្យ​ស្គមរីងរៃ ហើយ​ធ្វើ​ការ​មក​បាន​តែ​លុយ​ហ្នឹង​​យក​មក​ជក់​ថ្នាំ»។

ក្រុម​ពលករ​ទាំង​នោះ​អំពាវនាវ​ឱ្យ​​​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថៃ​ឱ្យ​ចាត់​វិធានការ​លើ​​អ្នក​​លក់​​ថ្នាំ​ញៀន​នៅ​តំបន់​នោះ​ ដើម្បី​​សម្រួល​ដល់​ពួកគេ​ធ្វើ​ការងារ​ដោយ​សុវត្ថិភាព។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​​​ពី​ពលករ​ខ្មែរ​ប្រើប្រាស់​ថ្នាំ​ញៀន​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ សីហា។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ លោក ហេង សួរ ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ។

ជុំវិញ​រឿង​នេះ​ មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​អង្គការ​សង់ត្រាល់​(CENTRAL) លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ពុំ​មែន​ជា​កំហុស​របស់​​ពលករ​នោះ​ទេ ​ពោល​គឺ​ដោយសារ​​តែ​​បរិស្ថាន​​​​នៅ​តំបន់​​ពួកគាត់​ធ្វើ​ការ​​​​មាន​ថ្នាំ​ញៀន។ លោក​បន្ត​ថា បញ្ហា​នេះ​​ជា​គ្រោះ​ថ្នាក់​​ធំ​មួយ​ដល់​សង្គម​ជាតិ​ ដោយសារ​តែ​យុវជន​​​​ពេញ​កម្លាំង​ទាំង​នោះ​រវល់​តែ​​ញៀន​ថ្នាំ​​ដោយ​ពុំ​​​បាន​ធ្វើ​ការងារ​រក​ប្រាក់​​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ និង​ជា​បន្ទុក​ដល់​គ្រួសារ​ទៅ​វិញ​។ លោក​​​បញ្ជាក់​ថា​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​នៅ​ទី​ក្រុង​បាងកក​​គួរតែ​អន្តរាគមន៍​ទៅ​​រដ្ឋាភិបាល​​ឱ្យ​ចាត់​វិធានការ​​ជួយ​ដល់​ពលករ​ទាំង​នោះ​ជា​បន្ទាន់​។

លោក ឌី ថេហូយ៉ា៖ «ខ្ញុំ​គិត​ថា​វា​ប៉ះពាល់​ធំធេង​រយៈ​ពេល​យូរ ក្លាយ​ទៅ​ជា​បន្ទុក​សង្គម។ បន្ទុក​ទី​១​បន្ទុក​គ្រួសារ​​របស់​គាត់​ដែល​ប្រឈម​ថា តើ​ត្រូវ​ដោះស្រាយ​របៀប​ម៉េច ។ បន្ទុក​ទី​វា​រង​ផល​ប៉ះពាល់​ឥទ្ធិពល​ត​កូន​ត​ចៅ​ដែល​គាត់​មិន​មាន​លុយ ដើម្បី​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ហើយ​ គាត់​មាន​សារធាតុ​ញៀន​ទៀត ហើយ​គាត់​ធ្វើ​ឱ្យ​ស្ថិរភាព​នៅ​ក្នុង​សហគមន៍​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង​វា​អត់​មាន​ស្ថិរភាព។ ធម្មតា​សារធាតុ​ញៀន កាល​ណា​វា​ញៀន​គឺ​វា​អត់​ដឹង​ខុស​ត្រូវ​អី​ទេ វា​អាច​ប្រើ​ប្រាស់​អំពើ​ហិង្សា​កាប់​សម្លាប់​អី​ជា​ដើម​អ៊ីចឹង​ទៅ»។

របាយការណ៍​របស់​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ ប្រមាណ ២​លាន​នាក់​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

​​កន្លង​ទៅ​ក្រៅ​ពី​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ ពលករ​ខ្មែរ ក៏​ប្រឈម​នឹង​បញ្ហា​ច្រើនយ៉ាង ដូចជា ​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម បង្ខំ​ឱ្យធ្វើ​ការ​ហួសកម្លាំង ប្រើ​ហិង្សា​លើ​រាងកាយ ប្រមាថ​មើល​ងាយ និង​បើក​ប្រាក់ខែ​ឱ្យ​មិន​ទៀងទាត់​ជាដើម។ ជា​រឿយៗ​ពលករ​ទាំង​នោះ​មិន​ដែល​​ទទួល​បាន​​យុត្តិធម៌​នោះ​ទេ នៅ​ពេល​ដែល​ពួកគាត់​ទៅ​ប្ដឹង​អំពី​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​ថៃ។ ចំណែក​ឯ​ស្ថានទូត​ខ្មែរ​​​វិញ​កម្រ​ចុះ​ទៅ​អន្តរាគមន៍​​ឱ្យ​ពលករ និង​ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​រស់នៅ​របស់​ពួកគាត់​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​​ឱ្យ​ដឹង​ថា កត្តា​ដែល​ជំរុញ​ឱ្យ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ដោយសារ​ជីវភាព​ខ្វះខាត ធ្វើស្រែ​ចម្ការ​បាន​ផល​តែ​គ្មាន​ទីផ្សារ គ្មាន​ការងារ​ក្នុងស្រុក និង​ជំពាក់​​ប្រាក់​ធនាគារ​ជាដើម​។

ក្រុម​ពលករ​​​ឱ្យ​ដឹង​ថា ​​ពលករ​ខ្មែរ​ដែល​​ញៀន​ថ្នាំ​ទាំង​នោះ​​ពុំ​ដែល​បាន​ផ្ញើ​ប្រាក់​​ទៅ​ឱ្យ​សាច់ញាតិ​នៅ​កម្ពុជា​នោះ​ទេ។ ជា​មួយ​គ្នា​នេះ​ពួកគេ​​ក៏​មិន​ចង់​​​ធ្វើ​ការ​នៅ​តំបន់​នោះ​ដែរ​ ក៏​ប៉ុន្តែ​ដោយ​សារ​គ្មាន​ជម្រើស​ ព្រោះ​ជីវភាព​ក្រីក្រ និង​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ ដូច្នេះ​មាន​តែ​​ខាំ​ស្មៅ​នៅ​ប្រទេស​ថៃ​​​បន្ត​ទៀត​ ដើម្បី​​រក​ប្រាក់​​ដោះស្រាយ​​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។