មនុស្ស​ចាស់​មួយចំនួន​កំពុង​ក្លាយ​ជា​អ្នក​យាម​ផ្ទះ​ឱ្យ​កូន​ដែល​ចំណាកស្រុក​រក​ការងារ​ធ្វើ

មនុស្ស​ចាស់​មួយចំនួន​កំពុង​ក្លាយជា​អ្នកមើល​ថែទាំ​ចៅ និង​ផ្ទះសម្បែង​ប្រៀប​ដូច «យាយ​ចាស់​កូនខ្ចី» ដើម្បី​ឲ្យ​កូនៗ​របស់​ពួកគាត់ ធ្វើ​ចំណាកស្រុក​រក​ប្រាក់​សង​បំណុល​ធនាគារ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​បង្កើន​ឱកាស​ការងារ​នៅក្នុង​ស្រុក ដើម្បី​កាត់បន្ថយ​ចំនួន​ពលរដ្ឋ​ចំណាកស្រុក​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។

«យាយ​ចាស់​កូនខ្ចី​» សំដៅ​ដល់​មនុស្ស​វ័យ​ចំណាស់​មួយចំនួន​កំពុង​ប្រើប្រាស់​ជីវិត​ចុង​ក្រោយ​របស់​ពួកគាត់ រ៉ាប់រង​ចិញ្ចឹម​បីបាច់​ថែរក្សា​ចៅ​តូចៗ ជាច្រើន​នាក់ ជំនួស​កូនៗ​របស់​ពួកគាត់ ដែល​កំពុង​ចំណាកស្រុក ទៅ​ធ្វើ​ការ​រក​ប្រាក់​ដោះស្រាយ​បញ្ហា​ជីវភាព។

ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​បន្ទាយមានជ័យ លោក ស្រឿង ហឿន មាន​វ័យ​ជិត ៧០​ឆ្នាំ ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី១១ ឧសភា ថា កូនប្រុស​បង្កើត​របស់​លោក​ចំនួន ៤ នាក់ បាន​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​កូន​ប្រសា​ទាំងអស់​កំពុង​ធ្វើការ​រោងចក្រ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​។ ចំណែកឯ​ចៅៗ របស់​លោក​ចំនួន​៦​នាក់ គឺ​ទុក​នៅផ្ទះ ឲ្យ​ប្រពន្ធ​លោក​ជា​អ្នក​មើលថែ។

លោក ស្រឿង ហឿន៖ «យាយ​នៅ​ជាមួយ​ចៅ ហើយ​ខ្ញុំ​មក​ធ្វើ​ការ​តាម​នេះ​ទៅ​។ ចៅ​របស់ខ្ញុំ​៦​នាក់ មាន​ធំ​ខ្លះ​ហើយ ហើយ​នៅ​តូច​តែ​២​នាក់​ទេ ហើយ​ចៅ​ធំៗ វា​ទៅ​រៀន»។

បុរស​ចំណាស់​មាន​មុខ​របរ​ជា​កម្មករ​សំណង់​រូបនេះ ឲ្យ​ដឹង​ដែរ​ថា លោក​ត្រូវ​ធ្វើការ​ក្រោម​កម្ដៅថ្ងៃ ដើម្បី​ទទួល​បាន​ប្រាក់​៤​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ លោក ត្អូញត្អែរ​ថា នៅ​ពេល​ឈឺ​ថ្កាត់​ម្ដងៗ កូនៗ​កម្រ​បាន​មក​មើល​ថែ​ម្ដាយ​ឪពុក​ចាស់ជរា ព្រោះតែ​ពួកគេ​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​។ លោក​បន្ថែម​ថា ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារ​តូច មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ហើយ​ជារឿយៗ​ចៅ​តូចៗ​របស់​លោក​តែង​យំ​នឹក​ឪពុក នៅពេល​ពួកគេ​ឈឺ​ម្ដងៗ។

លោក ស្រឿង ហឿន៖ «តែ​មិន​ស្រួល​វា​នឹក​ទារ​រក​ម្ដាយ​ឪពុក​វា អីចឹង​ទៅ​មិន​ដឹង​ថា​ធ្វើ​ម៉េច​។ នៅពេល​វា​ជា​ហ្នឹង​មិនសូវ​អី​ទេ តែ​ដល់ពេល​ឈឺ​វា​នឹកឃើញ​ដល់​ម៉ែឪ​វា ហៅរក​អីចឹង​ទៅ​។ តែឯង​នេះ មាន​ឯណា នឹង​ឲ្យ​វា​មក ក៏​វា​មក​មិនកើត ដល់​តែ​មាន​ងាប់ ឬ​មានអី​ទើប​វា​មក​បាន បើ​ថា មិន​ងាប់​មានតែ​ទ្រាំ​អីចឹង​អូន​ហើយ»។

ពលរដ្ឋ​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កូនៗ​របស់​ពួកគាត់​ចំណាកស្រុក​ទៅ​វើ​ការ​នៅ​ក្រៅ​ប្រទេស គឺ​ដោយសារតែ​មិនសូវ​មាន​ការងារ​ធ្វើ​នៅក្នុង​ស្រុក តម្លៃ​កសិផល​ចុះថោក ជាប់បំណុល​ធនាគារ និង​មាន​បញ្ហា​វិវាទ​ដីធ្លី​ជាដើម។

ពលរដ្ឋ​ម្នាក់ទៀត នៅ​ខេត្តបាត់ដំបង គឺ​លោក ឌុច ស្ដើង ដែល​ជា​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​៦៩​គ្រួសារ នៅ​ស្រុក​គាស់ក្រឡ និង​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ថា រំលោភ​លើ​ដី​សាធារណៈ​របស់​រដ្ឋ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ ឧសភា​ថា ក្រោយ​ពី​គ្មាន​ដី​ធ្វើ​កសិកម្ម ពលរដ្ឋ​ជាច្រើន​នៅក្នុង​តំបន់​របស់​លោក បាត់បង់​ប្រាក់ចំណូល និង​បាន​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។ តំណាង​ពលរដ្ឋ​វ័យ​៦៥​ឆ្នាំ​រូប​នេះ ឲ្យ​ដឹង​ថា កូន​របស់​លោក​ចំនួន ៥​នាក់ ក៏បាន​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដែរ ដែល​ទុក​ចៅ​តូចៗ​ចំនួន​៤​នាក់ ឲ្យ​យាយ​តា​មើលថែ។

លោក ឌុច ស្ដើង៖ «កូន​ខ្ញុំ​មាន​៤​នាក់ តែ​ដល់​ប៉ុន្តែ​ចៅ​ខ្លះ​វា​ធំៗ​ហើយ ខ្ញុំ​ត្រូវ​មើល​តែ​អា​ចៅ​តូចៗ​ទេ អា​ចៅ​ធំៗ វា​ទៅតាម​ម៉ែ​វា​នៅ​ថៃ​ខ្លះទៅ ហើយ​ខ្លះ​នៅ​រៀន​អីចឹង​ទៅ ឲ្យ​វា​ទៅ​រៀន​អ៊ីចឹង​ទៅ​អា​ធំៗ​មិនសូវ​ពិបាក​ដូច​អាតូចៗ​ទេ អាតូចៗ​មាន​៤​នាក់ វា​គ្រាន់តែ​ម៉ែ​វា​គេ​ផ្ដាច់ដោះ​តែ​ប៉ុណ្ណឹង»។

បុរស​វ័យ​ចំណាស់​រូប​នេះ បន្ថែម​ថា ក្រោយពី​កូន​របស់​លោក​បាន​ទៅ​ដល់​ទឹកដី​ថៃ ប្រមាណ​កន្លះ​ខែ​មកនេះ ពួកគាត់​នៅ​មិនទាន់​រក​ការងារ​ធ្វើ​បាន​នៅ​ឡើយ​ទេ ដូច្នេះហើយ​ការ​រ៉ាប់រង​ចំណាយ​ហូបចុក​ក្នុង​គ្រួសារ​គឺ​ធ្លាក់​មក​លើ​លោក ស្របពេល​វិវាទ​ដីធ្លី​បាន​ធ្វើ​ឲ្យ​លោក​បាត់បង់​ចំណូល​ស្ទើរតែ​ទាំងស្រុង។

លោក ឌុច ស្ដើង៖ «បាទ​ស្ងាត់​អស់ហើយ​ក្មួយ ឥឡូវ​ហ្នឹង​ស្ងាត់​អស់ហើយ​អត់​មាន​ទេ​កម្លាំង ដែល​រឹងប៉ឹង គឺ​មានតែ​ចាស់​ទៅណា​មិន​រួច​ហ្នឹង​គាត់​នៅ បើ​ថា កម្លាំង​រឹងប៉ឹង​ដែល​រកស៊ី​ឲ្យ​បាន​រឹងមាំ​ហ្នឹង​គាត់​ចេញទៅ​អស់ហើយ​ព្រោះ​នៅក្នុង​ស្រុក​មិនដឹង​រកស៊ី​អី»។

មនុស្ស​វ័យ​ចំណាស់​មួយចំនួន​ឲ្យ​ដឹង​ដែរ​ថា នៅពេល​ក្មេង​តូចៗ បាន​ឃ្លាតឆ្ងាយ​ពី​ឪពុកម្ដាយ​ទាំង​ដែល​ពួកគេ​នៅ​មិនទាន់​ដឹងក្ដី ឬ​មិនទាន់​ស្គាល់​ម្ដាយ​ឪពុក​របស់​ខ្លួន​ផង​នោះ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ក្មេងៗ​ទាំងនោះ​ខ្វះ​ការ​ថ្នាក់ថ្នម ខ្វះ​ភាព​កក់ក្ដៅ និង​មិន​មុខ​ស្គាល់​ឪពុកម្ដាយ​ខ្លួនឯង។

ជាង​នេះ​ទៅ​ទៀត ម្ដាយ​ឪពុក​មួយ​ចំនួន បាន​បង្ខំចិត្ត​ឲ្យ​កូន​ឈប់​រៀន ដើម្បី​ជួយ​រក​ប្រាក់​សងបំណុល​ធនាគារ ទាំង​ដែល​ពួកគេ​នៅ​មិនទាន់​គ្រប់​អាយុ​ធ្វើការ​ផង។

មនុស្ស​វ័យ​ចំណាស់​មួយចំនួន​អះអាង​ថា ពួកគាត់​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ក្នុង​កម្មវិធី​គាំពារ​ជន​ចាស់ជរា របស់​រដ្ឋាភិបាល​ឡើយ ដោយសារតែ​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ គឺ​សម្រាប់​គ្រួសារ ដែល​មាន​ប័ណ្ណ​សមធម៌ ឬ​ហៅថា ប័ណ្ណ​ក្រីក្រ​តែប៉ុណ្ណោះ។

ដោយឡែក ពលករ​ខ្មែរ ធ្វើការ​នៅ​ខេត្ត​ប៉ាថុមថានី (Pathum Thani) ប្រទេស​ថៃ (Thailand) លោក ប៉ែន ប៊ុនថន ថ្លែង​ថា ប្រសិនបើ​មាន​ជម្រើស​គ្មាន​ឪពុកម្ដាយ​ណា ចង់​ទុក​កូន​ឲ្យ​នៅ​ជាមួយ​តា​យាយ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។

លោក ប៉ែន ប៊ុនថន៖ «រាជរដ្ឋាភិបាល​ទាំងអស់ គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ត្រូវ​ចេះ​ពិចារណា ហើយ​ចេះ​ធ្វើការ​ដើម្បី​ឲ្យ​មាន​ការងារ​ធ្វើ​នៅក្នុង​ស្រុក​កាន់តែ​ច្រើន ដើម្បី​កុំ​ឲ្យ​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ចំណាកស្រុក​កាន់តែ​ច្រើន ហើយ​មិន​មាន​តែ​ពាក្យ​ថា មាន​ការងារ​ធ្វើ ៩៩​ភាគរយ​ហ្នឹង​ទេ អត់​មាន​និយាយ​អីចឹង​ទេ គឺ​ឲ្យ​មានការ​ងារ​សិន​ចាំ​និយាយ ហើយ​កុំ​ឲ្យ​បងប្អូន​យើង​ចាក​ចេញពី​ស្រុក​ច្រើន​ពេក»។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក តូច ចាន់នី និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១២ ឧសភា។

អ្នកគ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត សង្កេត​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ដោះស្រាយ​បញ្ហា​ជីវភាព និង​សងបំណុល​ធនាគារ ដោយ​បន្សល់ទុក​នូវ​កូនៗ នៅផ្ទះ​ជាមួយ​ជីដូន​ជីតា​។ លោក​ថា ការណ៍​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ចំណាស់ មាន​បន្ទុក​ច្រើន​បន្ថែម​ទៀត ស្របពេល​គាត់​ចិញ្ចឹម​បីបាច់​កូនៗ​ពី​ក្មេង ហើយ​ត្រូវ​មក​មើលថែ​ចៅ​មួយ​ជំនាន់​បន្ថែម​ទៀត​។ លោក ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​ស្វែងរក​វិនិយោគទុន​មក​រក​ស៊ី​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​ឱកាស​ការងារ​ក្នុងស្រុក ដើម្បី​ស្រូប​ទាញ​ពលករ​ឲ្យ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។

លោក អ៊ិន គង់ជិត៖ «​ប៉ុន្តែ​ដោយសារតែ​បញ្ហា​ជីវភាព ដែល​បង្ខំចិត្ត​ឲ្យ​ពួកគាត់​ចំណាកស្រុក​ហ្នឹង នោះ​បន្ទុក​វា​នឹង​ធ្លាក់​ទៅលើ​ជីដូន ឬ​ម្ដាយ​របស់​គាត់​។ យើង​មើល​ជីដូន​ខ្លះ​ដែល​គាត់​មាន​វ័យ​ចំណាស់​តែ​មាន​សុខភាព​ល្អ គាត់​អាច​មើល​ថែទាំ​គ្រប់គ្រង​បាន ប៉ុន្តែ​ស្ត្រី​វ័យ​ចំណាស់​ខ្លះ​ទៀត គាត់​ខ្សោយ​ភ្នែក គាត់​ស្គម​ខ្សោះ​កម្លាំង​អីចឹង គាត់​មិន​អាច​លើក​ព​ចៅ​អី​បាន ហើយ​មិនអាច​ឃុំគ្រង​ចៅ​បាន ជូន​កាល​ចៅ​មាន​គ្រោះថ្នាក់​ទៅលេង​ទឹក​អណ្ដូង​លង់ ឬក៏​ទៅ​ថ្នល់​ទៅ​អីហ្នឹង​ត្រូវ​យានយន្ត​ខ្លះទៀត​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​រងរបួស​អីចឹង​ទៅ»។

ជំរឿន​នៅក្នុង​ឆ្នាំ​២០១៩ របស់​ក្រសួងផែនការ បង្ហាញថា កម្ពុជា​មាន​ប្រជាជន​វ័យ​ចំណាស់​ជិត ១​លាន ៤​សែន (១.៣៧៨.៦៨៨) នាក់ ឬ​ស្មើ​ប្រហែល ៨% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ហើយ​ចំនួន​នេះ ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើន​ដល់ ១១% នៅ​ឆ្នាំ​២០៣០ និង​ប្រមាណ ២១% ឬ​ស្មើ ៥​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០៥០។

មនុស្ស​វ័យ​ចំណាស់​មួយចំនួន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​បង្កើន​ឱកាស​ការងារ​ក្នុងស្រុក រៀបចំ​មណ្ឌល​ចាស់ជរា និង​ទារកដ្ឋាន​នៅ​តាម​កន្លែង​ការងារ ដើម្បី​សម្រាល​បន្ទុក​មនុស្ស​វ័យ​ចាស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។