កម្មករ​បារម្ភ​រឿង​ប្រាក់​ឈ្នួល​ព្រោះ​រោងចក្រ​ខ្លះ​ត្រូវ​ផ្អាក​ដំណើរការ​ទាំងស្រុង

កម្មករ​រោងចក្រ​ជាច្រើន កំពុង​ព្រួយ​បារម្ភ​រឿង​ប្រាក់​ឈ្នួល ដោយសារ រោងចក្រ​មួយ​ចំនួន ពិសេស​នៅ​ម្ដុំ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​ផ្អាក​ដំណើរការ​ទាំងស្រុង ខណៈ​កម្មករ រង​ការ​បិទ​ខ្ទប់​មិន​ឱ្យ​ចេញពី​បរិវេណ​ម្ដុំ​បន្ទប់​ជួល​ដាច់ខាត។

កម្មករ​ខ្លះ បង្ហាញ​កង្វល់​គ្មាន​លុយ​សងបំណុល​ធនាគារ​ ហើយ​ក៏​គ្មាន​លុយ​សម្រាប់​ទិញ​ម្ហូបអាហារ​ដែល​មាន​តម្លៃ​ថ្លៃ ដែល​លក់​នៅ​តាម​បន្ទប់​ជួល​តទៅ​ទៀត​ដែរ ព្រោះតែ​គ្មាន​ការងារ​ធ្វើ។

កម្មការិនី​ម្នាក់​ធ្វើការ​នៅ​រោងចក្រ ឌីនហាន (DIN HAN) លោកស្រី ថុន ធី ឱ្យ​ដឹង​ថា កម្មករ​ទាំងអស់ ជាង​ពីរ​ពាន់​នាក់ ជាប់​កាតព្វកិច្ច​ចត្តាឡីស័ក តាំង​ពីមុន​ចូលឆ្នាំ ដូច្នេះ​មិនអាច​ទៅ​ធ្វើ​ការ​បាន​ទេ​។ លោកស្រី​ថា កម្មករ​នាំគ្នា​ទូរស័ព្ទ​ទៅ​សួរ​ខាង​រដ្ឋបាល​រោងចក្រ​ដែរ អំពី​ប្រាក់​ឈ្នួល​សម្រាប់​ខែ​មេសា តែ​ខាង​រោងចក្រ មិនទាន់​ឆ្លើយតប​ទេ។ លោកស្រី​បារម្ភ​​ថា បើ​រោងចក្រ​មិន​បើក​ប្រាក់​ឈ្នួល​ឱ្យ ឬ​កាត់​ប្រាក់​ឈ្នួល​នៅ​ខែ​មេសា​នេះ កម្មករ​នឹង​ប្រឈម​ការ​លំបាក​ធ្ងន់ធ្ងរ​បន្ថែម​ទៀត៖ «រឿង​ប្រាក់ខែ ខ្ញុំ​អត់​ដឹង​យ៉ាង​ម្ដេច​ដែរ​បង។ ឆាត​សួរ​ជំនួយការ​ដែរ តែ​ជំនួយការ​គាត់​ប្រាប់​ថា គេ​មិនទាន់​ដឹង​ថា គិត​យ៉ាង​ម្ដេច​ ? ប្រសិនបើ​បាន​ខ្ញុំ​អរ​។ តែបើ​អត់​បាន គឺ​អត់​មាន​អ្វី បង់​ធនាគារ​ទេ។ បញ្ហា​ហូបចុក ក៏​អត់​មាន​អ្វី​ដែរ​ហ្នឹង ព្រោះ​អ្វី​គេ​ឃុំ​ ១៤​ថ្ងៃ​។ ដល់ពេល​អ៊ីចឹង អត់​មានបាន​ហូប​អ្វី​។ ហូប​តែ​មី ត្រីខ ទិញ​គេ​មក​ហ្នឹង​ណា»។

ចំណែក​កម្មការិនី​ម្នាក់ទៀត ធ្វើការ​នៅ​រោងចក្រ​ ឌីន ឡាក់ នៅ​ម្ដុំ​ផ្លូវ​វេងស្រេង កញ្ញា នី សុគន្ធ ក៏​បារម្ភ​ពី​បញ្ហា​នេះ​ដែរ​។ កញ្ញា​ឱ្យ​ដឹង​ថា កម្មករ​ច្រើន​ម៉ឺន​នាក់ ដែល​ធ្វើការ​នៅ​តាម​រោងចក្រ​ម្ដុំ​វេងស្រេង បាន​ធ្វើ​ការ​បាន ១​សប្ដាហ៍​គត់ នៅ​ដើម​ខែ​មេសា។ បន្ទាប់​មក ខាង​រោងចក្រ​បាន​ផ្អាក​សកម្មភាព ហើយ​តម្រូវ​ឱ្យ​កម្មករ​ធ្វើ​ចត្តាឡីស័ក តាម​បន្ទប់​ជួល​រៀងៗ ​ខ្លួន។

កញ្ញា​បន្ត​ថា ខាង​រោងចក្រ​ ឌីនឡាក់ នៅ​មិន​ទាន់​បើក​ប្រាក់​ឈ្នួល​សម្រាប់​ខែ​មីនា ឱ្យ​កម្មករ​ទេ ព្រោះ​តាំងពី​ថ្ងៃ​ទី​៧ មេសាមក ខាង​រោងចក្រ​បាន​ផ្អាក​សកម្មភាព​ការងារ​ទាំងស្រុង។ កម្មការិនី​រូប​នេះ ក៏​លែង​ទទួល​បាន​ដំណឹង​ពី​រោងចក្រ​ដែរ៖ «គឺ​ខ្ញុំ​អត់​ទាន់​បានដឹង​ច្បាស់​ដែរ ព្រោះ​អ្វី​ខាង​រោងចក្រ ប្រាប់​ដំបូង​ឱ្យ​ចូល​ធ្វើ​ការ​ថ្ងៃទី​១៩ វិញ​។ តែ​ឥឡូវ អត់​បាន​ចូល​ទេ។ គេ​ពន្យារ​ដល់​ថ្ងៃទី​២៨​ វិញ បាន​គេ​ឱ្យ​ចូល​ធ្វើ​ការ»។

ជុំវិញ​បញ្ហា​ប្រាក់​ឈ្នួល​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ និង​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ បាន​ទេ នៅ​ថ្ងៃ​ទី​១៨ មេសា។

តែ​យ៉ាងណា អ្នកឃ្លាំមើល​សិទ្ធិ​កម្មករ​ឱ្យ​ដឹង​ថា កម្មករ​ពិតជា​កំពុង​ប្រឈម​បញ្ហា​នេះ​មែន​ដោយសារ​រោងចក្រ​មួយចំនួន ផ្អាក​សកម្មភាព​ទាំងស្រុង ក្នុង​ពេល​នេះ។

ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ (CCAWDU) លោក គង់ អាទិត្យ ឱ្យ​ដឹង​ថា កង្វល់​របស់​កម្មករ​នេះ មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ទេ។ លោក​អះអាង​ថា កម្មករ​នឹង​​ជួប​​ការ​លំបាក​​ថែម​ទៀត បើ​រោងចក្រ​មិន​ផ្ដល់​ប្រាក់​ឈ្នួល​សម្រាប់​ខែ​មេសា ឱ្យ​មែន។ សហជីព​រូប​នេះ ស្នើ​សុំ​ឱ្យ​ក្រសួង​ការងារ​ដោះស្រាយ​បញ្ហា​នេះ និង​ជំរុញ​រដ្ឋាភិបាល ឱ្យ​ដាក់ចេញ​គោលនយោបាយ​ជួយ​កម្មករ​បន្ថែម​ទៀត៖ «ទី​២ គឺ​សុំ​ឱ្យ​មាន​គណៈកម្មការ ឬក៏​ក្រុមការងារ​ពិសេស របស់​រោងចក្រ ឬ​ក៏​ក្រសួង​ហ្នឹង ដើម្បី​រៀបចំ​ដាក់​លុយ​ឱ្យ​កម្មករ​តាម​វីង ឬ​តាម​អ្វី​ដែល​គាត់​អាច​បើក​បាន​ក្នុង​សហគមន៍​របស់​គាត់។ យើង​ក៏​ដឹង​ថា វា​មាន​ឧបសគ្គ​រឿង​ឆ្លង​ដែរ តែ​យើង​ត្រូវធ្វើ​កិច្ចការ​ហ្នឹង ឱ្យ​បាន​ព្រោះ​កម្មករ​ត្រូវការ​លុយ​។ បើ​ឱ្យ​នៅ​ផ្ទះ​ហើយ អត់​លុយ​ទៀត គឺ​យ៉ាប់​ណាស់​វា​កាន់តែ​យ៉ាប់​ទៅៗ»។

គិត​ត្រឹម​ថ្ងៃទី​១៨ មេសា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិន​ទាន់​បង្ហាញ​ទិន្នន័យ​រោងចក្រ និង​កម្មករ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ (Covid-19) ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ នៅ​ឡើយ​ទេ។ អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ-១៩ ឱ្យ​ដឹង​ថា មាន​កម្មករ កម្មការិនី និង​អ្នក​ពាក់ព័ន្ធ សរុប​ចំនួន​ ៧៨៨​នាក់ នៅក្នុង​រោងចក្រសរុប​ចំនួន ៣៦ ត្រូវ​បាន​រក​ឃើញ​​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩ គិត​ចាប់​ពី​ថ្ងៃទី​២១ ខែ​មីនា ដល់​ថ្ងៃទី​១៥ ខែ​មេសា។ ក្រុម​កម្មករ​ព្រួយ​បារម្ភ​ថា រោងចក្រ​ជាច្រើន អាច​នឹង​បន្ត​បិទ​ទ្វារ ហើយ​ប៉ះពាល់​ដល់​ប្រាក់ខែ និង​ជីវភាព​រស់នៅ​របស់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។