អាណាព្យាបាល និង​សិស្ស​មួយ​ចំនួន រង​សម្ពាធ​លើ​ការ​ចំណាយ​រៀន​គួរ​ក្រៅ​ម៉ោង

ដោយ ទីន ហ្សាការីយ៉ា
2024.11.06
អាណាព្យាបាល និង​សិស្ស​មួយ​ចំនួន រង​សម្ពាធ​លើ​ការ​ចំណាយ​រៀន​គួរ​ក្រៅ​ម៉ោង ទិដ្ឋភាព​សិស្សានុសិស្សចូលរួម​ប្រឡងបាក់ឌុប នៅ​វិទ្យាល័យ​ទួលស្វាយព្រៃ រាជធានី​ភ្នំពេញ នៅថ្ងៃទី៩ តុលា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ឪពុកម្ដាយ និង​សិស្ស​មួយ​ចំនួន​បាន​រង​ការ​ចំណាយ​លើ​ថ្លៃ​រៀន​ក្រៅ​ម៉ោង ឬ​រៀនគួរ បន្ទាប់ពី​គ្រូ​បង្រៀន​នៅ​តាម​សាលារៀន​មួយ​ចំនួន ចាប់ពី​ថ្នាក់​កម្រិត​បឋម រហូត​ដល់​វិទ្យាល័យ បាន​ពង្រីក​ម៉ោង​រៀន​គួរ​បន្ថែម​កាន់តែ​ច្រើន ដោយ​មាន​ទាំង​គួរ​ធម្មតា និង​គួរ​ពិសេស និង​ដាក់​សម្ពាធ​ឱ្យ​សិស្ស​មក​រៀន។ ឪពុកម្ដាយ និង​អាណាព្យាបាល​សិស្ស​ស្នើ​ឱ្យ​ក្រសួង​អប់រំ លុបបំបាត់​វប្បធម៌​រៀន​គួរ​នេះ​ចេញ ព្រោះ​វា​បង្កើត​ឱ្យ​មាន​អំពើពុករលួយ និង​គម្លាត​ក្នុង​វិស័យ​អប់រំ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​សិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ បោះបង់​ការ​សិក្សា​នៅ​ពាក់កណ្ដាល​ទី។

បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ទើបតែ​ចូល​មកដល់ គឺជា​ពេល​ដែល​ឪពុកម្ដាយ អាណាព្យាបាល​សិស្ស​សប្បាយ​រីករាយ ដោយសារ​ការ​រៀន​សូត្រ​របស់​កូន​ពួកគាត់ ឡើង​ទៅ​ថ្នាក់​ខ្ពស់​មួយ​កម្រិត​បន្ថែម​ទៀត។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​សប្បាយរីករាយ​នេះ អាណាព្យាបាល​សិស្ស​មួយ​ចំនួន ក៏​កំពុង​មាន​កង្វល់​ទៅ​នឹង​ការ​ខ្វះខាត​ប្រាក់​កាស​រៀនគួរ​ក្រៅ​ម៉ោង​បន្ថែម ដែល​ធ្វើ​ឱ្យ​ពួកគាត់​ទទួលរង​បន្ទុក​បន្ថែម រហូត​ស្ទើរ​តែ​បញ្ឈប់​ការ​សិក្សា​កូនៗ​របស់​ពួកគាត់​ម្ដងម្កាល ដោយសារ​តែ​ជីវភាព​ពួកគាត់​ជួប​ការ​លំបាក បណ្ដាល​មក​ពី​ចំណូល​ធ្លាក់​ចុះ។

កំពុង​បើក​កាបូប​រាប់​លុយ​ឱ្យ​កូន​ទៅ​រៀន អាជីវករ​លក់​ពង​ទា​កូន​មួយ​កន្លែង នៅ​ផ្សារ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង លោកស្រី សួង ចរិយា ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោកស្រី​មាន​កូនស្រី​ម្នាក់​រៀន​ថ្នាក់ទី៧ ដោយ​ក្នុង​មួយ​ថ្ងៃ​លោកស្រី​ត្រូវ​ចំណាយ​លើ​ការ​សិក្សា​របស់​កូន​ប្រមាណ ៧ពាន់រៀល​ក្នុងមួយថ្ងៃ ដើម្បី​ចំណាយ​ថ្លៃ​រៀនគួរ ៤មុខវិជ្ជា ដោយ​ក្នុង​មួយ​មុខវិជ្ជា​ត្រូវ​បង់​ប្រាក់​ចំនួន ១​ពាន់​រៀល​ក្នុង​មួយម៉ោង។ ស្ត្រី​មេម៉ាយ​រូប​នេះ​បន្ត​ថា ការ​ចំណាយ​លើ​ថ្លៃ​រៀនគួរ​ដល់​ទៅ ៤មុខវិជ្ជា​សម្រាប់​កូន​របស់​លោកស្រី​នេះ គឺជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​មួយ បន្ថែម​ពី​លើ​ការ​ចំណាយ​ប្រចាំថ្ងៃ និង​ផ្គត់ផ្គង់​លើ​សម្ភារៈ​សិក្សា​របស់​កូន​ថែមទៀត។

លោកស្រី សួង ចរិយា៖«បារម្ភ​ណាស់ ខ្លាច​តែ​កូន​ហ្នឹង​រៀន​អត់​ចប់ចុងចប់ដើម ដោយសារ​គ្រាន់តែ​ចូល​ថ្នាក់​អនុវិទ្យាល័យ​ភ្លាម រៀនគួរ​ដឹក​មុខ​បាត់​ហើយ ដល់ពេល​អ៊ីចឹង​ទៅ​ខ្លាច​តែ​ថ្នាក់​ទៅ​មុខ​ទៀត ខ្លាច​អត់​មាន​លទ្ធភាព​ឱ្យ​កូន​រៀន​ទេ។ សំលៀកបំពាក់​ស្អីៗ​ទាំងអស់ ថា​ទៅ​ទិញ​សរុប​ម្ដងៗ ងងឹត​មុខ​បណ្ដោយ។ សម្រាប់​ម៉ែឪ​សិស្ស​វេទនា​ផ្លូវចិត្ត​ណាស់។ ណាមួយ​រឿង​បញ្ហា បើ​ថា​ជំពាក់​លុយ​ធនាគារ​ផង ណាមួយ​ដោះស្រាយ​បញ្ហា​ធនាគារ មួយទៀត​ដោះស្រាយ​បញ្ហា​ប្រចាំថ្ងៃ ណាមួយ​រក​លុយ​អត់​បាន ហើយ​ឈឺ»

ការ​បង្រៀន​គួរ​ក្រៅ​ម៉ោង​របស់​គ្រូបង្រៀន​ក្នុង​សាលា​រដ្ឋ បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ចាប់តាំង​ពី​កម្រិត​បឋម រហូត​ដល់​ថ្នាក់​វិទ្យាល័យ ដោយ​គ្រូបង្រៀន​មួយ​ចំនួន បាន​លើក​ហេតុផល​ថា ដើម្បី​ពង្រឹង​សមត្ថភាព​សិស្ស។ ក៏ប៉ុន្តែ សម្រាប់​អាណាព្យាបាល​សិស្ស មើល​ឃើញ​ថា ការ​បើក​ឱ្យ​រៀនគួរ គឺជា​ការ​យក​ក្រម​វិជ្ជាជីវៈ​របស់​គ្រូបង្រៀន ទៅ​បង្កើត​អាជីវកម្ម​ដែល​ធ្វើ​ឱ្យ​មាន​គម្លាត​ទៅ​លើ​គុណភាព​នៃ​ការ​បង្រៀន​សិស្ស​នៅ​ក្នុង​ម៉ោង​រដ្ឋ និង​ម៉ោង​រៀនគួរ។

ពលរដ្ឋ​នៅ​សង្កាត់​សាលាកំរើក ក្រុង​សៀមរាប លោកស្រី ហ៊ួន សុខនេត្រ ឱ្យ​ដឹង​ថា លោកស្រី​មាន​កូនប្រុស​ម្នាក់ រៀន​នៅ​ថ្នាក់ទី៥ ហើយ​នា​ពេល​កន្លងមក លោកស្រី​មិនបាន​ឱ្យ​កូន​ទៅ​រៀនគួរ​បន្ថែម​ឡើយ ដោយសារ​ជីវភាព​ខ្វះខាត។ លោកស្រី​អះអាង​ថា ក្រោយ​សង្កេត​ឃើញ​កូន​រៀន​ខ្សោយ និង​គ្មាន​ការ​យកចិត្តទុកដាក់​ជំរុញ​ពី​សំណាក់​គ្រូ​បន្ទុក​ថ្នាក់ ទើប​លោកស្រី​បាន​ត្បិតត្បៀត​លើ​ការ​ចំណាយ​ផ្សេងៗ ដើម្បី​ទុក​លុយ​យក​ឱ្យ​កូន​បង់ថ្លៃ​រៀនគួរ​ឱ្យ​គ្រូ ដោយ​ក្នុង​មួយ​ខែ​ចំនួន ៦ម៉ឺនរៀល។

លោកស្រី ហ៊ឺន សុខនេត្រ​៖ «ដោយសារ​តែ​ចែ​រក​មិនទាន់​ហ្នឹងហើយ បាន​អត់​ចង់​យក​កូន​ច្រើន​ទេ តែ​មួយ​ពីរ​បាន​ហើយ​សម័យ​ឥឡូវ​នេះ​នោះ មិន​ចាំបាច់​យក​ច្រើន​ទេ«រៀនគួរ​មួយ​ខែ ១ម៉ឺនរៀល អត់មាន​លុយ​បង់​ថ្លៃ​រៀនគួរ​កូន​ទេ» ខែ​ខ្លះ​ជំពាក់​គ្រូ​ទៅ ចុះ​បើ​យើង​រក​មិនទាន់។ បើ​មិន​រុញ​កូន​ទៅ​រៀនគួ​រទេ វា​អត់​ចេះ​សោះ។ បាន​តែ​ទៅ​រៀន ចេះ​តែ​ទៅ​ហើយ»

ជាទូទៅ​នៅ​ថ្នាក់​កម្រិត​បឋមសិក្សា​មាន​មុខវិជ្ជា​រៀនគួរ​ចំនួន ២មុខវិជ្ជា រួមមាន គណិតវិទ្យា និង​ភាសាខ្មែរ ចំណែក​ថ្នាក់​អនុវិទ្យាល័យ​មាន ៤មុខវិជ្ជា ដោយ​បូក​បន្ថែម​មុខវិជ្ជា រូបវិទ្យា និង​គីមីវិទ្យា រីឯ​ថ្នាក់​វិទ្យាល័យ​មាន​លើស​ពី ៦​មុខវិជ្ជា។

យ៉ាងណាមិញ ការ​បង្កើត​ម៉ោង​រៀនគួរ​ស្ទើរ​គ្រប់​មុខវិជ្ជា តាំងពី​ថ្នាក់​ក្រោម​ទៅ​បែប​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អាណាព្យាបាល​រង​សម្ពាធ​ប៉ុណ្ណោះ​ទេ សូម្បីតែ​សិស្សានុសិស្ស​ខ្លួនឯង​ផ្ទាល់ ក៏​រង​ផល​ប៉ះពាល់​ដល់​ផ្នែក​សតិអារម្មណ៍​ផង​ដែរ ដោយសារ​គ្មាន​ពេល​សម្រាក និង​ហូបចុក​មិន​គ្រប់គ្រាន់។

សិស្ស​ថ្នាក់ទី១០ នៃ​វិទ្យាល័យ​ក្ដុលដូនទាវ ក្រុង​បាត់ដំបង យុវតី វណ្ណ កណិការ រៀបរាប់​ថា ក្នុង​មួយថ្ងៃ​កញ្ញា​ត្រូវ​រៀនគួរ​ចំនួន ៥មុខវិជ្ជា ដោយ​ក្នុង​មួយ​មុខ​ថ្លៃ ១ពាន់រៀល។ កញ្ញា​អះអាង​ថា ការ​រៀនគួរ​ជាច្រើន​មុខវិជ្ជា​នេះ មិនមែន​ជា​បំណង​របស់​កញ្ញា​នោះ​ទេ ប៉ុន្តែ​ដោយសារ​គ្រូ​ពន្យល់​មេរៀន​មិន​ក្បោះក្បាយ​នៅ​ក្នុង​ម៉ោង​រដ្ឋ និង​មាន​ការ​ដាក់​សម្ពាធ ដូចជា​ការ​យក​មេរៀន​ក្នុង​ម៉ោង​រៀនគួរ យក​មក​ធ្វើ​ជា​វិញ្ញាសា​នៅ​ពេល​ប្រឡង​ជាដើម។ យុវតី​រូប​នេះ​បន្ត​ថា ដោយសារ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ កញ្ញា​ធ្លាប់​លើកដៃ​សំពះ​សុំ​គ្រូ​ចូលរៀន​គួរ​មិន​បង់លុយ​ម្ដង​រួចមក​ហើយ ប៉ុន្តែ​ត្រូវ​គ្រូ​បដិសេធ ហើយ​ដោយសារ​គ្មាន​ជម្រើស កញ្ញា​បាន​កាត់បន្ថយ​ការ​ញាំ​ចំណី និង​ជិះកង់​មក​រៀន ដើម្បី​ទុក​លុយ​បង់ថ្លៃ​រៀនគួ ព្រោះ​មិន​ចង់​ឱ្យ​ឪពុកម្ដាយ​កញ្ញា​ត្រូវ​ទទួល​រ៉ាប់រង​បន្ទុក​មួយ​នេះ។

កញ្ញា វណ្ណ កណិការ៖«ចង់​ឱ្យ​កែប្រែ មាន​តែ​ការ​រៀន​រដ្ឋ ធ្វើ​លំហាត់​ក្នុង​ម៉ោង​រដ្ឋ​ទៅ និង​កិច្ចការ​ផ្ទះ​អី​ទៅ។ នេះ​គ្រូ​អត់​ដាក់​កិច្ចការ​ផ្ទះ​អី​ទេ គ្រាន់តែ​មាន​មេរៀន​ឱ្យ​សរសេរ។ បើ​កិច្ចការ​ផ្ទះ មានតែ​ម៉ោង​រៀនគួរ។ ហើយ​ពេល​ខ្លះ​អ្នក​អត់​រៀនគួរ គ្រូ​ប្រាប់​ថា​ឱ្យ​រៀន​ទៅ ដោយសារ​តែ​យើង​ត្រូវ​ប្រឡង​ត្រូវ​អី​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី៥ ខែ​វិច្ឆិកា។

កាលពី​ថ្ងៃទី៧ ខែ​ឧសភា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីណែនាំ​ឱ្យ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ទាំងអស់ ឱ្យ​អនុវត្ត​នូវ​ស្តង់ដារ​សាលារៀន​គំរូ ដោយ​តម្រូវ​ឱ្យ​គ្រូ​បង្រៀន​ត្រូវ​អនុវត្ត​តាម​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​សមធម៌ សីលធម៌ វិជ្ជាជីវៈ និង​មិន​ត្រូវ​បង្ខិតបង្ខំ​សិស្ស​ឱ្យ​រៀនគួរ ហើយ​មិន​ត្រូវ​យក​មេរៀន ឬ​លំហាត់​បង្រៀនគួរ មក​ធ្វើ​ជា​វិញ្ញាសា​ប្រឡង​ឡើយ។ ការ​ចេញ​សេចក្ដីណែនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ត្អូញត្អែរ​ពី​សំណាក់​មាតាបិតា អាណាព្យាបាល និង​សិស្ស​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​លំបាក ក្នុង​ការ​រ៉ាប់រង​ចំណាយ​លើ​ការ​រៀន​បន្ថែម​ក្រៅ​ម៉ោង ឬ​រៀនគួរ​របស់​កូន​ពួកគាត់។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា ដើម្បី​ធ្វើ​កំណែទម្រង់ និង​លុបបំបាត់​ការ​បង្រៀនគួរ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ​បាន លុះត្រាតែ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្ស​ឱ្យ​គ្រូបង្រៀន​ឱ្យ​បាន ២លានរៀល​ឡើង​ទៅ។ តែ​យ៉ាងណា អ្នកស្រី​បន្ត​ថា គ្រូបង្រៀន​គួរតែ​មាន​មនសិការ និង​ឧត្ដមគតិ ក្នុង​ការ​ផ្ទេរ​ចំណេះដឹង និង​បង្ហាត់​បង្រៀន​សិស្ស ដោយ​មិន​ត្រូវ​យក​ការ​បង្រៀនគួរ​ធ្វើជា​មុខរបរ​ឡើយ។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «អ៊ីចឹង​នេះ​ជា​ការ​គិត ដែល​លោកគ្រូ​អ្នកគ្រូ​ខ្លះ គាត់​មាន​ឧត្ដមគតិ​ល្អ​ហើយ ប៉ុន្តែ​គ្រូ​មួយ​ចំនួន​គឺ​បែប​ហ្នឹង។ ដោយសារ​អី ដោយសារ​ភាព​លោភលន់​របស់​គាត់ ភាព​ចង់បាន​ដោយ​ការ​គាបសង្កត់​ពី​សិស្សានុសិស្ស»

យោង​តាម​តារាង​ប្រាក់​បៀវត្ស​ប្រចាំខែ​មន្ត្រី​រាជការ​ស៊ីវិល ឆ្នាំ​២០២៤ បង្ហាញ​ថា គ្រូបង្រៀន​កម្រិត​ឧត្ដម ឬ​ប្រភេទ (ក) ទទួល​បាន​ប្រាក់ខែ​ជាង ១លាន ៦សែនរៀល (១.៦៨៧.៣៥០) គ្រូ​កម្រិត​មូលដ្ឋាន ប្រភេទ (ខ)ទទួល​បាន​ប្រាក់​បៀវត្ស​ជាង ១លាន ៥សែនរៀល (១.៥៥៩.០០០)។ ដោយឡែក គ្រូ​កម្រិត​បឋម ឬ​ប្រភេទ (គ) ទទួល​បាន​ប្រាក់​បៀវត្ស​ជាង ១លាន ៤សែនរៀល (១.៤៥៦.៩៥០)។

យ៉ាងណា​ក៏ដោយ​ចុះ សាលារៀន​មួយ​ស្ថិតនៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង គឺ​វិទ្យាល័យ «សម្ដេច​ហ៊ុន សែន សំពៅលូន» បាន​ចាប់ផ្ដើម​ធ្វើ​កំណែទម្រង់ ដោយ​លុប​បំបាត់​ការ​បង្រៀនគួរ ដោយ​ជំនួស​មកវិញ​នូវ​ការ​បន្ថែម​ម៉ោង​រៀន​ពី ៦ម៉ោង ទៅ ៨ម៉ោង​ក្នុងមួយថ្ងៃ ក្រោម​ការ​ចូលរួម​ថវិកា​បដិភាគ​ពី​អាណាព្យាបាល​សិស្ស​ម្នាក់ ៦ម៉ឺនរៀល​ក្នុង​មួយ​ខែ និង​មាន​ករណី​លើកលែង​សម្រាប់​សិស្ស​ក្រីក្រ។ កំណែទម្រង់​របស់​វិទ្យាល័យ​មួយ​នេះ បាន​ទទួល​ការ​គាំទ្រ​ពីសំណាក់​អាណាព្យាបាល​សិស្ស​គ្រប់ៗគ្នា។

អាណាព្យាបាល និង​សិស្សានុសិស្ស រំពឹង​ថា គ្រប់​សាលារៀន​ទាំងអស់ នឹង​ធ្វើ​កំណែទម្រង់ លុប​បំបាត់​ការ​រៀនគួរ និង​ការ​ដាក់​សម្ពាធ​លើ​សិស្ស​ក្រីក្រ ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ការ​អប់រំ​ស្មើៗគ្នា ហើយ​អាច​បញ្ចប់​ការសិក្សា​យ៉ាងហោចណាស់​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ឬ​ថ្នាក់ទី១២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។