ពលរដ្ឋ​មួយចំនួន​បារម្ភ​ពី​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង

ពលរដ្ឋ​មួយចំនួន នៅតែ​មិនសូវ​មាន​ទំនុកចិត្ត ក្នុង​ការ​ធ្វើដំណើរ​តាមរយៈ​រថភ្លើង ទោះបីជា​មានការ​ផ្លាស់ប្ដូរ​ក្បាល និង​ទូរថភ្លើង​ដែល​មាន​បរិក្ខារ​ទំនើប​ជាង​មុន​ក៏ដោយ​។ ពួកគាត់​លើកឡើង​ថា កត្តា​ដែល​នាំ​ឱ្យ​ពួកគាត់​មិន​សូវ​មាន​ទំនុកចិត្ត​បែបនេះ ដោយសារ​ផ្លូវដែក​របស់​កម្ពុជា មាន​សភាព​ចាស់ និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព នៅ​មាន​កម្រិត។

ការ​ជិះ​រថភ្លើង គឺជា​វិធី​ធ្វើដំណើរ​កម្សាន្ត​ម្ដងម្កាល​របស់​ប្រជាពលរដ្ឋ​មួយចំនួន ជាពិសេស​សម្រាប់​អ្នកដំណើរ​ឆ្លងកាត់​ពី​ខេត្ត​បាត់ដំបង ទៅ​រាជធានី​ភ្នំពេញ ដោយសារ​ការ​ធ្វើ​ដំណើរ​ក្នុង​ទូដែក​មួយ​នេះ មាន​ល្បឿន​យឺត​អាច​ឱ្យ​គេ គយគន់ និង​ថតរូប​ទេសភាព​ស្អាតៗ នៅ​តាម​វាលស្រែ ជាពិសេស​ការ​ទទួល​បាន​នូវ​បទពិសោធន៍​ដូច​បាន​វិលត្រឡប់​ទៅ​សម័យ​អតីតកាល​វិញ។

ក៏ប៉ុន្តែ បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់ រថភ្លើង​បុក​ជាមួយ​រថយន្ត និង​បញ្ហា​ក្បាល​រថភ្លើង​ខូច​តាមផ្លូវ កើត​ឡើង​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ ដែល​ធ្លាប់​ជិះ​រថភ្លើង​មួយ​ចំនួន បារម្ភ​អំពី​សុវត្ថិភាព ទោះបីជា​ក្រុមហ៊ុន​អយស្ម័យយាន បាន​ពង្រីក​វិស័យ​នេះ តាមរយៈ​ការទិញ​ក្បាលម៉ាស៊ីន​រថភ្លើង​ជាច្រើន​គ្រឿង ពី​ប្រទេស​ជប៉ុន​ក៏ដោយ។

ពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់ ដែល​ធ្លាប់​ជិះ​រថភ្លើង និង​ជួប​ឧបទ្ទវហេតុ​បុក​ឡានក្រុង នៅ​ស្រុក​ក្រគរ លោក រៀម សារិន រៀបរាប់​ថា លោក​មិន​មាន​ទំនុកចិត្ត លើ​ការ​ធ្វើ​ដំណើរ​តាមផ្លូវ​ដែក​ទៀត​នោះ​ទេ ដោយសារ​ការរៀបចំ​ប្រព័ន្ធ​សុវត្ថិភាព ដូចជា​រនាំង​បិទផ្លូវ នៅ​ទីកន្លែង​ឆ្លងកាត់​ផ្លូវ​រថភ្លើង និង​ទីប្រជុំជន ហាក់​មិនទាន់​ល្អ​ប្រសើរ ចំណែក​ផ្លូវ​រថភ្លើង​ទៀត​សោត មាន​សភាព​ទ្រុឌទ្រោម និង​មាន​សត្វពាហនៈ​ឆ្លងកាត់ ដែល​អាច​បង្ក​គ្រោះថ្នាក់​គ្រប់ពេល។

លោក រៀម សារិន៖ «ឃើញ​តែ​ព័ត៌មាន​គេ​យក​ទូរថភ្លើង​ហ្នឹង​មក ហើយ​មិនដឹង​គេ​កែ​ផ្លូវ​អត់​។ តែ​បើ​ផ្លូវ​ដដែល ខ្ញុំ​គិតថា​វា​(​រត់​)​អត់​បាន ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទេ​។ ផ្លូវ​(​រថភ្លើង​)​នៅ​ស្រុក​គេៗ​ធ្វើ​ដាច់​ដោយឡែក​ដូច​ផ្លូវ​ល្បឿន​លឿន​អ៊ីចឹង មានន័យថា វា​អត់​មានអី​ឆ្លងកាត់​អត់​មានអី​បាំង​ទេ​។ បើ​ថា ធ្វើៗ​ស្ពាន​លើ​អាកាស​អី​ឆ្លង​ផុត​ហ្មង​។ អ៊ីចឹង​យើង​នៅ​មាន​គោ មាន​ឆ្កែ មាន​ឡាន​អី​ឆ្លងកាត់​អ៊ីចឹង»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត នៅ​ខេត្តបាត់ដំបង គឺ​លោក សុកែវ បញ្ញាវុធ ឱ្យ​ដឹង​ថា លោក​ធ្លាប់​ធ្វើដំណើរ​តាម​រថភ្លើង​ម្ដងម្កាល តែ​លោក​ថា មធ្យោបាយ​ធ្វើដំណើរ​មួយ​នេះ នៅ​មិន​ទាន់​បាន​ធានា​ពី​សុវត្ថិភាព​នៅឡើយ​ទេ។ លោក​បន្ត​ថា លោក​ធ្លាប់​ជួប​បទពិសោធន៍​រថភ្លើង​បុក​សត្វ​គោ​ក្នុង​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ និង​ជួប​បញ្ហា​ម៉ាស៊ីន​ខូច​តាម​ផ្លូវ។

លោក សុកែវ បញ្ញាវុធ៖ «អ៊ីចឹង​ចំណុច​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ក្រុមហ៊ុន​ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​គួរតែ​ពង្រឹង​បន្ថែម​ទៀត​ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ទាំង​ភ្ញៀវ​ជាតិ​អន្តរជាតិ​នៅ​ពេល​ដែល​គាត់​ធ្វើដំណើរ​តាមផ្លូវ​ដែក(​ត្រូវ​)​ធ្វើ​ឱ្យ​ភ្ញៀវ​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ​។ ហើយ​ជាពិសេស​ពង្រឹង​ការណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ឱ្យ​ពួកគាត់​យល់ដឹង​ហើយ និង​ចេះ​គ្រប់គ្រង​សត្វពាហនៈ​របស់​ខ្លួន​ឯង»។

ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវ៉េ កម្ពុជា (Royal Railway Cambodia) ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​ដែក​របស់​ឧកញ៉ា គិត ម៉េង បាន​ទិញ​ក្បាលម៉ាស៊ីន​រថភ្លើង​មួយ​ទឹក​ចំនួន ១១​គ្រឿង ជា​ប្រភេទ គីហា ១៨៣ (Kiha 183 Heavy Snow) ពី​ប្រទេស​ជប៉ុន និង​បាន​ដឹកជញ្ជូន​តាម​កប៉ាល់​មក​ដល់​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែ​មេសា​។ ក្បាល និង​ទូរថភ្លើង​នេះ មាន​គ្រឿង​បរិក្ខារ ល្អ​ជាង​ទូរថភ្លើង​ចាស់ និង​ត្រូវ​បាន​គេ​រំពឹង​ថា អាច​រត់​ក្នុង​ល្បឿន​ប្រហែល ១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង បើ​ធៀប​នឹង​ក្បាលរថភ្លើង​ចាស់ អាច​រត់​បាន​ក្នុង​ល្បឿន ៦០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។

តាម​ការ​ចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​(Bangkok Post) កាលពី​ខែកញ្ញា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ទូរថភ្លើង​ស៊េរី គីហា ១៨៣(Kiha) ផលិត​នៅ​ចន្លោះ​ឆ្នាំ​១៩៨១ និង​១៩៨២ និង​បាន​ដាក់​ឱ្យ​ចូល​និវត្តន៍ ឬ​ឈប់​ប្រើប្រាស់ នៅ​ឆ្នាំ​២០១៧។ ក្នុង​នោះ កាលពី​ឆ្នាំ​២០២១ ក្រុមហ៊ុន ផ្លូវដែក ហុកកៃដូ (Hokkaido Railway Company) ក៏បាន​បរិច្ចាគ​ក្បាល​រថភ្លើង​ប្រើប្រាស់​ម៉ាស៊ូត ស៊េរី គីហា ១៨៣(Kiha) មួយ​ទឹក ចំនួន ១៧​គ្រឿង ដោយ​ឥតគិតថ្លៃ ដល់​ប្រទេស​ថៃ​ទៀត​ផង។

យ៉ាងណា​ក៏ដោយ​ចុះ មតិ​មហាជន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន នៅតែ​គាំទ្រ និង​រង់ចាំ​ជិះ​លើ​រថភ្លើង ដែល​ទើប​ទិញ​ពី​ជប៉ុន ដោយ​ពួកគេ​លើកឡើង​ថា មួយ​ទឹក​របស់​ជប៉ុន ប៉ុន្តែ​ថ្មី​សម្រាប់​កម្ពុជា​។ ដោយឡែក​ពលរដ្ឋ​ខ្លះ​យល់ថា ក្បាលរថភ្លើង​ចាស់ មក​រត់​លើ​ផ្លូវ​ជរា ដែល​ជា​កេរដំណែល​បន្សល់ទុក​ពី​សម័យ​អាណានិគម​បារាំង និង​សម័យ​សង្គមរាស្ត្រនិយម​មក​នោះ អាច​នឹង​មាន​ហានិភ័យ​ខ្ពស់។

បច្ចុប្បន្ន តម្លៃ​សំបុត្រ​រថភ្លើង ថ្លៃ​ចន្លោះ​ពី ១​ម៉ឺន ៦​ពាន់​រៀល ទៅ ៣​ម៉ឺន ២​ពាន់​រៀល តាម​គោលដៅ​ខេត្ត​ជិត​ឬ​ឆ្ងាយ​។ ក្នុង​នោះ រថភ្លើង​នៅ​កម្ពុជា​មាន​ខ្សែ​រត់​ទៅ​ខេត្តតាកែវ កែប កំពត ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវ៉េ ឧកញ៉ា គិត ម៉េង និង​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​៣០ ខែ​មេសា។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គិមអេង យល់​ឃើញ​ថា ការ​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​នៅ​កម្ពុជា គឺ​ត្រូវតែ​គិតគូរ​ពី​សុវត្ថិ​ភាពជា​ចម្បង រួមមាន​គុណភាព​រថ​ភ្លើង និង​ស្ថានភាព​ផ្លូវ​។ លោក​ជំរុញ​ឱ្យ​ក្រុមហ៊ុន និង​ក្រសួង​ពាក់ព័ន្ធ ពិចារណា​លើ​ការបង្កើត​ផ្លូវ​រថភ្លើង​ក្រោម​ដី ស្ពាន​រថភ្លើង​បញ្ចៀស​ការ​កកស្ទះ ការបង្កើត​ប្រព័ន្ធ​សុវត្ថិភាព​ផ្លូវដែក​កាត់​ទីប្រជុំជន និង​ការ​ត្រួតពិនិត្យ​ផ្លូវដែក​ជាប្រចាំ ចៀសវាង​ការខូចខាត​ដែល​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​រថភ្លើង​ឆ្លងកាត់។

លោក យង់ គិមអេង៖ «ទីមួយ​គឺ​ត្រូវតែ​ពិនិត្យ​ទៅលើ​គុណភាព​របស់​ផ្លូវ​(​ដែក​)​ហ្នឹង​។ កន្លែង​ណា​ដែល​នៅ​មាន​បញ្ហា​ត្រូវធ្វើ​ការ​ជួសជុល​។(​បើ​)​យើង​មិនអាច​ប្រើ​ទុក​ជួសជុល​ឱ្យ​រួច​ទេ គឺ​បើ​យើង​ដាក់​ឱ្យ​ដំណើរការ គឺ​វា​ជា​ការ​ប្រថុយប្រថាន​មួយ វា​ជា​គ្រោះថ្នាក់​មួយ​។ អ៊ីចឹង​ខ្ញុំ​ថា​រឿង​ហ្នឹង​គឺ​សំខាន់ ហើយ​យើង​មិន​អាច​មាន​ការ​ប្រថុយប្រថាន​បានទេ»។

ផ្លូវដែក​កម្ពុជា​មាន​ចំនួន ២​ខ្សែ គឺ​ខ្សែ​ភាគ​ខាងជើង និង​ខាងត្បូង ដែល​មាន​ប្រវែង​សរុប ៦៥០​គីឡូម៉ែត្រ​។ ផ្លូវដែក​ភាគ​ខាងជើង មាន​ប្រវែង ៣៨៦​គីឡូម៉ែត្រ ពី​ភ្នំពេញ ទៅ​ដល់​ប៉ោយប៉ែត (​ព្រំដែន​កម្ពុជា​-​ថៃ​) ដែល​បាន​កសាង​ឡើង​ចាប់ ពី​ឆ្នាំ​១៩២៩ ដល់​ឆ្នាំ​១៩៤២ ក្នុង​សម័យ​អាណានិគម​បារាំង និង​ផ្លូវដែក​ភាគ​ខាងត្បូង កសាង​ឡើង​ចន្លោះ​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៦៩ ក្នុង​សម័យ​សង្គមរាស្ត្រនិយម។

កាលពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន​គ្រប់គ្រង​រថភ្លើង​នៅ​កម្ពុជា​ឈ្មោះ ថូល ខេមបូឌា (Toll Cambodia) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Toll Holding Limited របស់ អូស្ត្រាលី​(Australia) បាន​បង្វែរ​ភាគហ៊ុន​ចំនួន ៥៥​ភាគរយ ទៅ​ឱ្យ​ក្រុមហ៊ុន​ជា​ដៃគូ គឺ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់​លោក គិត ម៉េង ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ ប្ដូរ​ឈ្មោះ​ទៅជា រ៉ូយ៉ាល់ រ៉េលវ៉េ (Royal Railway) រហូតមកដល់​បច្ចុប្បន្ន​។ ក្រុមហ៊ុន​នេះ បាន​បន្ត​ប្រតិបត្តិការ​លើ​ផ្នែក​ដឹកជញ្ជូន​តាមផ្លូវ​ដែក ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ និង​ដំណើរ​ដឹក​អ្នកដំណើរ ពី​ភ្នំពេញ ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ផង​ដែរ។

ទោះជា​យ៉ាងណា ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ​កន្លង​មក​នេះ វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក ហាក់​មិន​សូវ​មាន​ភាព​រីកចម្រើន​ប៉ុន្មាន​នោះ​ទេ ដោយសារ​ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវ៉េ មិន​សូវ​ពង្រីក​ការ​ធ្វើ​ទំនើបកម្ម ទៅលើ​ក្បាល និង​ទូ​រថភ្លើង គ្រឿង​បរិក្ខារ សេវាកម្ម ប្រព័ន្ធ​ការពារ​សុវត្ថិភាព និង​ផ្លូវដែក នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិការ​នៅ​លើ​ផ្លូវ​ដែក​ជារឿយៗ ជួប​បញ្ហា​ក្បាលរថភ្លើង​ខូច ធ្លាក់​គន្លង​ផ្លូវ និង​គ្រោះថ្នាក់​បុក​គ្នា​ជាមួយ​យានយន្ត​ជាដើម។

ជាក់ស្ដែង កាលពី​ថ្ងៃទី​២៩ ខែ​មីនា មាន​ករណី​គ្រោះថ្នាក់​រថភ្លើង​បុក​ឡានក្រុង​ទេសចរណ៍ ចំពាក់​កណ្ដាល​លាន់​ដូច​រន្ទះ នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយសារតែ​គ្មាន​កុងត្រូល និង​របារ​បិទផ្លូវ បណ្ដាល​ឱ្យ​មនុស្ស​រង​របួស​ធ្ងន់​ស្រាល​ជាង ៤០​នាក់។

ពលរដ្ឋ​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផ្លូវដែក ចង់​ស្ដារ​វិស័យ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​វិញ លុះត្រាតែ​មានការ​ជួសជុល និង​កែ​លម្អ​ផ្លូវ​រថភ្លើង និង​បង្កើន​ប្រសិទ្ធភាព នៃ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព ឱ្យ​កាន់​តែ​ល្អ​ជាង​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។