ពលរដ្ឋមួយចំនួនមិនរំពឹងថានឹងទទួលបានផលប្រយោជន៍ក្រោយពីជនជាតិចិនត្រឡប់មកវិញ
2023.01.29

ពលរដ្ឋខ្មែរមួយចំនួនរស់នៅក្រុងភ្នំពេញ និងខេត្តទេសចរណ៍ បានសម្ដែងមតិផ្ទុយជុំវិញការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរចិន។ អ្នកខ្លះរំពឹងថា នឹងអាចរកចំណូលពីរបរអាជីវកម្មប្រចាំថ្ងៃបានច្រើន ប៉ុន្តែអ្នកខ្លះថា ចិនប្រើប្រាស់សេវាកម្មរបស់ជនជាតិចិនគ្នាឯង ហើយខ្មែរមិនទទួលបានផលប្រយោជន៍ពីភ្ញៀវចិន។
ថ្វីត្បិតតែរដ្ឋាភិបាល លោក ហ៊ុន សែន ប្រកាសចំហជើងមេឃទទួលភ្ញៀវទេចរចិនដោយសម្រួលលក្ខខណ្ឌងាយស្រួល ដើម្បីជំរុញឱ្យសេដ្ឋកិច្ចជាតិមានភាពប្រសើរយ៉ាងណាក្ដី ពលរដ្ឋក្នុងខេត្តព្រះសីហនុខ្លះនៅតែបន្តត្អូញត្អែរពីបញ្ហាប្រឈមដោយសារលំហូរចូលនៃវត្តមានភ្ញៀវទេសចរចិន។
បញ្ហាប្រឈមសំខាន់គឺប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រួយបារម្ភចំពោះការផ្ទុះឡើងវិញនូវជំងឺកូវីដ-១៩ ហើយត្រូវផ្អាកការប្រកបរបរប្រចាំថ្ងៃ ខណៈពួកគាត់មួយចំនួននៅតែជាប់បំណុលធនាគារ។
អ្នករត់ម៉ូតូកង់បីម្នាក់ក្នុងក្រុងព្រះសីហនុ លោក វ៉ាន់ វ៉ាត់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែមករា លោកមិនសូវសង្ឃឹមថា រកចំណូលបានពីភ្ញៀវទេសចរចិននោះទេ ព្រោះលោកថា ភ្ញៀវទេសចរចិនទាំងនោះភាគច្រើនមានសេវាកម្មធ្វើដំណើររបស់ពួកគេ ហើយនៅពេលចេញដើរលេងកម្សាន្តជនជាតិចិនតែងតែធ្វើដំណើរជាមួយអ្នករត់តាក់ស៊ីជាជនជាតិចិនដូចគ្នា។ លើសពីនេះ លោកព្រួយបារម្ភថា ប្រសិនរដ្ឋាភិបាលគ្មានវិធានទប់ស្កាត់ជំងឺកូវីដ-១៩ ហើយជំងឺនេះអាចរាតត្បាតឡើងវិញនោះវានឹងប៉ះពាល់ការប្រកបរបររបស់លោកកាន់តែធ្ងន់ធ្ងរ៖
«បញ្ហាចម្បងគឺថាពួកគាត់ [ជនជាតិចិន] ត្រូវការប្រើប្រាស់សេវាកម្មគ្រប់ទាំងអស់លើក្រុមហ៊ុនរបស់គាត់ ព្រោះគាត់មានទាំងអស់និយាយឱ្យចំទៅ។ សេវាទាំងអស់គាត់មានទាំងអស់ យើងវាលំបាកដែរអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា ការរត់ម៉ូតូឌុប រត់ម៉ូតូកង់បី ដូចជាតាក់ស៊ី (Taxi) ប្រសិនពួកគាត់ [ចិន] មិនមានក្រុមហ៊ុនសុំអាជ្ញាប័ណ្ណអាជ្ញាធររដ្ឋគាត់អត់មាន អ៊ីចឹងពួកយើងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏គ្រាន់បើដែរ។ តែដល់ពេលពួកគាត់មានទាំងអស់អ៊ីចឹង សម្រាប់ខ្ញុំជាអ្នកប្រកបរបរក្រៅប្រព័ន្ធ ខ្ញុំគិតថាបានប៉ុន្មានយកប៉ុណ្ណឹង គេមិនឱ្យយើងរស់ស្រួល យើងត្រូវតែដណ្ដើមគ្នារស់តែប៉ុណ្ណឹងលែងសូវជាខ្វល់ហើយឥឡូវ»។
អ្នករត់ម៉ូតូរូបនេះ ស្នើដល់រឹតបន្តឹងវិធានការសុខាភិបាលចំពោះភ្ញៀវទេសចរចិន ដើម្បីការពារសុខភាពពលរដ្ឋ ដូចដែលពាក្យស្លោកលើកឡើងថា ការពារប្រសើរជាងព្យាបាល។ ក្រៅពីនេះ លោកក៏ទទូចដល់អាជ្ញាធរជួយផ្ដល់កិច្ចគាំពារលើអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយទប់ស្កាត់ជនបរទេសដែលដណ្ដើមទីផ្សារការងាររបស់ពលរដ្ឋ។
ទោះបីជាយ៉ាងណា ម្ចាស់ផ្ទះសំណាក់មួយកន្លែងនៅតំបន់ឆ្នេរអូសត្រេសលោកស្រី ចាន់ ផានិត ឱ្យដឹងថា ក្រោយមានវត្តមានភ្ញៀវទេសចិនចូលមក ទីក្រុងកំពង់សោមមានសភាពអ៊ូអរឡើងវិញ ហើយលោកស្រីក៏រំពឹងថា នឹងអាចរកចំណូលបានច្រើនជាងមុន។ ទោះជាយ៉ាងណា លោកស្រីបញ្ជាក់ថា ភ្ញៀវដែលមកជួលផ្ទះសំណាក់ស្នាក់នៅភាគច្រើនជាពលរដ្ឋខ្មែរ ចំណែកជនជាតិចិនមកជួលស្នាក់នៅមានតិចតួច៖
«កាលមុនចិននៅអ៊ូអរ ដល់ចិនទៅអស់ទៅវាស្ងាត់បន្តិចដែរ។ ដល់ឥឡូវចិនចូលមកវិញមិនទាន់អ៊ូអរប៉ុន្មានទេហើយណាមួយមានភ្ញៀវក្នុងស្រុកយើងមកច្រើន រកស៊ីបានគ្រាន់បើជាងមុន។ កាលមួយរយៈមុនអត់មានភ្ញៀវមក ហើយក៏មានកូវីដ តែឥឡូវកូវីដក៏លែងមានទៅក៏ភ្ញៀវទេសចរចូលមកច្រើនដែរ គ្រាន់បើជាងមុន»។
រីឯ អ្នករត់ម៉ូតូកងបីម្នាក់ទៀតនៅរាជធានីភ្នំពេញ លោក សេម ម៉ៅ ថ្លែងថា មកទល់នឹងពេលនេះនៅក្រុងភ្នំពេញមិនទាន់មានវត្តមានជនជាតិចិនច្រើនកុះករនៅឡើយទេ។ លោកសង្កេតឃើញថា បច្ចុប្បន្ននៅក្រុងភ្នំពេញហាក់ពុំមានភ្ញៀវទេសចរអន្តរជាតិច្រើនដូចមុនទេ ដែលធ្វើឱ្យលោករកចំណូលធ្លាក់ចុះ។ បន្ថែមពីនេះ លោកក៏មិនរំពឹងថា ទាញបានប្រយោជន៍ភ្ញៀវទេសចរចិនដែរ ព្រោះលោកថា ពួកគេកម្រជិះម៉ូតូកង់បីខ្មែរ និងចាយលុយត្បិតត្បៀត៖
«រោងចក្រក៏បិទ ស្អីក៏បិទ ដល់អ៊ីចឹងដូចជាភ្ញៀវដូចពីមុនមធ្យមមួយថ្ងៃបាន ២០ដុល្លារ ទៅ ២៥ដុល្លារ។ ឥឡូវមួយថ្ងៃឱ្យតែបាន ១០ដុល្លារ ឬ ១៥ដុល្លារវាច្រើនពេក វាមិនបានទៀត។ បើកុំជំពាក់ធនាគារចំណូលប៉ុណ្ណឹងអាចទប់ទល់បាន ប៉ុន្តែ សព្វថ្ងៃខ្ញុំជំពាក់ធនាគារ ហើយកូនខ្ញុំរៀន។ សម្រាប់ខ្ញុំដូចជាអត់មានទីរំពឹង ចិនគាត់ចេះ គាត់មកគាត់មិនសូវចំណាយការដើរហើរទេ។ គាត់ហៅតាម (App) រហូតហ្នឹងគាត់ហ្មត់ចត់របស់គាត់ណាស់ មិនដូចជាភ្ញៀវអឺរ៉ុប (EU) ទេអាហ្នឹងចំណូលបានប្រជាជនច្រើនជាង បើភ្ញៀវចិននេះចំណូលបានរាជរដ្ឋាភិបាលច្រើនជាង»។
ពាក់ព័ន្ធរឿងនេះដែរ អាជីវករម្នាក់នៅខេត្តសៀមរាបឯណោះមើលឃើញថា ភ្ញៀវទេសចរចិនភាគច្រើនពួកគាត់ចំណាយលើកន្លែងស្នាក់នៅបែបទំនើប និងអាហារនៅភោជនីយដ្ឋានមានតម្លៃថ្លៃ។ លោកស្រី ទេព កញ្ញា ជាអ្នកលក់វត្ថុអនុស្សាវរីយ៍ក្នុងផ្សារចាស់ឱ្យដឹងទៀតថា ភ្ញៀវទេសចរចិនភាគច្រើនដើរលេងកម្សាន្តខេត្តសៀមរាម ពួកគេពុំសូវចំណាយលើវត្ថុអនុស្សាវរីយ៍នោះទេ៖
«ពីរ បីថ្ងៃនេះមានចិនគាត់មកច្រើនគួរសមដែរ គាត់ដើរៗមើលទិញភាគតិចដូចថា គាត់ដើរទៅគាត់ទិញម្នាក់តិចៗ អត់ដូចមុនកូវីដ បើមានភ្ញៀវដើរយើងដឹងតែលក់ដាច់»។
កាលពីអំឡុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចិនមកលេងកម្ពុជា ចំនួន ២លាន ៣សែននាក់ គិតជាទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារ ($1.8 billion) ខណៈឆ្នាំ២០២៣ នេះក្រសួងទេសចរណ៍រំពឹងថា នឹងមានភ្ញៀវទេសចរចិនមកកម្សាន្តនៅកម្ពុជាជាង ២លាននាក់។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ ប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី២៨ ខែមករាថា កម្ពុជាមិនមែនធ្វើពិធីទទួលស្វាគមន៍តែទេសចរចិននៅព្រលានយន្តហោះនោះទេ ពោលកម្ពុជាទទួលស្វាគមន៍ភ្ញៀវអន្តរជាតិគ្រប់ជាតិសាសន៍។ លោកបញ្ជាក់ថា ការទទួលស្វាគមន៍ភ្ញៀវទេសចរចិននេះ គឺកម្ពុជាចង់បង្ហាញឱ្យឃើញថា កម្ពុជា និងចិនមានទំនាក់ទំនងល្អ។ លោកឱ្យដឹងទៀតថា ទេសចរចិននឹងហោះហើរមកកម្ពុជាក្នុងមួយសប្ដាហ៍មួយជើងហោះហើរ។ លោក តុប សុភ័គបញ្ជាក់ថា អាជ្ញាធរក៏គ្រោងធ្វើពិធីទទួលទេសចរចិននៅដើមខែកុម្ភៈ នៅព្រលានយន្តហោះអន្តរជាតិក្នុងខេត្តសៀមរាបដែរ៖
«ចំពោះវិធានការផ្សេងៗ កម្ពុជាគឺមិនមានរបាំងអ្វីក្នុងការទទួលទេសចរហ្នឹងទេ ពោលគឺគ្រប់ទេសចរទាំងអស់ដែលធ្វើដំណើរចូលមកកម្ពុជា ទោះបីជាជនជាតិណាក៏ដោយ គឺធ្វើដំណើរមកដោយសេរី គឺមិនមានការតម្រូវផ្នែកសុខាភិបាលនោះទេ»។
ស្របពេលរដ្ឋាភិបាលកម្ពុជាបង្ហាញជំហរស្និទ្ធស្នាលជាមួយមិត្តដែកថែបរបស់ខ្លួន ជនជាតិចិនមួយចំនួននៅកម្ពុជាមានឥទ្ធិពលរហូតពួកគេខ្លះកាន់កាប់អាវុធបាញ់បោះសេរី ជួញដូរមនុស្សនៅកម្ពុជា ខណៈអគារសហគ្រាសមួយចំនួនក្នុងខេត្តព្រះសីហនុរបស់ក្រុមឈ្មួញឧកញ៉ារកស៊ីដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនចិន រងការចោទប្រកាន់ថា ជាកន្លែងបង្ខាំងមនុស្សដោយខុសច្បាប់។ លើសពីនេះ ក្រុមអ្នកជំនាញព្រមានថា ការទទួលទេសចរចិន ស្របពេលប្រទេសចិនផ្ទុះជំងឺកូវីដ-១៩នេះ កម្ពុជាក៏អាចប្រឈមហានិភ័យរីករាលដាលជំងឺកាចហាវនេះជាថ្មី ប្រសិនរដ្ឋាភិបាលគ្មានវិធានរឹតបន្តឹងផ្នែកសុខាភិបាល។
ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា លោកប្ដេជ្ញានឹងវិធានការដោយគ្មានការលើកលែងចំពោះជនបរទេសណាដែលប្រព្រឹត្តបទល្មើសក្នុងខេត្តព្រះសីហនុ។
អ្នកសម្រួបសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើដល់អាជ្ញាធរពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់ ក្រោយពីលំហូរជនជាតិចិនត្រឡប់មកក្រុងព្រះសីហនុវិញ។ អ្នកស្រីបន្ថែមថា កន្លងទៅ ជនបរទេសខ្លះធ្វើសកម្មភាពចាញ់គ្នាជាសាធារណៈមិនត្រឹមតែប៉ះពាល់សន្តិសុខសាធារណៈ និងការប្រកបរបរពលរដ្ឋតែប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ដល់មុខមាត់ប្រទេសជាតិទាំងមូល៖
«បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ហ្នឹងគឺវាពាក់ព័ន្ធការរស់នៅរបស់យើងទាំងអស់គ្នា ដែលជាប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។ យើងធ្លាប់តែរស់នៅសុខដុមរមនា ហើយការបើកចំហឱ្យជនបរទេសចូលមក ប៉ុន្តែជនបរទេសកន្លងមកដូចជាជនជាតិអឺរ៉ុបកម្រឃើញមាន បទល្មើសពាក់ព័ន្ធប្រើប្រាស់អាវុធដែរ។ តែនៅពេលដែលយើងឱ្យជនជាតិបរទេស គាត់ជនជាតិចិនមករកស៊ីនៅក្នុងខេត្តព្រះសីហនុ រឿងប្លែកៗចេះតែកើតមាន រហូតមានការប្រើប្រាស់អាវុធ ចាប់ជំរិតធ្វើទារុណកម្ម ឬការសម្លាប់ ឬបាញ់សម្លាប់ហើយទម្លាក់»។
មន្ត្រីសង្គមស៊ីវិលរូបនេះ អំពាវនាវដល់រដ្ឋាភិបាលថា ទន្ទឹមនឹងមានប្រកាសទទួលទេសចរអន្តរជាតិឱ្យចូលមកកម្ពុជា រដ្ឋាភិបាលគួរមានយន្តការគ្រប់គ្រងពួកគាត់ឱ្យមានប្រសិទ្ធភាព។ លើសពីនេះអ្នកស្រី ជៀប សុធារី ចង់ឃើញរដ្ឋាភិបាលកៀរគរអ្នកជំនួញបរទេសណាដែលមកវិនិយោគនៅកម្ពុជាក្រៅពីវិស័យបនល្បែង ព្រោះអ្នកស្រីយល់ថា វិស័យបនល្បែងនេះឯងដែលបណ្ដាលឱ្យកើតមានឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរអាវុធ និងការជួញដូរមនុស្ស ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។