សិស្ស​ គ្រូបង្រៀន និង​ពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង​​ខេត្ត​បាត់ដំបង​ បន្ត​ប្រើ​ទូក​ចម្លង​ធ្វើ​ដំណើរ

0:00 / 0:00

សិស្សានុសិស្ស​ គ្រូបង្រៀន​ និង​ប្រជាពលរដ្ឋ​ រស់នៅ​ក្នុង​ឃុំ​ព្រែកនរិន្ទ​ និង​ឃុំ​ព្រែកហ្លួង​ នៃ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ នៅ​តែ​បន្ត​ប្រើប្រាស់​ទូក​ចម្លង​ ឆ្លង​ស្ទឹង​សង្កែ ទៅ​សាលារៀន និង​ដឹក​កសិផល​យក​ទៅ​លក់​នៅ​ត្រើយម្ខាង​ ដោយ​សារ​ពុំ​មាន​ស្ពាន​ឆ្លង។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋបាល​ខេត្ត​ពន្លឿន​គម្រោង​ស្ថាបនា​ស្ពាន ដើម្បី​សម្រួល​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។

ស្ថិត​នៅ​ចម្ងាយ​១៥គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង​ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ស្ទឹងសង្កែ​ ក្នុង ភូមិ​ព្រែកហ្លួង​ ភូមិ​រហាលសួង​ ភូមិ​រាជដូនកែវ​ ភូមិ​បាក់អំរែក​ និង​ភូមិ​ព្រែកត្រប់​ នៃ​ស្រុក​ឯកភ្នំ​ ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ទឹង​ ដោយ​ទូកដ​ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ដើម្បី​ទៅ​សាលារៀន និង​ប្រកប​ការងារ​ដឹកជញ្ជូន​កសិផល​ទៅ​ត្រើយម្ខាង​ជា​រៀងរាល់​ថ្ងៃ។ ភាគច្រើន​នៃ​អ្នក​ឆ្លង​ទូក ជា​សិស្ស​សាលា​ដែល​មាន​អាយុ​ពី ១២​ ទៅ​១៨ឆ្នាំ។

គ្រូបង្រៀន​នៅ​សាលា​បឋមសិក្សា​កែវមុនីពិសី​ ក្នុង​ភូមិ​រាជដូនកែវ​ លោក ប្រាក់ សុភាព​ ប្រាប់​វិទ្យុ​អាស៊ីសេរី ឱ្យ​ដឹង​ថា​ គ្រូ​បង្រៀន​ និង​សិស្ស​សាលា​ ត្រូវ​ឆ្លង​ទូក​នៅ​កំពង់​ចម្លង​រាជដូនកែវ​ ដើម្បី​ទៅ​រៀន​នៅ​អនុវិទ្យាល័យ​បាក់អំរែក ព្រោះ​នៅ​ភូមិ​រាជដូនកែវ​ មិន​ទាន់​មាន​សាលារៀន​ថ្នាក់​អនុវិទ្យាល័យ​នៅឡើយ។ គ្រូបង្រៀន​រូប​នេះ​បន្ត​ថា​ កន្លង​មក​ ធ្លាប់​មាន​សប្បុរសជន​ផ្ដល់​អាវ​ពោង​ការពារ​សុវត្ថិភាព​ដល់​សិស្ស​គ្រប់​គ្នា ប៉ុន្តែ​លោក​នៅតែ​បារម្ភ​ពី​សុវត្ថិភាព​សិស្ស​ដែល​ឆ្លង​ទូក​ដ​យ៉ាង​តិច​២ដង​ក្នុង​មួយថ្ងៃ​ ជា​ពិសេស​នៅ​រដូវ​ទឹកឡើង ដែល​មាន​កម្លាំង​ទឹកហូរ​ខ្លាំង។ លោក​បញ្ជាក់​ថា សិស្ស​សាលា​ភាគច្រើន​មិន​ទាន់​យល់​ដឹង​ពី​វិធី​បង្ការ​គ្រោះ​អាសន្ន​នៅ​ពេល​ទូក​លិច​ឡើយ។

លោក ប្រាក់ សុភាព៖«ពេល​ឆ្លង​ទូក​ម្ចាស់​ទូក​ប្រាប់​ហើយ​ ថា​កុំ​ឱ្យ​ប្រឡែង​គ្នា​ ហើយ​ប្រជាជន​ម៉ែឪ​គេ​ក៏​ប្រាប់​ដែរ​ពេល​ឡើង​ទូក​អី​ហ្នឹង។ ខ្ញុំ​ឃើញ​ទូក​ហ្នឹង​ចាស់​តាំង​ពី​យូរ​ណាស់​ហើយ។​ ថ្ងៃមុន​នោះ​(ឃើញ)​មាន​ដាក់​អាគុយ​បូម​ទឹក​ទូក​ក៏​មាន​ដែរ។​ ទៅ​ចម្លង​បណ្ដើរ​ បូម​ទឹក​ចេញ​ពី​ទូក​(បណ្ដើរ​ ព្រោះ)​វា​ជ្រាប​នោះ!​តែ​អាហ្នឹង​សម្រាប់​តែ​ខែ​ប្រាំង​ទេ​ ខែ​វស្សា​គេ​មិន​ហ៊ាន​(ចម្លង)​ទេ​ គេ​ជួសជុល​រួច​ហើយ»។

តាម​បណ្ដោយ​ដង​ស្ទឹង​សង្កែ ស្ពាន​ផ្សារ​ប្រហុក​ក្នុង​ ភូមិ​ព្រែកតាច្រែង គឺជា​ស្ពាន​ចុងក្រោយ​គេ​បង្អស់​នៅ​ខាង​ខ្សែ​ទឹក​ខាងក្រោម​ ដែល​មាន​ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង។ ប៉ុន្តែ​ទីតាំង​ស្ពាន​មួយ​នេះ មិន​ស្ថិត​នៅ​ជិត​ទីតាំង​សាលារៀន​ឡើយ​ ព្រោះ​សិស្ស​ភាគច្រើន​ជា​កូន​កសិករ​ដែល​រស់នៅ ភូមិ​ចំនួន​៦​ ក្នុង​ឃុំ​ព្រែកនរិន្ទ​ ស្ថិត​នៅ​ត្រើយ​ខាង​លិច មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​ផ្សារ​ប្រហុក​ដើម្បី​ទៅ​រៀន​បាន​ទេ​ ព្រោះ​ការ​ធ្វើ​ដំណើរ​ត្រូវ​វៀង​មាន​ចម្ងាយ​ផ្លូវ​ពី៥ ទៅ​៨គីឡូម៉ែត្រ​ ដែល​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ និង​ទៅ​រៀន​មិន​ទាន់​ម៉ោង។

ក្រុម​សិស្ស​សាលា​នៃ​អនុវិទ្យាល័យ​បាក់អំរែក ដែល​កំពុង​ឈរ​ចាំ​ទូក​ចម្លង​ទៅ​ត្រើយ​ម្ខាង​ រៀបរាប់​ថា​ វា​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ ដែល​ពួកគាត់​តែងតែ​ឆ្លង​ទូកដ​ទៅ​សាលារៀន​ជា​រៀងរាល់​ថ្ងៃ​ មិន​ថា​រដូវ​ទឹក​ឡើង ឬ​មាន​កាណូត​ល្បឿន​លឿន​បើក​ឆ្លង​កាត់​ឡើយ។ តែ​យ៉ាងណា​ ក្រុម​សិស្ស​សាលា​ទាំង​នោះ​ថា​ នៅ​ពេល​ខែ​វស្សា​ទឹក​ស្ទឹង​ឡើង​ខ្ពស់ ពួកគាត់​ក៏​បារម្ភ​ពី​រឿង​លិច​ទូក​ដែរ​ ទោះ​បី​មាន​អាវ​ពោង​សម្រាប់​ការពារ​ខ្លួន​ក៏​ដោយ។ ក្នុង​ចំណោម​សិស្ស​ទាំង​នោះ មាន​អ្នក​ខ្លះ​អះអាង​ថា​ខ្លួន​ចេះ​ហែល​ទឹក​ និង​ខ្លះ​មិន​ចេះ​ហែល​នោះ​ទេ។

«ជ្រមុជ​មួយ​ភ្លែត​ដល់​ហើយ​នៅ​កណ្ដាល​ស្ទឹង​ហ្នឹង។(ពេល​ជិះ​ទូក​យើង)​ពាក់​អាវ​ពោង​ ហើយ​បើ(មនុស្ស)​ច្រើន​ពេក​ក៏​គាត់​(ម្ចាស់​ទូក)​​អត់​ឱ្យ​ចុះ​(ឆ្លង)​ដែរ»។

ទូកចម្លង​ ដែល​សិស្ស​សាលា​ និង​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ឆ្លង​ទៅ​ត្រើយ​ម្ខាង​នេះ​ ជា​ប្រភេទ​ទូកដ​ ក្បាល​ទាល​សង​ខាង​រាប​ស្មើ បញ្ជា​ដោយ​ម៉ាស៊ីន​សាំង និង​ចែវ​ច្រវា​សម្រាប់​ទប់​ចង្កូត មាន​ទទឹង​ជិត​២ម៉ែត្រ​ បណ្ដោយ​ជាង​៤ម៉ែត្រ ធ្វើ​ពី​ឈើ​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​ទូក​ចម្លង​មួយ​ចំនួន​មាន​ទឹក​ជ្រាប​ចូល​ខាង​ក្នុង។ ប៉ុន្តែ​ម្ចាស់​ទូក​បញ្ជាក់​ថា ពួក​គាត់​តែងតែ​ត្រួតពិនិត្យ​ទូក​ជា​ប្រចាំ​ និង​ជួសជុល​ជា​រៀងរាល់​ឆ្នាំ។

ម្ចាស់​ទូក​ដ​នៅ​កំពង់​ចម្លង​រាជដូនកែវ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ ឱ្យ​ដឹង​ថា​ជា​រៀងរាល់​ថ្ងៃ​ មាន​សិស្ស​សាលា​ជាង​ ២រយ​នាក់​ឆ្លង​ទៅ​រៀន​នៅ​អនុ​វិទ្យាល័យ​បាក់អំរែក ត្រើយ​ខាងកើត​ ហើយ​ការ​ចម្លង​ម្ដង លោក​ដាក់​មនុស្ស​ពី​១៥​ ទៅ​៣០​នាក់។ លោក​បន្ត​ថា​ ក្នុង​មួយ​ថ្ងៃ​លោក​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ពី​៣ ទៅ​៤ម៉ឺន​រៀល ដោយ​សិស្ស​ម្នាក់​លោក​យក​ឈ្នួល​២ រយ​រៀល​សម្រាប់​ឆ្លង​ទៅ​វិញ​ទៅ​មក និង​៥រយ​រៀល​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​និង​ម៉ូតូ​មួយ​គ្រឿង។ លោក​បញ្ជាក់​ថា ចំពោះ​រដូវ​ទឹក​ឡើង​ លោក​មិន​ទទួល​ចម្លង​ម៉ូតូ​ឡើយ គឺ​ចម្លង​តែ​សិស្ស​សាលា​ប៉ុណ្ណោះ ដើម្បី​បង្ការ​គ្រោះថ្នាក់​ពី​ការ​លិច​ទូក។

«សិស្ស​ចូល​ក្បែរ​១រយ​នាក់ ព្រោះ​មាន​២ធឺ ​(ប្រភេទ)​មាន​អា​ធំ​(សិស្ស​ធំ)​ជាង​នេះ​ក៏​មាន​ដែរ​ ថ្ងៃ​បន្តិច​បាន​មក​ដល់។ ក្មេង​(សិស្ស)​សម​ហើយ។​(បើ)​គ្រូ​មាន​តែ​គ្រូ​បង្ហាត់​អង់គ្លេស​ឆ្លង»។

សិស្ស​សាលា​ដែល​ឆ្លង​ទូក​ទៅ​រៀន​នៅ​ត្រើយ​ម្ខាង​ ភាគ​ច្រើន​រៀន​នៅ​អនុវិទ្យាល័យ​បាក់​អំរែក​ និង​វិទ្យាល័យ​ស្រុក​ឯកភ្នំ ក្នុង​ឃុំ​ព្រែកហ្លួង​ នៅ​ត្រើយ​ខាង​កើត​ស្ទឹង។

រាប់​ចាប់​ពី​ប៉ែក​ខាងក្រោម​ស្ពាន​ផ្សារ​ប្រហុក​ មាន​កំពង់​ចម្លង​៤​ ដែល​ប្រជាពលរដ្ឋ​ និង​សិស្ស​សាលា​ឆ្លង​ជា​ប្រចាំ​រួមមាន​ កំពង់​ចម្លង​ភូមិ​ព្រែកនរិន្ទ ឆ្លង​ទៅ​ភូមិ​ព្រែកហ្លួង​ កំពង់​ចម្លង​ភូមិ​រហាងសួង ឆ្លង​ទៅ​ភូមិ​ស្ដីលើ កំពង់​ចម្លង​ភូមិ​រាជដូនកែវ ឆ្លង​ទៅ​ភូមិ​បាក់អំរែក​ និង​កំពង់​ចម្លង​ភូមិ​ព្រែកត្រប់ ឆ្លង​ទៅ​ភូមិ​បាក់រទេះ។ នៅ​ពេល​ឆ្លង​ទូក​ ស្រប​ពេល​មាន​កាណូត​ ឬ​ទូក​ធំៗ​បើកបរ​ម្ដងៗ តែង​មាន​រលក​ធំៗ វាយ​បក់​ធ្វើ​ឱ្យ​ទូកដ​ឃ្លីងឃ្លោង​ ជា​ពិសេស​នៅ​រដូវ​ទឹក​ឡើង ដែល​មាន​ទឹក​ហូរ និង​កួច​ខ្លាំង។

ទាក់ទិន​រឿង​នេះ​ ជំទប់​ទី២​ ឃុំ​ព្រែកនរិន្ទ​ មកពី​គណបក្ស​ភ្លើងទៀន​ លោក​ សុខ សុភ័ក្ដិ​ ប្រាប់​អាស៊ីសេរី​ថា កន្លង​មក​ប្រជាពលរដ្ឋ​ និង​អាណាព្យាបាល​សិស្ស​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​សាងសង់​ស្ពាន​មួយ​កន្លែង នៅ​ត្រង់​ភូមិសាស្ត្រ​ភូមិ​រាជដូនកែវ​ ត​ភ្ជាប់​ទៅ​ភូមិ​បាក់អំរែក​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ឆ្លង​​កាត់។ លោក​បញ្ជាក់​ថា​ អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន បាន​ដាក់​សំណើ​ទៅ​កាន់​អាជ្ញាធរ​ថ្នាក់​ខេត្ត​រួច​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​នឹង​សំណើ​នេះ​នៅឡើយ។

«បញ្ហា​ចម្លង​ទូក​ហ្នឹង​វិញ​ក្នុង​នាម​អាជ្ញាធរ​ក៏​មាន​ការ​ព្រួយបារម្ភ​ដែរ​ ក៏​ប៉ុន្តែ​ខាង​(រដ្ឋបាល)​ស្រុក​ គេ​មាន​ផែនការ​មក​ណែនាំ​អំពី​នីតិវិធី​(ទៅ​កាន់​ម្ចាស់​ទូក)​ហើយ បញ្ហា​ហ្នឹង»។

ជុំវិញ​រឿង​នេះ អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​បាត់ដំបង​ លោក​ អ៊ិន គង់ជិត មើល​ឃើញ​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​បាត់ដំបង​មាន​ពីរ​ផ្នែក​ខុសៗ​ គ្នា។ លោក​រៀបរាប់​ថា​ ផ្នែក​ស្រុក​លើ​មាន​ស្រុក​បាណន់​ជាដើម​ ភាគ​ច្រើន​មាន​ស្ពាន​បេតុង​ឆ្លង​កាត់​ស្ទឹង​សង្កែ​ ចំណែក​ស្រុក​ខាង​ក្រោម​រាប់​ចាប់​តាំង​ពី​ភូមិ​ព្រែកតាច្រែង​ ក្នុង​ឃុំ​ព្រែកនរិន្ទ​ រហូត​ដល់​ទន្លេសាប មាន​ស្ពាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ស្ពាន​ផ្សារ​ប្រហុក។ លោក​បន្ត​ថា កង្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ក្នុង​តំបន់​នោះ​បង្ក​ការ​លំបាក​ដល់​សិស្ស​សាលា និង​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​សុទ្ធ​សឹង​ជា​កសិករ​ និង​អ្នក​នេសាទ​ ត្រូវ​ដឹក​ជញ្ជូន​ផលិតផល​មក​លក់​នៅ​ទីផ្សារ។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ទីរ​សាធារណការ​ខេត្ត​បាត់ដំបង​ គួរ​ចុះ​ត្រួត​ពិនិត្យ​ស្ថានភាព​កំពង់​ចម្លង​ និង​ទូក​ដ​ រួម​ទាំង​អប់រំ​ទៅ​ម្ចាស់​ទូក​ ដើម្បី​ធានា​ពី​សុវត្ថិភាព​ក្នុង​ពេល​ចម្លង។

លោក​ អ៊ិន គង់ជិត៖«ហើយ​ក្នុង​ករណី​នេះ​ អាជ្ញាធរ​ភូមិ​ឃុំ​ដែល​នៅ​តំបន់​ផ្នែក​ខាង​ក្រោម​ហ្នឹង​គួរ​តែ​ធ្វើ​សំណើ​ទៅ​រាជ​រដ្ឋាភិបាល​ដើម្បី​ឱ្យ​មាន​ការ​សាងសង់​ស្ពាន​ថ្មី​មួយ​នៅ​ចំណុច​(ភូមិ)​បាក់អំរែក​ហ្នឹង​ក៏​ជា​ការ​ល្អ​ប្រសើរ​ដែរ​ ដើម្បី​សម្រួល​ដល់​ចរាចរណ៍​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខាងក្រោម​ហ្នឹង​ឱ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ដឹក​ផលិតផល​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត»។

កាល​ពី​អំឡុង​ឆ្នាំ​២០១២​ ធ្លាប់​មាន​ករណី​លិច​ទូក​នៅ​កំពង់​ចម្លង​ព្រែកហ្លួង​ ក្នុង​ឃុំ​ព្រែកហ្លួង​ ស្រុក​ឯកភ្នំ​ ដែល​បណ្ដាល​មក​ពី​រលក​ទូក​កាណូត​ធំៗ ធ្វើ​ឱ្យ​សិស្ស​ប្រុស​ស្រី​ជាង​៣០នាក់​ធ្លាក់​ទឹក។ ទោះ​បី​គ្មាន​អ្នក​ស្លាប់ និង​របួស​ក្នុង​ហេតុការណ៍​នោះ​ក្ដី​ ក៏​សិស្ស​សាលា​មួយ​ចំនួន​រង​ការ​ប៉ះ​ទង្គិច​ផ្លូវចិត្ត​ និង​បាក់ស្បាត​មិន​សូវ​ហ៊ាន​ឆ្លង​ទូក​ដ​ទៀត​ឡើយ។

ទាក់ទង​នឹង​គ្រោះថ្នាក់​លិច​ទូក​នេះ​ តែង​កើត​ឡើង​ជា​ញឹកញាប់​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា​ខេត្ត​កណ្ដាល ជាដើម​ ហើយ​តែង​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ទាំង​ក្រុមៗ​តែម្តង។ ពេល​ហេតុការណ៍​កើតឡើង​ អាជ្ញាធរ​ ហាក់​យឺតយ៉ាវ​ និង​មិន​សូវ​មាន​ជំនាញ​ក្នុង​ការ​ជួយ​សង្គ្រោះ​ឡើយ។ លើស​ពី​នេះ នៅ​ពេល​មាន​ហេតុការណ៍​កើត​ឡើង​ ទាំង​ថ្នាក់​ដឹកនាំ​ ឬ​អាជ្ញាធរ​ដែនដី​ តែងតែ​លើក​ហេតុផល​ផ្សេងៗ​យក​រួចខ្លួន​ ហើយ​គ្រួសារ​ជន​រងគ្រោះ​តែង​ទទួល​សំណង​បន្តិច​បន្តូច​ពី​ម្ចាស់​ទូក ដើម្បី​បញ្ចប់​រឿង។ ជា​ឧទាហរណ៍​ កាល​ពី​ថ្ងៃ​ទី១៣​ ខែតុលា​ ឆ្នាំ២០២២​ កន្លង​ទៅ​ថ្មីៗ​នេះ សោកនាដកម្ម​នៅ​លើ​ដៃ​ទន្លេ​មេគង្គ​ក្នុង​ហេតុការណ៍​លិច​ទូក​ចម្លង​ នៅ​ឃុំ​កំពង់ភ្នំ​ ស្រុក​លើកដែក​ ខេត្ត​កណ្ដាល​ ដែល​បាន​គួច​យក​ជីវិត​កូន​សិស្ស​ចំនួន​១១នាក់​ ក្នុង​ចំណោម​ជន​រងគ្រោះ​១៩នាក់​ បាន​ក្លាយ​ជា​វិប្បដិសារី​ដ៏​ជូរចត់​ និង​ដាស់​ស្មារតី​ឪពុកម្ដាយ​ដែល​មាន​កូន​ឆ្លង​ទូក​ទៅ​រៀន​ ឱ្យ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​កូន​របស់​ពួកគេ។

សង្គម​ស៊ីវិល​ ប្រជាពលរដ្ឋ​ គ្រូបង្រៀន​ និង​អាណាព្យាបាល​សិស្ស​ទាំងអស់​ ទទូច​ឱ្យ​រដ្ឋាភិបាល​កសាង​ស្ពាន​ឆ្លង​កាត់​ស្ទឹង​សង្កែ​ពី​ឃុំ​ព្រែកនរិន្ទ​ ទៅ​កាន់​ឃុំ​ព្រែកហ្លួង​ ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ និង​បង្ការ​កុំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ ជា​ពិសេស​សិស្ស​ ដែល​ឆ្លង​ទៅ​រៀន​នៅ​រដូវ​ទឹក​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។